លោក សម រង្ស៊ី ជួប​ពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ស្ងាត់ៗ​នៅ​រដ្ឋសភា

ដោយ វណ្ណ វិចារ
2014.10.01
ហ៊ុន សែន សម រង្ស៊ី ៦១០ លោក ហ៊ុន សែន (ស្ដាំ) និង​លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត បន្ទាប់​ពី​ប្រជុំ នៅ​មន្ទីរ​រដ្ឋសភា ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ២០១៤។
RFA

មេ​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ ជួប​គ្នា​ស្ងាត់ៗ​នៅ​ក្រៅ​កិច្ច​ប្រជុំ​សភា។ មន្ត្រី​បក្ស​ប្រឆាំង​បញ្ជាក់​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៉ី ពិភាក្សា​គ្នា​ក្នុង​បំណង​ជំរុញ​ស្មារតី នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ទាំង​ពីរ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ស្រប​ពេល​ដែល​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​រួច​មក​នោះ។

ជំនួប​ក្រៅ​ផ្លូវ​ការ​ជាង ១​ម៉ោង​រវាង លោក សម រង្ស៉ី និង​លោក ហ៊ុន សែន ប្រព្រឹត្ត​ទៅ​ក្នុង​បន្ទប់​ពិសេស​មួយ​នា​បរិវេណ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា ដែល​ជា​ថ្ងៃ​បវេសនកាល​ដំបូង​នៃ​រដ្ឋសភា​ជាតិ​ក្នុង​អាណត្តិ​ទី​៥​នេះ។ មូលហេតុ​ដែល​មេ​ដឹក​នាំ​នយោបាយ​ទាំង​ពីរ​ជជែក​គ្នា​នេះ ត្រូវ​បាន លោក សម រង្ស៉ី ពិពណ៌នា​ថា ធ្វើ​ឡើង​ក្នុង​បំណង​ពង្រឹង​ស្មារតី​អនុវត្ត​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ក្នុង​ការ​បញ្ចប់​ទំនាស់​នយោបាយ។

លោក សម រង្ស៉ី មាន​ប្រសាសន៍​ថា លោក​បាន​ស្នើ​ឲ្យ​មាន​ជំនួប​ក្រៅ​ផ្លូវ​ការ​នេះ ក្នុង​បំណង​ពង្រឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នយោបាយ ព្រម​ទាំង​នាំ​ក្តី​កង្វល់​របស់​ពលរដ្ឋ​ប្រាប់​ទៅ លោក ហ៊ុន សែន។ លោក​បន្ត​ថា លោក​បាន​លើក​ឡើង​ពី​ក្តី​កង្វល់​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្តី​កង្វល់​នៃ​ការ​ទទួល​យក​ជន​ភៀស​ខ្លួន​មក​កម្ពុជា ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​អារ៉ែង និង​ជាពិសេស គឺ​ការ​ចាប់​ខ្លួន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន បាន​បំភ្លឺ​លោក​នូវ​បញ្ហា​មួយ​ចំនួន​រួច​ហើយ ហើយ​អ្វីៗ​ដែល​នៅ​សេសសល់ គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ដោះស្រាយ​ទៀត៖ «បញ្ហា​ផ្សេង​ទៀត​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ ហើយ​យើង​នឹង​ស្នើ និង​ជំរុញ​ឲ្យ​បំភ្លឺ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង»

ទោះ​ជា​បែប​ណា​ក្តី លោក សម រង្ស៉ី មិន​បាន​បកស្រាយ​លម្អិត​ពី​ចំណុច​នីមួយៗ អោយ​អ្នក​កាសែត​បាន​ដឹង​ច្បាស់​នោះ​ទេ។ ចំណែក​ឯ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា វិញ មិន​មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​បកស្រាយ​ចំពោះ​កិច្ច​ពិភាក្សា​រវាង​ភាគី​ទាំង​ពីរ​ឡើយ។ លោក ហ៊ុន សែន ចាក​ចេញ​ពី​កិច្ច​ប្រជុំ​សភា​តាម​ផ្លូវ​ក្រោយ នៅ​ពេល​ដែល​អ្នក​កាសែត​កំពុង​ស្ទាក់​សួរ លោក សម រង្ស៉ី នៅ​ខាង​មុខ​អគារ​រដ្ឋសភា។

យ៉ាង​ណា​ក៏ដោយ មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន ឡើង​ថ្លែង​សរសើរ​ពី​ដំណើរ​ការ​វិវឌ្ឍ​នយោបាយ៖ «ព្រឹក​មិញ​នេះ​ថ្នាក់​ដឹក​នាំ​បាន​ជួប​ពិភាក្សា​គ្នា​ហ្នឹង ប្ដូរ​យោបល់​គ្នា នេះ​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​យើង»

ជំនួប​រវាង លោក ហ៊ុន សែន និង​លោក សម រង្ស៉ី កើត​ឡើង​នៅ​ក្រោយ​ពេល​ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​គណបក្ស​ប្រឆាំង​ម្នាក់ យក​ទៅ​ដាក់​គុក​ក្នុង​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា។ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​ថែម​ទាំង​ចេញ​ដីកា​កោះ​ហៅ​យុវជន​ទាំង​បី​នាក់ ដែល​ធ្លាប់​ជាប់​គុក​អស់​ជាច្រើន​ថ្ងៃ ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​សំណុំ​រឿង​ដដែល​នេះ​ទៀត​ផង។

គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា ៧​ប្រការ​សំខាន់ៗ រួម​មាន រួម​គ្នា​ដោះស្រាយ​បញ្ហា​នយោបាយ កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត និង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កំណត់​ឡើង​វិញ​នូវ​កាល​បរិច្ឆេទ​រៀបចំ​ការ​បោះ​ឆ្នោត កែប្រែ​តួនាទី​ក្នុង​គណៈកម្មការ​ជំនាញ​រដ្ឋសភា ពិនិត្យ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ព្រឹទ្ធសភា និង​កែ​ទម្រង់​ស្ថាប័ន​ជាតិ​ឯករាជ្យ​សំខាន់ៗ។

ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា វិញ គណបក្ស​ទាំង​ពីរ​កំពុង​ពិនិត្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ ប៉ុន្តែ អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​ទាន់​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​នោះ គឺ​ជា​ការ​កែ​ទម្រង់​ស្ថាប័ន​ឯករាជ្យ​របស់​ជាតិ​សំខាន់ៗ​នោះ។

រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​តុលា បាន​អនុម័ត​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បន្ថែម​១​ជំពូក មាន​ខ្លឹមសារ​និយាយ​ពី​ការ​ដាក់​បញ្ចូល​ស្ថាប័ន គ.ជ.ប ក្នុង​រដ្ឋធម្មនុញ្ញ និង​អនុម័ត​ផ្តល់​ការ​យល់​ព្រម​លើ​ពិធីសារ​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ណាហ្គូយ៉ា ស្ដីពី​សិទ្ធិ​ទទួល​ផល​ពី​ធនធាន​សេនេទិច និង​ការ​បែង​ចែក​ផល​ប្រយោជន៍​ពី​ការ​ប្រើប្រាស់​ធនធាន​សេនេទិច ដោយ​ស្មើ​ភាព និង​សមធម៌ នៃ​អនុសញ្ញា​សហប្រជាជាតិ ស្ដីពី​ជីវចម្រុះ។ រដ្ឋសភា នឹង​បន្ត​កិច្ច​ប្រជុំ​សាមញ្ញ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​តុលា បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។