ពលរដ្ឋ​រិះគន់​ការ​ព្យាយាម​កេង​ចំណេញ​នយោបាយ​របស់​លោក ហ៊ុន សែន រឿង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីនយ៉ា

ដោយ មាន ឫទ្ធិ
2017-12-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​សង្ខេប​អំពី​លទ្ធផល​ជំនួប កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​សង្ខេប​អំពី​លទ្ធផល​ជំនួប កាល​ពី​ថ្ងៃ​ទី​៤ ធ្នូ ឆ្នាំ​២០១៧។
Photo courtesy of SPM Page

ពលរដ្ឋ​រិះគន់​សំណើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​ឲ្យ​ភាគី​ប្រទេស​បង់ក្លាដេស និង​មីយ៉ាន់ម៉ា ឬ​ភូមា ព្យាយាម​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា។ ការ​រិះគន់​នេះ គឺ​ក្រោយ​ពេល​ដែល​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​អ្នកស្រី កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែ​ធ្នូ។ ពលរដ្ឋ​ថា លោក ហ៊ុន សែន គួរ​តែ​រិះរក​វិធី​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​ចាក់ស្រេះ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បច្ចុប្បន្ន ឲ្យ​បាន​ប្រសើរ​ឡើង​វិញ ជា​​ជាង​ដោះស្រាយ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​របស់​ប្រទេស​ដទៃ ដែល​កម្ពុជា ខ្លួន​ឯង​ធ្លាប់​មាន​ប្រវត្តិ​ដោះស្រាយ​មិន​បាន​ល្អ។

​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដេស បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​មួយ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​អ្នកស្រី សេក្ខ ហាស៊ីណា  និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣​ថ្ងៃ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ធ្វើ​ឡើង​ក្រោយ​ជំនួប​ពិភាក្សា​ទ្វេភាគី​នេះ លោក ហ៊ុន សែន ប្រកាស​ថា លោក និង​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា បាន​ពិភាក្សា​អំពី​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា ដែល​លោក​ថា ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​ប្រទេស​បង់ក្លាដេស។ លោក ហ៊ុន សែន ថ្លែង​ថា កម្ពុជា​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​បង់ក្លាដេស ដែល​បើ​ទោះ​បី​ជា​មាន​ប្រជាជន​សរុប​រហូត​ដល់​ទៅ ១៦០​លាន​នាក់ ក៏​ប្រទេស​នេះ​សុខចិត្ត​ទទួល​បន្ទុក​ចិញ្ចឹម​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា របស់​ប្រទេស​មីយ៉ាន់ម៉ា ប្រមាណ​ជិត ១​លាន​នាក់​បន្ថែម​ទៀត។

​លោក ហ៊ុន សែន ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា ភាគី​ទាំង​ពីរ​បាន​ពិចារណា​រួមគ្នា​ទៅលើ​កិច្ចការ​ខិតខំ​ធ្វើ​ឲ្យ​មាន​ឡើង​នូវ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា ទាំង​នេះ ត្រឡប់​មក​កាន់​ប្រទេស​មីយ៉ាន់ម៉ា វិញ។ លោក ហ៊ុន សែន ស្នើ​ឲ្យ​ភាគី​ប្រទេស​បង់ក្លាដេស និង​ប្រទេស​មីយ៉ាន់ម៉ា ព្យាយាម​ស្វែង​រក​នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ដើម្បី​អាច​ឲ្យ​ជន​ភៀស​ខ្លួន​ទាំង​នេះ​ធ្វើ​មាតុភូមិនិវត្តន៍​មក​កាន់​ប្រទេស​មីយ៉ាន់ម៉ា វិញ​ប្រកប​ដោយ​សុវត្ថិភាព។

ការ​លើក​យក​បញ្ហា​វិបត្តិ​រ៉ូហ៊ីនយ៉ា​នៅ​មីយ៉ាន់ម៉ា និង​បង់ក្លាដេស មក​ពិភាក្សា​នៅ​ពេល​នេះ ហាក់​ផ្ទុយ​គ្នា​ស្រលះ​ទៅ​នឹង​គោលនយោបាយ​ការបរទេស​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​ព្យាយាម​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន និង​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ​អនុវត្ត​មក​លើ​ប្រទេស​កម្ពុជា ដូចគ្នា​ដែរ​នោះ​គឺ​ជា​គោលនយោបាយ​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ។

កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​គូស​បញ្ជាក់​ថា បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា នេះ​គឺ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​មីយ៉ាន់ម៉ា ហើយ​កម្ពុជា នឹង​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នេះ ឬ​ធ្វើ​អន្តរ​ជាតូបនីយកម្ម​នៃ​បញ្ហា​វិបត្តិ​រ៉ូហ៊ីនយ៉ា​នេះ​ឡើយ។

​ដូចគ្នា​នេះ​ដែរ ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាន់​ខ្ពស់​លើក​ទី​១ នៃ​បក្ស​កុម្មុយនិស្ត​ចិន កិច្ច​សន្ទនា​ជាមួយ​គណបក្ស​នយោបាយ​នៅ​លើ​ពិភពលោក​ក្រោម​ប្រធានបទ «រួម​គ្នា​កសាង​សហគមន៍​នៃ​អនាគត​រួម​សម្រាប់​មនុស្ស​ជាតិ និង​ពិភពលោក​ស្រស់​ស្អាត» ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​នយោបាយ​ជាង ២០០​គណបក្ស និង​មេដឹកនាំ​គណបក្ស​នយោបាយ​មក​ពី​ជាង ១២០​ប្រទេស​នៅ​ជុំវិញ​ពិភពលោក លោក ហ៊ុន សែន បាន​ថ្លែង​សង្កត់​ធ្ងន់ៗ​អំពី​ការ​គោរព​អធិបតេយ្យ និង​ជម្រើស​ផ្លូវ​ដើរ​របស់​ប្រទេស​នីមួយៗ ដោយ​ខ្លួន​ឯង មិន​ថា​ប្រទេស​នោះ​ធំ ឬ​តូច ខ្លាំង ឬ​ខ្សោយ​នោះ​ទេ។ លោក​ថា ប្រទេស​ទាំង​អស់​ត្រូវ​តែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​មិន​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា និង​ត្រូវ​គោរព​សិទ្ធិ​របស់​ប្រទេស​ដទៃ​ក្នុង​ការ​ជ្រើសរើស​ប្រព័ន្ធ​គ្រប់គ្រង និង​មាគ៌ា​អភិវឌ្ឍន៍​ដោយ​ឯករាជ្យ និង​គ្មាន​ការ​រំខាន។

​ការ​ប្រកាស​ឈឺឆ្អាល​របស់​លោក ហ៊ុន សែន លើ​បញ្ហា​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា​នេះ ត្រូវ​បាន​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រិះគន់​យ៉ាង​ចាស់​ដៃ។

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ជា​អ្នក​គាំទ្រ​ទំព័រ​អាស៊ីសេរី ម្នាក់ សរសេរ​រិះគន់​ថា៖ «កុំ​ខ្វល់​រឿង​គេ​ច្រើន​ពេក គិតតែ​រឿង​ក្នុង​ស្រុក​ខ្លួនឯង​ទៅ យួន​ចូល​ពេញ​ស្រុក! លាង​គូទ​ខ្លួន​ឯង​មិន​ទាន់​ជ្រះ​ផង បែរ​ជា​ទៅ​លាង​គូទ​គេ​ទៅ​វិញ...»។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត សរសេរ​តាម​បែប​ឌឺដង​ថា «ប្រាប់​គេ​ឲ្យ​ធ្វើ​អ៊ីចេះ អ៊ីចុះ ចុះ​ខ្លួន​ឯង​វិញ​ពោរពេញ​ដោយ​បញ្ហា...។ អន្តរជាតិ​ប្រាប់​មិន​ស្ដាប់​ផង​ហ្នឹង ម៉េច​បាន​ទៅ​ណែនាំ​គេ​ទៅ​វិញ?»

មិន​ខុស​ពី​ការ​រិះគន់​ខាង​លើ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ម្នាក់​ទៀត បន្ទរ​ការ​រិះគន់​របស់​ខ្លួន​ថា៖ «ប្រទេស​ដែល​ជា​មិត្ត​ជាមួយ​សម្ដេច ហ៊ុន សែន សុទ្ធ​តែ​យ៉ាប់... ជា​ប្រទេស​ដែល​រាស្ត្រ​វេទនា ពុករលួយ អំណាច​ផ្ដាច់ការ​ដូច​ខ្លួន​ដែរ...»។ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ម្នាក់​ទៀត បាន​ចូល​មក​បញ្ចេញ​មតិ​បន្ត​ថា៖ «ឱ​លោក​ឪ​បណ្ឌិត! មុន​ជួយ​ដោះស្រាយ​បញ្ហា​នយោបាយ​ប្រទេស​គេ គួរ​ឆ្លុះ​កញ្ចក់​មើល​មុខ​ខ្លួន​ឯង​សិន អំពី​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​របស់​ខ្លួន​សព្វថ្ងៃ។ តើ​វា​យ៉ាង​ម៉េច​ហើយ? គួរ​ទាញ​ស្ថានការណ៍​ប្រទេស​ខ្លួន​មក​ធម្មតា​វិញ នុះ​ទើប​ប្រពៃ​ជាង​ដើម្បី​ចៀសវាង​ការ​ថ្កោលទោស និង​សម្ពាធ​ផ្សេងៗ​ពី​សំណាក់​ពលរដ្ឋ និង​អន្តរជាតិ»

​បន្ថែម​ពីលើ​នេះ កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ស្រង់​ប្រសាសន៍​លោក ម៉ៃហ្គួល ឆែនកូ (Miguel Chanco) អ្នក​វិភាគ​ជាន់ខ្ពស់​អំពី​អាស៊ាន នៃ​អង្គភាព​ស្រាវជ្រាវ និង​វិភាគ​ព័ត៌មាន The Economist Intelligence Unit នៃ​ទស្សនាវដ្ដី The Economist ថា កម្ពុជា​ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គាំទ្រ​ប្រទេស​បង់ក្លាដេស ចំពោះ​ករណី​វិបត្តិ​ជនភៀសខ្លួន​រ៉ូហ៊ីនយ៉ា នេះ​ឡើយ។

​អ្នក​វិភាគ​បរទេស​រូប​នេះ​បាន​ផ្ដល់​អំណះអំណាង​ថា កម្ពុជា​ខ្លួន​ឯង​បាន​អនុវត្ត​ដោយ​ខ្ជីខ្ជា​ចំពោះ​កិច្ច​ព្រមព្រៀង​ទទួល​យក​ជនភៀសខ្លួន​ជាមួយ​អូស្ត្រាលី កាល​ពី​ឆ្នាំ​២០១៤ ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ជំនួយ​ជាង ៤០​លាន​ដុល្លារ​អាមេរិក​ពី​ប្រទេស​អូស្ត្រាលី។ លើស​ពី​នេះ​ទៀត កម្ពុជា ក៏​ធ្លាប់​មាន​ប្រវត្តិ​អាក្រក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ពី​ប្រទេស​វៀតណាម ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា ដោយ​ក្នុង​ករណី​នេះ អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​ការ​ចាប់​បញ្ជូន​ដោយ​បង្ខំ ក្រុម​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា​ទាំង​នេះ​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។ ប្រទេស​កម្ពុជា បាន​ទទួល​រង​នូវ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ថា មិន​បាន​អនុវត្ត​ស្របតាម​អនុសញ្ញា​ស្ដីពី​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ឡើយ។

​ការ​ព្យាយាម​លើក​យក​បញ្ហា​វិបត្តិ​ផ្ទៃក្នុង​រ៉ូហ៊ីនយ៉ា មក​ពិភាក្សា​ពេល​នេះ ត្រូវ​គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ព្យាយាម​ប្រើប្រាស់​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​បង់ក្លាដេស និង​បញ្ហា​វិបត្តិ​រ៉ូហ៊ីនយ៉ា​នេះ ធ្វើ​ជា​ប្រធានបទ​នយោបាយ​ដើម្បី​បង្វែរ​ចំណាប់​អារម្មណ៍​របស់​អន្តរជាតិ​មក​លើ​វិបត្តិ​នយោបាយ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា បច្ចុប្បន្ន ដែល​កំពុងតែ​អូស​បន្លាយ និង​ធ្លាក់​ចុះ​ដុនដាប​កាន់​តែ​ធ្ងន់ធ្ងរ​នេះ ដើម្បី​បញ្ចៀស​កម្ពុជា ពី​ការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល