មន្ត្រី​អ.ស.ប.ស្នើ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មាន​ស្ថាប័ន​ឯករាជ្យ

ដោយ យន់ សាមៀន
2014.09.25
សុរិយា ស៊ូប៊ែឌី ៦១០ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នា​មុខ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៣។
RFA/Leng Maly

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​ផ្លាស់ប្ដូរ​នៅ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​កិច្ច​ការពារ​ផ្នែក​សិទ្ធិ​មនុស្ស  និង​ការ​ផ្ដល់​អភិបាលកិច្ច​ល្អ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

សេចក្ដី​ថ្លែងការណ៍​លោក សុរិយា ស៊ូប៊ែឌី ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៤ កញ្ញា សរសេរ​ថា ស្ថានភាព​កម្ពុជា មាន​ភាព​ប្រសើរ​ជាង ៥​ឆ្នាំ​មុន ប៉ុន្តែ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​ចាំបាច់​ត្រូវ​បង្កើត​ឲ្យ​មាន​រចនាសម្ព័ន្ធ​សម្រាប់​ការពារ​សិទ្ធិ​មនុស្ស ដើម្បី​អាច​ឈាន​ទៅ​ធ្វើ​កំណែទម្រង់​ប្រកប​ដោយ​ខ្លឹមសារ។

លោក​បន្ថែម​ទៀត​ថា ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០០៩ មក លោក​បាន​ធ្វើ​របាយការណ៍​ជា​ច្រើន​ស្ដីពី​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​រដ្ឋ​សភា កំណែ​ទម្រង់​បោះឆ្នោត និង​ដីធ្លី ដើម្បី​ជួយ​រដ្ឋាភិបាល​ធ្វើ​កំណែ​ទម្រង់​ក្នុង​ស្ថាប័ន​រដ្ឋ​សម្រាប់​ជួយ​ការពារ និង​លើក​តម្កើង​សិទ្ធិ​មនុស្ស។

សម្រាប់​របាយការណ៍​ក្រោយ​បង្អស់​របស់​លោក​ដែល​នឹង​ត្រូវ​ដាក់​ទៅ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ពេល​ខាង​មុខ​នេះ លោក សុរិយា ស៊ូប៊ែឌី បាន​ផ្ដោត​ទៅ​លើ​ស្ថាប័ន​ឯករាជ្យ​សម្រាប់​តាម​ដាន​ដំណើរការ​រដ្ឋាភិបាល ដែល​បច្ចុប្បន្ន​កម្ពុជា កំពុង​ខ្វះខាត​ស្ថាប័ន​ទាំង​នេះ។

លោក សុរិយា ស៊ូប៊ែឌី បន្ថែម​ទៀត​ថា អនុសាសន៍​សរុប​សំខាន់​បំផុត​សម្រាប់​អាណត្តិ​របស់​លោក​គឺ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ពិចារណា​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ក្លាយ​ជា​ស្ថាប័ន​ឯករាជ្យ​មួយ។ លោក​សង្ឃឹម​ថា ពេល​មាន​ស្ថាប័ន​គណបក្សប្រឆាំង​ឯករាជ្យ​នោះ ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន ដូចជា​ប្រព័ន្ធ​យុត្តិធម៌ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​រដ្ឋសភា នឹង​អាច​ចាប់​ផ្ដើម​ធ្វើ​កំណែ​ទម្រង់​បាន។

លោក​ថា ការ​ខ្វះខាត​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​អាច​ជា​ហេតុផល​មួយ​បណ្ដាល​ឲ្យ​កងកម្លាំង​រដ្ឋាភិបាល​អាច​ប្រើប្រាស់​កម្លាំង​បង្ក្រាប​បាតុករ​អហិង្សា​សា​ជា​ថ្មី​ទៀត ហើយ​បញ្ជី​នៃ​អំពើ​និទ្ទណ្ឌភាព​នឹង​កើន​ឡើង​មិន​ចេះ​ចប់។

​លោក ឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មន្ត្រី​នាំ​ពាក្យ​រដ្ឋសភា​មាន​ប្រសាសន៍​ថា គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​សិក្សា​ច្បាប់ ដើម្បី​ផ្ដល់​ថវិកា​ទៅ​ដល់​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​សន្លឹក​ឆ្នោត។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក​បញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យ​មិន​ធ្លាក់​ពី​លើ​មេឃ​ទេ វា​ទាមទារ​ពេល​វេលា​យូរ​ដើម្បី​បង្កើត​សមត្ថភាព​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ពី​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។

​លោក សុរិយា ស៊ូប៊ែឌី ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​តាមដាន​ត្រួតពិនិត្យ​លើ​ស្ថានភាព​ប្រទេស​កម្ពុជា និង​ជួយ​តម្រង់​ទិស​រដ្ឋាភិបាល​ឲ្យ​ដើរ​លើ​ផ្លូវ​ត្រូវ​សម្រាប់​ការពារ​សិទ្ធិ​មនុស្ស។

លោក សុរិយា ស៊ូប៊ែឌី នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា ម្តង​ទៀត​នៅ​ខែ​មករា ឆ្នាំ​២០១៥ ដើម្បី​បន្ត​បេសកកម្ម​ស្វែង​រក​ការ​ពិត។  លោក​នឹង​បញ្ចប់​អាណត្តិ នៅ​ខែ​មីនា ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។