លោក ឈាង វុន ដេញ​លោក អ៊ុំ សំអាន មិន​ឲ្យ​ផ្ដល់​បទសម្ភាសន៍​ក្នុង​បរិវេណ​សភា

ដោយ ប្រាជ្ញ ចេវ
2015.07.01
ឈាង វុន បណ្ដេញ អ៊ុំ សំអាន ៦២០ លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ក្នុង​បរិវេណ​រដ្ឋសភា នៅ​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Brach Chev

តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មការ​មួយ​នៅ​សភា បាន​បណ្ដេញ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ មិន​ឲ្យ​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ក្នុង​បរិវេណ​មន្ទីរ​រដ្ឋសភា និង​ហៅ​សន្តិសុខ​ឲ្យ​នាំ​ខ្លួន​អ្នក​សារព័ត៌មាន​ចេញ​ពី​មន្ទីរ​រដ្ឋសភា ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ទៀត​ផង។

មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​រាស្ត្រ​ដែល​រង​ការ​បណ្ដេញ​ចេញ ថា​ទង្វើ​របស់ លោក ឈាង វុន ជា​ការ​ជ្រៀតជ្រែក​ការងារ​របស់​អ្នក​តំណាង​រាស្ត្រ និង​ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ។

ប្រតិកម្ម​ភ្លាមៗ​របស់ លោក ឈាង វុន នេះ​ក្រោយ​ពេល​លោក​ផ្តល់​បទសម្ភាសន៍​មក​ក្រុម​អ្នក​សារព័ត៌មាន ទាក់ទង​នឹង​រឿង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​អង្គការ សមាគម បន្ទាប់​ពី​គណៈកម្មការ​ជំនាញ​ទាំង​៣ នៃ​រដ្ឋសភា បាន​បិទ​បញ្ចប់​ការ​ប្រជុំ​ផ្ទៃ​ក្នុង ហើយ​លោក​ស្នើ​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក ចាក់​វីដេអូ​របស់​លោក​ទាំង​ស្រុង​ដែល​មាន​រយៈពេល​ជិត​កន្លះ​ម៉ោង។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​សុំ​សម្ភាស​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន លោក ឈាង វុន បែរ​ចេញ​មុខ​រារាំង​ទៅ​វិញ។

លោក ឈាង វុន៖ «ក្នុង​រដ្ឋសភា​ធ្វើ​អត់​បាន​តែម្ដង យល់​ទេ? សុំ​ច្បាប់​ប្រធាន​សិន! យើង​មាន​សារាចរ​ណែនាំ​ហើយ។ ...​អាស៊ីសេរី? អ៊ីចឹង​បាន​រឹង​ទទឹង គ្នា​លោក​ឯង​តែ​ប៉ុណ្ណឹង។ ទៅៗៗ កុំ​ឲ្យ​ខ្ញុំ​ឲ្យ​សន្តិសុខ​មក​អញ្ជើញ​ចេញ​ទៅ ព្រោះ​ក្នុង​រដ្ឋសភា​គេ​មាន​ច្បាប់​របស់​គេ»

អ្នក​នាំ​ពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥ ទទួល​បន្ទុក​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា លោក ឈាង វុន ប្រាប់​ថា ក្នុង​នាម​លោក​ជា​ប្រធាន​គណៈកម្មការ​សភា មាន​សិទ្ធិ​និយាយ​ជាមួយ​អ្នក​កាសែត ប៉ុន្តែ លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពុំ​មាន​សិទ្ធិ​និយាយ​ជាមួយ​សារព័ត៌មាន​ទេ។

លោក ឈាង វុន ដេញ​មិន​ឲ្យ លោក អ៊ុំ សំអាន ផ្តល់​បទសម្ភាសន៍​នៅ​ក្នុង​បរិវេណ​រដ្ឋសភា៖ «ឈាង វុន៖ នែ! ធ្វើ​ការ​អត់? ដក​អាស៊ីសេរី ហ្នឹង​ចេញ​ទៅ! អ៊ុំ សំអាន៖ ខ្ញុំ​មាន​សិទ្ធិ​និយាយ​ឯកឧត្ដម។ ឈាង វុន៖ អត់​មាន​សិទ្ធិ​និយាយ​ទេ ខ្ញុំ​ប្រធាន​គណៈកម្មការ​ព័ត៌មាន ខ្ញុំ​មាន​សិទ្ធិ​និយាយ»

លោក អ៊ុំ សំអាន ជា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទី​២ ដែល​ត្រូវ លោក ឈាង វុន បណ្ដេញ​ចេញ​ពី​បរិវេណ​រដ្ឋសភា នៅ​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា។ កាល​ពី​ឆ្នាំ​២១០៣ លោក ឈាង វុន ក៏​បាន​បណ្ដេញ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក សុន ឆ័យ ចេញ​ពី​បរិវេណ​សភា ប្រសិន​បើ​ចង់​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ដូច​គ្នា​នេះ​ដែរ។

ប៉ុន្តែ​ម្តង​នេះ លោក ឈាង វុន ហាក់បីដូចជា​កាច​ជាង​មុន ព្រោះ​ក្នុង​ពេល​លោក​ព្រមាន​នោះ អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ទាញ​ម៉ាស៊ីន​ថត​រូប​យក​មក​ថត លោក​ក៏​បាន​រុញ​ច្រាន​ចេញ និង​ព្រមាន​កម្ទេច​ម៉ាស៊ីន​ថត​រូប​នោះ​ចោល។

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ច្បាប់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក នី ចរិយា និយាយ​ថា ទង្វើ​របស់ លោក ឈាង វុន ជា​ការ​ជ្រៀតជ្រែក​សិទ្ធិ​សេរីភាព​ការងារ​របស់​តំណាង​រាស្ត្រ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅ​ពលរដ្ឋ។ លោក នី ចរិយា ថា​តំណាង​រាស្ត្រ​គណបក្ស​កាន់​អំណាច​រូប​នេះ យក​មន្ទីរ​រដ្ឋសភា​ធ្វើ​ជា​ផ្ទះ​របស់​លោក​ទៅ​ហើយ ដែល​ចង់​ធ្វើ​អ្វី​តាម​ទង្វើ​ចិត្ត​របស់​លោក៖ «គាត់​ស្មាន​ថា សភា​ហ្នឹង​ជា​ផ្ទះ​របស់​គាត់។ មិន​មែន​ផ្ទះ​របស់​គាត់​ទេ! កន្លែង​នេះ​ជា​កន្លែង​របស់​រាស្ត្រ មិន​មែន​ផ្ទះ​របស់​លោក ឈាង វុន ដែល​លោក​អាច​កាង​ធ្វើ​តាម​អំពើ​ចិត្ត​នោះ​ទេ»

តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​របង​សភា​ថា លោក ឈាង វុន ប្រើ​សិទ្ធិ​បណ្ដេញ​លោក​ចេញ​នេះ គឺ​ហួស​ពី​ព្រំដែន​ការងារ​របស់​លោក​ជា​ប្រធាន​គណៈកម្មការ​សភា ខុស​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា។ លោក អ៊ុំ សំអាន បន្ត​ថា ក្រោយ​មាន​រឿង​នេះ លោក​នឹង​ស្នើ​ទៅ​ប្រធាន​រដ្ឋសភា ដើម្បី​ណែនាំ​ទៅ លោក ឈាង វុន កុំ​បិទ​សិទ្ធិ​របស់​លោក​ជា​តំណាង​រាស្ត្រ។

លោក អ៊ុំ សំអាន៖ «កន្លែង​ធ្វើ​ការ​របស់​អ្នក​តំណាងរាស្ត្រ គឺ​ធ្វើ​ការ​ក្នុង​សភា តើ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ការ​តាម​ចិញ្ចើម​ថ្នល់ ឬ​យ៉ាង​ម៉េច? អ្នក​តំណាងរាស្ត្រ​មាន​សិទ្ធិ​និយាយ​ជាមួយ​អ្នក​កាសែត ផ្ដល់​ព័ត៌មាន​ទៅ​ពលរដ្ឋ សង្គម​ស៊ីវិល ក្នុង​រដ្ឋ​សភា ព្រោះ​នេះ​ជា​កន្លែង​ធ្វើ​ការ​ខ្ញុំ​នៅ​ហ្នឹង»

ទង្វើ​របស់ លោក ឈាង វុន អ្នក​លេង​សង្គម​ហ្វេសប៊ុក (facebook) មួយ​ចំនួន រិះគន់​ថា​ជា​ឥរិយាបថ​មិន​សមរម្យ។

នៅ​ថ្ងៃ​នេះ​ដែរ លោក ឈាង វុន បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ថា ការ​ដែល លោក អ៊ុំ សំអាន ចចេស​ចង់​ផ្តល់​បទសម្ភាសន៍​នោះ ជា​ឥរិយាបថ​រឹងរូស​ចង់​រក​រឿង ធ្វើ​ឲ្យ​មាន​បញ្ហា​លើ​ការ​អនុវត្ត​ច្បាប់ និង​សន្តិសុខ​ផ្ទៃ​ក្នុង​រដ្ឋសភា។

លិខិត​ដដែល​របស់ លោក ឈាង វុន លើក​ឡើង​ថា បទបញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា ត្រង់​ប្រការ​៨ ចំណុច “ច” ចែង​ថា ប្រធាន​រដ្ឋសភា​មាន​មុខងារ​រក្សា​ការពារ និង​សណ្ដាប់ធ្នាប់​ក្នុង​រដ្ឋសភា។ ដូច្នេះ ចរិត​ព្រហើន​មិន​អនុវត្ត​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ត្រង់​ចំណុច​នេះ​របស់ លោក អ៊ុំ សំអាន គឺ​ពិត​មិន​អាច​ទទួល​យក​បាន​ឡើយ។

លោក អ៊ុំ សំអាន ហៅ​ទង្វើ​របស់ លោក ឈាង វុន ថា​ជា​ការ​រើសអើង​ផ្នែក​នយោបាយ ខណៈ​ដែល​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច​អាច​ផ្តល់​បទសម្ភាសន៍​នៅ​មន្ទីរ​រដ្ឋសភា ប៉ុន្តែ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ជាមួយ​អ្នក​កាសែត​នៅ​ក្នុង​មន្ទីរ​រដ្ឋសភា​មិន​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។