អ្នក​ឃ្លាំមើល​បារម្ភ​អំពី​ហានិភ័យ​សេដ្ឋកិច្ច​ប្រសិន​ទំនាក់ទំនង​​កម្ពុជា-​អាមេរិក​ត្រូវ​បាត់បង់

ដោយ តាំង សារ៉ាដា
2017.09.01
កម្មករ កាត់ដេរ ៨៥៥ ២០១៤ ៥-មិថុនា-២០១៤៖ សកម្មភាព​របស់​កម្មករ​រោងចក្រ​កាត់ដេរ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (Manhattan SEZ) នា​ខេត្ត​ស្វាយរៀង។
Photo: RFA

អ្នកឃ្លាំមើល​ខាង​កិច្ចការ​បរទេស​បាន​វាយ​តម្លៃ​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​មហា​អំណាច​អាមេរិក កំពុង​មាន​ភាព​រង្គោះរង្គើ​នេះ អាច​ដោយសារ​បញ្ហា​នយោបាយ​ផ្ទៃក្នុង និង​បញ្ហា​សេដ្ឋកិច្ច​របស់​កម្ពុជា ទៅ​ទីផ្សារ​អន្តរជាតិ​ជាដើម។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ស្ថានការណ៍​នយោបាយ​ចុង​ក្រោយ​នេះ​គឺ​ជា​ដំណើរការ​អនុវត្តន៍​ច្បាប់​តែប៉ុណ្ណោះ។

អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ផ្នែក​កិច្ចការ​បរទេស លោក ឡុង គឹមឃន បាន​វិភាគ​ថា វិបត្តិ​ទំនាក់ទំនង​កិច្ចការ​បរទេស​រវាង​កម្ពុជា និង​អាមេរិក អាច​ជា​ការ​បង្ហាញ​សាច់ដុំ​របស់​កម្ពុជា ដើម្បី​ស្វែង​រក​ការ​ចរចា​ជាមួយ​ប្រទេស​លោក​ខាង​លិច ឬ​សហគមន៍ អឺរ៉ុប​ដែល​ចង់​លុប​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​ផលិតផល​សំលៀកបំពាក់​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ខណៈ​កម្ពុជា បាន​ឈាន​ចូល​ដល់​លំដាប់​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប។

លោក ឡុង គឹមឃន បន្ត​ថា បញ្ហា​មួយ​ទៀត គឺ​បញ្ហា​នយោបាយ​ផ្ទៃក្នុង ខណៈ​រដ្ឋាភិបាល​កម្ពុជា មាន​មន្ទិលសង្ស័យ​ច្រើន​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ថា ជា​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក៖ «ចង់ ឬ​មិន​ចង់ យើង​ត្រូវ​ទទួល​ស្គាល់​ការពិត​ថា ប្រទេស​មួយ​និង​មួយ ជាពិសេស​រវាង​ប្រទេស​ធំ និង​ប្រទេស​តូច គឺ​គេ​តែង​មាន​ភ្នាក់ងារ​ចារកម្ម ឬ​ភ្នាក់ងារ​សម្ងាត់​របស់​គេ​គ្រប់​តែ​ប្រទេស​ហ្នឹង គ្មាន​ប្រទេស​ណា​មួយ​ដែល​អត់​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​តើ​យើង​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស ហ្នឹង​ឯង​អាច​គ្រប់គ្រង​នយោបាយ​សន្តិសុខ​ជាតិ​របស់​ខ្លួន​បាន​ល្អ​ប៉ុណ្ណា​នោះ»

បញ្ហា​ទំនាក់ទំនង​កិច្ចការ​បរទេស​រវាង​កម្ពុជា និង​អាមេរិក ហាក់​មាន​ភាព​មិន​ចុះសម្រុង​គ្នា​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ​ក្រោយ​ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump) បដិសេធ​លុប​បំណុល​ដែល​កម្ពុជា កំពុង​ជំពាក់​ទាំង​ការ​ទាំង​ដើម​ចំនួន​ជាង ៥០០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៦។

បន្ទាប់​មក​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​សម្រេច​លុប​ចោល​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​អាមេរិក។ ក្រោយ​មក​ទៀត លោក ហ៊ុន សែន ពិចារណា​ឲ្យ​ចៅប្រុស​របស់​គាត់​បោះបង់​សញ្ជាតិ​អាមេរិកាំង​ចោល ដោយ​ខ្លាច​ពី​កាតព្វកិច្ច​ចូល​បម្រើ​កង​ទ័ព​នៅ​ពេល​អនាគត។ លើស​ពី​នេះ​ទៅ​ទៀត រដ្ឋាភិបាល​កម្ពុជា បាន​ឈាន​ទៅ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) របស់​អាមេរិក បិទ​ស្ថាប័ន​វិទ្យុ​ជិត ២០​ស្ថានីយ ដែល​ផ្សាយ​បន្ត​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ថែម​ទៀត។

ភាព​ចម្រូងចម្រាស​នេះ​បាន​រញ្ជួយ​ដល់​សភា​សហរដ្ឋអាមេរិក។ ប្រធាន​គណៈកម្មាធិការ​ខាង​កិច្ចការ​បរទេស​របស់​សភា​សហរដ្ឋអាមេរិក លោក អេដ រ៉យ (Ed Royce) កាល​ពី​សប្ដាហ៍​មុន​បាន​ហៅ​របប​ដឹក​នាំ​របស់​លោក ហ៊ុន សែន ថា ជា​របប​ព្រៃផ្សៃ​ដែល​កំពុង​សំដៅ​រក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ដែល​នៅ​សេសសល់​តិចតួច និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​វិស័យ​លើកស្ទួយ​តម្លៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក អេដ រ៉យ អំពាវនាវ​ឲ្យ​សហរដ្ឋអាមេរិក គាំទ្រ​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​នាំ​ប្រទេស​ធ្លាក់​ទៅ​របប​ផ្ដាច់ការ។

ភ្លាមៗ​ក្រោយ​មក រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ បាន​ចេញ​លិខិត​ចំហ​មួយ​វាយ​ប្រហារ​ធ្ងន់ៗ​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន (Washington) ដោយ​ចោទ​ប្រកាន់​ថា កំពុង​ធ្វើ​នយោបាយ​ស្មោកគ្រោក និង​ព្រៃផ្សៃ​ក្នុង​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ ក្នុង​លិខិត​ចំហ​នេះ​បន្ត​ថា កម្ពុជា​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​យល់​ដឹង​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​នេះ ហើយ​សហរដ្ឋអាមេរិក មិន​ចាំបាច់​មក​បង្គាប់​បញ្ជា​ពួកគេ​ថា ត្រូវ​ធ្វើ​អ្វី​នោះ​ទេ។

អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​ការ​បរទេស និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន ចូលរួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦។
អ្នក​ស្រាវជ្រាវ​ផ្នែក​នយោបាយ​ការ​បរទេស និង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ លោក ឡុង គឹមឃន ចូលរួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ស្រាវជ្រាវ​ខាង​កិច្ចការ​បរទេស លោក ឡុង គឹមឃន ព្រមាន​ថា ប្រសិនបើ​វិបត្តិ​ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នៅ​បន្ត​កើត​មាន​ទៀត​នោះ កម្ពុជា​នឹង​ជួប​ហានិភ័យ​ខាង​ផ្នែក​ពាណិជ្ជកម្ម​របស់​ខ្លួន​ធ្ងន់ធ្ងរ៖ «ឥឡូវ​បើ​ស្រាប់តែ​គេ​បិទ​ទីផ្សារ​របស់​គេ​មិន​អោយ​យើង​នាំ​ចូល​សំលៀកបំពាក់​តែម្ដង កុំ​ថា​ឡើយ​លុប​ចោល​នូវ​កូតា​ក្នុង​ការ​នាំ​ចេញ​សំលៀក​បំពាក់​ដោយ​មិន​បង់ពន្ធ។ បើ​គេ​បិទ​ទីផ្សារ​ហ្នឹង​ចោល​យើង​ប៉ះពាល់​ធ្ងន់ ហើយ​យើង​ដំណាំ​កសិកម្ម​មួយ​ចំនួន​មិន​អាច​បង្វែរ​នាំ​ទៅ​ចិន បាន​ទេ ពីព្រោះ​មែន​ទែន​ទៅ កសិកម្ម​នៅ​ចិន ឯ​ណោះ​គេ​សល់​ផលិតផល​កសិផល​សម្បើម​លើសលប់ ហើយ​ចិន រក​តែ​កន្លែង​លក់​ចេញ​មិន​បាន​ផង។ នៅ​ជប៉ុន ក៏​ដូច​គ្នា ហើយ​យើង​ក៏​មិន​អាច​នាំ​ផលិតផល​កសិកម្ម​យើង​ទៅ​លក់​នៅ​ថៃ ឬ​នៅ​វៀតណាម អី​ទេ ពីព្រោះ​ផលិតផល​កសិកម្ម​គេ​វា​ច្រើន​សម្បើម​លើសលប់​ដល់​ថ្នាក់​យក​ចាក់​គរ​ក្នុង​ស្រុក​ខ្មែរ​នេះ​ឯង»

ការ​នាំ​ចេញ​លំលៀក​បំពាក់​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​កម្ពុជា ដ៏​ធំ។ រហូត​មក​ទល់​ពេល​នេះ យ៉ាង​ហោច​ណាស់​មាន​កម្មករ​ជាង ១,១​លាន​នាក់ ហើយ​មាន​រោងចក្រ​ជាង ១.៦០០ កំពុង​ដំណើរការ​ក្នុង​ប្រទេស។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក កម្ពុជា​បាន​នាំ​ចេញ​សំលៀកបំពាក់​ដែល​មាន​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក ដោយសារ​មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សំលៀកបំពាក់។ ប៉ុន្តែ​កម្ពុជា ក៏​កំពុង​ស្វែងរក​ការ​អនុគ្រោះ​ពន្ធ​នាំ​ផលិតផល​ស្បែក​ជើង​ទៅ​លក់​ក្នុង​ប្រទេស​លោក​ខាង​លិច​នេះ​ទៀត។

ប៉ុន្តែ​លោក កាំង ម៉ូនីកា ដែល​ជា​អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​បាន​ប្រាប់​សមាគម​ពិព័រណ៍​ឧស្សាហកម្ម​កាត់​ដេរ និង​វាយនភណ្ឌ​កម្ពុជា កាល​ពី​ខែ​កក្កដា ថា ក្រុមហ៊ុន​កាត់​ដេរ​សំលៀកបំពាក់ ស្បែកជើង និង​រដ្ឋាភិបាល​កម្ពុជា បាន​ព្យាយាម​ស្នើ​សុំ​សហរដ្ឋអាមេរិក អនុគ្រោះ​ពន្ធ​នាំ​ចេញ​ផលិតផល​ស្បែកជើង​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក ខណៈ​អាមេរិក នឹង​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន​ឡើង​វិញ។ លោក​បន្ត​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៤ មក សហរដ្ឋអាមេរិក​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ខាង​ផ្នែក​សំលៀកបំពាក់​ប៉ុណ្ណោះ ដល់​បណ្ដា​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ក្នុង​ពិភពលោក រួម​ទាំង​កម្ពុជា ហើយ​សហរដ្ឋអាមេរិក នឹង​ពិចារណា​ក្នុង​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​លើ​ផលិតផល​ស្បែក​ជើង​ថែម​ទៀត។ លោក​បន្ត​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតុន ពិចារណា​ក្នុង​ការ​អនុគ្រោះ​ពន្ធ​ផលិតផល​ស្បែក​ជើង​ដល់​កម្ពុជា​ដែរ។

ប្រធាន​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​ធ្វើទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​ស្ថាប័ន​មួយ​ចំនួន​របស់​អាមេរិក ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ អាច​ជា​ល្បិច​យក​លេស​ដេញ​ស្ថាប័ន​ទាំង​នោះ​ជា​ថ្នូរ​នឹង​ការ​ចរចា​សុំ​ឲ្យ​អាមេរិក អនុគ្រោះ​ពន្ធ​ខាង​ផលិតផល​ស្បែក​ជើង។ លោក​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ប្រើ​យុទ្ធសាស្ត្រ​បែប​នេះ​មែន ហើយ​បរាជ័យ​នោះ វា​គឺ​ជា​គ្រោះ​មហន្តរាយ​ផ្នែក​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​កម្ពុជា៖ «អាច​ជា​យុទ្ធសាស្ត្រ​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ចង់​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ដោយ​យក​លេស​ថា ប្រសិនបើ​ចង់​អោយ​កម្ពុជា វិល​ទៅ​រក​សភាពការណ៍​ដូចដើម​វិញ គឺ​អាមេរិក អាច​ផ្ដល់​នូវ​ការ៉ុត​មួយ គឺ​ការ៉ុត​នៃ​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ខាង​ផ្នែក​ស្បែក​ជើង​នេះ​ឯង។ ប្រសិនបើ​យើង​យក​យុទ្ធសាស្ត្រ​ហ្នឹង​ទៅ​ប្រើ​ជាមួយ​អាមេរិក ហើយ​អាមេរិក គេ​មិន​អើពើ​វា​ជា​បរាជ័យ​ធ្ងន់ធ្ងរ ហើយ​នាំ​មក​នូវ​គ្រោះថ្នាក់​ដ៏​ធំ»

អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ព្រមាន​ថា កម្ពុជា​នឹង​ជួប​ភាព​ចលាចល​ក្នុង​ប្រទេស​ប្រសិនបើ​សហរដ្ឋអាមេរិក ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំចូល​សំលៀកបំពាក់​ទៅ​លក់​នៅ​អាមេរិក។

​លោក​បន្ត​ថា ប្រសិនបើ​រោងចក្រ​ទាំង​ឡាយ​នៅ​កម្ពុជា ត្រូវ​បាន​បិទ​ទ្វារ​លែង​ដំណើរការ នោះ​កម្មករ​ជាង​មួយ​លាន​នាក់​នឹង​គ្មាន​ការងារ​ធ្វើ ពេល​នោះ​សេដ្ឋកិច្ច​របស់​ប្រទេស​នឹង​ស្រុត​ចុះ​ជា​ខ្លាំង ហើយ​បើ​ទោះ​បី​រដ្ឋាភិបាល​យក​ខ្ទង់​ចំណូល​ពី​ការ​លក់​ធនធាន​ធម្មជាតិ​ក៏​មិន​អាច​ទប់ទល់​ទៅ​រួច​ដែរ៖ «រាល់​ថ្ងៃ​ហ្នឹង​យើង​លក់​កេរ្តិ៍​ស៊ី​ទេ។ ប្រទេស​កម្ពុជា គ្មាន​ចំណូល​អី​ជា​ដុំកំភួន​ទេ។ សូម្បី​កម្លាំង​ពលកម្ម​របស់​យើង​ក៏​ចេញ​ទៅ​ក្រៅ​ប្រទេស​អស់​ដែរ។ ដូច្នេះ​យើង​អត់​មាន​អី​ដែល​ជា​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍន៍​ជាតិ​ទេ ហើយ​បើ​យើង​កេរ្តិ៍​ជិត​អស់​ហើយ ហើយ​យើង​នាំ​គ្នា​ទៅ​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​អាមេរិក​ទៀត អា​ហ្នឹង​វា​អត់​ល្អ​ប៉ុន្មាន​វា​នឹង​ជួប​ហានិភ័យ​ខ្លាំង​ណាស់»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រានចោល​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​បន្ត​ថា កម្ពុជា​គ្មាន​បំណង​ណា​មួយ​ធ្វើ​ខូច​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ទេ៖ «ហេតុ​ដូច្នេះ​ហើយ​ខ្ញុំ​យល់​ថា អាមេរិក​ដែល​ជា​ប្រទេស​មហា​អំណាច​កម្ពុជា អត់​មាន​ចង់​រត់​ប្រណាំង​សព្វាវុធ​អី​ជាមួយ​អាមេរិក​ទេ។ ហេតុ​ដូច្នេះ​ហើយ​គ្មាន​លក្ខណៈ​ណា​មួយ​ដែល​ចោទ​ថា អាមេរិក​ហ្នឹង​ចង់​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​សំលៀកបំពាក់ កាត់​ដេរ ឬ​ស្បែកជើង​របស់​កម្ពុជា នោះ​ទេ។ អា​នេះ​វា​គ្រាន់​តែ​ជា​បន្លាច​ស្មារតី​របស់​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ»

​ប៉ុន្តែ​កាល​​ពីដើម​សប្ដាហ៍​នេះ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក បំពេញ​កាតព្វកិច្ច​អនុវត្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំង​ស្រុង​ឲ្យ​បាន​យ៉ាងតិច ៩៧% ក្នុង​លក្ខខណ្ឌ​ពន្ធគយ​សេរី ឬ​កូតា​សេរី​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។ គិត​មក​ត្រឹម​ឆ្នាំ​២០១៧ នេះ​សហរដ្ឋអាមេរិក បាន​ផ្ដល់​នូវ​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា បាន​ត្រឹមតែ ៨២,៦% ប៉ុណ្ណោះ។ ភាគី​អាមេរិក បាន​ស្នើ​ឲ្យ​កម្ពុជា ពិនិត្យ​ឡើង​វិញ​នូវ​មុខ​ទំនិញ​ដែល​ខ្លួន​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក និង​ស្នើ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម ចូលរួម​ពិនិត្យ​បន្ថែម​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ដោះស្រាយ​វាទ។

ទោះបីជា​មាន​ការ​វិភាគ​ជា​ច្រើន​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល​កម្ពុជា មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​អាមេរិក និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ដើម្បី​ដោះដូរ​ទៅ​នឹង​ការ​ចរចា​ស្វែង​រក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ផលិត​ស្បែក​ជើង​ទៅ​លក់​នៅ​ទីផ្សារ​អាមេរិក ក៏ដោយ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) យល់​ផ្ទុយ​ទៅ​វិញ។

លោក​ថា យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គឺ​ជា​ការ​ប្រឹងប្រែង​យក​ឈ្នះ​លើ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ ខាង​មុខ ខណៈ​គណបក្ស​មួយ​នេះ​បាន​បាត់​អាសនៈ​របស់​ខ្លួន​ជា​ច្រើន​កាល​ពី​ឆ្នាំ​២០១៣ និង​ការ​បាត់បង់​តំណែង​មេ​ឃុំ និង​ចៅសង្កាត់​រាប់​រយ​អាសនៈ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៧។

លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា ការ​ខក​ចិត្ត​របស់​លោក ហ៊ុន សែន ចំពោះ​លទ្ធផល​ឆ្នោត​ទាំង​នេះ​ហើយ បាន​ជំរុញ​ឲ្យ​លោក​ធ្វើ​ការ​កែប្រែ​ច្បាប់​បោះឆ្នោត​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​បំណង​រំលាយ​គណបក្ស​ប្រឆាំង៖ «នៅ​ចុង​ឆ្នាំ​២០១៧ និង​២០១៨ នេះ​យើង​ឃើញ​កម្ពុជា កំពុង​សំដៅ​ទៅ​រក​របប​ផ្ដាច់ការ​ដែល​ដឹកនាំ​ដោយ​គណបក្ស​តែមួយ​យ៉ាង​ពិត​ប្រាកដ។ លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​ដោយ​គ្មាន​តុល្យភាព​អំណាច។ យើង​ឃើញ​មាន​ការ​រឹតត្បិត និង​ការ​បំភិតបំភ័យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​តាម​រយៈ​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​ជាដើម។ លោក ហ៊ុន សែន នឹង​បន្ត​ធ្វើ​ដូច្នេះ​ទៀត​រហូត​ដល់​អាច​បណ្ដេញ​អង្គការ​ទាំង​អស់​នោះ​ចេញ​ប្រទេស​បាន​ទាំង​ស្រុង​តែម្ដង ប្រសិន​គ្មាន​សហគមន៍​អន្តរជាតិ​ក្រោកឈរ​តតាំង​នឹង​ទង្វើ​ទាំង​នេះ»

​ចំណែក​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ វិញ​ថ្លែង​ថា ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​សហរដ្ឋអាមេរិក មិន​សូវ​ល្អ​ជាមួយគ្នា​ជា​យូរ​មក​ហើយ ដោយសារ​តែ​សហរដ្ឋអាមេរិក ទាមទារ​ឲ្យ​កម្ពុជា គោរព​សិទ្ធិមនុស្ស និង​បើក​ឲ្យ​មាន​លំហ​សេរីភាព​ផ្នែក​នយោបាយ​ដល់​ពលរដ្ឋ​របស់​ខ្លួន។ ​លោក​បន្ត​ថា ក្រៅ​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​នោះ  ជាក់ស្ដែង​គេ​ក៏​ឃើញ​មាន​អ្នក​ទោស​មនសិការ​ប្រមាណ ២០​នាក់​ដែល​សុទ្ធសឹងតែ​ជា​សកម្មជន​តំណាងរាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​យ៉ាង​វេទនា។

លើស​ពី​នេះ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​យ៉ាង​មាន​ប្រសិទ្ធភាព​ចាត់ការ​ទៅ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ឲ្យ​ឃ្លាតឆ្ងាយ​ពី​ការ​ចូល​រួម​ប្រឡូក​នយោបាយ​នៅ​ក្នុង​ប្រទេស ថែម​ទៀត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​កម្ពុជា មិន​មាន​ឈ្មោះ​ល្អ​ក្នុង​ឆាក​អន្តរជាតិ ហើយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​កម្ពុជា ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី​មិន​សូវ​មាន​ភាព​រលូន​ដែល​នាំ​ឲ្យ​ប្រជាជាតិ​មួយ​នេះ ខាតបង់​ផល​ប្រយោជន៍​នៃ​ឱកាស​សេដ្ឋកិច្ច​សំខាន់ៗ​ជាច្រើន។

ស្ថានទូត​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ថា សហរដ្ឋអាមេរិក​រៀបចំ​គម្រោង​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ មន្ត្រី​ស្ថានទូត​អាមេរិក បញ្ជាក់​ថា កម្មវិធី​របស់​សហរដ្ឋអាមេរិក នៅ​កម្ពុជា គឺ​មាន​គោលដៅ​ក្នុង​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ការ​ផ្ដល់​ឱកាស​ដល់​ពលរដ្ឋ​គ្រប់ៗ​គ្នា។

ស្ថានទូត​ក៏​បាន​ចោទ​ជា​សំណួរ​ចំពោះ​ការ​បិទ​អង្គការ​អន្តរជាតិ​អាមេរិក នៅ​កម្ពុជា ថា​តើ​កម្ពុជា មាន​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ដែរ ឬ​ទេ? កម្ពុជា​ជា​អ្នក​សម្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។