សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​អះអាង​ថា​អាជ្ញាធរ​កំពុង​តាម​រក​ចាប់​ខ្លួន

ដោយ ម៉ៅ សុធានី
2015.08.24
អៀ ចាន់ណា អ៊ុំ សំអាន ៦២០ (ពី​ឆ្វេង) លោក អៀ ចាន់ណា សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី​០៣ ខែ​​កក្កដា ឆ្នាំ​២០១៥។
RFA

សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក អៀ ចាន់ណា ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​យប់​ថ្ងៃ​ទី​២៣ សីហា ពី​ប្រទេស​ន័រវេសន៍ (Norway) ថា អាជ្ញាធរ​កម្ពុជា កំពុង​តាម​រក​ចាប់​ខ្លួន​លោក​ពី​បទ​ចោទ​ថា លោក​បាន​ញុះញង់​ប្រជាពលរដ្ឋ​ខ្មែរ​ជុំវិញ​បញ្ហា​ផែនទី​កម្ពុជា-វៀតណាម ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​សម្រាប់​បោះ​បង្គោល​ខណ្ឌ​សីមា​ជាមួយ​ប្រទេស​វៀតណាម បច្ចុប្បន្ន។

លោក អៀ ចាន់ណា ថ្លែង​ថា «ការ​បញ្ជា​ហ្នឹង​យើង​ដឹង​ទាំងអស់​គ្នា គឺ ហ៊ុន សែន គាត់​ជា​អ្នក​បញ្ជា ហើយ​មន្ត្រី​រដ្ឋាភិបាល​ជា​អ្នក​រំឭក​ហើយ​រំឭក​ទៀត​ទៅ​ដល់​ស្ថាប័ន ឥឡូវ​ហ្នឹង​គឺ​ទាំង​ប៉ូលិស ទាំង​ទាហាន​គឺ​បាន​ប្រជុំ​គ្នា គឺ​ប៉ូលិស​នៅ​តាម​ខេត្ត​នានា​ហ្នឹង​គាត់​ចាប់​ផ្ដើម​ហៅ​គ្នា​មក​ប្រជុំ​ផ្សព្វផ្សាយ​នូវ​គោលការណ៍​របស់ លោក ហ៊ុន សែន ដែល​បាន​ដាក់​បញ្ជា​ថា អ្នក​ណា​ក៏ដោយ​ដែល​នៅ​តែ​បន្ត​និយាយ​ពី​បញ្ហា​ផែនទី​ហ្នឹង គឺ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​គេ​ចោទ​ថា​យើង​និយាយ​ញុះញង់​ប្រជាពលរដ្ឋ​ថា​ផែនទី​ហ្នឹង​ក្លែងក្លាយ ហើយ​ឃើញ​នៅ​កន្លែង​ណា​លើ​ទឹក​ដី​របស់​ពួក​គេ ចង់​ថា​ទឹក​ដី​របស់​ប៉ូលិស​ដែល​ឈរ​ជើង​នៅ​ប៉ុស្តិ៍​ណា​ក៏ដោយ នៅ​តំបន់​ណា​ក៏ដោយ គឺ​ឃើញ​ត្រូវ​ចាប់​ខ្លួន​ភ្លាម​ដោយ​ចោទ​ខ្ញុំ​ពី​បញ្ហា​ការ​ញុះញង់​ប្រជាពលរដ្ឋ​អំពី​រឿង​ផែនទី​របស់​រដ្ឋាភិបាល​ហ្នឹង»

លោក អៀ ចាន់ណា គូស​បញ្ជាក់​ថា លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​វៀតណាម ជាមួយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ជាពិសេស​បាន​ឃើញ និង​ជួប​សាកសួរ​ផ្ទាល់​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន ដែល​ត្អូញត្អែរ​អំពី​ការ​បាត់បង់​ដី​ស្រែ​ចម្ការ និង​ការ​រំលោភ​បំពាន​របស់​វៀតណាម មក​ក្នុង​ទឹក​ដី​ខ្មែរ៖ «រដ្ឋាភិបាល​កម្ពុជា ប៉ុនប៉ង​ចាប់​ខ្លួន​ខ្ញុំ​កាល​ពី​ឆ្នាំ​២០០៥ ម្ដង ពេល​នោះ​ខ្ញុំ​ក្នុង​នាម​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ផង​ដែរ បាន​ធ្វើ​ការ​តវ៉ា​ខ្លាំង​មែន​ទែន​ចំពោះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​រដ្ឋាភិបាល​ប៉ុនប៉ង​ធ្វើ​វា​ឲ្យ​បាន​សម្រេច ហើយ​ទីបំផុត​បាន​សម្រេច​ទៅ ពួក​ខ្ញុំ​ទាំងអស់​គ្នា​ប្រឆាំង ចឹង​គេ​ប៉ុនប៉ង​ចាប់​ខ្លួន​ខ្ញុំ​អី​អ៊ីចឹង​ទៅ បាន​ខ្ញុំ​រត់​ភៀស​ខ្លួន ក៏​អង្គការ​សហប្រជាជាតិ ជួយ​ជ្រោមជ្រែង​រហូត​បាន​មក​រស់នៅ​លើ​ទឹក​ដី​ន័រវេសន៍។ ឥឡូវ ១០​ឆ្នាំ​ក្រោយ​មក​ឆ្នាំ​២០១៥ គឺ​ផ្ទុះ​រឿង​ព្រំដែន​ទៀត ខ្ញុំ​បាន​ចូលរួម​ជាមួយ​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ហ្នឹង មាន លោក រៀល ខេមរិន្ទ្រ លោក អ៊ុំ សំអាន ទាំងអស់​ហ្នឹង​ចុះ​ទៅ​មើល​ព្រំដែន​នៅ​គ្រប់​កន្លែង​ទាំងអស់ ទាំង​ពី​ខេត្ត​កណ្ដាល ខេត្ត​ស្វាយរៀង ខេត្ត​ត្បូងឃ្មុំ ខេត្ត​រតនគិរី អី​ទាំងអស់​ហ្នឹង ឃើញ​ថា​ឃើញ​ពិត​ប្រាកដ​អំពី​ការ​រំលោភ​ដី​ខ្មែរ​ពី​សំណាក់​ប្រទេស​យួន ទឹក​ភ្នែក​ហូរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដូច្នេះ​ហើយ​យើង​ក៏​ធ្វើ​ការ​តស៊ូ​ប្រឆាំង​នឹង​ចំពោះ​ការ​រំលោភ​ឈ្លាន​ពាន​ទាំងអស់​ហ្នឹង»

ទាក់ទង​នឹង​ការ​តវ៉ា​រឿង​ព្រំដែន​នេះ សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក អៀ ចាន់ណា ឲ្យ​ដឹង​ថា លោក​នឹង​បន្ត​ការងារ​របស់​លោក​ជាមួយ លោក ស៊ាន ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ប្រទេស​បារាំង និង​ក្នុង​ពិភពលោក និង​សមាជិក​ផ្សេងៗ​ទៀត​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង។

ពាក់ព័ន្ធ​នឹង​ដំណឹង​ថា​មាន​ការ​តាម​រក​ចាប់​ខ្លួន​សមាជិក​សភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ្រ វិញ លោក​ក៏​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ពី​រដ្ឋ​វ៉ាស៊ីនតោន (Washington) ថា លោក​មិន​បាន​ដឹង​អំពី​បញ្ហា​នេះ​ទេ ពីព្រោះ​លោក​បាន​ចាកចេញ​ពី​កម្ពុជា មក​ជួប​ជាមួយ​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក តាំង​ពី​ចុង​ខែ​កក្កដា មក​ម៉េ្លះ៖ «មុន​នឹង​ពេល​ដែល​ខ្ញុំ​មក ខ្ញុំ​អត់​បាន​ទទួល​ព័ត៌មាន​អី​ទេ ហើយ​ខ្ញុំ​មក​បេសកកម្ម​ដោយ​មាន​ការ​អញ្ជើញ​ពី​បង​ប្អូន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ដែល​គាំទ្រ​ខ្ញុំ ហើយ​មក​ហ្នឹង​ខ្ញុំ​បាន​បង្ហោះ​ហ្វេសប៊ុក​ប្រាប់​បង​ប្អូន​នៅ​ក្នុង​ស្រុក​ខ្មែរ​ចំនួន​ពីរ​បី​ថ្ងៃ​មុន ថា​ខ្ញុំ​នឹង​ទៅ​បំពេញ​បេសកកម្ម​នៅ​សហរដ្ឋ​អាមេរិក ដោយ​ខ្ញុំ​បាន​បង្ហោះ​ជាមួយ​នឹង​លិខិត​អញ្ជើញ​ជា​ផ្លូវ​ការ​របស់​បង​ប្អូន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ដែល​បាន​អញ្ជើញ​ផង​ដែរ។ អ៊ីចឹង​ខ្ញុំ​មិន​បាន​ទទួល​ព័ត៌មាន​ថា​អ្នក​ណា​រក​ចាប់​រក​ចង​អី​ទេ។ ខ្ញុំ​នៅ​រហូត​ដល់​ពេល​ដែល​ខ្ញុំ​ចង់​ទៅ​វិញ ឬ​មាន​ការងារ​សភា​គេ​ប្រជុំ ឬ​មាន​ការងារ​សំខាន់​ដែល​ត្រូវ​ត្រឡប់​ទៅ​វិញ ព្រោះ​ឥឡូវ​ក៏​អត់​មាន​បញ្ហា​អី​សំខាន់​ដែរ ព្រោះ​សភា​វ៉ាកង ខ្ញុំ​នឹង​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ណា​ការងារ​នៅ​ស្រុក​ខ្មែរ​តម្រូវ​ការ​ឲ្យ​ខ្ញុំ​ទៅ ជាពិសេស​ក្នុង​ថ្នាក់​ដឹក​នាំ​គណបក្ស»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ២​រូប រួម​មាន លោក រៀល ខេមរិន្ទ្រ និង​លោក អ៊ុំ សំអាន សុទ្ធតែ​បដិសេធ​រៀងៗ​ខ្លួន​ថា ការ​ចាកចេញ​មក​សហរដ្ឋ​អាមេរិក នេះ មិន​មែន​ជា​ការ​ភៀស​ខ្លួន​ផ្នែក​នយោបាយ​នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា លោក ហ៊ុន សែន បាន​ចេញ​បទបញ្ជា​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ភ្លាមៗ​ចំពោះ​ក្រុម ឬ​បុគ្គល​ណា​ដែល​និយាយ​បំភ្លៃ​ថា រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ក្លែងក្លាយ​ក្នុង​ការងារ​បោះ​បង្គោល​ព្រំដែន។ ការ​ដាក់​បញ្ជា​នេះ គឺ​ស្រប​ពេល​ដែល លោក ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅ​ឲ្យ លោក សម រង្ស៊ី ព្រមាន​មិន​ឲ្យ លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង យក​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម ធ្វើ​ជា​ល្បែង​នយោបាយ​ត​ទៅ​ទៀត។

ការ​ដាក់​បញ្ជា​របស់ លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ផ្ទៀងផ្ទាត់​ផែនទី​របស់​ខ្លួន​ជាមួយ​ផែនទី​ចំនួន ១៨​ផ្ទាំង ដែល​រដ្ឋាភិបាល​បាន​ខ្ចី​ពី​អង្គការ​សហប្រជាជាតិ។ រដ្ឋាភិបាល​អះអាង​ថា ផែនទី​ខ្លួន គឺ​ដូច​ទៅ​នឹង​ផែនទី​របស់​អង្គការ​សហប្រជាជាតិ ដែរ។ យ៉ាង​ណា​ក៏ដោយ បក្ស​ប្រឆាំង​អះអាង​ថា ពួក​គេ​នៅ​តែ​ត្រូវ​ការ​ពេលវេលា​ដើម្បី​សិក្សា​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។