អាជ្ញាធរ​ខេត្ត​បាត់ដំបង​បញ្ចេញ​កម្លាំង​ជាង​៣០០​នាក់​សម្រាប់​បង្ក្រាប​ការ​តវ៉ា​នៅ​ក្រុង​បាត់ដំបង

ដោយ អាស៊ីសេរី
2017.11.15
ផែនទី​ខេត្ត​បាត់ដំបង ៦២០ ផែនទី​ខេត្ត​បាត់ដំបង។
Photo: RFA

អាជ្ញាធរ​ខេត្ត​បាត់ដំបង បញ្ចេញ​កម្លាំង​ជាង ៣០០​នាក់​ រួម​មាន​ប៉ូលិស ទាហាន និង​កងរាជអាវុធហត្ថ ដាក់​ប្រចាំ​ការ​នៅ​តាម​គោលដៅ​សំខាន់ៗ​​នៅ​ក្នុង​បាត់ដំបង ដើម្បី​ត្រៀម​បង្ក្រាប​ការ​តវ៉ា​ទាំង​ឡាយ ណា​របស់​ប្រជាពលរដ្ឋ។ ទន្ទឹម​គ្នា​នេះ ​ពលរដ្ឋ​​មួយ​ចំនួន​បាន​រិះគន់​ថា ការ​ដាក់​កម្លាំង​នេះ​​គឺ​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ។

​​​ប្រជាពលរដ្ឋ​​រស់​នៅ​ខេត្ត​បាត់ដំបង មួយ​ចំនួន​ហាក់​មិន​សប្បាយ​ចិត្ត​ទៅ​នឹង​ការ​បញ្ចេញ​​កម្លាំង​ដ៏​ច្រើន ដោយ​​អាជ្ញាធរ​សម្រាប់​បង្ក្រាប​ការ​តវ៉ា​របស់​ពលរដ្ឋ​នេះ​ឡើយ។

ពលរដ្ឋ​រស់​នៅ​ក្រុង​បាត់ដំបង ឈ្មោះ ឈឿន សុភី ថ្លែង​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ថា​ សព្វ​ថ្ងៃ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ធ្វើ​ដំណើរ​ទៅ​មក​ជា​ធម្មតា ក៏ប៉ុន្តែ​ពួកគាត់​ហាក់​មិន​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រឿង​នយោបាយ​នោះ​ទេ​ ព្រោះ​លោក​ថា មាន​បញ្ហា​ដល់​អាយុ​ជីវិត ត្បិត​អី​អាជ្ញាធរ​ដាក់​កម្លាំង​សម្រាប់​បង្ក្រាប​​ជា​ច្រើន​នាក់៖ «ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ព្រោះ​សិទ្ធិ សេរីភាព​មនុស្ស​ម្នាក់​ៗ​តែង​មាន​សិទ្ធិ​សេរី​ក្នុង​ការ​បញ្ចេញ​យោបល់ តែ​បើ​គេ​ធ្វើ​ដូច្នេះ ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​គេ​បំបិទ​យើង​ដូច​មាន​អារម្មណ៍​ថា មិន​សប្បាយ​ទេ​ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​គេ​ធ្វើ​បែប​នេះ​ទេ ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​មិច​បើ​យើង​នៅ​ក្រោម​គេ​ បើ​យើង​និយាយ​ខ្លាំង​យើង​អាច​បាត់ខ្លួន»

​នៅ​ស្នងការ​នគរ​បាល​ខេត្ត​បាត់ដំបង ​​​​​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា មាន​ការ​​ហ្វឹកហាត់​កម្លាំង​ប៉ូលិស ទាហាន និង​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​ជាង ៣០០​នាក់​ ​ដោយ​មាន​បំពាក់​អាវុធ​ និង​ដំបង​ខែល​សម្រាប់​បង្ក្រាប​បាតុកម្ម។ ក្រោយ​ពី​ការ​ហ្វឹកហាត់​ប្រមាណ ១​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ដដែល​ កម្លាំង​ទាំង​នោះ​ត្រូវ​បាន​បញ្ចេញ​ទៅ​ប្រចាំ​គោលដៅ​រៀងខ្លួន​នៅ​ក្នុង​ក្រុង​បាត់ដំបង។

អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ មាន​ប្រសាសន៍​ទៅ​កាន់​កង​កម្លាំង​​ទាំង​នោះ​ ​ដែល​បាន​ថត​​បង្ហោះ​តាម​គេហទំព័រ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​ថា កម្លាំង​ទាំង​អស់​ធ្វើ​យ៉ាង​ណា​បង្ក្រាប​ក្រុម​ជន​ដែល​ធ្វើ​បាតុកម្ម​​តវ៉ា​ឲ្យ​ខាង​តែ​បាន ទោះ​បី​ក្នុង​រូប​ភាព​ណា​ក៏​ដោយ។ លោក​អះអាង​ថា ការ​ធ្វើ​នេះ​ដើម្បី​រក្សា​សន្តិសុខ​នៅ​ក្នុង​សង្គម​ជូន​ប្រជាពលរដ្ឋ៖ «ក៏ប៉ុន្តែ​អ្វី​ដែល​យើង​ព្រួយ​បារម្ភ​គឺ​ការ​ញុះញង់​ពី​មជ្ឈដ្ឋាន​ជា​ច្រើន​ដែល​ចិញ្ចឹម​ចិត្ត​លង់​ខ្លួន​ចាញ់​បោក​ឧបាយកល​ទាំង​នេះ ដែល​ជួប​កាល​យើង​អាច​មើល​ឃើញ​ និង​មើល​មិន​ឃើញ។ ពាក្យ​ថា​មើល​មិន​ឃើញ​នេះ​ភាគ​ច្រើន​គេ​ច្រើន​តែ​បង្វែរ​សាច់​រឿង​ពី​រឿង​តវ៉ា​​​​របស់​ប្រជាពលរដ្ឋ​ផ្សេងៗ ទៅ​ជា​រឿង​នយោបាយ​ ដែល​ថ្នាក់​ដឹក​នាំ និង​កងកម្លាំង​យើង​ប្រហែល​យល់​ពី​អំពើ​ទាំង​នេះ​ហើយ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ម្នាក់​ទៀត លោក ចាន់ ប៊ូណា លើក​ឡើង​ថា គ្មាន​ប្រជាពលរដ្ឋ​ណា​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​ទេ ប្រសិន​បើ​រដ្ឋាភិបាល​ដឹក​នាំ​ដើម្បី​បម្រើ​សេចក្ដី​សុខ​ជូន​ប្រជាពលរដ្ឋ​នោះ។

លោក​ហៅ​ការ​ដាក់​កម្លាំង​ការពារ​នៅ​ក្នុង​បាត់ដំបង នេះ​ថា​ជា​ការ​គំរាមកំហែង​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ៖ «ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​លេស​របស់​អាជ្ញាធរ​ប៉ុណ្ណោះ​ ក្នុង​ការ​ត្រៀម​ការពារ​ដើម្បី​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​ដែល​ផ្ទុយ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ។ សម្រាប់​ប្រជាពលរដ្ឋ​វិញ​ខ្ញុំ​គិត​ថា ប្រជាពលរដ្ឋ​មិន​ចេញ​មក​តវ៉ា​អី​ទេ​ បើ​ទោះ​បី​ជា​ពួកគាត់​ធ្វើ​បាតុកម្ម​ក៏ដោយ​ក៏​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​ទាំង​អស់»

លិខិត​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​លោក ស ខេង កាល​ពី​​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ​ស្នើ​ឲ្យ​អភិបាល​ខេត្ត​រាជធានី​ទាំង​២៥ រៀប​ចំ​ក្រុម​ការងារ​ប្រចាំ​បញ្ជា​តាមដាន​ និង​ដោះស្រាយ​បញ្ហា​នានា ពាក់ព័ន្ធ​នឹង​ឧបាយកល​ផ្ដួល​រំលំ​រដ្ឋអំណាច​នៅ​កម្ពុជា។ ក្នុង​លិខិត​ដដែល​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ដើម្បី​គ្រប់គ្រង​តាមដាន​ស្ថានការណ៍ និង​ដោះស្រាយ​ទាំង​អស់​នេះ​បាន​ឆាប់រហ័ស ត្រូវ​រៀប​ចំ​ក្រុម​ការងារ​សម្រាប់​បញ្ជា​តាម​ដាន​បញ្ហា​នេះ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ត​ទៅ។

​​​​​​​​​​​​​ប្រធាន​បណ្ដាញ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ​ មាន​ប្រសាសន៍​ថា​​ វិធានការ​​របស់​ក្រសួង​មហាផ្ទៃ​​នេះ​ជា​ការ​រំលោភ​លើ​​រដ្ឋ​ធម្មនុញ្ញ ព្រោះ​ជា​ការ​​​​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ៖ «ខ្ញុំ​គិត​ថា​រហូត​មក​ដល់​ពេល​នេះ​ដូច​មិន​ទាន់​មាន​បទបញ្ញត្តិ​ណា​មួយ​ហាម​ប្រាម​​ទៅ​ដល់​ការ​តវ៉ា​ការ​សម្ដែង​មតិ​ទេ​ ប៉ុន្តែ​វិធានការ​ខ្លះ​គឺ​ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់។ ពីព្រោះ​ក្រៅ​ពី​ធានា​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​ទាមទារ​តវ៉ា​ដោយ​សន្តិវិធី​ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ក៏​មាន​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ដែរ»

អាជ្ញាធរ​បាន​ដាក់​កម្លាំង​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រំលាយ​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ នៅ​គ្រប់​ខេត្ត​ទូទាំង​ប្រទេស ​ជា​ពិសេស​នៅ​តំបន់​សំខាន់ៗ រួម​មាន​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ភ្នំពេញ និង​នៅ​តាម​ទី​រួម​ខេត្ត​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។