អតីត​និង​មន្ត្រី​ហ៊្វុនស៊ិនប៉ិច​បន្ត​ទាមទារ​យុត្តិធម៌​សម្រាប់​អ្នក​ស្លាប់​ក្នុង​រដ្ឋ​ប្រហារ​៥-៦​កក្កដា

ដោយ យាង សុជាមេត្តា
2017-07-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទាហាន​រដ្ឋាភិបាល​ដើរ​ខាង​មុខ​រថក្រោះ​ឆេះ​នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧។
ទាហាន​រដ្ឋាភិបាល​ដើរ​ខាង​មុខ​រថក្រោះ​ឆេះ​នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧។
AFP Photo

អតីត និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​បន្ត​ទាមទារ​ឲ្យ​អាជ្ញាធរ​ស្វែងរក​យុត្តិធម៌​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់ និង​កង​កម្លាំង​របស់​បក្ស​រាជា​និយម​មួយ​នេះ ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ កណ្ដាល​រាជធានី​ភ្នំពេញ។

អង្គការ​សហប្រជាជាតិ រក​ឃើញ​ថា មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចន្លោះ​ពី ៤១ ដល់ ៦០​នាក់ ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​កាល​ពី​ពេល​នោះ។ ទោះ​ជា​យ៉ាង​ណា មន្ត្រី​ក្រសួង​មហាផ្ទៃ ឆ្លើយតប​ថា នឹង​មិន​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ករណី​ទាំងនេះ​ឡើយ។

បើ​ទោះ​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា បាន​កន្លង​ផុត​ទៅ​រយៈពេល ២០​ឆ្នាំ​ហើយ​ក្តី អតីត និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​នឹក​ស្រណោះ​ដល់​មិត្តភ័ក្ដិ និង​យុទ្ធមិត្ត​របស់​ពួក​គេ ដែល​ត្រូវ​បាន​ទាហាន​ស្មោះ​ត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្លាប់​នៅ​ពេល​នោះ ជាពិសេស​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​បន្ទាប់​ពី​បាន​ទម្លាក់​អាវុធ និង​អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​យក​ទៅ​សម្លាប់​ខណៈ​ព្យាយាម​រត់​គេច​ពី​ការ​ប្រយុទ្ធ​គ្នា។

សាកសព​ទាហាន​ស្មោះ​ត្រង់​នឹង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន ត្រូវ​បាន​មន្ត្រី​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា រក​ឃើញ​នៅ​ក្នុង​រណ្ដៅ​នៅ​តំបន់​ពេជ្រនិល។ សាកសព​ភាគច្រើន​ស្ថិត​ក្នុង​ដៃ​ជាប់​ចំណង​ស្លាប​សេក​ទៅ​ក្រោយ និង​មាន​ក្រណាត់​ចង​រុំ​ភ្នែក​ទាំង​សងខាង។

យូ ហុកគ្រី ២០១៧ ១៤៤០
អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី ចូលរួម​វេទិកា​សួរ​ដេញដោល​តំណាង​គណបក្ស​នយោបាយ​សម្រាប់​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​សណ្ឋាគារ​សាន់វ៉េ (Sunway) ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA

អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក យូ ហុកគ្រី មាន​ប្រសាសន៍​ថា យុត្តិធម៌​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ កក្កដា គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​តែ​ទាមទារ​ចង់​បាន។ លោក​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច មិន​បាន​បំភ្លេច​រឿង​នេះ​ចោល​ឡើយ ហើយ​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ចំពោះ​ការ​សម្លាប់​ទាំងនេះ៖ «យើង​មិន​បាន​បំភ្លេច​រឿង​ហ្នឹង​ចោល​ទេ យើង​នៅ​តែ​ចងចាំ ហើយ​យើង​នៅ​តែជំរុញ​ឲ្យមាន​ការស៊ើប​អង្កេតឲ្យ​ដល់​ទីដៅ ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ទៅ»

លោក យូ ហុកគ្រី ដែល​ជា​អតីត​សហ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​រដ្ឋ​ប្រហារ​នោះ​បាន​ឋិត​នៅ​ក្នុង​រាជ​ដំណាក់​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ក្បែរ​អនុវិទ្យាល័យ​ចតុមុខ ជាមួយ​លោក ហូ សុក លោក លី ធុច លោក កៀង វ៉ាង និង​លោក នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត ដែល​សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ពេល​នោះ។

នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​រដ្ឋ​ប្រហារ អ្នក​ទាំងអស់​នេះ​បាន​លប​រត់​ចេញ​ពី​ដំណាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បំណង​ចូល​ស្ថានទូត​ម៉ាឡេស៊ី ដែល​នៅ​ក្បែរ​នោះ ប៉ុន្តែ​ដោយ​ខ្លាច​កង​កម្លាំង​របស់​លោក ហ៊ុន សែន ស្ទាក់​ចាប់​បាន ពួក​គេ​ក៏​រត់​ចូល​ស្នាក់នៅ​ក្នុង​និវាសដ្ឋាន​ឯកអគ្គរដ្ឋទូត​សិង្ហបុរី ដែល​នៅ​ក្បែរ​នោះ​ដែរ។ លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃ​ទី​៧ កក្កដា ពួក​គេ​មួយ​ចំនួន​រួម​មាន លោក កៀង វ៉ាង និង​លោក យូ ហុកគ្រី ជាដើម ត្រូវ​បាន​លោក ស ខេង ជួយ​សង្គ្រោះ​ជីវិត។ ចំណែក​លោក ហូ សុក ត្រូវ​បាន​កម្លាំង​របស់​លោក ហ៊ុន សែន ចាប់​ខ្លួន​បាន រួច​បញ្ជូន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ ហើយ​លោក​ក៏​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ទីនោះ។ សាកសព​របស់​លោក ត្រូវ​បាន​គេ​នាំ​យក​ទៅ​បូជា​នៅ​វត្ត​លង្កា ស្ងាត់ៗ​នៅ​ថ្ងៃ​បន្ទាប់។

ក្នុង​នាម​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល​ជាប់​ឆ្នោត​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ហូ សុក ដែល​ពេល​នោះ​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ត្រូវ​ឃាតក​បាញ់​សម្លាប់​ខណៈ​ស្ថិត​ក្នុង​បន្ទប់​ឃុំ​ខ្លួន​ក្នុង​ក្រសួង​មហាផ្ទៃ។ ២០​ឆ្នាំ​ក្រោយ​ពី​ឃាតកម្ម មិន​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​ធ្វើ​ឡើង​ដើម្បី​វែក​មុខ​ឃាតក និង​អ្នក​បញ្ជា​ឡើយ។ ទោះ​ជា​យ៉ាង​ណា លោក យូ ហុកគ្រី មិន​សូវ​មាន​សង្ឃឹម​ថា រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​ស្វែងរក​យុត្តិធម៌​ឲ្យ​លោក ហូ សុក នោះ​ទេ។

យ៉ាង​នេះ​ក្តី លោក យូ ហុកគ្រី នៅ​តែ​ចាត់​ទុក​លោក ហូ សុក ដែល​កាលណោះ​មាន​តំណែង​ជា​មេ​បញ្ជាការ​កង​អង្គរក្ស​របស់​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែរ​នោះ គឺ​ជា​វីរជន​ដែល​បាន​បូជា​ជីវិត​ដើម្បី​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ២០០​បាត់បង់​ជីវិត។ ក្រៅ​ពី​នោះ មនុស្ស​ប្រមាណ ៦០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​គេ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​មុន​ពេល អំឡុង​ពេល និង​ក្រោយ​ពេល​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​នោះ។ ពួក​គេ​ភាគច្រើន​គឺ​ជា​មន្ត្រី និង​ជា​កង​កម្លាំង​ស្មោះ​ស្ម័គ្រ​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ។ ក្រៅ​ពី​លោក ហូ សុក មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ២​រូប​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន រួច​សម្លាប់​ចោល​ដែរ​នោះ​រួម​មាន លោក ចៅ សម្បត្តិ និង​លោក ក្រួច យឿម។

រដ្ឋ​ប្រហារ ១៩៩៧ ៨៥៥
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។ AFP Photo AFP Photo

លោក ចៅ សម្បត្តិ ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា ងូវ គឺ​ជា​អតីត​អគ្គមេបញ្ជាការ​ចារកម្ម​នៃ​កង​យោធពល​ខេមរភូមិន្ទ ខណៈ​ដែល​លោក ក្រួច យឿម គឺ​ជា​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។

របាយការណ៍​របស់​ការិយាល័យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ផ្សព្វផ្សាយ​នៅ​ខែ​សីហា ឆ្នាំ​១៩៩៧ បញ្ជាក់​ថា លោក​ទាំង​ពីរ រួម​នឹង​កូន​ចៅ​ប្រមាណ ៣០​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កងទ័ព​ឆត្រ​យោង​៩១១ នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​១៩៩៧។ ក្នុង​ពេល​ចាប់​ខ្លួន​នោះ មិន​មាន​ការ​បាញ់​តដៃ​គ្នា​នោះ​ទេ។ ក្រោយ​មក លោក​ទាំង​ពីរ​ត្រូវ​បាន​បំបែក​ឲ្យ​នៅ​ឆ្ងាយ​ពី​កូន​ចៅ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៨ កក្កដា ដដែល​នោះ លោក​ត្រូវ​បាន​គេ​នាំ​ទៅ​បាញ់​ចោល​នៅ​ក្នុង​ព្រៃ​ខាង​ក្រោយ​វត្ត​ក្រាំងសុវណ្ណ ក្នុង​ឃុំ​វាលពង់ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ។ លោក​ទាំង​ពីរ​ត្រូវ​បាន​គេ​បាញ់ ៣​គ្រាប់​ចំ​ក្បាល។ ចំណែក​លោក ក្រួច យឿម ត្រូវ​បាន​គេ​បាញ់​ចំនួន ៤​គ្រាប់​បន្ថែម​ទៀត​នៅ​ត្រង់​ដើមទ្រូង។ សព​អ្នក​ទាំង​ពីរ ក្រោយ​មក​ត្រូវ​បាន​អ្នក​ភូមិ​យក​ទៅ​បូជា​នៅ​ក្នុង​វត្ត។

ក្រៅ​ពី​នោះ នៅ​មាន​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ជាច្រើន​ផ្សេង​ទៀត​ត្រូវ​បាន​គេ​សម្លាប់​នៅ​ថ្ងៃ​បន្តបន្ទាប់ មាន​ដូចជា លោក លី សេងហុង លោក ម៉ែន ប៊ុនថន លោក សុខ វីរៈ លោក ថ្លាំង ចាន់សុវណ្ណារិទ្ធ លោក ហូវ សម្បត្តិ និង​លោក សៅ សុផល ជាដើម។ អ្នក​ទាំងអស់​នេះ ភាគច្រើន​សុទ្ធតែ​មាន​តួនាទី​នៅ​ក្នុង​ជួរ​កង​យោធពល​ខេមរភូមិន្ទ​កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច។

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លោក​មិន​បាន​ថ្លែង​ចំៗ​ទាមទារ​រដ្ឋាភិបាល​រក​យុត្តិធម៌​ឲ្យ​អតីត​មន្ត្រី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទាំងអស់​នេះ​ក្តី តែ​លោក​ថា ប្រទេស​នីតិរដ្ឋ​ត្រូវ​តែ​មាន​យុត្តិធម៌៖ «រៀន​មក​ចឹង គេ​ថា​ប្រទេស​នីតិរដ្ឋ​ជា​ប្រទេស​ដែល​មាន​ច្បាប់ ប្រទេស​មាន​ច្បាប់ត្រូវ​តែ​មាន​យុត្តិធម៌ យុត្តិធម៌​រក​បានពេល​ណាមិន​ដឹង តែ​ត្រូវ​រក​យុត្តិធម៌ មិន​មែន​ច្បាប់​ហ្នឹង​សម្រាប់​អ្នក​តូច អ្នក​ធំ​អត់ អ្នក​ណា​ធ្វើ​ខុស​ត្រូវទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់»

ភ្លាមៗ​ក្រោយ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ឆ្នាំ​១៩៩៧ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ មាន​ព្រះ​បន្ទូល​ថា ព្រះអង្គ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាលនោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​អំណាច ហើយ​ព្រះអង្គ​ក៏​បាន​ថ្កោលទោស​ចំពោះ​រដ្ឋ​ប្រហារ​នោះ។ ក្នុង​ពេល​ជាមួយ​គ្នា អតីត​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ពេល​នោះ គឺ​លោក ថូមម៉ាស់ ហាំម៉ាប៊ឺក (Thomas Hammarberg) ក៏​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​នោះ​ថា​ជា​រដ្ឋ​ប្រហារ​ដែរ។ ប៉ុន្តែ​ក្រោយ​រដ្ឋ​ប្រហារ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ថា គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទេ​ដែល​ធ្វើ​រដ្ឋ​ប្រហារ​ប៉ុនប៉ង​ដក​អំណាច​ពី​លោក។

រីឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើក​ឡើង​ថា រដ្ឋ​ប្រហារ​នៅ​ខែ​កក្កដា ឆ្នាំ​១៩៩៧ មិន​មែន​ជា​រដ្ឋ​ប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នោះ​ទេ តែ​វា​ជា​រដ្ឋ​ប្រហារ​បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ និង​បក្សពួក​ជិតស្និទ្ធ​របស់​លោក រួម​មាន​លោក គន់ គីម លោក ម៉ុល រឿប លោក សៅ សុខា លោក ហុក ឡង់ឌី លោក កែវ ពង្ស និង​លោក ចាប ភក្តី ជាដើម ដើម្បី​ដក​អំណាច​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​១។

នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ប៊្រែដ អាដាម (Brad Adams) អះអាង​ថា ការ​សម្លាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្រោយ​ថ្ងៃ​រដ្ឋ​ប្រហារ បាន​កើត​ឡើង​ជាច្រើន ជាពិសេស​គឺ​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ទ័ព​ពិសេស​ឆត្រ​យោង​៩១១ ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​មាន​លោក ចាប ភក្តី ជា​មេ​បញ្ជាការ។ លោក​ថា នៅ​ទីនោះ អ្នក​ចាប់​ខ្លួន​ត្រូវ​បាន​កូន​ចៅ​របស់​លោក ចាប ភក្តី ធ្វើ​ទារុណកម្ម​ដោយ​វាយ​នឹង​ខ្សែ​ក្រវាត់ ដោយ​ជើង​តុ ដោយ​ក្ដារ​បន្ទះ ទាត់​នឹង​ស្បែកជើង​ទាហាន អុក​នឹង​ជង្គង់ ដាល់​ចូល​ផ្ទៃ​មុខ ឬ​គំរាម​សម្លាប់​ដោយ​ភ្ជង់​កាំភ្លើង​លើ​ក្បាល ហើយ​គំរាម​បាញ់​បំបែក​ក្បាល ជាដើម។

យ៉ាង​ណា​ក៏ដោយ​ចុះ រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ដែល​ទទួល​ស្គាល់​ថា ពួក​លោក​ជា​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​នោះ​ទេ ហើយ​ថា​គឺ​ខាង​ភាគី​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ទៅ​វិញ​ទេ ដែល​ជា​អ្នក​បង្ក​ឲ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម តាម​រយៈ​ការ​នាំ​អាវុធ​ចូល​ខុស​ច្បាប់ ការ​ចល័ត និង​ការ​បង្កើត​មូលដ្ឋាន​ទ័ព​ខុស​ច្បាប់​ក្បែរ​ក្រុង​ភ្នំពេញ។ ម្យ៉ាង ក្នុង​ពេល​ផ្ទុះ​អាវុធ​នោះ លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​កំពុង​តែ​លំហែ​កាយ​នៅ​មាត់​សមុទ្រ វុង តាវ (Vung Tau) ក្នុង​ប្រទេស​វៀតណាម នៅ​ឡើយ។

សុខ ឥសាន ២០១៦ ៨៥៥
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ កក្កដា កើត​ឡើង​ដោយសារ​តែ​គណបក្ស​ហ៊្វុនស៊ិនប៉ិច នាំ​ក្រុម​ខ្មែរ​ក្រហម​ខុស​ច្បាប់​ចូល​ស្រុក ដែល​បង្ក​ការ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ ក្នុង​ពេល​ជាមួយ​គ្នា ក៏​នាំ​អាវុធ​ចូល​ខុស​ច្បាប់​ផង​ដែរ។ លោក​ថ្លែង​ការពារ​ថា ទំនាស់​នេះ​គឺ​កើត​ឡើង​រវាង​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ​ជាមួយ​កម្លាំង​ទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​នាំ​ចូល​កម្លាំង​ខ្មែរ​ក្រហម៖ «ខ្ញុំ​យល់​ថា តែ​រឿង​ច្បាំង​គ្នា​ហើយ គឺ​វា​កើត​ដល់​ស្លាប់​ហើយ ពីព្រោះ​ម្ខាង​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ ម្ខាង​កម្លាំង​របស់​ខ្មែរ​ក្រហម និង​ឃុបឃិត​នឹង​ខ្មែរ​ក្រហម។ អ៊ីចឹង​វា​តែង​មាន​ការស្លាប់​រស់​រៀង​ខ្លួន​ហើយ វា​មិន​មែន​តែ​ម្ខាង​ទេ​ដែល​ស្លាប់ ខាង​កង​យោធពល​ខេមរភូមិន្ទ​ក៏​មាន​បាត់បង់​ជីវិត​ដូច​តែ​គ្នា​ដែរ គ្រាន់​តែ​ចំនួន​តិច​ជាង»

ប៉ុន្តែ​នៅ​ពេល​សួរ​ថា ហេតុ​អ្វី​បាន​ជា​មន្ត្រី​ធំៗ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ត្រូវ​គេ​ចាប់​ខ្លួន រួច​បាញ់​សម្លាប់​ទាំង​គ្មាន​អាវុធ​ក្នុង​ដៃ​នោះ? លោក សុខ ឥសាន ឆ្លើយ​ថា លោក​មិន​ដឹង​នោះ​ទេ ដូច្នេះ​លោក​មិន​អាច​និយាយ​បាន​ឡើយ។

ទោះ​ជា​យ៉ាង​ណា ផ្ទុយ​ពី​លោក សុខ ឥសាន នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ប៊្រែដ អាដាម (Brad Adams) ដែល​ក្នុង​ពេល​រដ្ឋ​ប្រហារ​នោះ លោក​គឺ​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថ្លែង​ថា ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្សេង​ទៀត​ដូចជា លោក ជា ស៊ីម លោក ស ខេង លោក ទៀ បាញ់ និង​លោក កែ គឹមយ៉ាន ជាដើម មិន​បាន​គាំទ្រ​ចំពោះ​រដ្ឋ​ប្រហារ​របស់​លោក ហ៊ុន សែន នៅ​ពេល​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត កម្លាំង​ដែល​លោក ហ៊ុន សែន បញ្ចេញ​ប្រយុទ្ធ​ពេល​នោះ គឺ​មិន​មែន​មាន​តែ​កម្លាំង​កង​យោធពល​ខេមរភូមិន្ទ​តែ​មួយ​នោះ​ទេ តែ​កម្លាំង​កង​រាជ​អាវុធហត្ថ​ក្រោម​ការ​បញ្ជា​របស់​លោក សៅ សុខា និង​កង​ឆត្រ​យោង​អង្គភាព​៩១១ ក្រោម​បញ្ជាការ​របស់​លោក ចាប ភក្តី ដែល​ស្និទ្ធ​ជាមួយ​លោក ហ៊ុន សែន បាន​ចេញ​ប្រយុទ្ធ​ផង​ដែរ។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ អះអាង​ថា រដ្ឋាភិបាល​មិន​មាន​ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​ថា​បើ​មិន​មាន​ព្រឹត្តិការណ៍​ពេល​នោះ កម្ពុជា ក៏​គ្មាន​សន្តិភាព​ដូច​បច្ចុប្បន្ន​នេះ​ដែរ៖ «ចង់​និយាយ​ថា​វា​គឺ​ជា​ព្រឹត្តិការណ៍ ៥-៦ កក្កដា តុល្យការ​កម្លាំង​រវាង​បក្ស​ទាំង​ពីរ ប្រសិន​ជា​អត់​មាន​ព្រឹត្តិការណ៍​ថ្ងៃ​នោះ ប្រហែល​ជា​ស្រុក​ខ្មែរ​អត់​មាន​សន្តិភាព​ពេញ​ផ្លូវ​ទេ»

ចំណែក​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា លោក​មិន​អាច​បំភ្លេច​មិត្ត​ចាស់​របស់​លោក​បាន​ទេ។ តែ​ពេល​និយាយ​ដល់​យុត្តិធម៌​សម្រាប់​អ្នក​ទាំងអស់​នោះ​វិញ អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ​មិន​មាន​សង្ឃឹម​ឡើយ ប៉ុន្តែ​លោក​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​កាន់​អំណាច​បាន​មួយ​ជីវិត​នោះ​ទេ៖ «លឺ ឡាយស្រេង ហេង​ហើយមិន​បាន​ស្លាប់ ព្រោះ​ខ្ញុំ​ដេក​ជាមួយ​ពួក​ហ្នឹង​យប់ ៥- យើង​ដេក​តែ​ថ្ងៃ​៧ យើង​បែក​គ្នា ប៉ុន្តែ​គ្រាន់​តែ​ថា ទៅ​រក​យុត្តិធម៌​អី​ស្រុក​ខ្មែរ​នោះ មនុស្ស​ងាប់​ប៉ុន្មាន​នាក់​ហើយ​ដែល​គ្មាន​យុត្តិធម៌»

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យល់​ឃើញ​ថា ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ខែ​កក្កដា ឆ្នាំ​១៩៩៧ គឺ​ជា​ការ​លុប​បំបាត់​នូវ​សុបិន​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ទើប​តែ​មាន​ក្តី​សង្ឃឹម​ថា វាសនា​អនាគត​ប្រទេស​ជាតិ​របស់​ពួក​គេ គឺ​ចាប់​ពី​ឆ្នាំ​១៩៩៣ ត​ទៅ​មុខ នឹង​ត្រូវ​សម្រេច​ដោយ​សន្លឹកឆ្នោត គឺ​មិន​មែន​ដោយ​គ្រាប់​កាំភ្លើង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Nith

ពី Phnom Penh

No justice can be found here. Not now. Where there's Mr Hun Sen, There exist poverty corruption un-justice always. You are born to make this world in the darkness!!! You have no heart!!! You worst less than 100KHR!!!

Jul 06, 2017 06:28 AM

អ្នក​អាន​អនាមិក

គោតតែនិយាយថាសន្តិភាពពេញផ្លូវ មនុស្សស្លាប់រាល់ថ្ងៃដោយសារតែអសន្តិសុខ ចោរគ្រប់ទីកន្លែង។ ថ្ងៃណាមួយដែលរដ្ឋាភិបាលបច្ចុប្បន្នអស់អំណាច យុត្តិធម៌នឹងមាន

Jul 05, 2017 01:30 AM

quick file a lawsuit against them

Why you FUNCPEC party taken so long to file this lawsuit to the UN,Paris Peace Accord treaty or international community to help your party victims and why?.Your FUNCPEC party members were legally to rule the country by UN,Paris Peace Accorded and international community to support your FUNCPEC party"no any tmil Hun Sen/nvc allied",tmil Hun Sen/nvc had committed atrocity on khmer people"war aggression,war criminal conspiracy and war crime against humanity",this war criminal radical must bring to ICC/IJC to payoff to the great lost of millions lives khmer innocent and ruined the country"1975-1979-1985 to present".Time to dig up our grave and do appeal to the UN,ICC/IJC,superpowers and international community to bring all war aggression,war criminal conspiracy and war crime against humanity to justice.For millions khmer innocent lives and million victims who were survived today wanted those war aggression,war criminal conspiracy and war crime against humanity to face a justice.To stop those war murdered crime who played a roll in 1975-1979 of killing fields and present.Please do a collection all your documentaries,video recorded,and shows all proof of evidence to represent in the courtroom"to UN,ICC/IJC/international community".U can't let this good an opportunity to pass away and u can see all those war criminal conspiracy still at large and still committed more crime to against anybody who knew who were they?"criminal minds,crooks,thieves and coup d'etat".

Jul 04, 2017 05:19 PM

គេហទំព័រ​ទាំងមូល