មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​ ខែ​កក្កដា

ដោយ ម៉ម មុនីរតន៍
2016-07-05
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។
រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។
AFP Photo

ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​ទាញ​ឲ្យ​អ្នក​អ្នក​នយោបាយ​បកស្រាយ​ផ្ទុយ​គ្នា។ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង សុទ្ធតែ​យល់​ឃើញ​ថា វា​ជា​ព្រឹត្តិការណ៍​ដណ្ដើម​អំណាច​គ្នា​រវាង​បក្ស​នយោបាយ​ធំៗ​ពីរ​កាលណោះ គឺ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​ពី​មជ្ឈដ្ឋាន​ទូទៅ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ថ្លែង​ការពារ​ថា វា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទេ ប៉ុន្តែ​ហេតុការណ៍​ដែល​កើត​ឡើង​ពេល​នោះ គឺ​គ្រាន់​តែ​ជា​ហេតុ​ការណ៍​ទប់ទល់​សភាពការណ៍​ពី​កម្លាំង​ស្មោះ​ត្រង់​របស់​ហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ។

កាល​ពី ១៩​ឆ្នាំ​មុន ចំ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​កណ្ដាល​ទីក្រុង​ភ្នំពេញ បង្ក​ការ​ភ័យ​ខ្លាច និង​ជ្រួល​ច្របល់ ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​រាជធានី​នឹក​ភ្នក​ដល់​ព្រឹត្តិការណ៍​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​១៩៧៥។

នៅ​តាម​ដង​វិថី និង​នៅ​ជាយ​ទីក្រុង​ភ្នំពេញ គេ​ឮ​សូរ​តែ​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា​រវាង​យោធា​តស៊ូ​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី​១ ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​កងទ័ព​ស្មោះ​ស្ម័គ្រ​នឹង​លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នោះ។

រដ្ឋ​ប្រហារ ១៩៩៧ ៨៥៥
ទាហាន​រដ្ឋាភិបាល​ដើរ​ខាង​មុខ​រថក្រោះ​ឆេះ​នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧។ AFP Photo AFP Photo

ក្រោយ​រដ្ឋ​ប្រហារ​ដោយ​យោធា​នោះ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​សាច​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក ហ៊ុន សែន កាល​ណោះ​ចោទ​ប្រកាន់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ដែល​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​កណ្ដោល​ទីក្រុង​ភ្នំពេញ​នេះ​ឡើង ដោយសារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ​មិន​ស្មោះ និង​ហ៊ាន​លួច​យក​កម្លាំង​ខ្មែរ​ក្រហម​ដាក់​អម​ខ្លួន។ លោក​បន្ត​ថា «យើង​ចោទ​សួរ រណឫទ្ធិ យក​កម្លាំង​ខ្មែរ​ក្រហម និង​កម្លាំង​អង្គភាព​នានា​ដើម្បី​អ្វី? យើង​ចោទ​សួរ​ថា រណឫទ្ធិ យក​អាវុធ​ខុស​ច្បាប់ និង​បង្កើន​កម្លាំង​ប្រដាប់​អាវុធ​មក​ភ្នំពេញ​ធ្វើ​អ្វី? រណឫទ្ធិ ឬ​អ្នក​ណា​មិន​ដឹង​ទេ​បាន​បញ្ជា​ឲ្យ​ឯកឧត្ដម ទា ចំរាត់ វាយ​យក​ឃ្លាំង​គេ​ហៅ​ថា ឃ្លាំង​កា​៤ របស់​ស្នងការ​បច្ចេកទេស​ក្រសួង​ការពារ​ជាតិ»

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ មាន​បន្ទូល​ក្រោយ​ព្រឹត្តិការណ៍​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ​ដែល​ចង់​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​ព្រះអង្គ​ចេញ​ពី​អំណាច ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ទី​១។

បើ​ទោះ​ជា​បែប​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​ចាត់​ទុក​ថា ព្រឹត្តិការណ៍​យោធា​នៅ​ពេល​នោះ គឺ​ពុំ​មែន​ផ្ដើម​ចេញ​ពី​រូប​លោក​ឡើយ ប៉ុន្តែ​ហេតុការណ៍​នេះ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ គឺ​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ដ៏​ហិង្សា​មួយ​នេះ។ លោក​បន្ត​ថា «ខ្ញុំ​សូម​ច្បាប់ រណឫទ្ធិ ៥​ថ្ងៃ។ ខ្ញុំ​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​១ ហើយ​ខ្ញុំ​គ្រោង​ត្រឡប់​នៅ​ថ្ងៃ​ទី​៦។ អ៊ីចឹង​តាម​ទម្លាប់​ធម្មតា​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ បើ​នាយក​រដ្ឋមន្ត្រី​មួយ​ទៅ នាយក​រដ្ឋមន្ត្រី​មួយ​ត្រូវ​ចាត់ការ​ទាំងអស់។ អ៊ីចឹង​ពេល​ហ្នឹង​សិទ្ធិ​អំណាច​ស្ថិត​នៅ​ក្នុង​ដៃ រណឫទ្ធិ ទាំងអស់ ទាំង​ផ្នែក​រដ្ឋ និង​ផ្នែក​កងទ័ព»

បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​ពី​លោក ហ៊ុន សែន ក៏ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា ក្នុង​ពេល និង​ក្រោយ​ព្រឹត្តិការណ៍​បាន​ផ្ទុះ​ឡើង មាន​មន្ត្រី​យោធា​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច រាប់​សិប​នាក់ ត្រូវ​បាន​ប្រហារ​ជីវិត​ក្រៅ​ច្បាប់។ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​សាកសព​ជន​រងគ្រោះ​ដែល​បាន​រក​ឃើញ​នៅ​តំបន់​ពេជ្រនិល នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ និង​ជុំវិញ​ទីក្រុង​ភ្នំពេញ ស្លាប់​ក្នុង​ដៃ​ជាប់​ចំណង ដែល​បញ្ជាក់​អំពី​ការ​រង​ទារុណកម្ម​មុន​នឹង​ត្រូវ​ប្រហារ​ជីវិត។ បញ្ហា​នេះ អង្គការ​សហប្រជាជាតិ ចាត់​ទុក​ថា វា​គឺ​ជា​ទម្រង់​នៃ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

គឹម សុខ ២០១៦ ៨៥៥
អតីត​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន លោក គឹម សុខ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Morm Moniroth RFA/Morm Moniroth

អតីត​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន លោក គឹម សុខ រក​ឃើញ​ថា ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កាល​ពី ១៩​ឆ្នាំ​មុន គឺ​ជា​រដ្ឋ​ប្រហារ​យោធា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ក្រោម​ហេតុផល​មួយ​ចំនួន ដូចជា​លោក ហ៊ុន សែន បារម្ភ​ខ្លាច​ការ​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ដែល​ជា​អាណត្តិ​ទី​២។ បន្ថែម​ពី​លើ​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ មួយ​ចំនួន ក្បត់​នឹង​ព្រះអង្គ។ លោក គឹម សុខ យល់​ឃើញ​ថា ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​ជំរុញ​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ឆ្នាំ​១៩៩៧ កើត​ឡើង។ លោក​បន្ត​ថា «មូលហេតុ​សំខាន់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ហ្នឹង​ខ្លាច​បាត់បង់​អំណាច​ទាំងស្រុង​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨។ ប្រសិន​បើ​មិន​បង្កើត​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ទេ អ្នក​ណា​ក៏​ដឹង​ដែរ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ អាណត្តិ​ទី​២ ហ្នឹង ច្បាស់​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈ្នះ​ហើយ»

គេហទំព័រ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា រាយការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់​នៅ​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ គិត​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ កាល​ពី ១៩​ឆ្នាំ​មុន។

ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ជា​ទាហាន មន្ត្រី​យោធា និង​ប៉ូលិស​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ ចំនួន​នេះ​មិន​រាប់​បញ្ចូល​ជីវិត​ជន​ស៊ីវិល និង​ទាហាន​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស្មោះ​ត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​កងទ័ព​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ នោះ​ទេ។

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា នេះ ព្រះអង្គ​បដិសេធ​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​អំពី​ការ​ទទួល​ខុស​ត្រូវ​ព្រឹត្តិការណ៍​កាល​ពី ១៩​ឆ្នាំ​មុន។ ព្រះអង្គ​មាន​បន្ទូល​នៅ​ពេល​នេះ​តាម​រយៈ​មន្ត្រី​ដែល​ស្និទ្ធ​នឹង​ព្រះអង្គ​ថា រឿង​កន្លង​ផុត​ទៅ​អស់​ពេល​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ព្រះអង្គ​មិន​ចង់​រំឭក ឬ​គាស់​កកាយ​វា​ឡើង​វិញ​ទេ។

របាយការណ៍​បន្ត​ថា ក្រៅ​ពី​មន្ត្រី​ដែល​ពុំ​មាន​ឋានៈ​បុណ្យ​ស័ក្ដិ​ត្រូវ​សម្លាប់​ហើយ ក្នុង​នោះ​ក៏​នៅ​មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន​ទៀត​ដូចជា លោក​ឧត្ដមសេនីយ៍ ចៅ សម្បត្តិ លោក​ឧត្ដមសេនីយ៍ ក្រូច យឿម និង​លោក ហូ សុខ ជាដើម។ លោក ហូ សុខ ដែល​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ និង​ជា​មេ​បញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ កក្កដា ដោយ​កម្លាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន។ ការ​ចាប់​ខ្លួន​នេះ នៅ​ពេល​លោក​កំពុង​ដើរ​ចេញ​ពី​ផ្ទះ​របស់​ឯកអគ្គរដ្ឋទូត​សិង្ហបុរី ក្នុង​ក្រុង​ភ្នំពេញ។ ក្នុង​ថ្ងៃ​តែ​មួយ ពេល​ល្ងាច លោក ហូ សុខ ត្រូវ​បាន​ផ្ដាច់​ជីវិត​នឹង​គ្រាប់​កាំភ្លើង ខណៈ​កំពុង​ជាប់​ឃុំ​ក្នុង​បន្ទប់​មួយ​ក្នុង​ក្រសួង​មហាផ្ទៃ។

ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ដែល​បាន​អូស​បន្លាយ​ជិត ២០​ឆ្នាំ​មក​នេះ អ្នក​ស្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​រាប់​ទាំង​ជន​ស៊ីវិល និង​យោធា​ផង ពុំ​មាន​អ្នក​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ ឬ​រក​យុត្តិធម៌​ឲ្យ​នៅ​ឡើយ​ទេ។ សាច់ញាតិ​របស់​លោក ហូ សុខ ម្នាក់​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ដទៃ​ទៀត​យល់​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ ថ្វីបើ​ស្ថានការណ៍​បាន​វិវឌ្ឍន៍​កន្លង​ផុត​ទៅ​យូរ​ឆ្នាំ​ហើយ​ក្ដី ហេតុការណ៍​កាលណោះ​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដូច​ហាក់​នៅ​ថ្មីៗ​នៅ​ឡើយ។ ប៉ុន្តែ​គ្រួសារ​នៃ​អតីត​មេ​បញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេច​ក្រុម​ព្រះ​រូប​នេះ យល់​ឃើញ​ថា ពួក​គេ​មិន​ចង់​រំឭក​វា​ទៀត​ទេ ព្រោះ​យុត្តិធម៌​ដែល​បាន​កប់​ទៅ​ជា​យូរ​ហើយ​នេះ មិន​រំពឹង​ថា​នឹង​បាន​ឡើយ។

ហូ គឹមសែ ២០១៦ ៨៥៥
លោកស្រី ហូ គឹមសែ ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក ហូ សុខ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Morm Moniroth RFA/Morm Moniroth

លោកស្រី ហូ គឹមសែ ដែល​ត្រូវ​ជា​ប្អូនស្រី​ទី​៨ ក្នុង​ចំណោម​បង​ប្អូន ៩​នាក់ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក ហូ សុខ។ លោកស្រី​មិន​រំពឹង​ថា​នឹង​ទទួល​បាន​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​បង​ប្រុស​លោកស្រី​ទេ។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​គ្រួសារ​របស់​លោក ហូ សុខ ទទូច និង​ទាមទារ​ចង់​បាន​យុត្តិធម៌​ពី​រដ្ឋាភិបាល​នោះ គឺ​អ្នក​នៅ​រស់​សព្វថ្ងៃ​នេះ​វិញ។ បន្ថែម​ពី​លើ​នេះ លោកស្រី ហូ គឹមសែ បញ្ជាក់​ថា ចាប់​ពី​បង​ប្រុស គឺ​លោក ហូ សុខ ត្រូវ​គេ​បាញ់​សម្លាប់ ដី​មួយ​កន្លែង​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​សហការ​ជា​ប្រព័ន្ធ បាន​ចូល​កាន់​កាប់ និង​រំលោភ​ធ្វើ​ជា​កម្មសិទ្ធិ​ទល់​សព្វថ្ងៃ។ លោកស្រី​បន្ត​ថា «ចង់​បាន​យុត្តិធម៌​រឿង​ដីធ្លី​របស់​គាត់​ដែល​គេ​បាន​យក​ហ្នឹង ព្រោះ​ដី​ហ្នឹង​គាត់​បាន​ទិញ​ដោយ​លុយ​របស់​គាត់​ផ្ទាល់។ ដូច្នេះ ប្រពន្ធ​កូន​គាត់​ចង់​មក​ទាមទារ​សម្ដេច​នាយក​ជួយ»

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ផ្ញើ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​១៩៩៩ ដាក់​ទៅ​រដ្ឋាភិបាល។ នៅ​ក្នុង​របាយការណ៍​ពិស្ដារ​នោះ កំណត់​ហេតុ​សង្ខេប​មួយ​ដែល​មាន​ចំណង​ជើង​ថា ភស្តុតាង​បញ្ជាក់​អំពី​ការ​ប្រហារ​ជីវិត​ក្រៅ​ច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​បាត់​ខ្លួន​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​បរិយាយ​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ កក្កដា សាកសព​មនុស្ស​ចំនួន ៤៦​នាក់ ត្រូវ​បាន​ទាហាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​ជញ្ជូន​ទាំង​ថ្ងៃ​ទាំង​យប់​យក​ទៅ​ទម្លាក់​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

ក្រោយ​សភាពការណ៍​បាន​វិល​ទៅ​រក​ប្រក្រតី នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន បាន​ទម្លាក់​កំហុស​ឲ្យ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ដោយ​ចោទ​ថា ព្រះអង្គ​បាន​ដឹក​អាវុធ​ចូល​ខុស​ច្បាប់ និង​នាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ ហើយ​កង​កម្លាំង​របស់​លោក គ្រាន់​តែ​ជា​អ្នក​ការពារ​ខ្លួន​ប៉ុណ្ណោះ។ លោក​បន្ត​ថា «រណឫទ្ធិ បាន​ប្រកាស​ថា ខ្ញុំ​ធ្វើ​រដ្ឋ​ប្រហារ​មុន​ពេល​ខ្ញុំ​ចេញ​សេចក្ដី​ប្រកាស​ជាង ១២​ម៉ោង។ ឥឡូវ​នេះ គឺ​ខ្ញុំ​សូម​ជម្រាប​ថា យើង​ខ្ញុំ​គ្មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​អី​ណា។ បញ្ហា​សំខាន់​ដែល​យើង​ខ្ញុំ​ត្រូវ​ដោះ គឺ​ដោះស្រាយ​បញ្ហា​អនាធិបតេយ្យ»

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា បើ​ទោះ​ជា​មាន​របាយការណ៍​ថា នៅ​មុន​ពេល​រដ្ឋ​ប្រហារ គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ការ​ចរចា​ជាមួយ​ខ្មែរ​ក្រហម​ក្តី ដូច​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​នោះ មិន​មាន​ភស្តុតាង​ជា​ដុំ​កំភួន​ណា​មួយ​បញ្ជាក់​ថា កងទ័ព​ខ្មែរ​ក្រហម​បាន​ចូល​មក​ជួយ​កងទ័ព​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នៅ​អំឡុង​ពេល​រដ្ឋ​ប្រហារ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​ឃើញ​កងទ័ព​ខ្មែរ​ក្រហម​បាន​ចូល​មក​ជួយ​កងទ័ព​ដែល​ស្មោះ​ត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ឧទាហរណ៍ មាន​ក្រុម​ខ្មែរ​ក្រហម​លោក ភុន ភាព ជាដើម។

ចំណែក​អតីត​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ គឺ​លោក គឹម សុខ អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ដោយ​យោធា គឺ​ដោយសារ​លោក ហ៊ុន សែន ដែល​ពេល​នោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បារម្ភ​ខ្លាច​ចាញ់​ឆ្នោត​ក្នុង​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨។

តាម​ការ​ស្រាវជ្រាវ​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ទាហាន និង​មន្ត្រី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ទម្លាក់​អាវុធ និង​ត្រូវ​បាន​ចាប់​ខ្លួន មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឈ្លើយ​សឹក​ឡើយ។ នៅ​អំឡុង​ពេល​រដ្ឋ​ប្រហារ​នោះ ឈ្លើយ​សឹក​រាប់​សិប​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា ទង្វើ​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ជន​ដៃ​ដល់ និង​អ្នក​បញ្ជា​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ ទោះ​ជា​យ៉ាង​ណា ជិត ២០​ឆ្នាំ​ក្រោយ​រដ្ឋ​ប្រហារ​ដ៏​បង្ហូរ​ឈាម​នេះ ជន​រងគ្រោះ​ទាំង​នោះ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (13)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

First, ICC doit mettre HSen en jugement.

Dec 13, 2017 11:48 AM

Hun Sen's coup must brought to justice

This footage showed of war criminal Hun Sen's coup d'etat"1997" who try to wide out FUNCIPEC party"by pm Ranarith" and no who country have 2 heads pms at onetime unlike Cambodia.Evil man Hun Sen lost pm election in 1993 by UN restored peace in Cambodia and guarantee democracy with free vote by UN/international community monitored,but Hun Sen former n.Hanoi's guerilla fighter lost election with big majority lead by Ranarith"as pm",but former n.Hanoi guerilla disagreed to lose or no step down from pm and then he announced himself as two heads pm of Cambodia"Ranarith try to avoid of civil war again".Later on,comrade guerilla fighter got a secret planned to take over Ranarith with used of forces to against Ranarith's loyal forces and false accused to Ranarith as a radical coup to throw him out...but in fact it was Hun Sen himself who try to kill or overthrow Ranarith who won by larger margin of voters.There worst bloodshed out there by criminal minds Hun Sen's loyal forces killed hundreds of Ranarith's forces and Ranarith's top govm't officials and missing dozens of people with hundreds of wounded.

Mar 25, 2017 01:38 PM

អ្នក​អាន​អនាមិក

Absolute Power corrupt absolutely!

Only through a just democratic process can Khmer people feel free.

Nov 09, 2016 11:02 PM

NEM MEX

ពី នេម មេច) (Paris, France

ខ្ញំុ បានបញ្ចេញមតិមុននេះ ដោយបាននិយាយថា គណបក្សប្រជា
ជន កំទេច គណបក្សហ្វុនសិុនបីុក ... ​​។ សូមជួយយល់ថា
"កម្លាំងយោធាគណបក្សប្រជាជន កំទេចកម្លាំងយោធាគណបក្ស
ហ្វុនសីុនបីុក" ។ ដូច្នេះ សូមបងប្អូនជួយយល់សម្រួលតាមនេះ
ផង សូមអរគុណ ៕

អតិត ឧត្តមសេនិយទៅ គិម ហាក់ ( ក. ទី ២ )
សូមពឹងអោយចុះមតិ ។

Jul 16, 2016 10:47 AM

NEM MEX

ពី ​នេម មេច) (Paris, France

សង្កមសីុវិលក្រៅរដ្ឋាភិបាល បានសន្និដ្ឋានថា ព្រិត្តិការណ៍ថ្ងៃ ៥-៦
ខែ​កក្កដា ជា ការដណ្តើមអំណាចរវាងគណបក្សពីរ គឺ គណបក្ស ប្រជាជន និង គណបក្សហ្វុនសិនបិក ។ ការសន្និដ្ឋាននេះ គឺ
ធ្វើឡើង ដោយយោងតាមការសង្កេតឃើញ ពីផលនៃព្រឹត្តិការណ៍
នេះតែប៉ុណ្ណោះ ។ បើយើងធ្វើការសិក្សាអោយបានជ្រៅ ហើយ
បើយើងបានតាមដានការវិវឌ្ឍន៍នយោបាយកម្ពុជា ក្រោយពីពេល
ដែល ចលនាតស៊ូជាតិនិយមទាំង​ ៣ គឺ ៖
ទី ១​៖ រណសិរ្យរំដោះជាតិ របស់លោក តា សឺន សាន (​ដែល
បានប្តើមធ្វើការតស៊ូ​មុនគេបង្អស់ ហើយដែល បច្ចុ្បន្ននេះប្រជាពល
រដ្ឋមួយចំនួនធំស្ទើតែភ្លេចបាត់ទៅហើយនោះ!)
ទី ២ ៖ ហ្វុនសិុនបិុក និង ទី ៣ គឺ មូលីណាកា ។ ក្រោយ
ពីពេលដែលក្រុមទាំង៣នេះ បានមកស្នាក់នៅភ្នំពេញហើយនោះ
គណបក្សប្រជាជនក៏អនុវត្តយុទ្ធសាស្រ្ត កំទេចក្រុមទាំង៣នេះ ម្តង
មួយៗ ។ ដំបូងបង្អស់ កំទេចក្រុម មូលីនាកា របស់ លោក ព្រុុំ
នាគរាជ ។ បន្ទាប់មក កំទេច​ក្រុមចលនាតស៊ូរបស់ លោក តា
សឺន សាន (ដោយបំបាត់សន្លឹកឆ្នោត នៅពេលបោះឆ្នោតនៅឆ្នាំ
១៩៩៨​) ។ ទីបញ្ចប់ កំទេចក្រុមហ្វុនសីុនបិុក ។ រដ្ឋប្រហានេះ
ធ្វើឡើង ដើម្បីអនុវត្តគម្រោងការណ៍ កំទេចចលនាតស៊ូជាតិនិយម
ខ្មែរ ទាំងអស់ ។ មើលពីចម្ងាយទៅ គេឃីញហាក់ដូចជាព្រឹត្តិ
ការណ៍នេះ ជារការដណ្តើមអំណាចនៃគណបក្សពីរ ។ ប៉ុន្តែ
ការពិត គឺ គណបក្សប្រជាជន កំទេច ហ្វុនសិុនបិុក ​ ។

អតិត ឧត្តមសេនិយទោ គិម ហាក់ (​ក. ទី២​) សូមពឹង
អោយជួយចុុះ​ ៕

Jul 16, 2016 06:21 AM

អ្នក​អាន​អនាមិក

OK Uddam Seney Bang. (kraingmeas & Vannak)

Dec 07, 2017 02:55 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល