តើ​ក្រសួង​មហាផ្ទៃ​និង​គ.ជ.ប​ដោះស្រាយ​បែប​ណា​ចំពោះ​មេ​ឃុំ​ថ្មី​ពុំ​មាន​កន្លែង​ធ្វើ​ការ?

ដោយ ម៉ម មុនីរតន៍
2017-07-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រសួង​មហាផ្ទៃ
ក្រសួង​មហាផ្ទៃ
RFA/Rann Samnang

បាតុភាព​ដែល​ផ្ទុះ​ឡើង​តាម​រយៈ​ការ​ផ្លាស់ប្ដូរ​សាលា​ឃុំ-សង្កាត់​សម្រាប់​ធ្វើ​ការ​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ បាន​កក្រើក​ស្ទើរ​នៅ​គ្រប់​ការិយាល័យ​ឃុំ-សង្កាត់​ក្នុង​ប្រទេស​កម្ពុជា។ អតីត​មេ​ឃុំ ឬ​ចៅ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មួយ​ភាគ​ធំ​នៅ​តាម​សាលា​ឃុំ-សង្កាត់ មិន​ព្រម​ដើរ​ចេញ​ពី​ទីតាំង​ដែល​ខ្លួន​ធ្លាប់​បម្រើ​ការ​ឡើយ។

នៅ​តាម​សាលា​ឃុំ-សង្កាត់​ខ្លះ តាម​រយៈ​ការ​សម្របសម្រួល​រវាង​បុគ្គល និង​បុគ្គល អតីត​មេ​ឃុំ-ចៅ​សង្កាត់​របស់​គណបក្ស​កាន់​អំណាច​សម្រេច​បង្ខំ​ចិត្ត​ចាកចេញ​ពី​សាលា​ឃុំ-សង្កាត់​ដែល​ធ្លាប់​ធ្វើ​ការ​អស់​ពេល​ប្រមាណ ៣០​ឆ្នាំ​មក​ហើយ។ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​ពី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ថ្វី​បើ​ការ​ចូល​កាន់​តំណែង​របស់​មេ​ឃុំ-ចៅ​សង្កាត់​ថ្មី​ពី​ខាង​បក្ស​ប្រឆាំង ត្រូវ​ជួប​ឧបសគ្គ​ខ្លះៗ ក៏​បញ្ហា​នេះ​មិន​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ នោះ​ទេ។

នេះ​ជា​ការ​ផ្លាស់ប្ដូរ​លើក​ទី​មួយ​ហើយ​នៅ​ថ្នាក់​ក្រោម​ជាតិ ក្រោយ​ពេល​កម្ពុជា បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ចាប់​តាំង​ពី​មាន​ការ​បោះឆ្នោត​លើក​ដំបូង​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ឬ​ហៅ​ថា អ៊ុនតាក់ (UNTAC) ឆ្នាំ​១៩៩៣។ បញ្ហា​នេះ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត និង​បក្ស​ប្រឆាំង​យល់​ឃើញ​ថា បាតុភាព​ដែល​បាន​ផ្ទុះ​ឡើង​នេះ ប្រហែល​កម្ពុជា ពុំ​ធ្លាប់​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត​ពី​មុនៗ​មក ទើប​ជំរុញ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​បែប​នេះ។

ខៀវ សុភ័គ ២០១៦ ៨៥៥
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev RFA/Brach Chev

បើ​ទោះ​ជា​បែប​ណា លោក​នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា វិវាទ​ដែល​បាន​កើត​ឡើង​នេះ​ត្រូវ​ស្វែងរក​មុខ​សញ្ញា​នៃ​ជម្លោះ​ឲ្យ​បាន​ដឹង​ជា​មុន​សិន ថា​តើ​បញ្ហា​នេះ​បង្ក​ឡើង​ដោយសារ​អ្វី​ឲ្យ​ប្រាកដ។ លោក​បន្ត​ថា កន្លង​ទៅ អតីត​មេ​ឃុំ-ចៅ​សង្កាត់​ខ្លះ ត្រូវ​ចំណាយ​ថវិកា និង​ធនធាន​ផ្ទាល់​ខ្លួន​ធ្វើ​ទីស្នាក់ការ​ដើម្បី​ធ្វើ​ការ ហេតុ​នេះ​អាច​ជា​មូលហេតុ​នាំ​ឲ្យ​ពួក​គេ​មិន​ទាន់​សម្រេច​ចាកចេញ​ភ្លាមៗ។ លោក​បន្ត​ថា «យើង​ដឹង​ហើយ​កន្លង​មក​មិន​មែន​មាន​តែ​សាលា​ឃុំ​ទាំងអស់ ត្រូវ​បាន​រដ្ឋ​យើង​សាងសង់​ឲ្យ​ទេ។ មាន​ឃុំ​ខ្លះ​នៅ​ជួល​ផ្ទះ​គេ ឃុំ​ខ្លះ​ត្រូវ​ជ្រក​នៅ​នឹង​គណបក្ស​កាន់​អំណាច។ ដូច្នេះ ត្រូវ​រក​ហេតុផល​ឲ្យ​ច្បាស់លាស់ មិន​មែន​គិត​ថា​អ្នក​ដែល​គេ​មិន​ឲ្យ​ចូល ជួនកាល​គេ​មាន​ហេតុផល​របស់​គេ​សមស្រប​ដែរ។ យើង​មិន​ចាំ​តែ​វាយ​តម្លៃ​ថា​ត្រូវ​តែ​ចាញ់​ឆ្នោត ឬ​ឈ្នះ​ឆ្នោត ត្រូវ​តែ​ឲ្យ​គេ​ចូល។ យើង​វាយ​តម្លៃ​រួម​ដូចនេះ​មិន​ត្រូវ​ទេ ត្រូវ​រក​ហេតុផល​ឲ្យ​បាន​ច្បាស់លាស់»

អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​បក្ស​ប្រឆាំង សុទ្ធតែ​អះអាង​ថា ភារកិច្ច​នៃ​ការ​ដោះស្រាយ​រឿង​នេះ គឺ​ជា​បន្ទុក​របស់​ក្រសួង​មហាផ្ទៃ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ថ្លែង​ថា វិវាទ​រឿង​ទីតាំង​ធ្វើ​ការ​របស់​មេ​ឃុំ-ចៅ​សង្កាត់​នេះ វា​ពុំ​មែន​ជា​ដែន​សមត្ថកិច្ច​ត្រូវ​ដោះស្រាយ​របស់​ស្ថាប័ន គ..ប ទេ។ លោក​បន្ត​ថា «សមត្ថកិច្ច​របស់ គ..ប បាន​បញ្ចប់​ហើយ​ពាក់ព័ន្ធ​នឹង​ការិយាល័យ​ការងារ​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ ដូច្នេះ​ប្រសិន​ជា​មាន​ការ​ដោះដូរ ឬ​អវត្តមាន ឬ​ក៏​លាឈប់​ដោយ​ប្រការ​ណា​មួយ​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ បាន​ជា​តួនាទី​របស់ គ..ប រៀបចំ​បញ្ជី​ឈ្មោះ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់ចែង​ទៅ​តាម​ការងារ​របស់​ខ្លួន»

នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ការ​ប្រឈម​នៅ​តាម​ទីតាំង​សាលា​ឃុំ-សង្កាត់ ខណៈ​អតីត​មេ​ឃុំ-ចៅ​សង្កាត់​ពី​ខាង​បក្ស​កាន់​អំណាច មិន​ព្រម​ប្រគល់​បន្ទប់​ធ្វើ​ការ​ឲ្យ​មេ​ឃុំ-ចៅ​សង្កាត់​ថ្មី ដែល​មក​ពី​ខាង​បក្ស​ប្រឆាំង។ មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ថា​នៅ​ពុំ​ទាន់​មាន​តួលេខ​ជាក់លាក់​នៅ​តាម​សាលា​ឃុំ-សង្កាត់​ដែល​មាន​វិវាទ​នៅ​ឡើយ​ទេ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ក្នុង​មួយ​ឆ្នាំ ថវិកា​ជាតិ​ដែល​ទម្លាក់​ទៅ​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​ការ​ធ្វើ​សាលា​ឃុំ-សង្កាត់​នេះ​ប្រហែល​ចន្លោះ ៧០​ឃុំ-សង្កាត់​ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។

នាយ​ឧត្ដមសេនីយ៍ ខៀវ សុភ័គ ថ្លែង​ថា ដោយសារ​រដ្ឋ​ខ្វះខាត​ថវិកា​សាងសង់​សាលា​ឃុំ-សង្កាត់ ទើប​បង្ខំ​ចិត្ត​ឲ្យ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ខ្លះ​ត្រូវ​ចំណាយ​ថវិកា​ពី​ហោប៉ៅ​ផ្ទាល់​ខ្លួន រៀបចំ​ទីតាំង​បំពេញ​ការងារ​ដោយ​ខ្លួន​ឯង​ផ្ទាល់។

ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ទទួល​ស្គាល់​ថា ការិយាល័យ​ឃុំ-សង្កាត់​ខ្លះ​ពិត​ជា​រក​ឃើញ​មាន​ការ​ចំណាយ​ថវិកា​ដោយ​ខ្លួន​ឯង​ផ្ទាល់​មែន។ អ្នកស្រី​យល់​ឃើញ​ថា វិវាទ​ដែល​ផ្ទុះ​ឡើង​ក្រោយ​មេ​ឃុំ-ចៅ​សង្កាត់​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​នេះ អាច​កើត​ចេញ​ពី​ទំនាស់​បុគ្គល និង​បុគ្គល​ច្រើន​ជាង ជាពិសេស​អតីត​មេ​ឃុំ-ចៅ​សង្កាត់​ពី​ខាង​បក្ស​កាន់​អំណាច ព្រោះ​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​ការ​ផ្លាស់ប្ដូរ​តាម​រយៈ​ការ​បោះឆ្នោត។ អ្នកស្រី​បន្ត​ថា «ខ្ញុំ​យល់​ថា​ដោយ​មិន​ធ្លាប់​មាន​ការ​ផ្លាស់ប្ដូរ​ពី​មុន​មក អ្នក​ដែល​ធ្លាប់​ធ្វើ​ការងារ គាត់​ធ្លាប់​តែ​អង្គុយ​កន្លែង​គាត់ ដល់​ពេល​គាត់​បាត់បង់​ការងារ​របស់​គាត់ ហើយ​ជួនកាល​គាត់​មិន​អាច​ទទួល​យក​អារម្មណ៍​ហ្នឹង​បាន​ភ្លាមៗ»

ម៉េង សុភារី​ ៨៥៥​ ២០១៧
ប្រធាន​នាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ម៉េង សុភារី ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ឧសភា ឆ្នាំ​២០១៧។ RFA/Kher Sonorng RFA/Kher Sonorng

ចំពោះ​វិវាទ​នេះ គណបក្ស​ប្រឆាំង​មើល​មិន​ឃើញ​ថា អាច​ជា​ប្រផ្នូល​មិន​ល្អ​ចំពោះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ឡើយ។ អ្នកស្រី ម៉េង សុភារី ចាត់​ទុក​ថា ការ​បើក​ឲ្យ​មាន​ការ​បោះឆ្នោត នោះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​រួច​ជា​ស្រេច​ហើយ​ថា អ្នក​នយោបាយ​នឹង​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត ហេតុ​នេះ​ការ​ឈ្នះ ឬ​ចាញ់ គណបក្ស​នយោបាយ​នីមួយៗ​ត្រូវ​ទទួល​ស្គាល់​ថា វា​គឺ​ជា​ជោគវាសនា​បាន​កំណត់​រួច​ទៅ​ហើយ។

ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ ដែល​ត្រូវ​បាន​អាជ្ញាធរ​រាជធានី-ខេត្ត​ប្រកាស​សុពលភាព​ចូល​បម្រើ​ការ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា បង្ហាញ​ថា បក្ស​ប្រឆាំង​ទទួល​បាន​មេ​ឃុំ-ចៅ​សង្កាត់​ជិត ៥០០​អាសនៈ (៤៨៩​អាសនៈ) ខណៈ​ដែល​បក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ១​ពាន់​អាសនៈ (.១៥៦​អាសនៈ) នៃ​សំឡេង​ឆ្នោត​សរុប​នៅ​ទូទាំង​ប្រទេស។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា​អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា នេះ​អាច​ទុក​ជា​របៀប​ស្រឡាញ់​អំណាច​របស់​អតីត​មេ​ឃុំ-ចៅ​សង្កាត់ ព្រោះ​បាន​បង្ក​ការ​លំបាក​ដល់​មេ​ឃុំ-ចៅ​សង្កាត់​ថ្មី​ដែល​ទទួល​ការ​ផ្ទេរ​សិទ្ធិ​ស្រប​តាម​ច្បាប់​រួច​ទៅ​ហើយ។ លោក​បន្ត​ថា «ក្រសួង​មហាផ្ទៃ បាន​ផ្ដល់​សុពលភាព បាន​ន័យ​ថា​គាត់​មាន​សិទ្ធិ​ស្រប​ច្បាប់​ពេញលេញ​ក្នុង​ការ​ចាត់ចែង​រដ្ឋបាល​ឃុំ-សង្កាត់។ ដូច្នេះ​ជា​គោលការណ៍ គណបក្ស​ផ្សេង​ដែល​ចាញ់​ឆ្នោត​ត្រូវ​ប្រគល់​ការងារ​ទាំងអស់​ឲ្យ​ចៅ​សង្កាត់​ថ្មី​គាត់​ជា​អ្នក​គ្រប់គ្រង​ចាត់ចែង ដើម្បី​ធានា​ប្រតិបត្តិការ​ឃុំ-សង្កាត់​នេះ»

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​ជំនាញ​កិច្ចការ​បោះឆ្នោត​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល មើល​ឃើញ​ថា ភាព​ប្រទាំង​ប្រទើស​រវាង​មេ​ឃុំ​ថ្មី និង​អតីត​មេ​ឃុំ​ចាស់​នៅ​ពេល​នេះ នឹង​មិន​ក្លាយ​ជា​គំរូ​ដ៏​អាក្រក់​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ទេ ព្រោះ​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មាន​តែ​មួយ គឺ​ខុស​ពី​មេ​ឃុំ-ចៅ​សង្កាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

On Inauguration Day , the incumbent should pass what he has not finished work for the new one and become THE ADVISER FOR A WHILE TILL THE NEW ONE CAN RUN BY HIM OR HERSELF.

Jul 17, 2017 09:07 AM

អ្នក​អាន​អនាមិក

Better start to learn to accept because there is nothing last forever. Born , grown up, sick, and die. Same thing , job in democracy society always change and challenge, people always strive for better ,and moving forward. In Khmer society, we get used to if one a school teacher , a policeman, or any agent, one will stay till retire or death. Now, new eara, new technology, cell phone for almost everybody, tv, electricity,.... Thing change so does lifestyle. BE PREPARE FOR A BETTER JOB, POSITION , SEAT,.....

Jul 17, 2017 08:59 AM

គេហទំព័រ​ទាំងមូល