អ្នក​បោះឆ្នោត​មួយ​ចំនួន​ហ៊ាន​បង្ហាញ​ជំហរ​ក្នុង​ការ​ជ្រើស​រើស​បក្ស​នយោបាយ

ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​បាន​បន្ត​អស់​រយៈពេល ២​សប្ដាហ៍​ហើយ គិត​មក​ដល់​ពេល​នេះ។ ក្នុង​រយៈពេល​នេះ គណបក្ស​នយោបាយ​បាន​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​របស់​ខ្លួន​តាម​គ្រប់​រូបភាព រួម​មាន ការ​ហែ​ក្បួន ការ​បិទ​ផ្សាយ ឬ​ចែក​ចាយ​ខិត្តប័ណ្ណ​គ្រប់​ប្រភេទ​ទៅ​ដល់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត។
ដោយ សុ ជីវី
2013.07.13
ឃោសនា​បោះឆ្នោត ៨៥៥ ក្បួន​ហែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Mom Sophon

បន្ទាប់​ពី​បាន​ស្វែង​យល់​ពី​គោល​នយោបាយ​គណបក្ស​ដែល​បាន​ចូលរួម​ឃោសនា អ្នក​បោះឆ្នោត​មួយ​ចំនួន​ហ៊ាន​បង្ហាញ​ពី​ជំហរ​របស់​ពួក​គេ​ក្នុង​ការ​ជ្រើស​រើស​គណបក្ស​នយោបាយ ដែល​ពួក​គេ​នឹង​ជ្រើស​រើស​អោយ​ដឹកនាំ​ប្រទេស​នៅ​ក្នុង​អាណត្តិ​ថ្មី។

អ្នក​បោះឆ្នោត​មួយ​ចំនួន​បាន​សម្រេច​ជ្រើស​រើស​គណបក្ស​មួយ​ដែល​ខ្លួន​នឹង​បោះឆ្នោត​អោយ ស្រប​ពេល​ដែល​ពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​កំពុង​ពិចារណា​ពី​គណបក្ស​ដែល​ខ្លួន​នឹង​បោះឆ្នោត​អោយ​នៅ​ឡើយ។ ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ឆ្លើយ​ថា ពួក​គេ​បាន​សម្លឹង​ឃើញ​គណបក្ស​ធំៗ​២ ថា​ជា​គណបក្ស​ដែល​ពួក​គេ​អាច​នឹង​បោះឆ្នោត​អោយ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

យ៉ាង​ណា សម្រាប់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ភាគ​ច្រើន​នៃ​អ្នក​ដែល​បាន​ជួប​សម្ភាស បាន​អះអាង​ថា ពួក​គេ​ត្រៀម​ជា​ស្រេច​ថា​នឹង​បោះឆ្នោត​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​ស្គាល់​ថា​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​កើត​ចេញ​ពី​ការ​បង្រួប​បង្រួម​រវាង​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស។

អ្នក​បោះឆ្នោត​ទាំង​នោះ​បាន​សម្អាង​ហេតុ​ផល​ថា ពួក​គេ​ចង់​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​អ្នក​ដឹកនាំ។ ហើយ​អ្នក​ដឹកនាំ​ថ្មី​ដែល​ពួក​គេ​ចង់​បាន គឺ​អ្នក​ដែល​ប្រកាន់​គោលការណ៍​ជួយ​ពលរដ្ឋ​ក្រីក្រ បង្កើន​ប្រាក់​បៀវត្សរ៍ ការ​ធានា​បង្កើត​ការងារ​កាត់​បន្ថយ​ចំណាក​ស្រុក។ ជា​ពិសេស គឺ​គោល​នយោបាយ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍ និង​ការពារ​ទឹក​ដី​ពី​ការ​រំលោភ​យក​ពី​បរទេស​ជា​ដើម។

ក្រៅ​ពី​អ្នក​ដែល​ហ៊ាន​ផ្ដល់​បទ​សម្ភាសន៍ ក៏​មាន​អ្នក​បោះឆ្នោត​ជា​មន្ត្រី​រាជការ​មួយ​ចំនួន​ទៀត បាន​ប្រាប់​ថា ពួក​គេ​បាន​សម្រេច​ផ្លាស់​ប្ដូរ​ការ​គាំទ្រ ដោយ​ងាក​មក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។ ពួក​គេ​បាន​លើក​ហេតុផល​ថា ធុញ​ទ្រាន់​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ការ​និយម​បក្ខពួក ម្យ៉ាង​ក៏​ពេញ​ចិត្ត​នឹង​គោល​នយោបាយ​បង្កើន​ប្រាក់​បៀវត្សរ៍​របស់​គណបក្ស​នេះ។

មិន​ខុស​ប្លែក​ពី​ការ​អះអាង​នេះ​ទេ នៅ​ក្នុង​ដំណើរ​ការ​ឃោសនា​បោះឆ្នោត​នេះ នៅ​ក្នុង​ការ​ហែ​ក្បួន​ឃោសនា​ជា​ប្រចាំ​ជា​រៀង​រាល់​ថ្ងៃ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែង​មាន​អ្នក​ចូលរួម​ដែល​គណបក្ស​នេះ​អះអាង​ថា ពុំ​មែន​ជា​ការ​រៀបចំ​ទុក​ជា​មុន​បាន​ចូលរួម ហើយ​ចេះ​តែ​កើន​ឡើង​ជា​បន្តបន្ទាប់។ ពួក​អ្នក​គាំទ្រ​ទាំង​នោះ​បាន​បង្ហាញ​ទឹក​ចិត្ត​គាំទ្រ​ដោយ​ស្មោះ​ចំពោះ​គណបក្ស​នេះ ក្នុង​នាម​ជា​អ្នក​បោះឆ្នោត ដើម្បី​ការ​ផ្លាស់​ប្ដូរ។

«សំឡេង​ឃោសនា​ក្នុង​រាជធានី​ភ្នំពេញ»

ពិត​មែន​ថា​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គោល​នយោបាយ​គណបក្ស ក៏​មាន​យុវជន​មួយ​ចំនួន​បាន​លើក​ឡើង​ថា ពួក​គេ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តាម​ការ​ប្រាប់​តៗ​គ្នា​ពី​គុណ​សម្បត្តិ​នៃ​ប្រធាន​គណបក្ស​នេះ គឺ​លោក សម រង្ស៊ី។

យ៉ាង​ណា​ក៏​ដោយ អ្នក​បោះឆ្នោត​ក៏​នៅ​តែ​ផ្ដល់​តម្លៃ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​បទ​ពិសោធន៍​ដឹក​នាំ​រដ្ឋាភិបាល ៤​អាណត្តិ​មក​ហើយ។ ពួក​គេ​បាន​ចាត់​ទុក​សមិទ្ធផល​ដែល​រីក​ដុះ​ដាល​ក្នុង​ពេល​បច្ចុប្បន្ន ថា​ជា​ទង្វើ​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បាន​អោយ​ដឹង​ថា គណបក្ស​ប្រជាជន​បាន​ធានា​សុខ​សន្តិភាព ដែល​ជា​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ។

ការ​លើក​ឡើង​របស់​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ស្ថិត​ក្នុង​ចំណោម​គោល​នយោបាយ​ចម្បងៗ​ដែល​គណបក្ស​នេះ​ផ្សព្វផ្សាយ​នៅ​ក្នុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត។

«សំឡេង​ឃោសនា»

គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទំនង​អាច​ទាក់​ទាញ​ការ​គាំទ្រ​ពី​សំណាក់​ពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត។ ភាគ​ច្រើន​នៃ​ពលរដ្ឋ​មួយ​ចំនួន​ដែល​វិទ្យុ​អាស៊ីសេរី បាន​ជួប​សម្ភាស​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន មាន​ខេត្ត​សៀមរាប មណ្ឌលគិរី ស្វាយរៀង និង​កំពង់ឆ្នាំង បាន​លើក​ឡើង​ថា ពួក​គេ​នឹង​ទៅ​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រៅ​ពី​នេះ​ក៏​មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា​ពី​គណបក្ស​នយោបាយ ដែល​ពួក​គេ​នឹង​បោះឆ្នោត​អោយ។ ក្នុង​នោះ អ្នក​ខ្លះ​អះអាង​ថា ការ​គូស​លើ​សន្លឹក​ឆ្នោត​តែ​មួយ​គំនូស គឺ​ងាយ​ណាស់ ប៉ុន្តែ​បើ​សម្រេច​ចិត្ត​ខុស​វា​អាច​នឹង​ធ្វើ​អោយ​ប៉ះពាល់​ដល់​វាសនា​ប្រទេស​ជាតិ​ទាំង​មូល។ យ៉ាង​ណា ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ក៏​បង្ហាញ​ថា ពួក​គេ​បាន​កំណត់​គោលដៅ​ថា​នឹង​ជ្រើស​រើស​គណបក្ស​មួយ​ក្នុង​ចំណោម​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤ កាល​ពី​ឆ្នាំ​២០០៤ គណបក្ស​ប្រឆាំង​ដែល​កាល​ណោះ​ជា​គណបក្ស សម រង្ស៊ី បាន​ទទួល​ការ​គាំទ្រ​ច្រើន​តែ​ក្នុង​រាជធានី​ភ្នំពេញ ចំណែក​នៅ​តាម​បណ្ដា​ខេត្ត គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អាសនៈ​ច្រើន​លើសលប់។

ទំនោរ​នៃ​អ្នក​គាំទ្រ​ចំពោះ​គណបក្ស​នយោបាយ​របស់​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត ត្រូវ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឃ្លាំ​មើល​ការ​បោះឆ្នោត​សង្កេត​ឃើញ​ថា មាន​ការ​ប្រែប្រួល​ខុស​ប្លែក​ពី​ការ​បោះឆ្នោត​ពី​លើក​មុន។ លើស​ពី​នេះ ពួក​គេ​ចាប់​ផ្ដើម​ហ៊ាន​បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ​ដោយ​ពុំ​សូវ​មាន​ការ​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។