មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​៥-៦​ ខែ​កក្កដា

ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​ទាញ​ឲ្យ​អ្នក​អ្នក​នយោបាយ​បកស្រាយ​ផ្ទុយ​គ្នា។ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង សុទ្ធតែ​យល់​ឃើញ​ថា វា​ជា​ព្រឹត្តិការណ៍​ដណ្ដើម​អំណាច​គ្នា​រវាង​បក្ស​នយោបាយ​ធំៗ​ពីរ​កាលណោះ គឺ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។

រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧។

ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​ទាញ​ឲ្យ​អ្នក​អ្នក​នយោបាយ​បកស្រាយ​ផ្ទុយ​គ្នា។ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង សុទ្ធតែ​យល់​ឃើញ​ថា វា​ជា​ព្រឹត្តិការណ៍​ដណ្ដើម​អំណាច​គ្នា​រវាង​បក្ស​នយោបាយ​ធំៗ​ពីរ​កាលណោះ គឺ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា។ បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​ពី​មជ្ឈដ្ឋាន​ទូទៅ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ថ្លែង​ការពារ​ថា វា​ពុំ​មែន​ជា​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទេ ប៉ុន្តែ​ហេតុការណ៍​ដែល​កើត​ឡើង​ពេល​នោះ គឺ​គ្រាន់​តែ​ជា​ហេតុ​ការណ៍​ទប់ទល់​សភាពការណ៍​ពី​កម្លាំង​ស្មោះ​ត្រង់​របស់​ហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ។

កាល​ពី ១៩​ឆ្នាំ​មុន ចំ​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​កណ្ដាល​ទីក្រុង​ភ្នំពេញ បង្ក​ការ​ភ័យ​ខ្លាច និង​ជ្រួល​ច្របល់ ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​រាជធានី​នឹក​ភ្នក​ដល់​ព្រឹត្តិការណ៍​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ​១៩៧៥។

នៅ​តាម​ដង​វិថី និង​នៅ​ជាយ​ទីក្រុង​ភ្នំពេញ គេ​ឮ​សូរ​តែ​សំឡេង​គ្រាប់​ផ្លោង​ដាក់​គ្នា​រវាង​យោធា​តស៊ូ​ដែល​ស្មោះ​ត្រង់​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋមន្ត្រី​ទី​១ ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច និង​កងទ័ព​ស្មោះ​ស្ម័គ្រ​នឹង​លោក ហ៊ុន សែន ដែល​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នោះ។

ក្រោយ​រដ្ឋ​ប្រហារ​ដោយ​យោធា​នោះ​មក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ បាន​សាច​ទឹក​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ លោក ហ៊ុន សែន កាល​ណោះ​ចោទ​ប្រកាន់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​ដែល​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​កណ្ដោល​ទីក្រុង​ភ្នំពេញ​នេះ​ឡើង ដោយសារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច របស់​សម្ដេច​ក្រុម​ព្រះ​មិន​ស្មោះ និង​ហ៊ាន​លួច​យក​កម្លាំង​ខ្មែរ​ក្រហម​ដាក់​អម​ខ្លួន។ លោក​បន្ត​ថា «យើង​ចោទ​សួរ រណឫទ្ធិ យក​កម្លាំង​ខ្មែរ​ក្រហម និង​កម្លាំង​អង្គភាព​នានា​ដើម្បី​អ្វី? យើង​ចោទ​សួរ​ថា រណឫទ្ធិ យក​អាវុធ​ខុស​ច្បាប់ និង​បង្កើន​កម្លាំង​ប្រដាប់​អាវុធ​មក​ភ្នំពេញ​ធ្វើ​អ្វី? រណឫទ្ធិ ឬ​អ្នក​ណា​មិន​ដឹង​ទេ​បាន​បញ្ជា​ឲ្យ​ឯកឧត្ដម ទា ចំរាត់ វាយ​យក​ឃ្លាំង​គេ​ហៅ​ថា ឃ្លាំង​កា​៤ របស់​ស្នងការ​បច្ចេកទេស​ក្រសួង​ការពារ​ជាតិ»

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ មាន​បន្ទូល​ក្រោយ​ព្រឹត្តិការណ៍​ថា លោក ហ៊ុន សែន ទៅ​វិញ​ទេ​ដែល​ចង់​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​ព្រះអង្គ​ចេញ​ពី​អំណាច ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​ទី​១។

បើ​ទោះ​ជា​បែប​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​តែ​ចាត់​ទុក​ថា ព្រឹត្តិការណ៍​យោធា​នៅ​ពេល​នោះ គឺ​ពុំ​មែន​ផ្ដើម​ចេញ​ពី​រូប​លោក​ឡើយ ប៉ុន្តែ​ហេតុការណ៍​នេះ គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ គឺ​ជា​អ្នក​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ដ៏​ហិង្សា​មួយ​នេះ។ លោក​បន្ត​ថា «ខ្ញុំ​សូម​ច្បាប់ រណឫទ្ធិ ៥​ថ្ងៃ។ ខ្ញុំ​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​១ ហើយ​ខ្ញុំ​គ្រោង​ត្រឡប់​នៅ​ថ្ងៃ​ទី​៦។ អ៊ីចឹង​តាម​ទម្លាប់​ធម្មតា​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ បើ​នាយក​រដ្ឋមន្ត្រី​មួយ​ទៅ នាយក​រដ្ឋមន្ត្រី​មួយ​ត្រូវ​ចាត់ការ​ទាំងអស់។ អ៊ីចឹង​ពេល​ហ្នឹង​សិទ្ធិ​អំណាច​ស្ថិត​នៅ​ក្នុង​ដៃ រណឫទ្ធិ ទាំងអស់ ទាំង​ផ្នែក​រដ្ឋ និង​ផ្នែក​កងទ័ព»

បើ​ទោះ​ជា​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​ពី​លោក ហ៊ុន សែន ក៏ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា ក្នុង​ពេល និង​ក្រោយ​ព្រឹត្តិការណ៍​បាន​ផ្ទុះ​ឡើង មាន​មន្ត្រី​យោធា​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច រាប់​សិប​នាក់ ត្រូវ​បាន​ប្រហារ​ជីវិត​ក្រៅ​ច្បាប់។ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​នៃ​សាកសព​ជន​រងគ្រោះ​ដែល​បាន​រក​ឃើញ​នៅ​តំបន់​ពេជ្រនិល នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៥ និង​ជុំវិញ​ទីក្រុង​ភ្នំពេញ ស្លាប់​ក្នុង​ដៃ​ជាប់​ចំណង ដែល​បញ្ជាក់​អំពី​ការ​រង​ទារុណកម្ម​មុន​នឹង​ត្រូវ​ប្រហារ​ជីវិត។ បញ្ហា​នេះ អង្គការ​សហប្រជាជាតិ ចាត់​ទុក​ថា វា​គឺ​ជា​ទម្រង់​នៃ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។

អតីត​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន លោក គឹម សុខ រក​ឃើញ​ថា ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កាល​ពី ១៩​ឆ្នាំ​មុន គឺ​ជា​រដ្ឋ​ប្រហារ​យោធា​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​នេះ​ឡើង ក្រោម​ហេតុផល​មួយ​ចំនួន ដូចជា​លោក ហ៊ុន សែន បារម្ភ​ខ្លាច​ការ​ចាញ់​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨ ដែល​ជា​អាណត្តិ​ទី​២។ បន្ថែម​ពី​លើ​នេះ មាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​ស្និទ្ធ​នឹង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ មួយ​ចំនួន ក្បត់​នឹង​ព្រះអង្គ។ លោក គឹម សុខ យល់​ឃើញ​ថា ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​ជំរុញ​នាំ​ឲ្យ​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​យោធា​កាល​ពី​ឆ្នាំ​១៩៩៧ កើត​ឡើង។ លោក​បន្ត​ថា «មូលហេតុ​សំខាន់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ហ្នឹង​ខ្លាច​បាត់បង់​អំណាច​ទាំងស្រុង​នៅ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨។ ប្រសិន​បើ​មិន​បង្កើត​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ទេ អ្នក​ណា​ក៏​ដឹង​ដែរ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨ អាណត្តិ​ទី​២ ហ្នឹង ច្បាស់​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ឈ្នះ​ហើយ»

គេហទំព័រ​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា រាយការណ៍​ថា មនុស្ស​ប្រមាណ ៦០​នាក់ ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់​នៅ​ក្នុង​អំឡុង​ពេល​រដ្ឋ​ប្រហារ គិត​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ កាល​ពី ១៩​ឆ្នាំ​មុន។

ភាគ​ច្រើន​នៃ​ជន​រងគ្រោះ​ជា​ទាហាន មន្ត្រី​យោធា និង​ប៉ូលិស​របស់​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ ចំនួន​នេះ​មិន​រាប់​បញ្ចូល​ជីវិត​ជន​ស៊ីវិល និង​ទាហាន​ដែល​បាន​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស្មោះ​ត្រង់​នឹង​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ និង​កងទ័ព​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ទី​២ នោះ​ទេ។

សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា នេះ ព្រះអង្គ​បដិសេធ​ក្នុង​ការ​ផ្ដល់​បទសម្ភាសន៍​អំពី​ការ​ទទួល​ខុស​ត្រូវ​ព្រឹត្តិការណ៍​កាល​ពី ១៩​ឆ្នាំ​មុន។ ព្រះអង្គ​មាន​បន្ទូល​នៅ​ពេល​នេះ​តាម​រយៈ​មន្ត្រី​ដែល​ស្និទ្ធ​នឹង​ព្រះអង្គ​ថា រឿង​កន្លង​ផុត​ទៅ​អស់​ពេល​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ ព្រះអង្គ​មិន​ចង់​រំឭក ឬ​គាស់​កកាយ​វា​ឡើង​វិញ​ទេ។

របាយការណ៍​បន្ត​ថា ក្រៅ​ពី​មន្ត្រី​ដែល​ពុំ​មាន​ឋានៈ​បុណ្យ​ស័ក្ដិ​ត្រូវ​សម្លាប់​ហើយ ក្នុង​នោះ​ក៏​នៅ​មាន​មន្ត្រី​ជាន់​ខ្ពស់​របស់​ហ៊្វុនស៊ិនប៉ិច មួយ​ចំនួន​ទៀត​ដូចជា លោក​ឧត្ដមសេនីយ៍ ចៅ សម្បត្តិ លោក​ឧត្ដមសេនីយ៍ ក្រូច យឿម និង​លោក ហូ សុខ ជាដើម។ លោក ហូ សុខ ដែល​មាន​តួនាទី​ជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ និង​ជា​មេ​បញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នាយក​រដ្ឋមន្ត្រី​ទី​១ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​៧ កក្កដា ដោយ​កម្លាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន។ ការ​ចាប់​ខ្លួន​នេះ នៅ​ពេល​លោក​កំពុង​ដើរ​ចេញ​ពី​ផ្ទះ​របស់​ឯកអគ្គរដ្ឋទូត​សិង្ហបុរី ក្នុង​ក្រុង​ភ្នំពេញ។ ក្នុង​ថ្ងៃ​តែ​មួយ ពេល​ល្ងាច លោក ហូ សុខ ត្រូវ​បាន​ផ្ដាច់​ជីវិត​នឹង​គ្រាប់​កាំភ្លើង ខណៈ​កំពុង​ជាប់​ឃុំ​ក្នុង​បន្ទប់​មួយ​ក្នុង​ក្រសួង​មហាផ្ទៃ។

ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ដែល​បាន​អូស​បន្លាយ​ជិត ២០​ឆ្នាំ​មក​នេះ អ្នក​ស្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​រាប់​ទាំង​ជន​ស៊ីវិល និង​យោធា​ផង ពុំ​មាន​អ្នក​ណា​ចេញ​មុខ​ទទួល​ខុស​ត្រូវ ឬ​រក​យុត្តិធម៌​ឲ្យ​នៅ​ឡើយ​ទេ។ សាច់ញាតិ​របស់​លោក ហូ សុខ ម្នាក់​ក្នុង​ចំណោម​អ្នក​រងគ្រោះ​ដទៃ​ទៀត​យល់​ឃើញ​ថា រហូត​មក​ដល់​ពេល​នេះ ថ្វីបើ​ស្ថានការណ៍​បាន​វិវឌ្ឍន៍​កន្លង​ផុត​ទៅ​យូរ​ឆ្នាំ​ហើយ​ក្ដី ហេតុការណ៍​កាលណោះ​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដូច​ហាក់​នៅ​ថ្មីៗ​នៅ​ឡើយ។ ប៉ុន្តែ​គ្រួសារ​នៃ​អតីត​មេ​បញ្ជាការ​ក្រុម​អង្គរក្ស​របស់​សម្ដេច​ក្រុម​ព្រះ​រូប​នេះ យល់​ឃើញ​ថា ពួក​គេ​មិន​ចង់​រំឭក​វា​ទៀត​ទេ ព្រោះ​យុត្តិធម៌​ដែល​បាន​កប់​ទៅ​ជា​យូរ​ហើយ​នេះ មិន​រំពឹង​ថា​នឹង​បាន​ឡើយ។

លោកស្រី ហូ គឹមសែ ដែល​ត្រូវ​ជា​ប្អូនស្រី​ទី​៨ ក្នុង​ចំណោម​បង​ប្អូន ៩​នាក់ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក ហូ សុខ។ លោកស្រី​មិន​រំពឹង​ថា​នឹង​ទទួល​បាន​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​បង​ប្រុស​លោកស្រី​ទេ។ ប៉ុន្តែ​អ្វី​ដែល​ក្រុម​គ្រួសារ​របស់​លោក ហូ សុខ ទទូច និង​ទាមទារ​ចង់​បាន​យុត្តិធម៌​ពី​រដ្ឋាភិបាល​នោះ គឺ​អ្នក​នៅ​រស់​សព្វថ្ងៃ​នេះ​វិញ។ បន្ថែម​ពី​លើ​នេះ លោកស្រី ហូ គឹមសែ បញ្ជាក់​ថា ចាប់​ពី​បង​ប្រុស គឺ​លោក ហូ សុខ ត្រូវ​គេ​បាញ់​សម្លាប់ ដី​មួយ​កន្លែង​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​សហការ​ជា​ប្រព័ន្ធ បាន​ចូល​កាន់​កាប់ និង​រំលោភ​ធ្វើ​ជា​កម្មសិទ្ធិ​ទល់​សព្វថ្ងៃ។ លោកស្រី​បន្ត​ថា «ចង់​បាន​យុត្តិធម៌​រឿង​ដីធ្លី​របស់​គាត់​ដែល​គេ​បាន​យក​ហ្នឹង ព្រោះ​ដី​ហ្នឹង​គាត់​បាន​ទិញ​ដោយ​លុយ​របស់​គាត់​ផ្ទាល់។ ដូច្នេះ ប្រពន្ធ​កូន​គាត់​ចង់​មក​ទាមទារ​សម្ដេច​នាយក​ជួយ»

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ផ្ញើ​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​១៩៩៩ ដាក់​ទៅ​រដ្ឋាភិបាល។ នៅ​ក្នុង​របាយការណ៍​ពិស្ដារ​នោះ កំណត់​ហេតុ​សង្ខេប​មួយ​ដែល​មាន​ចំណង​ជើង​ថា ភស្តុតាង​បញ្ជាក់​អំពី​ការ​ប្រហារ​ជីវិត​ក្រៅ​ច្បាប់ ការ​ធ្វើ​ទារុណកម្ម និង​ការ​បាត់​ខ្លួន​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​បរិយាយ​ថា នៅ​ចន្លោះ​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ កក្កដា សាកសព​មនុស្ស​ចំនួន ៤៦​នាក់ ត្រូវ​បាន​ទាហាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​ជញ្ជូន​ទាំង​ថ្ងៃ​ទាំង​យប់​យក​ទៅ​ទម្លាក់​នៅ​ក្នុង​វត្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

ក្រោយ​សភាពការណ៍​បាន​វិល​ទៅ​រក​ប្រក្រតី នាយក​រដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន បាន​ទម្លាក់​កំហុស​ឲ្យ​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ដោយ​ចោទ​ថា ព្រះអង្គ​បាន​ដឹក​អាវុធ​ចូល​ខុស​ច្បាប់ និង​នាំ​កម្លាំង​ខ្មែរ​ក្រហម​ចូល​ទីក្រុង​ភ្នំពេញ ហើយ​កង​កម្លាំង​របស់​លោក គ្រាន់​តែ​ជា​អ្នក​ការពារ​ខ្លួន​ប៉ុណ្ណោះ។ លោក​បន្ត​ថា «រណឫទ្ធិ បាន​ប្រកាស​ថា ខ្ញុំ​ធ្វើ​រដ្ឋ​ប្រហារ​មុន​ពេល​ខ្ញុំ​ចេញ​សេចក្ដី​ប្រកាស​ជាង ១២​ម៉ោង។ ឥឡូវ​នេះ គឺ​ខ្ញុំ​សូម​ជម្រាប​ថា យើង​ខ្ញុំ​គ្មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​អី​ណា។ បញ្ហា​សំខាន់​ដែល​យើង​ខ្ញុំ​ត្រូវ​ដោះ គឺ​ដោះស្រាយ​បញ្ហា​អនាធិបតេយ្យ»

ទោះ​បី​ជា​យ៉ាង​ណា មន្ត្រី​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា បើ​ទោះ​ជា​មាន​របាយការណ៍​ថា នៅ​មុន​ពេល​រដ្ឋ​ប្រហារ គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ការ​ចរចា​ជាមួយ​ខ្មែរ​ក្រហម​ក្តី ដូច​គ្នា​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែរ​នោះ មិន​មាន​ភស្តុតាង​ជា​ដុំ​កំភួន​ណា​មួយ​បញ្ជាក់​ថា កងទ័ព​ខ្មែរ​ក្រហម​បាន​ចូល​មក​ជួយ​កងទ័ព​របស់​សម្ដេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ នៅ​អំឡុង​ពេល​រដ្ឋ​ប្រហារ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ គេ​ឃើញ​កងទ័ព​ខ្មែរ​ក្រហម​បាន​ចូល​មក​ជួយ​កងទ័ព​ដែល​ស្មោះ​ត្រង់​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ឧទាហរណ៍ មាន​ក្រុម​ខ្មែរ​ក្រហម​លោក ភុន ភាព ជាដើម។

ចំណែក​អតីត​មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ គឺ​លោក គឹម សុខ អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ដោយ​យោធា គឺ​ដោយសារ​លោក ហ៊ុន សែន ដែល​ពេល​នោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​២ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បារម្ភ​ខ្លាច​ចាញ់​ឆ្នោត​ក្នុង​អាណត្តិ​ទី​២ ឆ្នាំ​១៩៩៨។

តាម​ការ​ស្រាវជ្រាវ​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ទាហាន និង​មន្ត្រី​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​បាន​ទម្លាក់​អាវុធ និង​ត្រូវ​បាន​ចាប់​ខ្លួន មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ឈ្លើយ​សឹក​ឡើយ។ នៅ​អំឡុង​ពេល​រដ្ឋ​ប្រហារ​នោះ ឈ្លើយ​សឹក​រាប់​សិប​នាក់ ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន។

មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បញ្ជាក់​ថា ទង្វើ​នេះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ជន​ដៃ​ដល់ និង​អ្នក​បញ្ជា​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ ទោះ​ជា​យ៉ាង​ណា ជិត ២០​ឆ្នាំ​ក្រោយ​រដ្ឋ​ប្រហារ​ដ៏​បង្ហូរ​ឈាម​នេះ ជន​រងគ្រោះ​ទាំង​នោះ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ៕

វីដេអូ៖ អ្នក​នយោបាយ​បក​ស្រាយ​ផ្សេងៗ​គ្នា​ជុំ​វិញ​​ថ្ងៃ​ទី​៥-៦​កក្តដា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។