បដា​ស្នើ​ដោះលែង លោក កឹម សុខា នៅ​ខែត្រ​កែប​ត្រូវ​ជន​មិន​ស្គាល់​កម្ទេច​ចោល

ដោយ អាស៊ីសេរី
2017-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ក្រុម​អ្នក​ឃោសនា ​នា​ទីស្នាក់ការ​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០១៧។ RFA
Photo: RFA

គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខែត្រ​កែប ស្នើ​ឲ្យ​សមត្ថកិច្ច​វែក​រកមុខ​ជន​មិន​ស្គាល់ ដែល​បាន​បំផ្លាញ​បដា​ស្នើ​ដោះលែង​ប្រធាន​បក្ស​ប្រឆាំង គឺ លោក កឹម សុខា ដែល​ស្លាក​នោះ ប្រធាន​ប្រតិបត្តិ​ខែត្រ សន្និដ្ឋាន​ថា ត្រូវ​បាន​គេ​លួច​វះ នៅ​ពាក់​កណ្ដាល​យប់ កាលពី​យប់​ថ្ងៃ​ទី​១ ខែ​តុលា។

មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​ប្រឆាំង បាន​ហៅ​សកម្មភាព​លួច​វះ​បដា​ទាមទារ​ដោះលែង លោក កឹម សុខា នៅ​ខែត្រ​កែប ថា ជា សកម្មភាព​ដ៏​ថោកទាប​របស់​ជន​ប្រព្រឹត្តិ និង​អ្នកបញ្ជា​នៅ​ពីក្រោយ។

ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ខែត្រ​កែប លោក នន់ តារា រៀបរាប់​ថា ស្លាក​សញ្ញា​ដែល​ទាមទារ​ដោះលែង លោក កឹម សុខា បាន​ចង​នៅ​មុខ​ទីស្នាក់ការ​បក្ស​ប្រឆាំង ស្ថិត​ក្នុង​ភូមិ​កំពង់ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប ខែត្រ​កែប ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វះ នៅ​ចន្លោះ​ម៉ោង​ប្រហែល​១២​យប់​ថ្ងៃ​ទី​១ តុលា។

លោក​រៀបរាប់​ថា នៅ​មុន​មាន​សកម្មភាព​បំផ្លាញ​ស្លាក​នេះ ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​ប្រឆាំង រួមមាន​លោក សុន ឆ័យ និង ប៉ុល ហំម បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង នៅ​ខែត្រ​កែប កាលពី​ថ្ងៃ​ទី​៣០ កញ្ញា។ លុះដល់​យប់​ថ្ងៃ​ទី​១ តុលា ពលរដ្ឋ​ដែល​មាន​ផ្ទះ​នៅ​ជិត​ទីស្នាក់ការ​បក្ស បាន​លឺ​សំឡេង ឆ្កែ​ព្រុស ហើយ​សំឡេង​ឆ្កែ​ព្រុស​នោះ បាន​ស្ងប់​ទៅវិញ នៅ​ចន្លោះ​ម៉ោង​ប្រហែល ១យប់។ នៅ​ព្រឹក​ថ្ងៃ​ទី​២ តុលា ស្រាប់តែ​ឃើញ​បដា​ទាមទារ​ឲ្យ​ដោះលែង លោក កឹម សុខា ដែល​ដាក់​នៅមុខ​ទីស្នាក់ការ​បក្ស​បាន​រហែក បើ​តាម​ស្នាម​រហែក​នោះ លោក សន្និដ្ឋាន​ថា ជា​ការ​វះ មិនមែន​រហែក​ដោយសារ​ខ្យល់​បោកបក់​នោះ​ទេ។

លោក​បន្ត​ថា លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្នងការ​ខេត្ត​កែប​រួចហើយ នៅ​ថ្ងៃ​ទី​២ តុលា តែ​លោក​មិន​រំពឹង​ថា សមត្ថកិច្ច​អាច​រក​ជន​សង្ស័យ និង​អ្នក​ដែល​បញ្ជា​នៅ​ពីក្រោយ​សកម្មភាព​បំផ្លាញ​បដា​របស់​បក្ស​ប្រឆាំង​បាន​នោះ​ទេ។

អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ថា ការ​ស៊ើប​អង្កេត​នេះ ដំណើរការ​ដល់​ណា​ហើយ ពី​ស្នងការ​ខែត្រ​កែប បាន​នៅឡើយ​ទេ។ ប៉ុន្តែ​កន្លងមក មាន​សកម្មភាព​សមត្ថ​កិច្ច​បាន​ចុះទៅ​រុះរើ បដា​ដែល​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា នៅមុខ​ទីស្នាក់ការ​បក្ស​ប្រឆាំង​នៅ​តាម​ខែត្រ​នេះ ខណៈ​ដែល​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ធ្លាប់​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សកម្មភាព​នេះ។

ក្រៅពី​បដា​ទាមទារ​ដោះលែង លោក កឹម សុខា នៅ​ខែត្រ​កែប ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បំផ្លាញ នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត បដា​ទាមទារ​ដូចគ្នា​នេះ ក៏​រង​ការ​មក​បំផ្លាញ​ពី​ជន​មិន​ស្គាល់​មុខ​ដូចគ្នា ដូចជា​បដា​នៅ​ខែត្រ​កំពត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​យក​ទៅ​បាត់ ខណៈ​នៅ​ខែត្រ​កំពង់ចាម និង រតនគិរី រង​នូវ​ការ​គំរាមកំហែង​ពី​អាជ្ញាធរ និង​ជន​មិន​ស្គាល់​មុខ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ គឺ អ្នកស្រី មូរ សុខហួរ ដែល​កំពុង​ភៀសខ្លួន​ចេញពី​កម្ពុជា ព្រោះ​ខ្លាច​មានការ​ចាប់ខ្លួន ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា ការ​លើក​បដា​នេះ គឺជា​ការ​បញ្ចេញមតិ និង​ជា​ការ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​បក្ស​ប្រឆាំង ហើយ​ការ​លើក​បដា​ទាមទារ​ដោះលែង លោក កឹម សុខា នេះ ត្រូវ​បាន​ដាក់​នៅ​គ្រប់​ទីស្នាក់ការ​បក្ស​នៅ​គ្រប់​ខែត្រ​រាជធានី។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ហៅ​សកម្មភាព​លើក​បដា​ទាមទារ​ដោះលែង លោក កឹម សុខា នៅ​តាម​ទីស្នាក់ការ​បក្ស​តាម​ខែត្រ-រាជធានី ថា​ជា​សកម្មភាព​ធ្វើ​បដិវត្ត​ពណ៌។

មន្ត្រី​អង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំ​ខែត្រ​កំពត និង កែប លោក ហេង ភារៈ ហៅ​សកម្មភាព​បំផ្លាញ​បដា ទាមទារ​ដោះលែង លោក កឹម សុខា ថា​ជា ការរើសអើង​នយោបាយ។ សង្គម​ស៊ីវិល​ប្រចាំការ​នៅ​ខែត្រ​កែប និង​កំពត​រូប​នេះ យល់ថា ចាប់​តាំង​ពី​ស្ថានភាព​នយោបាយ​ឡើង​កម្ដៅ​ខ្លាំង​មក មិនមែន​តែ​គណបក្ស​នយោបាយ​ទេ ដែល​រង​ការ​គំរាម សូម្បី​សង្គម​ស៊ីវិល​នៅ​មូលដ្ឋាន ក៏​មាន​ការភ័យខ្លាច​ដែរ តែ​យ៉ាងណា លោក​ថា សង្គម​ស៊ីវិល​ធ្វើការ​តាមតែ​វិជ្ជាជីវៈ និង ច្បាប់​បាន​កំណត់។

នៅ​ក្រោយ​មានការ​ចាប់ខ្លួន លោក កឹម សុខា កាលពី​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​២ ចូល​ថ្ងៃ​ទី​៣ កញ្ញា មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ព្រួយបារម្ភ​អំពី​ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោម​លេស​ផ្សេងៗ របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​រក្សា​អំណាច។

ស្របគ្នា​នេះ មានការ​បំផ្លាញ​បដា​ប្រឆាំង​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ព្រមាន​ចាប់ខ្លួន​មនុស្ស​ដទៃ​ទៀត ដែល​ពាក់ព័ន្ធ​នឹង​សំដី​របស់ លោក កឹម សុខា ដែល​រដ្ឋាភិបាល​ចោទ​ថា ជា​ការ​ក្បត់ជាតិ។

ទោះជា​យ៉ាងណា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខែត្រ​កែប ស្នើ​ឲ្យ​អាជ្ញាធរ​នៅ​ខែត្រ​នេះ ធ្វើការ​ដោយ​តម្លាភាព ស្គាល់​អំពី​តួនាទី​របស់​ខ្លួន ដោយ​វែក​រកមុខ​ជន​ប្រព្រឹត្តិ និង​អ្នកបញ្ជា​ពីក្រោយ​សកម្មភាព​បំផ្លាញ​បដា​ទាមទារ​ដោះលែង​លោក កឹម សុខា ដើម្បី​រក​យុត្តិធម៌​សម្រាប់​ពលរដ្ឋ និង គណបក្សប្រឆាំង នៅ​ខែត្រ​កែប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល