ចំនួន​ស្ត្រី​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កើន​ឡើង​តិចតួច

ដោយ សុ ជីវី
2017.05.11
ធីតា ឃឹះ សឺនកេត សិរីលក្ខណ៍ ៨៥៥ (ពី​ឆ្វេង) នាយិកា​អង្គការ​សីលការ (SILAKA) អ្នកស្រី ធីតា ឃឹះ និង​អ្នក​សម្របសម្រួល​កម្មវិធី​អប់រំ និង​យេនឌ័រ នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) អ្នកស្រី សឺនកេត សិរីលក្ខណ៍ ចូលរួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។
Photo: RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ រក​ឃើញ​ថា ចំនួន​ស្ត្រី​ដែល​បាន​ចូលរួម​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នេះ​មាន​ការ​កើន​ឡើង​តិចតួច បើ​ប្រៀបធៀប​នឹង​អាណត្តិ​ទី​៣ កន្លង​ទៅ។

បើ​ទោះ​បី​ជា​ពួក​គេ​សាទរ​ចំពោះ​ការ​កើន​ឡើង​នេះ ក៏​ពួក​គេ​ព្រួយ​បារម្ភ​ថា ចំនួន​នេះ​នឹង​មិន​អាច​ធ្វើ​ឲ្យ​ចំនួន​ស្ត្រី​ដែល​អាច​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នោះ អាច​កើន​ឡើង​ដើម្បី​ឆ្លើយតប​បញ្ហា​ស្ត្រី និង​កុមារ​នៅ​មូលដ្ឋាន​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ថា ចំនួន​ស្ត្រី​ឋិត​ក្នុង​តួនាទី​ធ្វើ​សេចក្ដី​សម្រេច​នៅ​ថ្នាក់​មូលដ្ឋាន​នៅ​តែ​តិច នឹង​ជំរុញ​ឲ្យ​ការ​ដោះស្រាយ​បញ្ហា​ឆ្លើយតប​នឹង​សេចក្ដី​ត្រូវការ​របស់​ស្ត្រី​នៅ​មូលដ្ឋាន នៅ​តែ​មាន​តិចតួច។

អ្នក​សម្របសម្រួល​ផ្នែក​អប់រំ និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្រ្វែល (Comfrel) អ្នកស្រី សឺនកេត សិរីលក្ខណ៍ ថ្លែង​ថា ចំនួន​ស្ត្រី​ដែល​បាន​ឈរ​ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវការ​របស់ គ..ប មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ (២៥.៧៨៨​នាក់) បាន​កើន​ឡើង​ចំនួន ១,៦២​ភាគរយ បើ​ប្រៀបធៀប​នឹង​ចំនួន​បេក្ខនារី​នៅ​អាណត្តិ​ទី​៣។

ទោះ​ជា​យ៉ាង​ណា អ្នកស្រី​ថា​ចំនួន​ស្ត្រី​ដែល​ឈរ​នៅ​លេខ​រៀង​ទី​១ ពោល​គឺ​អ្នក​ដែល​អាច​ក្លាយ​ជា​មេ​ឃុំ ចៅ​សង្កាត់ មាន​ចំនួន​កើន​ឡើង​ក្នុង​នោះ​រួម​ទាំង​គណបក្ស​ដែល​មាន​ប្រជាប្រិយភាព៖ «បើ​សិនជា​ពួក​គាត់​ទាំងអស់​ហ្នឹង​ជាប់​ឆ្នោតជា​មេ​ឃុំ ចឹង​ចំនួន​មេ​ឃុំ​អាច​កើន​ឡើង​ច្រើន បើ​ប្រៀបធៀប​នឹង​អាណត្តិ​មុន​ដែល​មេ​ឃុំ (ស្រី) មាន​ចំនួន ១០៨​នាក់។ ប៉ុន្តែ​យើង​នៅ​តែ​ឃើញ​ថា ស្ត្រី​ជួប​ការ​ប្រឈម​មួយ​ចំនួន ដែល​ភាគច្រើន​គណបក្ស​នយោបាយ​ដែល​ជា​គណបក្ស​មាន​ប្រជាប្រិយភាព អត់​បាន​ខិតខំ​បង្កើន​ចំនួន​ស្ត្រី​ដូច​អ្វី​ដែល​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ចង់​បាន​ដូច​អ្វី​ដែល​រដ្ឋាភិបាល​បាន​ទទួល​យក​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»

នៅ​ក្នុង​បញ្ជី​បេក្ខជន​ចូលរួម​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ដែល​ផ្សព្វផ្សាយ​ដោយ គ..ប បង្ហាញ​ថា គណបក្ស​ធំៗ​ចំនួន​ពីរ​ដែល​មាន​ប្រជាប្រិយភាព គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ស្ត្រី​ឲ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​តិចតួច​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​ភាគរយ​ស្ត្រី​នៅ​គណបក្ស​ចំនួន ១០ ទៀត​ដែល​ចូលរួម​ប្រកួត​ប្រជែង។

គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខភាព​ស្ត្រី​ចំនួន ២២,១៩​ភាគរយ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៦,០៥​ភាគរយ។

ចំណែក​គណបក្ស​ផ្សេងៗ​ទៀត គឺ​មាន​ចំនួន​ស្ត្រី​ច្រើន ដូចជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច មាន​ស្ត្រី ៣៨,០៦% គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាន​ស្ត្រី ៣៣,៤០% គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​ស្ត្រី ៤០,១២% គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មាន​ស្ត្រី​ចំនួន ៣៨,៣១% គណបក្ស​សញ្ជាតិ​កម្ពុជា មាន​ស្ត្រី​ចំនួន ៥២,៧៦% គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា មាន​ស្ត្រី​ចំនួន ២១,១១% គណបក្ស​អំណាច​ខ្មែរ មាន​ស្ត្រី​ចំនួន ៣១,១៩% គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ស្ត្រី​ចំនួន ២៦,៥២% គណបក្ស​យុវជន​កម្ពុជា មាន​ស្ត្រី​ចំនួន ៤៧,៦៣% និង​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ មាន​ស្ត្រី ៤០,៥៧%

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា គម្លាត​នេះ​បង្ហាញ​ពី​វិសមភាព​យេនឌ័រ​នៅ​ក្នុង​ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ។ ពួក​គេ​ក៏​បាន​រក​ឃើញ​ថា មាន​បញ្ហា​ចំនួន ៦​ចំណុច ដែល​ធ្វើ​ឲ្យ​ស្ត្រី​ពិបាក​នឹង​ចូល​ទៅ​កាន់​តំណែង​អ្នក​ដឹកនាំ​នៅ​មូលដ្ឋាន ក្នុង​នោះ​រួម​មាន ខ្វះ​ក្របខ័ណ្ឌ​ច្បាប់​កំណត់​ចំនួន​ស្ត្រី​នៅ​ក្នុង​បញ្ជី​បោះឆ្នោត ការ​រើសអើង​ស្ត្រី ផ្ទៃក្នុង​បក្ស ដែល​នាំ​ឲ្យ​មិន​ដាក់​ស្ត្រី​នៅ​លេខ​រៀង​ល្អ និង​ថ្នាក់​ដឹកនាំ​បក្ស​នៅ​មិន​ទាន់​មាន​ឆន្ទៈ​បង្កើន​ចំនួន​ស្ត្រី​នៅ​ឡើយ។

បេក្ខជន​ឈរ​លេខ​រៀង​ទី​៣ នៅ​សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា យ៉ែម វណ្ណណែត ថ្លែង​ថា ស្ត្រី ជាពិសេស​ស្ត្រី​វ័យ​ក្មេង​ដូច​កញ្ញា ត្រូវ​តស៊ូ​មតិ​នៅ​ក្នុង​ជួរ​បក្ស​ជាច្រើន​លើក ទើប​អាច​មាន​ការ​យល់ព្រម​ក្នុង​ចំណោម​អ្នក​ដឹកនាំ​ក្នុង​បក្ស៖ «ពេល​ខ្លះ​បុរស​កន្លែង​ដែល​គាត់​ធ្លាប់​អង្គុយ គាត់​អត់​ចង់​ឲ្យ​យើង​អ្នក​ថ្មី​ទៅ​អង្គុយ​ទេ។ អ៊ីចឹង​បើ​យើង​អត់ធ្វើ​ការ​តវ៉ា​មតិ យើង​អត់បាន​បង្ហាញ​ពី​សកម្មភាព​យើង។ យើង​អត់​បង្ហាញ​ពី​សមត្ថភាព​យើង គឺ​យើង​មិន​អាច​មាន​ឱកាស​ឈរ​ជា​បេក្ខជន​បាន​ទេ គឺ​យើង​ត្រូវការ​បង្ហាញ​សមត្ថភាព ចំណេះ​ដឹង និង​ពី​ផល​លំបាក​នៃ​ស្ត្រី​បាន​គាត់​ឲ្យ​យើង​ឈរ»

ចំពោះ​បញ្ហា​នេះ នាយិកា​អង្គការ​សីលការ (SILAKA) និង​ជា​ប្រធាន​គណៈកម្មការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃឹះ ក៏​បារម្ភ​ដែរ​ថា ចំនួន​ស្ត្រី​តិចតួច​នេះ​នឹង​កើត​មាន​បន្ត​ទៀត​នៅ​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ឬ​ការ​បោះឆ្នោត​ជាតិ។ អ្នកស្រី​ថា បើ​ចំនួន​ស្ត្រី​ចូលរួម​តិចតួច​នោះ នឹង​រុញ​ច្រាន​ឲ្យ​រដ្ឋាភិបាល​បរាជ័យ​ម្ដង​ទៀត​ចំពោះ​គោលដៅ​ជំរុញ​ឲ្យ​ស្ត្រី និង​បុរស​មាន​ចំនួន​ស្មើ​គ្នា​នៅ​ក្នុង​ជួរ​អ្នក​ដឹកនាំ និង​ធ្វើ​សេចក្ដី​សម្រេច៖ «ពីព្រោះ​ជា​រឿងមួយ​សំខាន់ បើ​អត់​មាន​ស្ត្រី​ចូលរួម គឺ​វា​បាត់​សំឡេង​ស្ត្រី បាត់​ព័ត៌មាន​ពី​សង្គម។ វា​ធ្វើ​ឲ្យ​ការ​សម្រេច​ចិត្ត និង​ការ​អភិវឌ្ឍ​របស់​យើង​វា​អត់​ប្រសិទ្ធភាព ហើយ​បើ​ប្រៀបធៀប​ជាមួយ​គេ​ទៀត គឺ​យើង​អាច​ដើរ​ក្រោយ​គេ​ទៀតបើ​ចង់​ឲ្យ​មាន​មុខ​មាត់​ក្នុង​សង្គម​នៅ​ក្នុង​ពិភពលោក គួរ​ចាប់​ផ្ដើម​គិតគូរ​ពី​រឿង​ហ្នឹង»

កន្លង​ទៅ ទាំង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង សុទ្ធតែ​បាន​អះអាង​ថា លើក​កម្ពស់​ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​នយោបាយ។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ការ​ដាក់​ចំនួន​ស្ត្រី​របស់​គណបក្ស​នេះ​ដោយ​ផ្អែក​លើ​ប្រជាប្រិយភាព និង​សមត្ថភាព​របស់​ស្ត្រី ចំណែក​គណបក្ស​ប្រឆាំង​វិញ​លើក​ឡើង​ថា ពិបាក​នឹង​រក​ស្ត្រី​ដែល​ក្លាហាន។

យ៉ាង​នេះ​ក្ដី ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ការ​លើក​ឡើង​នេះ ថា​គ្រាន់​តែ​ជា​លេស​របស់​គណបក្ស​នយោបាយ​ប៉ុណ្ណោះ ហើយ​បាន​ស្នើ​នូវ​អនុសាសន៍​មួយ​ចំនួន​ដែល​ពួក​គេ​មើល​ឃើញ​ថា អាច​បង្កើន​ចំនួន​ស្ត្រី។ ក្នុង​នោះ​រួម​មាន ត្រូវ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត ដែល​អាច​តម្រូវ​ឲ្យ​គណបក្ស​នយោបាយ​បង្កើត​បញ្ជី​មាន​លេខ​រៀង​ឆ្លាស់​រវាង​បុរស និង​ស្ត្រី គណបក្ស​នយោបាយ​ត្រូវ​មាន​គោលការណ៍​លាយលក្ខណ៍​អក្សរ​ពី​សមភាព​យេនឌ័រ និង​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការ​ចូលរួម​របស់​ស្ត្រី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។