ឯកអគ្គរដ្ឋទូត​អាមេរិក​ជួប​ពិភាក្សា​ពី​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​លោក ហ៊ុន ម៉ាណែត

ដោយ យាង សុជាមេត្តា
2017-02-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA
លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA
Photo: RFA

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ (William Heidt) នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ បាន​ជួប​ពិភាក្សា​ជាមួយ​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត។

ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ឲ្យ​ដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ថា លោក វីល្លៀម ហៃដ្ដ និង​លោក ហ៊ុន ម៉ាណែត បាន​ពិភាក្សា​គ្នា​ប្រកប​ដោយ​ផ្លែផ្កា​មួយ​ក្នុង​ពេល​ដែល​លោក​ទាំង​ពីរ​ពិសា​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា​នៅ​និវាសដ្ឋាន​លោក វីល្លៀម ហៃដ្ដ។ ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ថា ប្រធានបទ​ពិភាក្សា​រួម​មាន កិច្ច​សហប្រតិបត្តិការ​យោធា និង​ការ​ប្រឆាំង​នឹង​ភេរវកម្ម។

ទាក់ទង​នឹង​កិច្ច​សហប្រតិបត្តិការ​យោធា រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​កន្លង​ទៅ​នេះ បាន​ប្រកាស​ផ្អាក​សម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ​ជាមួយ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨។

រដ្ឋាភិបាល​លើក​ហេតុផល​ថា ការ​ផ្អាក​នេះ​ដោយសារ​ប្រទេស​កម្ពុជា ត្រូវ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នៅ​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨។ លើស​ពី​នេះ កម្លាំង​សមត្ថកិច្ច​កម្ពុជា ក៏​កំពុង​រវល់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្ក្រាប​គ្រឿងញៀន​ផង​ដែរ។ ទោះជាយ៉ាងណា អ្នក​ខ្លះ​យល់​ថា ការ​សម្រេច​ផ្អាក​របស់​រដ្ឋាភិបាល​កម្ពុជា អាច​មាន​ហេតុផល​នយោបាយ​ច្រើន​ជាង។

កន្លង​ទៅ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ដ ធ្លាប់​ថ្លែង​ថា ការ​ផ្អាក​ធ្វើ ឬ​មិន​ធ្វើ​សម​យុទ្ធ​ជាមួយ​ប្រទេស​ណា​មួយ គឺ​ជា​សិទ្ធិ​របស់​កម្ពុជា ប៉ុន្តែ​លោក​ថា អ្នក​ដែល​ខាត​បង់​មិន​មែន​សហរដ្ឋអាមេរិក នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល