តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រក​ឃើញ​ចំណុច​ដែល​វៀតណាម​រំលោភ​មក​កម្ពុជា​៧​កន្លែង

ដោយ សេក បណ្ឌិត
2015.06.27
ព្រំដែន កណ្ដាល ៦២០ តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ យុវជន និង​ព្រះសង្ឃ ចុះ​ពិនិត្យ​តំបន់​ព្រំដែន​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១៥ ដោយ​មាន​ក្រុម​សមត្ថកិច្ច​តាម​ឃ្លាំ​មើល។
RFA/Sek Bandith

អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​សកម្ម​ក្នុង​ការ​ឃ្លាំមើល​បញ្ហា​ព្រំដែន​បាន​អះអាង​ថា មក​ដល់​ពេល​នេះ គេ​រក​ឃើញ​ចំណុច​ជម្លោះ​ដែល​វៀតណាម រំលោភ​មក​ខាង​កម្ពុជា មាន​យ៉ាង​តិច ៧​កន្លែង តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ ស្រប​ពេល​គ្នា​នេះ​ដែរ បក្ស​ប្រឆាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​បញ្ហា​ព្រំដែន​នេះ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ​ឲ្យ​បាន​ឆាប់។

នៅ​សប្ដាហ៍​ក្រោយ​នេះ ក្រុម​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ផ្ញើ​លិខិត​ជា​ផ្លូវការ​ទៅ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​ស្នើ​ឲ្យ​លើក​យក​បញ្ហា​វៀតណាម រំលោភ​ព្រំដែន​កម្ពុជា ទៅ​តុលាការ​អន្តរជាតិ (ICJ)។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​ទី​១ នៃ​រដ្ឋ​សភា លោក កឹម សុខា ចាត់​ទុក​បញ្ហា​ព្រំដែន​គឺ​ជា​អាយុ​ជីវិត​ស្លាប់​រស់​របស់​ជាតិ។ លោក​សាទរ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​តាម​រយៈ​ការ​ចេញ​កំណត់​ទូត ក៏ប៉ុន្តែ​ការ​ចេញ​កំណត់​ទូត​នេះ មិន​ទាន់​គ្រប់គ្រាន់​ទេ​សំខាន់​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ​ដែល​មាន​តម្លៃ​ជា​សាកល ដើម្បី​ជំរុញ​ឲ្យ​វៀតណាម គោរព​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ប្រទេស​កម្ពុជា។

លោក កឹម សុខា៖ «យើង​លើក​ទឹក​ចិត្ត​ថា រដ្ឋាភិបាល​បាន​ធ្វើ​ហើយ ប៉ុន្តែ​កំណត់​ទូត​នេះ វា​មិន​បាន​ផ្លែផ្កា ទាល់​តែ​រដ្ឋាភិបាល​ចាប់​ប្រើប្រាស់​ផ្សេង​ទៀត ជាពិសេស​យន្តការ​អន្តរជាតិ នៅ​លើ​សន្ធិសញ្ញា​អន្តរជាតិ»

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៥ ខែ​មិថុនា របស់​ខ្លួន ដោយ​ទទូច​ឲ្យ​ក្រសួង​ការបរទេស កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​ឲ្យ​ភាគី​វៀតណាម ឆ្លើយ​តប​រឿង​កំណត់​ទូត។ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​ផែនទី​ដែល​ប្រើប្រាស់​សម្រាប់​ការ​បោះ​បង្គោល​ព្រំដែន និង​ស្នើ​ឲ្យ​រដ្ឋសភា​កោះ​ប្រជុំ​អនុម័ត​លុប​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។

ចំណែក​អ្នក​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប លោក អ៊ុំ សំអាន បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​សប្ដាហ៍​ទី​២ នៃ​ខែ​កក្កដា ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​លិខិត​មួយ​ទៀត​ទៅ​រដ្ឋាភិបាល​ស្នើ​សុំ​ផ្អាក​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន និង​សូម​បង្ហាញ​ឲ្យ​ច្បាស់​ពី​តំបន់​ណា​ដែល​ដី​កម្ពុជា លយ​ចូល​វៀតណាម ឬ​វៀតណាម លយ​ចូល​មក​កម្ពុជា ព្រម​ឲ្យ​បង្ហាញ​ឈ្មោះ​ភូមិ​ខ្មែរ​នៅ​តំបន់​ណា​ខ្លះ ឬ​ស្រុក​ខេត្ត​ណា​ខ្លះ​ដែល​ត្រូវ​កាត់​ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង និង​ភូមិ​វៀតណាម​ណា​ខ្លះ​ដែល​ត្រូវ​កាត់​ឲ្យ​មក​ខ្មែរ​វិញ​ជា​លក្ខណ​ដោះដូរ​ដើម្បី​សម្រួល​ខ្សែ​បន្ទាត់​ព្រំដែន​តាម​រូប​ភាពជា​ធ្មេញ​រណា មុន​នឹង​សម្រេច​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ​នោះ។

លោក អ៊ុំ សំអាន បន្ត​ថា ចំពោះ​ការ​សុំ​ផ្អាក​បោះ​បង្គោល​ព្រំដែន​បណ្ដោះអាសន្ន​នោះ គឺ​មាន​រយៈពេល​កំណត់​មួយ​ច្បាស់លាស់ ដើម្បី​ទុក​ពេល​ចរចា​ដោះស្រាយ​ជាមួយ​ភាគី​វៀតណាម ឲ្យ​បាន​ម៉ត់ចត់ និង​ត្រូវ​រៀបចំ​បង្កើត​គណៈកម្មការ​ព្រំដែន​ចម្រុះ​មួយ​ដែល​មាន​សមាសភាព​មក​ពី​គណបក្ស​ជាប់​ឆ្នោត​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​រួម​គ្នា​ធ្វើ​ការងារ​នេះ​ដោយ​តម្លាភាព។

លោក អ៊ុំ សំអាន៖ «ពេល​បង្កើត​គណៈកម្មការ​នេះ​បាន​ហើយ ពេល​នោះ​គឺ​អាច​បោះ​បង្គោល​ព្រំដែន​បាន​ហើយ បើ​បង្កើត​គណៈកម្មការ​នេះ​អត់​ចេញ​ទេ គឺ​សូម​ឲ្យ​រង់ចាំ​រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨ បើ​បោះ​ឥឡូវ​វា​ខាត គឺ​ត្រូវ​ចាំ​មាន​រយៈពេល​សមរម្យ​ដោះស្រាយ​រួច​ត្រឹមត្រូវ​ចាំ​បោះ​វា​មិន​យូរ​ប៉ុន្មាន​ទេ»

ឆ្លើយ​តប​នឹង​សំណើ​នេះ ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ​លោក វ៉ា គឹមហុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ថា លោក​មិន​អត្ថាធិប្បាយ​យ៉ាង​ណា​ទេ ដោយ​រង់ចាំ​ទទួល​បាន​លិខិត​ស្នើ​នោះ​ជា​ផ្លូវការ​សិន។ ប៉ុន្តែ​លោក​គិត​ថា សំណើ​ទាំង​នេះ​វា​ហួស​ពី​សមត្ថភាព​លោក ហើយ​វា​អាច​ជា​ការ​សម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល។ ចំណែក​ការ​ស្នើ​សុំ​ឲ្យ​ភាគី​វៀតណាម ឆ្លើយ​តប​តាម​កំណត់​ទូត​មក​កម្ពុជា វិញ ឲ្យ​បាន​លឿន ឬ​ត្រូវ​កំណត់​ឱសានវាទ​ទៅ​សម​ភាគី​របស់​ខ្លួន​យ៉ាង​ណា​នោះ​គឺ​មិន​អាច​ទៅ​រួច​ទេ។

លោក វ៉ា គឹមហុង ពន្យល់​ថា ការ​ស្នើ​បែប​នេះ គឺ​ខុស​នឹង​របៀប​របប​ការទូត៖ «ប្រទេស​ធំ​ណាៗ​ក៏​ដូច​តែ​គ្នា​ទេ គឺ​ទុក​ឲ្យ​គេ​ឆ្លើយ​តប​ទៅ​តាម​បែបបទ​ការទូត ហើយ​រឿង​ដែល​ចង់​ទៅ ICJ ឬ​អង្គការ​សហប្រជាជាតិ សូម​ឲ្យ​ពិចារណា​មែនទែន មិន​មែន​ដូច​ទៅ​ដើរ​លេង​ផ្សារ​ថ្មី​ទេ ទៅ​តុលាការ​ត្រូវ​មាន​ឯកសារ​ត្រឹមត្រូវ»

តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង អះអាង​ថា ការ​រំលោភ​បំពាន​គឺ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​តាម​បណ្តាយ​ព្រំដែន​កម្ពុជា-​វៀតណាម គឺ​មាន​នៅ​តំបន់​តន់ហន់ ខេត្ត​កំពត នៅ​ភ្នំដិន ខេត្ត​តាកែវ នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង នៅ​ភូមិ​អន្លង់ជ្រៃ ស្រុក​ពញាក្រែក ដែល​ជា​ភូមិ​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​ភូមិ​ឡំ ខេត្ត​រតនគិរី និង​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល ជាដើម។ ក្នុង​តំបន់​ទាំង​នេះ កន្លែង​ខ្លះ​បាន​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវ​ការ​រួច​ហើយ។

រាល់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​​នៅ​តាម​តំបន់​ទាំង​នេះ និង​តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង​ពុំ​ទាន់​មាន​លទ្ធផល​ណា​មួយ​ជា​ដុំ​កំភួន ឬ​បាន​ដី​ដែល​បាត់​មក​វិញ ឬ​ក៏​វៀតណាម ដក​ចេញ​ពី​ទីតាំង​ដែល​ពលរដ្ឋ​កម្ពុជា ចោទ​ថា វៀតណាម​កំពុង​រំលោភ​លើ​បូរណភាព​ដែនដី ភូមិឋាន​របស់​ពួកគាត់​នោះ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​បូរណភាព​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ទាំង​នោះ​ផង ហើយ​កាល​ពី​ថ្ងៃ​ទី​២៣ មិថុនា ក្នុង​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម លោក ឡេ ហ្វា ទ្រុង (Le Hoai Trung) រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ក៏​បាន​ក្រើនរំលឹក​រដ្ឋាភិបាល​វៀតណាម ជា​ថ្មី​ទៀត​អំពី​បញ្ហា​នេះ។ យ៉ាង​ណា​ក៏ដោយ រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​វៀតណាម មិន​ទាន់​បាន​ឆ្លើយ​តប​ផ្លូវ​ការ​ចំពោះ​កំណត់​ទូត​របស់​កម្ពុជា នៅ​ឡើយ​ទេ។ លោក ឡេ ហ្វា ទ្រុង ប្រាប់​លោក ហោ ណាំហុង ថា ថ្នាក់ដឹកនាំ​វៀតណាម កំពុង​រង់ចាំ​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​របស់​ពួកគេ​ជា​មុន​សិន។

យ៉ាង​ណា​ក៏ដោយ លោក វ៉ា គឹមហុង ឲ្យ​ដឹង​ថា គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា វៀតណាម គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​រយៈពេល​បី​ថ្ងៃ នៅ​ក្រុង​សៀមរាប នៅ​ដើម​ខែ​កក្កដា ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ពាក់ព័ន្ធ​នឹង​បញ្ហា​កំណត់​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ លោក​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​ព្រំដែន​នេះ​ឡើយ។

ទោះ​យ៉ាង​នេះ​ក្តី អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម លោក កែម ឡី បង្ហាញ​ថា ការ​ពឹង​ផ្អែក​លើ​រដ្ឋាភិបាល​កម្ពុជា អោយ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ដែល​មាន​ភាព​មិន​ប្រក្រតី​នោះ គឺ​មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​ការ​បណ្ដោយ​ឲ្យ​វៀតណាម ទន្ទ្រាន​វាទី​ទឹកដី​មក​លើ​កម្ពុជា គឺ​ជា​កំហុស​ឆ្គង​ធ្ងន់ធ្ងរ​របស់​រដ្ឋាភិបាល​ហើយ​កាន់​តែ​លង់ខ្លួន​ជ្រៅ​ទៅៗ។

លោក​ថ្លែង​បែប​នេះ ក្រោយ​ពី​លោក​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​មើល​ខ្សែបន្ទាត់​ព្រំដែន​នៅ​ច្រក​ជៀសឫស្សី ស្ថិត​ក្នុង​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង និង​នៅ​ច្រក​ទ្វារ​តំបន់​ស្វាយអាង៉ោង ស្ថិត​ក្នុង​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាប់​ព្រំដែន​វៀតណាម ជាមួយ​ព្រះសង្ឃ និង​យុវជន​ប្រមាណ ៥០​នាក់ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា។ អ្នក​ម្ចាស់​ស្រុក​បាន​ឲ្យ​ដឹង​ថា តំបន់​នេះ​កំពុង​មាន​ការ​រំលោភ​ព្រំដែន​ពី​វៀតណាម គួរ​ឲ្យ​ព្រួយបារម្ភ។

​លោក កែម ឡី បន្ត​ថា លោក​នឹង​សរសេរ​របាយការណ៍​បច្ចុប្បន្នភាព​មួយ​ស្ដីពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-​វៀតណាម ដោយ​ភ្ជាប់​ជាមួយ​ឯកសារ​ប្រវត្តិសាស្ត្រ​ផង ថ្វាយ​ជូន​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​ជ្រាប និង​ចូលរួម​ដោះស្រាយ​នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។