យោធា​ការពារ​ព្រំដែន​ថា​ឡាវ​បាន​បញ្ជូន​កងទ័ព​ដាក់​ពង្រាយ​តាម​ព្រំដែន​ជាច្រើន

ដោយ ម៉ែន សុធីរ
2017-08-31
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
កងទ័ព​ត្រឡប់​ពី​តំបន់​ព្រំដែន​កម្ពុជា-ឡាវ នៅ​ចំណុច​អូរ​អាឡៃ និង​អូរ​តាង៉ាវ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។
កងទ័ព​ត្រឡប់​ពី​តំបន់​ព្រំដែន​កម្ពុជា-ឡាវ នៅ​ចំណុច​អូរ​អាឡៃ និង​អូរ​តាង៉ាវ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Men Sothyr

មន្ត្រី​យោធា​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា អាជ្ញាធរ​ឡាវ បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​យ៉ាង​ច្រើន​ពង្រាយ​តាម​បន្ទាត់​ព្រំដែន​នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ពង្រឹង​កម្លាំង​ឈរ​ជើង​តាម​ព្រំដែន​កម្ពុជា-ឡាវ។ មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង អះអាង​ថា ឡាវ បញ្ជូន​កងទ័ព​ឈរ​ជើង​តាម​ព្រំដែន គឺ​ឋិត​ក្នុង​ដី​ឡាវ ទេ។

មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ សីហា ថា ប្រទេស​ទាំង​ពីរ​កំពុង​ពង្រឹង​កម្លាំង​ទ័ព​តាម​ព្រំដែន​រៀងៗ​ខ្លួន ក្រោយ​ពី​យោធា​ឡាវ បាន​ដក​ចេញ​ពី​ទឹកដី​កម្ពុជា នៅ​ចំណុច​អូរ​តាង៉ាវ និង​អូរ​អាឡៃ នៃ​ស្រុក​សៀមប៉ាង កាល​ពី​ថ្ងៃ​ទី​១២ ខែ​សីហា។

មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន មាន​ប្រសាសន៍​ថា កងទ័ព​កម្ពុជា បាន​ពង្រឹង​កម្លាំង​ឈរ​ជើង​នៅ​ចំណុច​សំខាន់ៗ​ដែល​ឡាវ ធ្លាប់​គ្រប់គ្រង​កន្លង​ទៅ​នៅ​ចំណុច​អូរ​អាឡៃ និង​អូរ​តាង៉ាវ និង​គ្រោង​បង្កើត​កង​ពល​តូច​អន្តរាគមន៍​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ។ លោក​បញ្ជាក់​ថា ការ​បញ្ជូន​កងទ័ព​តាម​ព្រំដែន​របស់​ឡាវ គឺ​ឋិត​ក្នុង​ទឹកដី​ឡាវ ទេ ដែល​មិន​ប៉ះពាល់​ដល់​អធិបតេយ្យភាព​ទឹកដី​របស់​កម្ពុជា ឡើយ ត្បិត​ខ្សែ​បន្ទាត់​ខណ្ឌ​ទឹកដី​ប្រទេស​ទាំង​ពីរ គឺ​បែងចែក​ដោយ​ទន្លេ​សេកុង។

លោក ស្វាយ ញ៉ន បន្ត​ថា ផុត​រដូវ​វស្សា​ឆ្នាំ​នេះ កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា នឹង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​ឡើង​វិញ ខណៈ​កន្លង​ទៅ ការ​អភិវឌ្ឍ​ផ្លូវ​នៅ​តំបន់​នោះ​មាន​ការ​រារាំង​ពី​យោធា​ឡាវ និង​បាន​កសាង​ស្ពាន​ឆ្ពោះ​ទៅ​កោះ​ឫស្សី​បាន​សម្រេច ៤០​ភាគរយ៖ «ក្នុង​ដី​របស់​យើង ឡាវ ដែល​ដក​ចេញ កន្លែង​ឡាវ កន្លង​មក​គ្រប់គ្រង​ទើប​ដក​ថ្ងៃ​ទី​១២ ឥឡូវ​ដាក់​ពង្រាយ​លើ​ដី​យើង​វិញ។ អត់​មាន​អី​ទេ ធម្មតា​ឡាវ ដាក់​ខាង​ឡាវ យើង​ដាក់​ខាង​យើង​ទៅ»

ក្រោយ​មួយ​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​ឱសានវាទ​មួយ​សប្ដាហ៍​ឲ្យ​កង​ទាហាន​ឡាវ ដក​ចេញ​ពី​ទឹកដី​កម្ពុជា នៅ​ចំណុច​អូរ​អាឡៃ និង​តំបន់​អូរ​តាង៉ាវ ឃុំ​សន្តិភាព ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង គឺ​ថ្ងៃ​ទី​១២ សីហា រដ្ឋាភិបាល​ឡាវ បាន​យល់ព្រម​សំណើ​នោះ បន្ទាប់​ពី​លោក​បាន​ទៅ​ចរចា​នៅ​ប្រទេស​ឡាវ។

ជុំវិញ​ស្ថានភាព​ព្រំដែន​ខែត្រ​ស្ទឹងត្រែង នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​លើក​ទឹក​ចិត្ត​គ្រួសារ​កងទ័ព​ដែល​ប្រចាំ​ការ​នៅ​តាម​ព្រំដែន ឬ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​កងទ័ព ក៏​ជា​ផ្នែក​មួយ​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការពារ​សន្តិសុខ​តាម​ព្រំដែន​ឲ្យ​ប្រសើរ​ដែរ។

លោក​យល់​ថា កងទ័ព​ការពារ​ព្រំដែន និង​កងទ័ព​ជើង​ទឹក ក្រៅ​ពី​ការពារ​អធិបតេយ្យភាព​ព្រំដែន ក៏​ត្រូវ​ទប់ស្កាត់​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ដែល​កងទ័ព​កម្ពុជា ចាំបាច់​ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​បន្ថែម​ពី​របៀប​បង្ក្រាប​គ្រឿង​ញៀន ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿង​ញៀន និង​សមត្ថកិច្ច​ពាក់ព័ន្ធ៖ «ការពិត​បណ្តា​ប្រទេស​មួយ​ចំនួន​ក៏​គេ​ប្រើ​កងទ័ព​ដើម្បី​បង្ក្រាប​គ្រឿង​ញៀន​ដែរ ចឹង​ក្រៅ​ពី​ការពារ​ទឹកដី ខ្ញុំ​គិត​ថា​ជំនាញ​ទប់ស្កាត់​គ្រឿង​ញៀន ឬ​ក៏​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន ក៏​ជា​ជម្រើស​មួយ​ដែល​ត្រូវ​តែ​ហ្វឹកហាត់​បន្ថែម»

រដ្ឋាភិបាល​គ្រោង​បង្កើត​កង​ពល​តូច​អន្តរាគមន៍​ថ្មី​មួយ “លេខ​១២៨” ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​១ និង​ដាក់​ទីតាំង​កងទ័ព​ជើង​ទឹក​ឲ្យ​ប្រចាំ​ការ​នៅ​ខែត្រ​ស្ទឹងត្រែង ដើម្បី​ពង្រឹង​កិច្ច​ការពារ​ជាតិ និង​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​ទិសដៅ​ពង្រឹង​កម្លាំង​ឈរ​ជើង​នៅ​ព្រំដែន ដើម្បី​ការពារ​ព្រំដែន​បង្ក្រាប​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស ជួញដូរ​អាវុធ និង​ការ​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន។ លោក​ថា ការ​រៀបចំ​កម្លាំង​ជើង​ទឹក​នៅ​តាម​ព្រំដែន ពុំ​មែន​ដើម្បី​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ជិត​ខាង​ទេ បំណង​រក្សា​សន្តិភាព និង​ការពារ​អធិបតេយ្យភាព ព្រម​ទាំង​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង៖ «ការ​រៀបចំ​ឲ្យ​មាន​កងទ័ព​ល្បាត​ដែល​ខ្មែរ​ហៅ​ថា​យោធា ឬ​ហៅ​ថា​កងទ័ព​ជើង​ទឹក​ហ្នឹង គឺ​ជា​ការ​ល្បាត​តែ​ប៉ុណ្ណោះ គឺ​យើង​អត់​មាន​ទិសដៅ​ពង្រឹង​កម្លាំង​ទ័ព​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នរណា​ទេ គឺ​គ្រាន់​តែ​ពង្រឹង​ការងារ​អនុវត្តន៍ ឬ​ការងារ​ព្រំដែន​តែ​ប៉ុណ្ណោះ»

ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ​ក្នុង​នោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បោះ​បង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា ចំណុច​ដែល​នៅ​សេសសល់​មិន​ទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល