លោក សម រង្ស៊ី ជំរុញ​លោក ហ៊ុន សែន កុំ​ខ្ជះខ្ជាយ​ពេល​សម្លាប់​ជីវិត​នយោបាយ​លោក

ដោយ តាំង សារ៉ាដា
2017.07.10
សម រង្ស៊ី អតីត​ប្រធាន​បក្ស និង ហ៊ុន សែន ៨៥៥ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថត​ឆ្នាំ​២០១៥។ RFA
Photo: RFA

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន កុំ​ខ្ជះខ្ជាយ​ពេលវេលា​ព្យាយាម​សម្លាប់​ជីវិត​នយោបាយ​របស់​លោក តាម​រយៈ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ។

លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​បាន​ព្យាយាម​សម្លាប់​រូប​លោក​អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ​តាម​គ្រប់​មធ្យោបាយ​ទាំងអស់ ដូចជា​ករណី​បោក​គ្រាប់បែក​មុខ​អតីត​មន្ទីរ​រដ្ឋសភា ការ​ផ្ដន្ទាទោស​លោក​ជាច្រើន​ករណី​ដោយ​តុលាការ​អាយ៉ង និង​ដោយ​ការ​បង្កើត​ច្បាប់​កំប្លុកកំប្លែង​សំដៅ​ទៅ​លើ​មនុស្ស​តែ​ម្នាក់។ លោក សម រង្ស៊ី បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​នៅ​ថ្ងៃ​ច័ន្ទ ទី​១០ កក្កដា នេះ​ថា លោក​មាន​កិត្តិយស​ណាស់​ដែល​បាន​ធ្វើ​ជា​គូ​ប្រកួត​របស់​លោក ហ៊ុន សែន ប៉ុន្តែ​លោក​ស្នើ​ឲ្យ​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​លក្ខណៈ​មិត្តភាព និង​ការ​ទទួល​ខុស​ត្រូវ។

លោក​បន្ត​ថា ក្នុង​នាម​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី លោក​គួរ​ប្រើប្រាស់​ថាមពល​របស់​លោក ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​មាន​ប្រយោជន៍​ផ្សេងៗ ដើម្បី​តម្រង់​ដឹកនាំ​របស់​ប្រទេស​កុំ​ឲ្យ​មាន​ការ​ក្រឡាប់ចាក់​ទៅ​វិញ​ប្រសើរ​ជាង។ លោក សម រង្ស៊ី បន្ត​ថា លោក ហ៊ុន សែន គួរ​បង្ហាញ​ទស្សនវិស័យ​ទំនើប​ក្នុង​ការ​អភិវឌ្ឍ​សម្រាប់​កម្ពុជា ជាជាង​ការ​បន្ត​ចរិត​កោងកាច​ដូច​មេ​បញ្ជាការ​ខ្មែរ​ក្រហម ដែល​លោក​ធ្លាប់​ដឹកនាំ​នោះ។

លោក សម រង្ស៊ី ព្រមាន​លោក ហ៊ុន សែន ទុក​ជា​មុន​ថា គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​លោក ហ៊ុន សែន កំពុង​ប្រើប្រាស់​ដើម្បី​កម្ចាត់​រូប​លោក​នោះ គឺ​គ្មាន​ន័យ និង​គ្មាន​ប្រយោជន៍​អ្វី​ទាំងអស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។