គ.ជ.ប​អះអាង​ថា​គេហទំព័រ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ត្រូវ​គេ​លួច​ចូល​ប៉ុន្តែ​ដំណើរ​ការ​វិញ​ហើយ

ដោយ ឡេង ម៉ាលី
2017.01.05
គេហទំព័រ​បញ្ជី​បោះឆ្នោត ២០១៧ ៨៥៥ ៥-មករា-២០១៧៖ គេហទំព័រ​ស្វែងរក​ទិន្នន័យ​អ្នក​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង។ Screenshot
Screenshot

មន្ត្រី​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ឲ្យ​ដឹង​ថា គេហទំព័រ​របស់​ខ្លួន​ត្រូវ​បាន​គេ​លួច​ចូល (Hacked)។ ការ​បញ្ចេញ​អំពី​ការ​លួច​ជ្រៀត​ចូល​នេះ គឺ​ពីរ​ថ្ងៃ​បន្ទាប់​ពី គ..ប ប្រកាស​បញ្ជី​បោះឆ្នោត​ថ្មី​ដំបូង ហើយ​បញ្ជី​ឈ្មោះ​លើ​គេហទំព័រ​របស់​ខ្លួន​ដំណើរ​ការ​រអាក់រអួល។

មន្ត្រី​នាំ​ពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) លោក ហង្ស ពុទ្ធា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ មករា ថា បញ្ហា​គាំង​គេហទំព័រ​បញ្ជី​ឈ្មោះ​របស់ គ..ប ព្រោះ​ត្រូវ​គេ​លួច​ជ្រៀត​ចូល​រំខាន៖ «យើង​មាន​ឧបសគ្គ​ពីរ​យ៉ាង។ ឧបសគ្គ​ទី​មួយ គឺ​ល្បឿន​ហ្នឹង​វា​យឺត​ពេក។ ដល់​ពេល​យឺត​ពេក គ..ប ចេញ​លុយ​បន្ថែម​សហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​បន្ថែម​ល្បឿន។ ល្បឿន​ដើរ​ហើយ ក៏ប៉ុន្តែ​យើង​ឃើញ​មាន​សញ្ញា​នៃ​ការ​ចូល​ហែក (hacked)។ បាន​ន័យ​ថា មាន​ហែកឃើរ (hacker)។ អ៊ីចឹង ហែកឃើរ​នេះ​ឯង គ្រាន់​តែ​បើក​ភ្លាម គឺ​ជិត ​លាន​នាក់​តែ​ម្ដង។ អ៊ីចឹង​ធ្វើ​ឲ្យ​វា​នៅ​តែ​គាំង។ ប៉ុន្តែ​ឥឡូវ​យើង​បាន​ដោះស្រាយ​រួច​ហើយយើង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ដូចជា​វិធី​បិទ ហើយ​បើក​មក​វិញ អា​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​ទៀត ប៉ុន្តែ​មក​ដល់​ម៉ោង​នេះ វា​បាន​ដំណើរ​ការ​ស្រួល​បួល​វិញ​ហើយ»

ទោះ​បី​ជា​មាន​ការ​លួច​ហែក​ជ្រៀត​ចូល​រំខាន​យ៉ាង​នេះ​ក៏ដោយ ក៏​លោក ហង្ស ពុទ្ធា ថ្លែង​ថា គួរ​ទុក​ចិត្ត​បាន មិន​ប៉ះពាល់​បញ្ជី​ឈ្មោះ​ទេ ព្រោះ​មិន​ប៉ះពាល់​ឯកសារ​ដើម​ទេ៖ «យើង​ទុក​ចិត្ត​បាន ព្រោះ​ឯកសារ​ដើម​យើង​ទុក​នៅ​មួយ​ដុំ។ អ៊ីចឹង​ការ ហែក (Hack) ហ្នឹង គឺ​ហែក ខាង​ក្រៅ​ទេ។ គ្រាន់​តែ​ហែក​រំខាន​អ្នក​ពិនិត្យ​ទេ។ ចំណែក​ឯ​ឯកសារ​ដើម យើង​មាន​ការ​ប្រុង​ប្រយ័ត្ន​ច្រើន​ណាស់ ហើយ​អ្នក​ជំនាញការ​ជប៉ុន ក៏​កំពុង​អង្គុយ​ជាមួយ​យើង ដើម្បី​ធ្វើ​ការ​ការពារ ហើយ​និងដោះស្រាយ​បាន ហើយ​ពី​ម្សិល​មក​ដល់​ថ្ងៃ​នេះ គឺ​យើង​ដោះស្រាយ​បាន​អស់​ហើយ។ អ៊ីចឹង​ខ្ញុំ​គិត​ថា យើង​នឹង​តាមដាន​ទាំងអស់​គ្នា​ទៀត ប៉ុន្តែ​សុំ​ឲ្យ​ខាង​ព័ត៌មាន​ហ្នឹង​ជួយ​ផ្សព្វផ្សាយ​ធ្វើ​ម៉េច​ឲ្យ​មាន​ការ​ចូលរួម​ពិនិត្យ​បញ្ជី​ឈ្មោះ​ឲ្យ​បាន​ច្រើន»

លោក​បន្ត​ថា ការ​លួច​ចូល​នេះ គឺ​ពី​ក្រៅ​ប្រទេស ហើយ​នៅ​ពេល​នេះ គ..ប កំពុង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​រក​ប្រភព​ពួក​លួច​ហែក​ចូល​រំខាន​នោះ។

នៅ​ថ្ងៃ​ទី​៣ មករា ជា​ថ្ងៃ​ដែល គ..ប ចាប់​ផ្ដើម​ប្រកាស​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​លើក​ដំបូង សម្រាប់​ឲ្យ​ពលរដ្ឋ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់​ខ្លួន​នៅ​តាម​ឃុំ-សង្កាត់​ចំនួន ១.៦៣៣។ ទន្ទឹម​គ្នា​នឹង​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​នេះ គ..ប ក៏​ដាក់​បញ្ជី​ឈ្មោះ​ឲ្យ​ពលរដ្ឋ​ពិនិត្យ​លើ​គេហទំព័រ​ដែរ ប៉ុន្តែ​បញ្ជី​ឈ្មោះ​នោះ​មិន​បាន​ដំណើរ​ការ​ទេ។

លោក ហង្ស ពុទ្ធា កាល​ពី​ដំបូង​ថ្លែង​ថា ការ​គាំង​អាច​មក​ពី​អ្នក​ចូល​មើល​ច្រើន​ក្នុង​ពេល​តែ​មួយ។

អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យា​មួយ​រូប​ដែល​សុំ​មិន​ចេញ​ឈ្មោះ សន្និដ្ឋាន​ថា បញ្ហា​គាំង​គេហទំព័រ​បញ្ជី​ឈ្មោះ​បោះឆ្នោត គ..ប នេះ អាច​បណ្ដាល​មក​ពី​ការ​ទិញ​កញ្ចប់​ទិន្នន័យ​តិច ឬ​ថោក​ពេក។ ម្យ៉ាង​ទៀត ការ​គាំង​បែប​នេះ​អាច​ជា​ការ​វាយ​ប្រហារ​របស់​ក្រុម​អ្នក​លួច​ជ្រៀត​ចូល ឬ​ហែកឃើរ (Hackers) ដើម្បី​រំខាន​មែន។ អ្នក​ជំនាញ​រូប​នេះ​រិះគន់​ថា គ..ប គួរ​មាន​វិធានការ​ប្រុង​ប្រយ័ត្ន​ជា​មុន ព្រោះ​ធ្លាប់​មាន​បញ្ហា​នេះ​ម្ដង​ហើយ។

មន្ត្រី​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក សួន យុធ្យា មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ជា​បទពិសោធន៍​មួយ​ដែល គ..ប គួរ​ដាក់​ឲ្យ​ពួក​ហែកឃើរ​ដែល​មាន​ក្រម​សីលធម៌ (Hackers) សាកល្បង​សិន មុន​នឹង​ចេញ​ប្រើ​ជា​ផ្លូវ​ការ៖ «ឲ្យ​ធ្វើ​ការ​សាកល្បង​ហើយ ឲ្យ​ពួក​ហែកឃើរ​ដែល​គេ​ហៅ​ថា​ពួក​ហែកឃើរ​ជំនាញ​ហ្នឹង បើ​អង់គ្លេស​គេ​ហៅ​ថា អេហ្ស៊ីខល ហែកឃើរ (Ethical hackers) ហ្នឹង ដើម្បី​ឲ្យ​គាត់​វាយ​តម្លៃ​ថា ប្រព័ន្ធ​ហ្នឹង​វា​ស្រួល​ហែក (hack) ឬ​ក៏​ពិបាក​ហែក? អ៊ីចឹង គ..ប អត់​បាន​ធ្វើ​អា​ហ្នឹង​ទេ។ អ៊ីចឹង​ជា​បទពិសោធន៍​មួយ​ដែរ​សម្រាប់ គ..ប បើ​ធ្វើ​ប្រព័ន្ធ​លើក​ក្រោយ ត្រូវ​អញ្ជើញ​ពួក​ហែកឃើរ​ពួក​ប្រូហ្វេសហ្សេណល (Professional) ធ្វើ​ការ​ហែក ហើយ​វាយ​តម្លៃ​ជា​មុន​សិន​ថា តើ​យើង​ត្រូវ​កែ​កន្លែង​ណា​ទៀត ដើម្បី​រក្សា​ទិន្នន័យ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត។ អ៊ីចឹង​សង្គម​ស៊ីវិល​របស់​យើង​មាន​សមត្ថភាព​តិចតួច យើង​អត់​អាច​វាយ​តម្លៃ​បាន​ទៅ​លើ​ប្រព័ន្ធ​ចុះ​ឈ្មោះ​តាម​កុំព្យូទ័រ​របស់..ប ទេ តែ​យើង​ធ្លាប់​បាន​ជម្រាប គ..ប ថា គួរ​តែ​មាន​ជួល​ពួក​ហែកឃើរ​ជា​ប្រូហ្វេសហ្សេណល ឲ្យ​គេ​មក​សាកល្បង និង​វាយ​តម្លៃ​ប្រព័ន្ធ​នេះ​ជា​មុន​សិន»

ទោះ​ជា​មាន​បញ្ហា​គាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​ក្ដី ក៏​គេហទំព័រ​បញ្ជី​ឈ្មោះ​របស់ គ..ប នៅ​ថ្ងៃ​ទី​៥ មករា បាន​ដំណើរ​ការ​ល្អ​វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។