សហគមន៍​ខ្មែរ​ក្រោម​ថា​ការ​បិទ​ផ្លូវ​រារាំង​ពលរដ្ឋ​យក​ញត្តិ​ទៅ​រដ្ឋសភា​ជា​ការ​រឹតត្បិត​សេរីភាព

ដោយ វ៉ាន វណ្ណដេត
2017.06.26
រារាំង​ហែ​ញ្ញតិ រឿង​បាត់ដី​ខ្មែរ​ក្រោម ២០១៧ ៨៥៥ កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដាក់​ពង្រាយ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA/Eang Vanna
1

កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ប្រដាប់​ដោយ​អាវុធ អង្គុយ​លើ​រថយន្ត ដែល​ដាក់​ពង្រាយ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Eang Vanna RFA/Eang Vanna

2

កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដាក់​ពង្រាយ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Eang Vanna RFA/Roun Bophan

3

ទិដ្ឋភាព​មើល​ទៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ខណៈ​កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដាក់​ពង្រាយ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Roun Bophan

4

កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ប្រដាប់​ដោយ​អាវុធ អង្គុយ​លើ​រថយន្ត ដែល​ដាក់​ពង្រាយ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Eang Vanna

5

កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដាក់​ពង្រាយ​នៅ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Eang Vanna

6

កម្លាំង​សមត្ថកិច្ច​ក្រុង​ភ្នំពេញ ដាក់​ពង្រាយ​នៅ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA/Eang Vanna

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចាត់​ទុក​សកម្មភាព​របស់​សមត្ថកិច្ច​ដាក់​រនាំង និង​ឈរ​តម្រៀប​ជា​ជួរ​កាន់​អាវុធ​បិទ​ផ្លូវ​រារាំង​សកម្មភាព​ពលរដ្ឋ​ដឹក​ញត្តិ​តាម​ឡាន និង​ម៉ូតូ ទៅ​ដាក់​នៅ​រដ្ឋសភា គឺ​ជា​ការ​រឹតត្បិត និង​ប៉ះពាល់​ដល់​សេរីភាព​ពលរដ្ឋ។ លោក ថាច់ សេដ្ឋា នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម យល់​ថា សកម្មភាព​សមត្ថកិច្ច​បិទ​ផ្លូវ និង​មាន​អាវុធ​ច្រូងច្រាង​រារាំង​សកម្មភាព​ពលរដ្ឋ​នេះ នឹង​ទាញ​សន្លឹកឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ឲ្យ​ធ្លាក់​ចុះ​បន្ថែម​ទៀត។

បើ​ទោះ​ជា​មាន​ការ​រារាំង​ពី​សមត្ថកិច្ច​ប្រមាណ ២០០​នាក់ បិទ​ផ្លូវ​នៅ​ម្ដុំ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ រារាំង​មិន​ឲ្យ​ពលរដ្ឋ​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ដើម្បី​ទាមទារ​បញ្ចូល​ថ្ងៃ​បាត់បង់​ទឹកដី​ខ្មែរ​ក្រោម ៤ មិថុនា ជា​ទិវា​បុណ្យ​ជាតិ ប៉ុន្តែ​សហគមន៍​ខ្មែរ​ក្រោម​បាន​យក​ញត្តិ​នោះ​ជូន​សមាជិក​រដ្ឋសភា​រួច​រាល់​ហើយ ដោយសារ​មាន​ការ​សម្របសម្រួល​គ្នា គឺ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​រថយន្ត ៣​គ្រឿង​ដឹក​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គឺ​លោក ថាច់ សេដ្ឋា បាន​ហៅ​សកម្មភាព​រារាំង​របស់​សមត្ថកិច្ច ថា​ប៉ះពាល់​ដល់​សេរីភាព​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​បង្ហាញ​ឲ្យ​ពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញ​បាន​ឃើញ​សកម្មភាព​អវិជ្ជមាន​របស់​អាជ្ញាធរ ដែល​សកម្មភាព​អវិជ្ជមាន​នេះ​ជះ​ឥទ្ធិពល​ដល់​សន្លឹកឆ្នោត​របស់​គណបក្ស​កាន់​អំណាច៖ «យើង​គ្រាន់​តែ​រម្លឹក​ឡើង​វិញ​កុំ​ឲ្យ​ប្រវត្តិសាស្ត្រ​ដដែល​ហ្នឹង វា​វិល​មក​ជាន់ អស់​ដី​អស់​ទឹក។ តិច​ទៀត ក្រែងលោ​ទៅ​ជា​កម្ពុជា​ក្រោម​ដូច​គ្នា។ ដល់​ពេល​ហ្នឹង​បាន​អង្គុយ​យំ​ដូច​គ្នា អត់​បាន​ធ្វើប៉ូលិស​ចឹង​ទេ អត់​បាន​ធ្វើ​ប៉ូលិស​មក​វ៉ៃ​ចឹង​ទេ។ បើ​យួន គេ​យក​ដី​អស់​នោះ អា​ហ្នឹងគេ​បញ្ជា​វិញ គេ​វ៉ៃ​វិញ​ហើយ ឲ្យ​ដឹង​ទៅ! ពេល​នេះ​បាន​ប៉ុណ្ណឹង​ហើយ ខំ​ប្រឹងទាំងអស់​គ្នា ខំ​ពង្រឹង​ទាំងអស់​គ្នា»

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​រំឭក​ខួប​បាត់បង់​ទឹកដី​លើក​ទី​៦៨ កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា នៅ​ទីតាំង​វត្ត​ចាស់ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​ទី​២៦ មិថុនា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ស្នើ​ទៅ​រដ្ឋសភា​តាម​រយៈ​ញត្តិ ដើម្បី​សុំ​បញ្ចូល​ថ្ងៃ​ទី​៤ ខែ​មិថុនា ជា​ទិវា​បុណ្យ​ជាតិ។

ញត្តិ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​ដាក់​ទៅ​រដ្ឋសភា បញ្ជាក់​ថា ការ​កាត់​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​ទៅ​ប្រទេស​វៀតណាម គឺ​ជា​ទង្វើ​ឃុបឃិត​គ្នា​រវាង​រដ្ឋាភិបាល​បារាំង ជាមួយ​វៀតណាម ដោយ​ពុំ​បាន​សួរ​យោបល់ ឬ​ពិគ្រោះ​ជាមួយ​ភាគី​កម្ពុជា នោះ​ទេ។ ទង្វើ​ឃុបឃិត​គ្នា​នេះ បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​នៅ​កម្ពុជា​ក្រោម​រាប់​លាន​នាក់ រង​ទុក្ខ​វេទនា​ឈឺ​ចាប់​ជា​ទីបំផុត ហើយ​បាន​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគតិច​រស់នៅ​លើ​ទឹកដី​កំណើត​ខ្លួន និង​បាន​ធ្វើ​ឲ្យ​អាណានិគម​ថ្មី គឺ​វៀតណាម អនុវត្ត​នយោបាយ​រំលាយ​ពូជសាសន៍​ខ្មែរ​ក្រោម ជាដើម។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម អះអាង​ថា គ្មាន​ឯកសារ ឬ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ណា​មួយ​ដែល​បញ្ជាក់​ថា ព្រះមហាក្សត្រ ឬ​មេ​ដឹកនាំ​ខ្មែរ​បាន​ទទួល​ស្គាល់​ការ​កាត់​ទឹកដី​ខ្មែរ​ក្រោម​ដោយ​បារាំង នោះ​ទេ។ មិន​ត្រឹម​តែ​មិន​ទទួល​ស្គាល់​ទេ អតីត​ព្រះមហាក្សត្រ និង​មេ​ដឹកនាំ​ខ្មែរ​ជំនាន់​មុនៗ បាន​ប្រឆាំង​ជំទាស់​យ៉ាង​ខ្លាំង និង​ទាមទារ​យក​មក​វិញ​ជា​ដរាប។

ទោះ​ជា​សមត្ថកិច្ច​បាន​ដាក់​រនាំង​បិទ​ផ្លូវ និង​ប្រដាប់​ដោយ​ខែល កាំភ្លើង​វែង ហាក់​ដូចជា​ត្រៀម​ទៅ​ច្បាំង​នឹង​សត្រូវ​ក៏ដោយ ប៉ុន្តែ​សមត្ថកិច្ច​បាន​រំសាយ​ការ​បិទ​ផ្លូវ​វិញ ដោយ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម យល់ព្រម​បញ្ចេញ​រថយន្ត​តែ ៣​គ្រឿង ដើម្បី​ដឹក​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ បាន​ចេញ​ទទួល​ញត្តិ​នៅ​ខាង​ក្រៅ​របង​រដ្ឋសភា ហើយ​សន្យា​យក​ញត្តិ​ទៅ​ដាក់​ឲ្យ​ប្រធាន​រដ្ឋសភា ដើម្បី​ពិចារណា។

ការ​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​សុំ​បញ្ចូល​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ជា​ទិវា​បុណ្យ​ជាតិ​លើក​នេះ គឺ​ជា​លើក​ទី​២ បន្ទាប់​ពី​លើក​ទី​១ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​សម័យ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​រដ្ឋសភា ប៉ុន្តែ​មិន​ទទួល​បាន​ចម្លើយ​ពី​រដ្ឋសភា​នោះ​ទេ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ថា ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ​នៅ​ក្នុង​របប​លទ្ធិប្រជាធិបតេយ្យ នឹង​អាច​ធ្វើ​ឲ្យ​ម្ចាស់​ឆ្នោត​មិន​ពេញ​ចិត្ត។ លោក​ថា អាជ្ញាធរ​បាន​រឹតត្បិត​សេរីភាព​ហែ​ក្បួន​របស់​ពលរដ្ឋ មិន​មែន​ទើប​តែ​ការ​ហែ​ក្បួន​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ទេ តែ​អាជ្ញាធរ​បាន​ហាមឃាត់​សេរីភាព​ពលរដ្ឋ​តាំង​ពី​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ និង​ការ​ហែ​ញត្តិ​របស់​សហគមន៍​មាន​ជម្លោះ​ដីធ្លី ជាដើម៖ «ការ​សោកស្ដាយមួយ​ដែល​យើង​ឃើញ​ថា​មិន​មានការ​សម្រួល ដើម្បី​ឲ្យ​តំណាង ឬ​ក៏​ក្រុម​ដែល​បាន​រៀបចំ​ញត្តិ​ដាក់​ទៅ​រដ្ឋសភា​ព្រឹក​មិញ​នេះ បាន​ដាក់​ទៅ​តាម​គោល​បំណង​ពួក​គាត់​ចង់​បាន​នោះ​ទេ»

បើ​ទោះ​ជា​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម មិន​បាន​បញ្ជាក់​ជំហរ​ស្នើ​ឲ្យ​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ​តាម​រយៈ​ញត្តិ​ក៏ដោយ ក៏ប៉ុន្ដែ​សមាជិក​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ គឺ​អតីត​ព្រះរាជ​លេខា​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ មិថុនា ថា នឹង​ចេញ​ព្រះ​ភ័ក្ត្រ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨។ តែ​សារ​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ឃើញ​ថា ជា​ការ​ប្រើប្រាស់​វោហារសាស្ត្រ​ផ្នែក​នយោបាយ និង​ជា​រឿង​ក្លែងក្លាយ​សុទ្ធសាធ។

ទាក់ទង​នឹង​រឿង​ទឹកដី​កម្ពុជា​ក្រោម​នេះ កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ថា បក្ស​នយោបាយ ឬ​អ្នក​ណា​ដែល​ចង់​បាន​ទឹកដី​កម្ពុជា​ក្រោម​មក​វិញ ត្រូវ​តវ៉ា​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​ត្រៀម​ក្ដារ​មឈូស​ជា​មុន​សិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។