រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា​នឹង​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​ថ្ងៃ​ទី​១០ មករា

ដោយ យាង សុជាមេត្តា
2017.01.09
ព្រះ​សារីរិកធាតុ ហ៊ឹម ឆែម ៨៥៥ រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម (កណ្ដាល) និង​មន្ត្រី​អ្នកមុខអ្នកការ​មួយ​ចំនួន​ទៀត នាំ​គ្នា​ដង្ហែ​ព្រះ​សារីរិកធាតុ​យក​ទៅ​តម្កល់​នៅ​ភ្នំ​ព្រះរាជទ្រព្យ ឬ​ហៅ​ឧត្តុង្គ ក្នុង​ខេត្ត​កណ្ដាល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៦។
RFA/Phann Yasy

រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក ហ៊ឹម ឆែម ព្រម​ទាំង​សហការី នឹង​ចូល​បំភ្លឺ​ជូន​គណៈកម្មការ​ទី​៧ រដ្ឋសភា ឬ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៅ​រសៀល​ថ្ងៃ​ទី​១០ មករា។

សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៩ មករា ឲ្យ​ដឹង​ថា ការ​ឆ្លើយ​បំភ្លឺ​នេះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ពុទ្ធិក​សាកលវិទ្យាល័យ សហលក្ខន្តិកៈ​មន្ត្រី​សង្ឃ។

គណៈកម្មការ​ទី​៧ ឬ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា គឺ​មាន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ជា​ប្រធាន។ មួយ​រយៈពេល​ចុង​ក្រោយ​នេះ ពោល​គឺ​ក្រោយ​ពី​មាន​ការ​សម្រុះសម្រួល​ផ្នែក​នយោបាយ​រវាង​បក្ស​នយោបាយ​ទាំង​ពីរ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​បាន​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ចូល​បំភ្លឺ​នៅ​រដ្ឋសភា​ជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​មាន រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ចូល​បំភ្លឺ​ពី​បញ្ហា​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស និង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ដែល​ចូល​បំភ្លឺ​ពី​អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​វិស័យ​សុខាភិបាល។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ក៏​ត្រូវ​បាន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​កោះ​ហៅ ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ដែរ ប៉ុន្តែ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន និង​ជា​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា មិន​បញ្ជូន​លិខិត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ទៅ​កាន់​លោក ស ខេង ឡើយ ដោយ​អះអាង​ថា សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី គឺ​កំពុង​ឋិត​ក្នុង​ដៃ​តុលាការ។

ទោះ​ជា​យ៉ាង​ណា តំណាង​រាស្ត្រ​បក្ស​ប្រឆាំង សោកស្ដាយ​ចំពោះ​ការ​ឆ្លើយតប​របស់​លោក ហេង សំរិន ដូច​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។