វៀតណាម​ថ្កោលទោស​បក្ស​សង្គ្រោះ​ជាតិ​ដឹក​នាំ​យុវជន​ពិនិត្យ​ព្រំដែន​បង្ក​ឲ្យ​មាន​ហិង្សា

ដោយ ខែ សុណង
2015.06.30
ព្រំដែន​ស្វាយរៀង ៦២០ ទាហាន​ការពារ​ព្រំដែន​វៀតណាម ជាប់​នឹង​ព្រំដែន​ខ្មែរ​នៅ​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
Photo Provided

រដ្ឋាភិបាល​វៀតណាម មិន​បាន​ឆ្លើយ​តប​ចំពោះ​កំណត់​ទូត​របស់​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​នឹង​ការ​បង្ខិត​ព្រំដែន​ចូល​មក​ទឹក​ដី​កម្ពុជា របស់​វៀតណាម នោះ​ទេ ទោះ​បី​ជា​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ផ្ញើ​លិខិត​កំណត់​ទូត​ជាច្រើន​លើក​ទៅ​រដ្ឋាភិបាល​វៀតណាម នោះ​ក៏ដោយ។

ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ក្រសួង​ការ​បរទេស​វៀតណាម បែរ​ជា​ចេញ​លិខិត​ថ្កោលទោស​គណបក្ស​ប្រឆាំង​ដែល​ដឹក​នាំ​ប្រជាពលរដ្ឋ ព្រះសង្ឃ ទៅ​ពិនិត្យ​មើល​ព្រំដែន​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​ទាំង​ពីរ​ទៅ​វិញ។

តើ​ក្រសួង​ការ​បរទេស​វៀតណាម បញ្ចេញ​ប្រតិកម្ម និង​ថ្កោលទោស​ដូចម្ដេច​ខ្លះ?

ក្រសួង​ការ​បរទេស​វៀតណាម បាន​ចេញ​ប្រតិកម្ម​ជា​ផ្លូវ​ការ ​ដោយ​ថ្កោលទោស​គណបក្ស​ប្រឆាំង ចំពោះ​ការ​ដឹក​នាំ​ពលរដ្ឋ ព្រះសង្ឃ ទៅ​ពិនិត្យ​ព្រំដែន​ខ្មែរ-វៀតណាម នៅ​ខេត្ត​ស្វាយរៀង ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​វៀតណាម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៣០ មិថុនា បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា មាន​ពលរដ្ឋ​ខ្មែរ​ប្រហែល ២៥០​នាក់ ដែល​មាន​វត្តមាន​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ដឹក​នាំ​នោះ បាន​ចូល​យ៉ាង​ជ្រៅ​ក្នុង​តំបន់​បង្គោល​២០៣ ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​សរសេរ​ថា ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ដ៏​ខុស​ឆ្គង​នេះ សមត្ថកិច្ច​វៀតណាម និង​អ្នក​ភូមិ​មួយ​ចំនួន បាន​រារាំង និង​ពន្យល់​មិន​ឲ្យ​ចូល​ទឹក​ដី​វៀតណាម ប៉ុន្តែ​ក្រុម​ជ្រុល​និយម​កម្ពុជា បាន​សម្រុក​ចូល​វាយ​ប្រហារ នាំ​ឲ្យ​ជនជាតិ​វៀតណាម របួស ៧​នាក់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម លោក ឡេ ហាយប៊ិញ (Le hai binh) បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា យើង​ខ្ញុំ​សូម​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​ហិង្សា ដែល​ប្រព្រឹត្ត​ដោយ​ជន​ជ្រុល​និយម​កម្ពុជា ដោយ​ល្មើស​ច្បាប់​ប្រទេស​ទាំង​ពីរ គឺ​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន និង​ទំនាក់ទំនង​ដ៏​ល្អ​រវាង​វៀតណាម និង​កម្ពុជា។ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ត្រូវ​មាន​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​សកម្មភាព​ដដែល​នេះ​កើត​ឡើង​ទៀត។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ យុវជន​កម្ពុជា មិន​មែន​ជា​ជន​ជ្រុល​និយម​ដូច​ការ​ចោទ​ប្រកាន់​របស់​វៀតណាម នោះ​ទេ។ ព្រះសង្ឃ តំណាង​រាស្ត្រ យុវជន​ខ្មែរ គ្រាន់​តែ​ចង់​ចុះ​ទៅ​មើល​ព្រំដែន​ក្នុង​ទឹក​ដី​ខ្មែរ​ប៉ុណ្ណោះ ហើយ​បើ​ការ​បោះ​បង្គោល​ព្រំដែន​នោះ​មាន​តម្លាភាព ហេតុ​អី​ក៏​ចាំបាច់​ស្ទាក់​ដំណើរ​នេះ​ធ្វើ​អី៖ «សូម​ទៅ​មើល​ទៅ​លើ​រូបភាព តើ​ទាហាន​វៀតណាម មាន​កាន់​កាំភ្លើង ឬ​អត់? មាន​កាន់​ដំបង ឬ​អត់? តើ​យុវជន​ខ្មែរ​ដែល​ចូលរួម​ទាំង​ប៉ុន្មាន គាត់​មាន​អាវុធ ឬ​ក៏​អត់? ដូច្នេះ​ការ​ចោទ​ប្រកាន់​នេះ​មិន​ត្រឹមត្រូវ​ទេ»

កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា តំបន់​ដែល​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ មិន​ទាន់​ដោះស្រាយ​ចប់​នៅ​ឡើយ​ទេ ហើយ​ក្រសួង​ការ​បរទេស​កម្ពុជា ក៏​ធ្លាប់​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាម ដែរ។ ទោះ​យ៉ាង​នេះ​ក្ដី លោក​សោកស្ដាយ និង​ថ្កោលទោស​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​នៅ​ជិត​តំបន់​ព្រំដែន​នោះ។ លោក​កោត​សរសើរ​ចំពោះ​ស្មារតី​ស្នេហា​ជាតិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ការពារ​ព្រំដែន និង​បូរណភាព​ទឹក​ដី ប៉ុន្តែ​ការ​ប្រើ​ហិង្សា និង​អាវុធ រឹត​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​មិន​អាច​ដោះស្រាយ​បាន។ លោក ខៀវ សុភ័គ បន្ត​ថា មាន​តែ​ការ​ចរចា​តាម​ច្បាប់​អន្តរជាតិ​ទេ ដែល​អាច​ដោះស្រាយ​បាន​ប្រយោជន៍​ជាតិ​រៀង​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​២៨ មិថុនា លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សហការ​ជាមួយ​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ ដឹក​នាំ​យុវជន ព្រះសង្ឃ តំណាង​រាស្ត្រ និង​ពលរដ្ឋ​ប្រមាណ ២០០​អង្គ និង​នាក់ ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ត្រង់​ចំណុច​ភូមិ​ធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ក្នុង​ខេត្ត​ស្វាយរៀង ដែល​គេ​សង្ស័យ​ថា វៀតណាម រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ ១០​គីឡូម៉ែត្រ​ពី​បង្គោល​ចាស់។ ចំណុច​ព្រំដែន​នេះ គឺ​នៅ​ទល់​មុខ​នឹង​ស្រុក​ម៉ុកហ័រ ខេត្ត​ឡុងអាន (Moc Hoa district, Long An provine) ប្រទេស​វៀតណាម។

ការ​ប៉ះ​ទង្គិច​គ្នា គឺ​ពេល​ដែល​ពលរដ្ឋ និង​កងទ័ព​វៀតណាម រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ទៅ​មើល​ទីនោះ។ ក្រោយ​ការ​ប៉ះ​ទង្គិច​ដោយ​វាយ​គ្នា​ទៅ​វិញ​ទៅ​មក មាន​ពលរដ្ឋ​ខ្មែរ​រង​របួស​ជាង ១០​នាក់ និង​វៀតណាម របួស ៧​នាក់។ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា មន្ត្រី​នយោបាយ​អង្គភាព​ការពារ​ព្រំដែន​ខេត្ត​ឡុងអាន ប្រទេស​វៀតណាម លោក ង្វៀន វ៉ាន់គ្វាន់ (Nguyen Van Quan) ហៅ​ការ​ប៉ះ​ទង្គិច​នេះ​ថា​ជា​ការ​មិន​យល់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។