វៀតណាមបំពាក់មេដាយស្នេហាជាតិឲ្យប្អូនស្រីរបស់លោក ហ៊ុន សែន
2014.12.12
ប្អូនស្រីបង្កើតពីរនាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានមេដាយស្នេហាជាតិ ពីប្រទេសវៀតណាម។ ប្រទេសវៀតណាម សម្រេចផ្ដល់មេដាយស្នេហាជាតិខ្មែរ ឲ្យជនកម្ពុជាបីនាក់ នៅដើមខែធ្នូឆ្នាំ២០១៤។ ពិធីប្រគល់មេដាយផ្លូវការត្រូវបានរៀបចំឡើងជាលក្ខណៈឯកជនកាលថ្ងៃទី១០ធ្នូ កន្លងទៅក្នុងបរិវេណស្ថានទូតវៀតណាម។
ក្រសួងការពារជាតិវៀតណាម បានផ្ដល់មេដាយស្នេហាជាតិឲ្យស្ត្រីកម្ពុជាបីនាក់។ ក្នុងនោះ មានបងប្អូនស្រី ត្រកូលហ៊ុនពីរនាក់គឺអ្នកស្រី ហ៊ុន ស៊ីណាត និងអ្នកស្រី ហ៊ុន ស៊ាងនី ដែលអ្នកទាំងពីរជាប្អូនស្រីបង្កើតរបស់លោកហ៊ុន សែន។ ចំណែកម្នាក់ទៀតគឺអ្នកស្រី ហង់ បុរី ជាមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ក៏បានទទួលមេដាយនេះដូចគ្នាដែរ។ មេដាយនោះ ជាមេដាយ លំដាប់ទី៣របស់វៀតណាម ដែលមានឋានៈស្មើនឹងរដ្ឋមន្ត្រី។ វីដេអូឃ្លិបរយៈពេលជិត៣នាទី បង្ហោះលើ យូធូប (Youtube) បង្ហាញថា វៀតណាមផ្ដល់មេដាយឲ្យស្ត្រីខ្មែរទាំងបីរូបនេះ ដោយសារតែពួកគាត់ជាអ្នកមានស្នាដៃក្នុងនាមជាចារនារីយោធា និងជាអ្នកស្នេហាជាតិកម្ពុជា។ បន្ទាប់ពីអ្នកកាន់កម្មវិធីប្រកាសរួច អ្នកស្រី ហ៊ុន ស៊ីណាត ដែលទើបតែលាលែងតំណែងពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនងសភា ព្រឹទ្ធសភានិងអធិការកិច្ចនោះ បានឡើងទទួលប័ណ្ណសរសើរពីមន្ត្រីស្ថានទូតវៀតណាម ទាំងទឹកមុខញញឹមញញែម ក្រោមសំឡេងទះដៃកងរំពងពីសំណាក់អ្នកចូលរួមកម្មវិធី។ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី លោក ជុំ កុសល ចាត់ទុកថា ការទទួលបានមេដាយពីវៀតណាមនេះ ជាមហាកិត្តិយសរបស់វីរនារីស្នេហាជាតិកម្ពុជា។
ទន្ទឹមនឹងនេះមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ដែលទទួលបានមេដាយដែរនោះអ្នកស្រី ហង់ បុរី លើកឡើងថា ការដែលវៀតណាមផ្ដល់មេដាយឲ្យស្ត្រីកម្ពុជានេះ ជាការ បញ្ជាក់ថាប្រជាពលរដ្ឋវៀតណាមទាំងអស់ គោរពស្រលាញ់មន្ត្រីខ្មែរ ដូចជាឪពុកម្ដាយពួកគេអញ្ចឹងដែរ។ អ្នកស្រីបន្តថា វាជាកិត្តិយសធំធេងណាស់សម្រាប់រូបអ្នកស្រី ព្រមទាំងបងប្អូនស្រីត្រកូលហ៊ុន ទាំងពីរដែលបានទទួលមេដាយស្នេហាជាតិនេះ។
ចំណែកឯអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច វិញមានប្រសាសន៍ថា ទង្វើរបស់វៀតណាមនេះ ជារឿងមួយគួរឲ្យសង្ស័យ។ លោកដាក់សំណួរសួរថា ហេតុអ្វីបានជាមេដាយរបស់វៀតណាម ដែលឲ្យមកមន្ត្រីខ្មែរមានបញ្ជាក់ឋានៈស្មើនឹងរដ្ឋមន្ត្រី ឬមួយវៀតណាម នៅគិតថា ប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន? លោកបន្តថា ប្រជាពលរដ្ឋខ្មែរមិនត្រូវជោរភ្លេចខ្លួននៅពេលបរទេសបញ្ចើចបញ្ចើឡើយ។
អង្គការអន្តរជាតិនានា ប្រទេសក្នុងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក ធ្លាប់បានបំពាក់មេដាយ ផ្ដល់ប័ណ្ណសរសើរ និងពានរង្វាន់មួយចំនួន ជូនសកម្មជនការពារសិទ្ធិមនុស្ស មន្ត្រីរដ្ឋាភិបាល ពលរដ្ឋមានបញ្ហាដីធ្លី និង អ្នកសារព័ត៌មានជាដើម។ ពាន់រង្វាន់ ឬប័ណ្ណសរសើរទាំងអស់ ផ្ដល់ជូនដើម្បីលើកទឹកចិត្តអ្នកទាំងនោះ ឲ្យខិតខំថែមទៀតក្នុងការនាំសង្គមកម្ពុជាទៅរកវឌ្ឍនភាព។
ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការណ៍ដែលប្រជាពលរដ្ឋខ្មែរណាម្នាក់បានទទួលមេដាយលើកសរសើរ ពីសំណាក់អន្តរជាតិនោះមិនមែនជារឿងចម្លែកទេ ប៉ុន្តែមហាជនត្រូវពិនិត្យមើលថាតើបរទេសនោះគេផ្ដល់មេដៃឲ្យយើងដោយសារបុព្វហេតុអ្វី? លោកបន្តថា មេដាយស្នេហាជាតិរបស់វៀតណាមមិនមានតម្លៃអ្វីឡើយ នៅក្នុងទឹកចិត្តរាស្ត្រខ្មែរភាគច្រើននោះ។
រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបំពាក់មេដាយជូនជនបរទេសជាច្រើនដងច្រើនសារមកហើយ។ជនបរទេសទាំងនោះ សុទ្ធតែមានស្នាដៃក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនធ្លាប់បំពាក់មេដាយ ជូនមន្ត្រីបរទេសណា មិនបានជួយការងារកម្ពុជានោះឡើយ។ ប្រទេសវៀតណាម ធ្លាប់ចេញមុខ គ្រប់គ្រងកិច្ចការនយោបាយប្រទេសកម្ពុជាជាចំហពីចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។ កាលនោះវៀតណាម បានដាក់ជំនាញការគ្រប់គ្រងរដ្ឋបាលទូទៅរបស់កម្ពុជា តាំងពីថ្នាក់មជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន។ ជំនាញការវៀតណាមត្រូវបានដកចេញពីកម្ពុជាវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ ខែតុលាឆ្នាំ១៩៩១ ប៉ុន្តែមន្ត្រីបក្សប្រឆាំងនៅតែចោទថាគណបក្សកាន់អំណាច ដឹកនាំប្រទេសក្រោមឥទ្ធិពលវៀតណាម។ទោះយ៉ាងណាក្ដី ប្រទេសវៀតណាមធ្លាប់រិះគន់រាជរដ្ឋាភិបាលកម្ពុជាធ្ងន់ៗ កាលពីឆ្នាំ២០១២ ក្នុងពេលប្រជុំអាស៊ានក្នុងសំណុំរឿងសមុទ្រចិនខាងត្បូងថា រាជរដ្ឋាភិបាលកម្ពុជាលំអៀងទៅរកប្រទេសចិន៕