អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​ព្យាយាម​​ផ្ដាច់​ការទូត​ជាមួយ​សហរដ្ឋអាមេរិក

ដោយ ទីន ហ្សាការីយ៉ា
2017-11-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William A. Heidt) ជួប​ពិភាក្សា​គ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo courtesy of U.S. Embassy Phnom Penh's facebook page
Photo courtesy of U.S. Embassy Phnom Penh's facebook page

អ្នកវិភាគ​លើក​ឡើង​ថា នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា ងាក​ទៅ​រក​ទសវត្ស​ឆ្នាំ​១៩៦៣ ដែល​អតីត​ព្រះមហាក្សត្រ សម្ដេច​ព្រះបាទ នរោត្តម សីហនុ ងាក​ទៅ​រក​ចិន ហើយ​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​លោក​ខាង​លិច។ ក៏ប៉ុន្តែ​សម្រាប់​កម្ពុជា​សតវត្ស​ទី​២១​នេះ​វិញ អ្នកវិភាគ​មើល​ឃើញ​ថា លោក ហ៊ុន សែន នឹង​មិន​ទទួល​បាន​ជោគជ័យ​លើ​ផែនការ​ចង់​កម្ទេច​របប​ប្រជាធិបតេយ្យ និង​ផ្ដាច់​ទំនាក់ទំនង​ការទូត​ជាមួយ​សហរដ្ឋអាមេរិក​បាន​ឡើយ។

អ្នកវិភាគ​អះអាង​ថា លោក ហ៊ុន សែន បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​ប៉ុន​ប៉ុន​បិទ​អង្គការ​សង្គម​ស៊ីវិល ដែល​ទទួល​ជំនួយ​ថវិកា​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​នោះ គឺ​លោកនាយក​រដ្ឋមន្ត្រី​ចង់​កែប្រែការ​គ្រប់គ្រង​រដ្ឋបែប​ប្រជាធិបតេយ្យ ទៅ​ជា​ការគ្រប់គ្រង​បែប​យោធា គ្រួសារ​និយម និង​ផ្ដាច់ការ។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​សម្អាត​គុណ​តម្លៃ​របស់​សហរដ្ឋអាមេរិក​ ឲ្យ​អស់ពី​កម្ពុជា ហើយ​ងាក​ទៅ​ចាប់​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន និង​រុស្សី​វិញ។ លោក​បញ្ជាក់​ទៀត​ថា លោក ហ៊ុន សែន ចង់​ធ្វើ​ដូច​អតីតកាល គឺ​នៅ​ក្នុង​របប​សង្គមរាស្ត្រនិយម របស់​សម្ដេច​ព្រះបាទ នរោត្តម សីហនុ ដែល​ផ្ដាច់​ទំនាក់ទំនង​ការទូតរវាង​កម្ពុជា និង​សហរដ្ឋអាមេរិក កាលពី​ឆ្នាំ​១៩៦៣ ហើយ​ចិន ​ផ្ដល់​ជំនួយ​សព្វបែបយ៉ាង មិន​ខុស​ពី​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ៖ «»។

ការ​លើក​ឡើង​របស់​អ្នកវិភាគ​នេះ ធ្វើឡើង​ស្រប​ពេល​រដ្ឋាភិបាលបិទ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ (NDI) កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការ​បិទ​ស្ថានីយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី វិទ្យុ​ផ្សាយ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ដើម្បី​ប្រជាធិបតេយ្យ (VOD) ការចាប់​អតីត​អ្នកកាសែត​អាស៊ីសេរី ការ​រំលាយ​គណបក្សប្រឆាំង ដែល​ទាំង​អស់​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ជា​យុទ្ធនាការ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំបិទ​សំឡេង​ប្រឆាំង និង​សង្គម​ស៊ីវិល មុន​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។ ចុងក្រោយ ការ​ព្យាយាម​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​នេះ គឺ​លោក ហ៊ុន សែន ធ្វើឡើង​រយៈពេល ១០​ថ្ងៃ ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា។

កាលពី​ថ្ងៃ​ទី២៦ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ ​ពិនិត្យ និង​ពិចារណា​ក្នុង​ការ​បិទទ្វារ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)។ ក្រោយ​ចេញ​សារ​ព្រមាន​ភ្លាមៗ​បែបនេះ​របស់​លោក ហ៊ុន សែន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​គួរ​មានការ​ពិគ្រោះ​យោបល់ និង​សន្ទនា​ប្រកបដោយ​អត្ថន័យ ចៀសវាង​ការចោទប្រកាន់​មិន​ត្រឹមត្រូវ។

ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ប្រឆាំង​នឹង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នេះ ដោយ​លោក​សំអាង​លើ​សារ​នយោបាយ​របស់​លោក កឹម សុខា នៅ​បរទេស កាលពី​ចុង​ឆ្នាំ​២០១៣ ដែល​លោក ហ៊ុន សែន សង្ស័យ​ថា មាន​ជនបរទេស​នៅ​ពីក្រោយ​នៃ​ការ​បង្កើត​ស្ថាប័ន​ផ្នែក​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ។

នេះ​ជា​បទបញ្ជា​ថ្មី​មួយទៀត​របស់​លោក ហ៊ុន សែន ដែល​អ្នកវិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រធាន​គណបក្ស​កាន់អំណាច​រូប​នេះ កំពុង​ព្យាយាម​បោសសំអាត​សំឡេង​ប្រឆាំង និង​សំឡេង​សង្គម​ស៊ីវិល​ឲ្យ​អស់។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មាន​កម្រាស់​ជាង ២​ទំព័រ បញ្ជាក់​ថា ស្ថាប័ន​នេះ ប្រកាន់​គោលការណ៍​អព្យាក្រឹត ឯករាជ្យ និង​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​បក្ស​នយោបាយ​ណា​ទាំងអស់ ហើយ​អ្វី​ដែល​មជ្ឈមណ្ឌល​មាន គឺ​ធ្វើ​កិច្ចការ​លើកស្ទួយ​សិទ្ធិមនុស្ស ការ​ផ្ដល់​អំណាច​ដល់​សហគមន៍​ជនបទ​ដែល​រង​ផល​ប៉ះពាល់​ដោយ​វិវាទ​ដីធ្លី។ កិច្ចការ​ចម្បង​ដទៃ​ទៀត គឺ​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ។ កិច្ច​គាំពារ​ទាំងនេះ គឺជា​ការ​រួមចំណែក​ដោយ​ផ្ទាល់ និង​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​របស់​ប្រទេស​កម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ត្រូវ​បាន​លោក កឹម សុខា បង្កើត​ឡើង​តាង​ពី​ឆ្នាំ​២០០២។ ក្នុង​រយៈពេល​ប្រមាណ ១៥​ឆ្នាំ​មកនេះ មាន​មនុស្ស​ជាច្រើន​ដែល​ធ្លាប់​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស បានក្លាយ​ជា​អ្នកនយោបាយ។ អ្នក​នយោបាយ​ទាំងនោះ​មាននៅ​ក្នុង​គណបក្សប្រឆាំង​ផង និង​គណបក្ស​កាន់អំណាច​ផង។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើក​ឡើង​ថា បើ​ទោះ​ជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ គាំទ្រ​សិទ្ធិ​បុគ្គល​គ្រប់រូប​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ក្ដី មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ពុំ​ដែល​ទទួលរង​ឥទ្ធិពល​អ្វី​ទាំង​អស់ពី​អតីត​បុគ្គលិក​ដែល​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ ទោះ​តាម​មធ្យោបាយ​ណា​ក៏​ដោយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​ប្រទេស​អ្នក​ផ្ដល់​ជំនួយ ឲ្យ​អន្តរាគមន៍​ជាបន្ទាន់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​បញ្ឈប់​ការប៉ុនប៉ង​បិទ​ទ្វារ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ដោយ​គ្មាន​មូលដ្ឋាន។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែ​បង្ហាញ​អំពី​ការភ័យខ្លាច​របស់​គាត់ មិន​ត្រឹមតែ​ចំពោះ​ការបោះឆ្នោត​ដោយ​សេរី​នោះ​ទេ គឺ​លោក​ក៏​ភ័យខ្លាច​ចំពោះ​ការ​បញ្ចេញមតិ​ដោយ​សេរី និង​ការចូលរួម​អង្គការ​សមាគម​ផង​ដែរ។

ចំពោះ​អ្នកច្បាប់​វិញពន្យល់​ថា រដ្ឋាភិបាល​មិន​អាច​រំលោភ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ អន្តរជាតិ ម្ដង​ហើយ​ម្ដងទៀត​បានទេ។

លោក​មេធាវី ហែម សុជាតិ អះអាង​ថា ការ​បង្កើត​អង្គការ​សង្គម​ស៊ីវិល ត្រូវ​បាន​ធានា​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ម្យ៉ាងទៀត បើសិនជា​រដ្ឋាភិបាល​ចង់​បិទ​អង្គការ​ណាមួយ​បាន លុះត្រាតែ​ស្ថាប័ន​នោះ​ធ្វើ​សកម្មភាព​ខុសច្បាប់​របស់​កម្ពុជា ក៏ប៉ុន្តែ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក​មើល​មិន​ឃើញ​ថា បាន​ធ្វើ​សកម្មភាព​ខុស​នោះ​ទេ ផ្ទុយទៅវិញ​ស្ថាប័ន​នេះ បាន​ធ្វើការ​លើកស្ទួយ​សិទ្ធិមនុស្ស ពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ៖ «»។

មហា​អំណាច​ចិន និង​រុស្សី ដែល​អតីត​ជា​សហភាពសូវៀត ​កំពុង​ប្រទាញប្រទង់​កម្ពុជា ឲ្យ​ងាក​ចេញពី​លោក​ខាង​លិច ពិសេស​តាមរយៈ​ការ​ផ្ដល់​ជំនួយ​ជាដើម។ នរណា​ក៏​ដឹង​ដែរ​ថា ចិន ជា​ម្ចាស់បំណុល និង​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​របស់​កម្ពុជា​។ ទន្ទឹម​នឹង​នេះ រុស្ស៊ី ក៏​ផ្ដល់​ជំនួយ​សម្រាប់​រៀបចំ​ការបោះឆ្នោត​ថែមទៀត។ ស្ថានភាព​នយោបាយ​របស់​កម្ពុជា​នៅមុន​ឆ្នាំ​១៩៦៣​នោះ គឺ​មិន​ខុស​ពី​បច្ចុប្បន្ន​នេះ​ដែរ គឺ​ទំនាក់ទំនង​រវាង​សម្ដេច​ព្រះបាទ នរោត្តម សីហនុ និង​សហរដ្ឋអាមេរិក​មាន​ភាព ល្អក់កករ​នឹង​គ្នា​រហូតដល់​មាន​ចលនា​និស្សិតធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​សហរដ្ឋអាមេរិក នឹង​ឈាន​ទៅដល់​ការ​បិទ​ស្ថានទូត​នៅ​ក្នុង​ឆ្នាំ​១៩៦៣ រហូត​ដល់​ឆ្នាំ​១៩៦៥ ទើប​កម្ពុជា​ស្ដារ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ។

ទិសដៅ​សំខាន់​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ អ្នកវិភាគ​ពន្យល់​ថា លោក ហ៊ុន សែន ចង់​កម្ចាត់​ឲ្យ​អស់​ស្ថាប័ន​ណា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ឬ​ទទួល​ថវិកា​ពី​សហរដ្ឋអាមេរិក។ ការ​កម្ចាត់​ស្ថាប័ន​ដែល​គាំទ្រ​ពី​សហរដ្ឋអាមេរិក​នោះ គឺ​គោលបំណង​សំខាន់​លោក ហ៊ុន សែន ចង់​កម្ទេច​របប​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​សិទ្ធិមនុស្ស ព្រោះថា បច្ចុប្បន្ន​នេះ លោក ហ៊ុន សែន បាន​ប្រើប្រាស់​អំណាច​របស់​ខ្លួន​លើសលប់ ក្នុងនាម​រដ្ឋាភិបាល និង​ក្នុងនាម​គណបក្ស​សម្រេច​គោលបំណង​នេះ ដើម្បី​ត្រៀមខ្លួន​ផ្ទេរ​អំណាច​ឲ្យ​កូន​ៗ​របស់​លោក​នៅ​ពេល​ខាងមុខ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែម​ថា ទោះបីជា​លោក ហ៊ុន សែន ចង់​ងាក​ចេញពី​សហរដ្ឋ​អាមេរិក នៅ​ពេល​ក្ដី​នេះ ប៉ុន្តែ​ផែនការ​នេះ មិន​អាច​ទៅ​រួច​ទេ ព្រោះ​ថា សហគមន៍​អន្តរជាតិ នឹង​ដាក់​គំនាប​កាន់​តែ​ខ្លាំង​លើ​រដ្ឋាភិបាល​កម្ពុជា ទាំង​សេដ្ឋកិច្ច និង​នយោបាយ។ លើស​ពី​នេះ​ទៀត នៅ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ខុស​ពី​របប​សង្គមរាស្ត្រនិយម គឺ​ពលរដ្ឋ​ដឹង​រឿងរ៉ាវ​ជាច្រើន​ដែល​លោក ហ៊ុន សែន លាក់បាំង និង​កំពុង​អនុវត្ត​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់ ដើម្បី​បំផ្លាញ​គេឯង បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ជាដើម។

ម្យ៉ាងទៀត នៅ​គ្រា​ដែល​លោក ហ៊ុន សែន កំពុង​លួងលោម​កម្មករ​ឲ្យ​អាណិត​លោក​ផង​នោះ ទំនង​ជា​លោក ហ៊ុន សែន នឹង​ពិបាក​ដោះស្រាយ​ជាមួយ​កម្មករ បើសិនជា​លោក​ចង់​ងាក​ចេញពី​សហរដ្ឋអាមេរិក​នោះ ព្រោះថា បើសិនជា​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប បិទ​ការទិញ​សំលៀកបំពាក់​ពី​កម្ពុជា គឺ​កម្មករ​ជិត​ ៧​សែន​នាក់ នឹង​គ្មាន​ការងារ​ធ្វើ គួបផ្សំ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​លើ​ពលរដ្ឋ នៅ​ពេល​នោះ ចលនា​បះបោរ​ប្រឆាំង​នឹង​លោក អាច​នឹង​កើតឡើង​ក៏​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពេលវេលាហ៊ុនសែនត្រូវតែបញ្ចប់ពេលនេះ! ហ៊ុនសែនកំពុងដើរទៅរករបបផ្តាច់កាពេលនេះ។ ខ្មែរទាំងអស់មិនអាចឈរឱបដៃឱ្យហ៊ុនសែនធ្វើអ្វីតាមក្បាលចិត្តឡើយ។ ប្រទេសជិតខាងរបស់យើងអភិវឌ្ឍន៍លឿន លើកលែងតែប្រទេសកម្ពុជា។ រាល់ថ្ងៃ ខ្ញុំ ឃើញ តែ ការរងទុក្ខវេទនានិងការជិះជាន់។ ខ្មែរយើងទាំងអស់ជាម្ចាស់ប្រទេស។ ប្រទេសខ្មែរទាំង
ម៉ល មិន​មែនជា កម្ម​សិទ្ធ​របស់ ហ៊ុនសែនតែម្នាក់ឯងឡើយ។

Nov 28, 2017 07:43 PM

អ្នក​អាន​អនាមិក

- លោក ហ៑ុន សែន ធ្វើល្អ មិនចង់ ចង់ធ្វើអាក្រក់ ឡើងជ្រុញតុលាការអន្តរជាតិ ដូច ខ្មោច ប៉ុល ពត !
- សូមជំរាប ទីបញ្ចប់ចិនជួយមិនរួចទេ មើលគំរូ ប៉ុល ពត !

Nov 28, 2017 07:26 PM

គេហទំព័រ​ទាំងមូល