ជីវប្រវត្តិ​សង្ខេប​របស់​លោក នី ចរិយា ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​សំណុំ​រឿង​នាង​ស្រី​មុំ

ដោយ ចេង ម៉េងជូ
2016.05.23
នី ចរិយា ២០១៦ ៨៥៥ អតីត​មន្ត្រី​ជាន់​ខ្ពស់​សមាគម​អាដហុក (ADHOC) និង​បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា (ស្ដាំ) ចូល​បំភ្លឺ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Rann Samnang
RFA/Rann Samnang

ក្រោយ​ឡើង​កាន់​តំណែង​ថ្មីថ្មោង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក នី ចរិយា ក៏​បាន​ក្លាយ​ខ្លួន​ជា​ជន​ជាប់​ចោទ​មួយ​រូប​ក្នុង​ចំណោម​ជន​ជាប់​ចោទ ៥​រូប​ទៀត​ក្នុង​សំណុំ​រឿង​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ដែល​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ជា​សំណុំ​រឿង​នយោបាយ។

លោក នី ចរិយា ក៏​ធ្លាប់​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់ រហូត​ដល់​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជេរ​ជា​សាធារណៈ​ថា ជា​ក្មេង​ព្រហើន។

តើ​លោក នី ចរិយា ជា​បុគ្គល​បែប​ណា និង​មាន​ប្រវត្តិ​ការងារ​អ្វី​ខ្លះ?

លោក នី ចរិយា ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ថា «ក្មេង​ព្រហើន» នោះ ត្រូវ​បាន​មិត្ត​រួម​អាជីព​មួយ​ចំនួន​របស់​លោក កោត​សរសើរ​ថា​ជា​បុគ្គល​មាន​ចរិត​លក្ខណៈ​ល្អ និង​ជា​បញ្ញវន្ត​មួយ​រូប។

សម្ងំ​អង្គុយ​ចាំ​ថ្ងៃ​ណា ចាំ​មើល​ភ្លៀង​ធ្លាក់​អី​ហើយ ក្រែងលោ​មេឃ​ស្រឡះ។ នេះ​ជា​ការ​ថ្លែង​របស់​អ្នកស្រី យ៉ែម ចន្ថា ភរិយា​របស់​លោក នី ចរិយា។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​នៅ​ប្រទេស​អាល្លឺម៉ង់ (Germany) កាល​ពី​ឆ្នាំ​២០០០ លោក នី ចរិយា បាន​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស ដោយ​ចូល​បម្រើ​ការ​នៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អស់​រយៈពេល ១៦​ឆ្នាំ​ក្នុង​តំណែង​ជា​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់។

ភរិយា​របស់​លោក នី ចរិយា គឺ​អ្នកស្រី យ៉ែម ចន្ថា អះអាង​ថា ស្វាមី​អ្នកស្រី​ជា​បុគ្គល​មាន​ឆន្ទៈ​មុតមាំ​ក្នុង​អំពើ​មនុស្សធម៌ ហើយ​តែង​តែ​ពុះពារ​ជួយ​ជន​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌ កាល​ពី​ពេល​លោក​នៅ​បម្រើ​ការ​ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស៖ «គាត់​ធ្វើ​នៅ​ហ្នឹង និយាយ​ទៅ​គាត់​អាណិត​គេ​គ្រប់​សព្វ​បែប​យ៉ាង។ គាត់​ទៅ​ឃើញ​អា​របៀប​ដូច​ថា ជន​រងគ្រោះ​មក​ដែល​រង​នូវ​អំពើ​ហិង្សា គេ​ធ្វើ​បាប​ទាំង​ផ្លូវ​កាយ​ផ្លូវ​ចិត្ត​អ៊ីចឹង គេ​ចេះ​តែ​ថា ចុះ​បើ​ប៉ះ​លើ​ខ្លួន​គាត់​អ៊ីចឹង បើ​ប៉ះ​គេ​ធ្វើ​បាប​ប្រពន្ធ​គាត់​អ៊ីចឹង ហើយ​គាត់​លើក​យក​អា​ហ្នឹង​មក​ដាក់​លើ​ខ្លួន​គាត់។ ដល់​អ៊ីចឹង គាត់​ដូច​ថា បើ​ថា​ទាមទារ​រក​យុត្តិធម៌ រក​ទាល់​តែ​បាន ដើម្បី​ជួយ​គេ​ឲ្យ​បាន»

កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ ខណៈ​លោក នី ចរិយា បម្រើ​ការ​ជា​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​លោក សុក កែវបណ្ឌិត និង​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​សៀមរាប ប្ដឹង​ទៅ​តុលាការ ក្រោយ​ពី​លោក នី ចរិយា ធ្វើ​សន្និសីទ​សារព័ត៌មាន​ការពារ​អ្នក​ភូមិ​ពីរ​រូប​ក្នុង​ករណី​ទំនាស់​ដីធ្លី​មួយ​ក្នុង​ខេត្ត​សៀមរាប ដែល​សមាគម​អាដហុក សិក្សា​ឃើញ​ថា ពួក​គេ​ត្រូវ​បាន​តុលាការ​ខេត្ត​នោះ​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌។

ភរិយា​លោក នី ចរិយា អ្នកស្រី យ៉ែម ចន្ថា ក៏​បាន​រំឭក​ពី​ករណី​ប្ដឹងផ្ដល់​នេះ នៅ​ពេល​អ្នកស្រី​រៀបរាប់​ពី​បញ្ហា​ប្រឈម​របស់​ស្វាមី​នា​ពេល​បម្រើ​ការ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស៖ «ថ្មីៗ​ហ្នឹង​នៅ​សៀមរាប អ៊ីចឹង គឺ​គាត់​ទៅ​ឃើញ​ប្រពន្ធ​កូន​គេ​វេទនា។ គាត់​ថែម​ទាំង​ចំណាយ​លុយ​ឲ្យ​ប្រពន្ធ​គេ ឲ្យ​កូន​គេ​ទិញ​បាយ​ញ៉ាំ​ទៀត ព្រោះ​គេ​ចាប់​ប្ដី​យក​ទៅ​ដាក់​គុក​បាត់។ គាត់​អាណិត​តែ​ម្ដង។ គាត់​ថា គាត់​ត្រូវ​តែ​ធ្វើ​រឿង​ហ្នឹង​មួយ ព្រោះ​ចាប់​ប្ដី​យក​ទៅ​ដាក់​គុក​អត់​មាន​រឿង​ហេតុផល​អី ហើយ​យក​ដី​គាត់​ទៀត ហើយ​ប្រពន្ធ​កូន​រស់នៅ​វេទនា មិន​ដឹង​រស់​របៀប​ម៉េច»

អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។
អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦។

ចំពោះ​ការ​បំពេញ​ភារកិច្ច​របស់​លោក នី ចរិយា ក្នុង​ផ្នែក​សិទ្ធិ​មនុស្ស​នេះ អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ ក្នុង​នាម​ជា​មិត្ត​រួម​អាជីព ថ្លែង​សរសើរ​លោក នី ចរិយា ថា លោក​ជា​បុគ្គល​មាន​ចំណេះ​ដឹង​រឹងមាំ​ផ្នែក​ច្បាប់ ហើយ​បំពេញ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រកប​ដោយ​ភាព​ម៉ឺងម៉ាត់៖ «គាត់​ជា​មនុស្ស​ដែល​លើក​កម្ពស់​ការ​ការពារ​សិទ្ធិ​មនុស្ស ហើយ​នៅ​ពេល​ជជែក​តវ៉ា​ដោយ​សន្តិវិធី​ពី​រឿង​សិទ្ធិ​មនុស្ស​ហ្នឹង គាត់​តែង​តែ​សំអាង​យោង​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ​ដែល​ទាក់ទង​នឹង​សិទ្ធិ​មនុស្ស​ច្បាស់​ល្អ​មែន​ទែន។ លោក ចរិយា ខ្ញុំ​ស្រឡាញ់​គោរព​សរសើរ​គាត់​ត្រង់​ចំណុច​ហ្នឹង»

ចំពោះ​ការ​សម្រេច​ចិត្ត​របស់​លោក នី ចរិយា ក្នុង​ការ​ដាក់​ពាក្យ​បម្រើ​ការ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០១៥ ភរិយា​លោក នី ចរិយា អ្នកស្រី យ៉ែម ចន្ថា ឲ្យ​ដឹង​ថា គឺ​ដោយសារ​ស្វាមី​អ្នកស្រី​ចង់​រួម​ចំណែក​ប្រែ​ក្លាយ​ស្ថាប័ន​នេះ​ឲ្យ​ឯករាជ្យ​សម្រាប់​ការ​បោះឆ្នោត​នា​អាណត្តិ​ខាង​មុខ៖ «គាត់​អាឡោះអាល័យ​អាដហុក ដែរ ក៏ប៉ុន្តែ​គាត់​ថា គាត់​មក គ..ប ក៏​គាត់​អាច​ជួយ​សង្គម​ដូច​គ្នា។ គាត់​ថា​អ៊ីចឹង។ គាត់​សុខ​ចិត្ត​មក។ តែ​វា​ចៃដន្យ​អី វា​មាន​គ្រោះ​អ៊ីចឹង»

គ្រោះ​ដែល​អ្នកស្រី យ៉ែម ចន្ថា លើក​ឡើង​នេះ គឺ​សំដៅ​ដល់​ការ​ដែល​ស្វាមី​អ្នកស្រី​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ថ្មីៗ​នេះ ដោយ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​បណ្ដឹង​របស់​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។ សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​នេះ បាន​នាំ​ឲ្យ​បុគ្គលិក​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​ប្អូន​ប្រុស​លោក នី ចរិយា មួយ​រូប ត្រូវ​ជាប់​ឃុំ​ដែរ។ អ្នក​ទាំង​បួន រង​ការ​ចោទ​ប្រកាន់​ពី​បទ​សូកប៉ាន់​សាក្សី។

ក្រុម​អ្នក​ច្បាប់ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ការពារ​ភាព​ស្អាតស្អំ​របស់​លោក នី ចរិយា និង​មន្ត្រី​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​នេះ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​ពួក​គេ​ដោយ​ឥត​លក្ខខណ្ឌ។

ភរិយា​លោក នី ចរិយា អះអាង​ថា នៅ​ពេល​ស្វាមី​អ្នកស្រី​ទទួល​ដំណឹង​ថា នាង ខុម ចាន់តារាទី ទៅ​ស្វែងរក​ជំនួយ​ផ្នែក​ច្បាប់​ពី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ស្វាមី​អ្នកស្រី​បាន​សម្ដែង​ក្ដី​អាណិត​អាសូរ​នាង​ក្នុង​នាម​ជា​ជន​រងគ្រោះ​ដែល​ទន់​ខ្សោយ​ផ្នែក​ផ្លូវ​ច្បាប់ ប៉ុន្តែ​លោក​មិន​បាន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ទេ ព្រោះ​លោក​លែង​មាន​តួនាទី​នៅ​ទីនោះ​ទៀត​ហើយ។

លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
លោក​មេធាវី សំ សុគង់ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Brach Chev

មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នី ចរិយា គឺ​លោក សំ សុគង់ ឲ្យ​ដឹង​ថា ការ​សម្រេច​ចោទ​ប្រកាន់​លោក នី ចរិយា គឺ​តុលាការ​យោង​លើ​ខ្សែ​អាត់​សំឡេង​ចំនួន​ពីរ​ដែល​លោក​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ​ជាមួយ​មន្ត្រី​សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស អំពី​ផ្លូវ​ច្បាប់​ទាក់ទង​រឿង​នាង ខុម ចាន់តារាទី។ ការ​ចោទ​ប្រកាន់​របស់​តុលាការ ដោយ​យោង​លើ​ខ្សែ​អាត់​សំឡេង​បែប​នេះ ត្រូវ​បាន​អ្នក​ច្បាប់ និង​អង្គការ​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា​ជា​ការ​កាត់​ក្ដី​ដោយ​អយុត្តិធម៌។

ការ​ចោទ​ប្រកាន់​នេះ នាំ​ឲ្យ​លោក នី ចរិយា ត្រូវ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​បន្ទប់​ពន្ធនាគារ​ជាមួយ​អ្នក​ទោស ២៧​នាក់​ផ្សេង​ទៀត​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ រង់ចាំ​នីតិវិធី​បន្ទាប់​របស់​តុលាការ។

ភរិយា​របស់​លោក នី ចរិយា ដែល​តែង​ទៅ​សួរ​សុខ​ទុក្ខ​ស្វាមី​នៅ​ពន្ធនាគារ​ជា​រៀង​រាល់​សប្ដាហ៍ ឲ្យ​ដឹង​ថា ស្វាមី​អ្នកស្រី​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ហើយ​ហាក់​ដូចជា​បាក់​ទឹក​ចិត្ត​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ៖ «បង​ទៅ​ឃើញ​តែ​ម្ដង​ទេ គាត់​សប្បាយ​ចិត្ត ពេល​សម្ដេច​មាន​ប្រសាសន៍​ហើយ ទៅ​ដូច​គាត់​មាន​សង្ឃឹម។ ដល់​ពេល​ក្រោយៗ​មក​ទៀត ទៅ​ដូច​ទឹក​ភ្នែក​រលីងរលោង​យ៉ាង​ម៉េច។ ប្ដី​បង​មិន​ដែល​ចេះ​យំ​ទេ ប៉ុន្តែ​លើក​ហ្នឹង​បង​ឃើញ​គាត់​ដូច​យំ។ គាត់​នឹក​កូន​ណាស់»

ទាក់ទង​នឹង​ការ​បំពេញ​តួនាទី​នៅ គ..ប អ្នកស្រី យ៉ែម ចន្ថា មាន​ប្រសាសន៍​ថា ស្វាមី​អ្នកស្រី​មិន​ធ្លាប់​ប្រាប់​អ្នកស្រី​អំពី​បញ្ហា​ប្រឈម ឬ​សម្ពាធ​អ្វី​មួយ​នៅ​កន្លែង​ធ្វើ​ការ​ថ្មី​ឡើយ តែ​អ្នកស្រី​សង្កេត​ឃើញ​ថា ស្វាមី​អ្នកស្រី​ហាក់​មិន​សូវ​សប្បាយ​ចិត្ត​ទេ ក្រោយ​ពេល​ចាក​ចេញ​ពី​សមាគម​អាដហុក មក​ធ្វើ​ការ​នៅ គ..ប៖ «ឃើញ​គាត់​ដូច​មិន​សូវ​សប្បាយ​ចិត្ត​អី​ប៉ុន្មាន​ដែរ​ទេ ក៏ប៉ុន្តែ​បង​គិត​ថា ប្រហែល​ជា​ការងារ​គាត់​វា​ច្រើន​ពេក។ គាត់​អត់​សូវ​មាន​ពេល​សម្រាប់​ប្រពន្ធ​កូន​ប៉ុន្មាន​ទេ។ គាត់​ម្ង៉ៃៗ​អង្គុយ​នៅ​តុ​ញ៉ាំ​បាយ អង្គុយ​សរសេរ​រហូត​ហ្នឹង។ កុំព្យូទ័រ​គាត់​មួយ​ហ្នឹង គាត់​សរសេរ​វាយ​ចូល។ បង​អត់​ចេះ​ទេ​អា​ច្បាប់​អា​អី​ហ្នឹង មិន​ដឹង​គេ​និយាយ​ពី​ស្អី​ទេ គ្រាន់​តែ​ដឹង​ថា នៅ​នោះ​ច្បាប់​គេ​សិទ្ធិ​មនុស្ស​ផ្សេង។ នៅ​នេះ ច្បាប់​បោះឆ្នោត ប្រហែល​ថ្មី​សម្រាប់​គាត់​ហើយ បាន​គាត់​ត្រូវ​ធ្វើ​ការ​ច្រើន​យ៉ាង​ហ្នឹង»

ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។
ពី​ឆ្វេង៖ លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។


មិត្ត​រួម​ការងារ​មួយ​ចំនួន​ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ គ..ប លើក​ឡើង​ថា ក្នុង​រយៈពេល​ប្រមាណ ៣​ខែ​ដែល​លោក នី ចរិយា បំពេញ​តួនាទី​ជា​អគ្គលេខាធិការ​រង គ..ប ផ្នែក​សវនកម្ម​ផ្ទៃ​ក្នុង ពួក​គេ​សង្កេត​ឃើញ​ថា លោក នី ចរិយា មាន​ចរិត​លក្ខណៈ​ល្អ ម៉ត់ចត់​ក្នុង​ការងារ ពូកែ​ស្រាវជ្រាវ ចូល​ចិត្ត​និយាយ​ត្រង់ៗ និង​ជា​បញ្ញវន្ត​សំខាន់​មួយ​រូប​សម្រាប់​សង្គម។

អ្នកស្រី ចន្ថា ជា​ភរិយា លើក​ឡើង​ថា អ្នកស្រី​មាន​ក្ដី​បារម្ភ​ចំពោះ​តួនាទី​ថ្មី​របស់​ស្វាមី ដែល​អាច​នឹង​ត្រូវ​ប្រឈម​នឹង​សម្ពាធ​នយោបាយ ប៉ុន្តែ​អ្នកស្រី​យល់​ថា ស្វាមី​ខ្លួន​មាន​សមត្ថភាព​អាច​នាំ​មក​នូវ​ប្រយោជន៍​ច្រើន​ដល់​សង្គម៖ «បើ​សិន​ជា​គាត់​រង​សម្ពាធ​ការងារ​របស់​គាត់ ដាំ​ស្ពៃ​ដាំ​អី​ទៅ ឬ​មួយ​ទៅ​ធ្វើ​សំណង់​ធ្វើ​អី​ក៏​បាន​ដែរ ក៏ប៉ុន្តែ​ស្ដាយ ស្ដាយ​នូវ​ឆន្ទៈ ទឹក​ចិត្ត​របស់​គាត់​ដែល​គាត់​ខំ​ប្រឹង​រៀន។ គាត់​ខំ​ប្រឹង​ធ្វើ ហើយ​និយាយ​ទៅ​គាត់​ជួយ​គេ​បាន​ច្រើន​ណាស់ ហើយ​ពេល​គាត់​ជាប់​ហ្នឹង ក៏​គេ​ជួយ​គាត់​ដែរ។ ប្រជាជន​ច្រើន​កុះករ​ជួយ​អាណិត ជួយ​អី​គាត់ មក​សួរ​សុខ​ទុក្ខ​អី​ដល់​ផ្ទះ​អ៊ីចឹង»

ដោយ​យល់​ថា​ស្វាមី​ជា​អ្នក​ទោស​នយោបាយ អ្នកស្រី យ៉ែម ចន្ថា លើក​ឡើង​ថា ក្រុម​គ្រួសារ​អ្នកស្រី​មាន​តែ​រំពឹង​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ប៉ុណ្ណោះ ទើប​អាច​ជួយ​ឲ្យ​ស្វាមី​អ្នកស្រី និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន៖ «គាត់​ជួយ​ខ្លួន​គាត់​ក៏​មិន​កើត។ យើង​ក៏​ជួយ​គាត់​មិន​កើត មាន​តែ​សម្ងំ។ សម្ងំ​អង្គុយ​ចាំ​ថ្ងៃ​ណា ចាំ​មើល​ភ្លៀង​ធ្លាក់​អី​ហើយ ក្រែងលោ​មេឃ​ស្រឡះ»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។