អាជ្ញាធរ​ស្រុក​ឯកភ្នំ​ឲ្យ​មេ​ឃុំ​ធ្វើ​របាយការណ៍​មុន​ឲ្យ​សង្គម​ស៊ីវិល​និង​សប្បុរសជន​ធ្វើ​សកម្មភាព

ដោយ ហ៊ុំ ចំរើន
2017.08.02
សាលាស្រុក​ឯកភ្នំ បាត់ដំបង ១៤៤០ សាលាស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៧។
RFA

មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង​ ប្រតិកម្ម​ទៅ​នឹង​លិខិត​របស់​អាជ្ញាធរ​ស្រុក​​ឯកភ្នំ  ដែល​ចេញ​​បញ្ជា​ឲ្យ​មេ​ឃុំ​ទាំង​អស់​ក្នុង​ស្រុក​នេះ​ ត្រូវ​ធ្វើ​របាយការណ៍​ជូន​មុន​ពេល​អនុញ្ញាត​ឲ្យ​​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន ធ្វើ​សកម្មភាព​នានា​នៅ​ក្នុង​មូលដ្ឋាន។ មេ​ឃុំ​បក្ស​ប្រឆាំង​ហៅ​ទង្វើ​នេះ​ថា​ ជា​ការ​រឹតត្បិត​សេរីភាព​របស់​មេ​ឃុំ​ជាប់​ឆ្នោត​ថ្មី។ អភិបាល​ស្រុក​ឯកភ្នំ អះអាង​ថា មូលហេតុ​ដែល​លោក​ឲ្យ​មេ​ឃុំ​ធ្វើ​របាយការណ៍​ គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​នៅ​ក្នុង​សង្គម។

មេ​ឃុំ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ឯកភ្នំ អះអាង​ថា បទ​បញ្ជា​របស់​អាជ្ញាធរ​ស្រុក​មួយ​នេះ​ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​អំណាច​របស់​មេ​ឃុំ។

មេ​ឃុំ​ពាមឯក គណបក្ស​សង្គ្រោះ​ជាតិ​ លោក ស៊ុន ចំរើន មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហា ថា លោក​ធ្វើ​ការ​ជា​ក្រុមប្រឹក្សា​ឃុំ​ពាមឯក ៣​អាណត្តិ​ហើយ​ គឺ​ពុំ​ធ្លាប់​មាន​បទបញ្ជា​ពី​អាជ្ញាធរ​ស្រុក​ឲ្យ​ធ្វើ​របាយការណ៍​ជូន​ករណី​អង្គការ​សង្គម​ស៊ីវិល​ និង​សប្បុរសជន​ធ្វើ​សកម្មភាព​មនុស្សធម៌​នៅ​ក្នុង​មូលដ្ឋាន​នោះ​ឡើយ៖ «រយៈ​កាល​កន្លង​មក​នៅ​ក្នុង​ឃុំ​របស់​ខ្ញុំ មើល​ឃើញ​ថា​ ករណី​នេះ​មិន​មែន​ជា​រឿង​សាមញ្ញ​ទេ បើ​រឿង​សាមញ្ញ​គឺ​សុំ​អនុញ្ញាត​ត្រឹមតែ​មេ​ឃុំ​យើង​អាច​ធ្វើ​បាន​ ព្រោះ​​អាជ្ញាធរ​ឃុំ​យើង​មាន​សិទ្ធិ​សម្រេច​ការងារ​នេះ​ដែរ ដោយ​មិន​អាច​ឈរ​អោបដៃ​មើល​ពលរដ្ឋ​រង​ទុក្ខ​លំបាក​នោះ​ទេ»

​​​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឺន អះអាង​ថា មូលហេតុ​ដែល​លោក​តម្រូវ​ឲ្យ​មេ​ឃុំ​ធ្វើ​របាយការណ៍​ជូន​មក​រដ្ឋបាល​សាលា​ស្រុក​ករណី​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ធ្វើ​សកម្មភាព​នៅ​តាម​មូលដ្ឋាន​នោះ​ គឺ​ដើម្បី​ងាយស្រួល​ការពារ​សុវត្ថិភាព​ជូន​ពួកគាត់​ក្នុង​ពេល​ធ្វើ​សកម្មភាព ជៀសវាង​​កើត​មាន​បញ្ហា​ផ្សេងៗ​ដោយ​យថាហេតុ៖ «មួយ​ទៀត​គឺ​ឲ្យ​គាត់​ទម្លាប់​ធ្វើ​ការ​ដោយ​មាន​ការ​ទំនាក់ទំនង​គ្នា​ឲ្យ​បាន​ល្អ កុំ​ឲ្យ​គាត់​ចង់​ចុះ​ទៅ​ក៏​​ទៅ​ដល់​ពេល​មាន​បញ្ហា​កើត​ឡើង​គាត់​ឆ្លើយ​មក​អាជ្ញាធរ​មិន​សហការ មិន​ចូល​រួម​ផ្ដល់​សុវត្ថិភាព​ជូន​ពួកគាត់។ យើង​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ចូល​រួម​តែ​ប៉ុណ្ណឹង​ទេ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ហៅ​បទបញ្ជា​របស់​អាជ្ញាធរ​ស្រុក​ឯកភ្នំ​ថា ជា​ចេតនា​​​នយោបាយ​ដែល​បង្ក​ការ​លំបាក​ដល់​មេ​ឃុំ​គណបក្ស​ប្រឆាំង​ ​អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ប្រជាពលរដ្ឋ៖ «ហើយ​លិខិត ឬ​សេចក្ដី​ណែនាំ​ប្រភេទ​នេះ ខ្ញុំ​ទើប​តែ​ឃើញ​ជា​លើក​ទី​មួយ​ទេ​ គឺ​នៅ​ស្រុក​ឯកភ្នំ នេះ​តែម្ដង ដែល​ជា​ស្រុក​មួយ​គណបក្ស​កាន់​អំណាច​ចាញ់​ឆ្នោត​ច្រើន។ អ៊ីចឹង​ខ្ញុំ​បាន​ជា​ខ្ញុំ​ហ៊ាន​ថា នេះ​ជា​ចេតនា​នយោបាយ​ ដែល​អភិបាល​ស្រុក​​កំពុង​តែ​ធ្វើ​ទៅ​លើ​គណបក្ស​ប្រឆាំង​នៅ​តំបន់​នោះ»

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ អភិបាល​ស្រុក​ឯកភ្នំ ចេញ​លិខិត​បញ្ជា​ឲ្យ​មេ​ឃុំ​ទាំង​អស់​ក្នុង​ស្រុក​មួយ​នេះ ត្រូវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ និង​សប្បុរសជន​ដែល​ធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​សុំ​ការ​អនុញ្ញាត​ពី​រដ្ឋបាល​សាលា​ស្រុក​ជា​មុន​ ហើយ​ពេល​អង្គការ​ទាំង​នោះ​ចុះ​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​ឃុំ​ណា ឃុំ​នោះ​​ត្រូវ​ធ្វើ​របាយការណ៍​មក​រដ្ឋបាល​សាលាស្រុក តែ​បើ​មិន​រាយការណ៍​មក​រដ្ឋបាល​សាលា​ស្រុក​ទេ មេ​ឃុំ​ទាំង​នោះ​ត្រូវ​ទទួល​ការ​ពិន័យ​ផ្នែក​រដ្ឋបាល​ពី​អាជ្ញាធរ​ស្រុក។

ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ​ នៅ​ស្រុក​ឯកភ្នំ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ធ្វើ​ជា​មេ​ឃុំ ចំនួន ៥​ឃុំ រី​ឯ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន ២​ឃុំ ក្នុង​ចំណោម ៧​ឃុំ​នៃ​ស្រុក​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។