រដ្ឋមន្ត្រីការបរទេសទាំងដប់នៃប្រទេសជាសមាជិកអាស៊ាន កាលពីថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ សម្ដែងក្តីបារម្ភពីការវិវឌ្ឍន៍ចុងក្រោយនៃជម្លោះសមុទ្រចិនខាងត្បូង ហើយស្នើឲ្យមានកិច្ចប្រជុំដោះស្រាយបញ្ហានេះជាមួយភាគីចិន។
សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន បញ្ជាក់ថា ការកើនឡើងនៃភាពតានតឹងពាក់ព័ន្ធនៃជម្លោះទឹកដីនេះ អាចនឹងបណ្ដាលឲ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បញ្ជាក់ក្នុងកិច្ចប្រជុំមួយនៅប្រទេសឡាវ ថា អាស៊ាននឹងស្នើឲ្យមានកិច្ចប្រជុំមួយជាមួយនឹងភាគីចិន ដើម្បីដោះស្រាយភាពតានតឹងនេះ ប៉ុន្តែមិនមានកាលបរិច្ឆេទនៅឡើយទេ។ ចំណែករដ្ឋមន្ត្រីការបរទេសវៀតណាម លោក ផាម ប៊ិញមិញ (Pham Binh Minh) ស្នើប្រែក្លាយតំបន់កំពុងមានជម្លោះទឹកដី ទៅជាតំបន់គ្មានយោធា ខណៈប្រទេសចិន កំពុងបង្កើនសកម្មភាពយោធានៅក្នុងតំបន់នោះ។ ប្រទេសចិន កំពុងមានជម្លោះទឹកដីជាមួយប្រទេសវៀតណាម (Vietnam) ហ្វីលីពីន (Philippines) និងម៉ាឡេស៊ី (Malaysia) បន្ទាប់ពីចិន បានចាប់ផ្ដើមកម្មវិធីទន្ទ្រានយកដីក្នុងតំបន់ជម្លោះកាលពីឆ្នាំ២០១៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
