យោធា​កម្ពុជា​ថា​យោធា​ឡាវ​នៅ​តែ​បន្ត​ឈរ​ជើង​លើ​ដី​ខ្មែរ​នៅ​កោះ​ឫស្សី​ខេត្ត​ស្ទឹងត្រែង

យោធា​ការពារ​ព្រំដែន​កម្ពុជា នៅ​ខែត្រ​ស្ទឹងត្រែង អះអាង​ថា យោធា​ឡាវ នៅ​តែ​បន្ត​ឈរ​ជើង​លើ​ទឹក​ដី​ខ្មែរ​នៅ​កោះ​ឫស្សី​ដដែល ពុំ​មាន​អ្វី​ប្រែប្រួល​ទេ បំណង​រារាំង​កង​កម្លាំង​វិស្វកម្ម​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​នៅ​តំបន់​នោះ និង​ចង់​គ្រប់គ្រង​ទីនោះ។

យោធា​របស់​កម្ពុជា ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo Provided

យោធា​ការពារ​ព្រំដែន​កម្ពុជា នៅ​ខែត្រ​ស្ទឹងត្រែង អះអាង​ថា យោធា​ឡាវ នៅ​តែ​បន្ត​ឈរ​ជើង​លើ​ទឹក​ដី​ខ្មែរ​នៅ​កោះ​ឫស្សី​ដដែល ពុំ​មាន​អ្វី​ប្រែប្រួល​ទេ បំណង​រារាំង​កង​កម្លាំង​វិស្វកម្ម​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​នៅ​តំបន់​នោះ និង​ចង់​គ្រប់គ្រង​ទីនោះ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ ដោយ​អះអាង​ថា ក្រសួង​សាមី​មិន​ទាន់​ឃើញ​របាយការណ៍​ស្ដីពី​ការ​ឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា ដោយ​យោធា​ឡាវ នោះ​ទេ។

បើ​ទោះ​បី​ជា​មាន​ការ​អះអាង​ពី​មន្ត្រី​យោធា​ការពារ​ព្រំដែន​កម្ពុជា នៅ​ខែត្រ​ស្ទឹងត្រែង ថា​យោធា​ឡាវ បាន​បញ្ជូន​កម្លាំង​ប្រដាប់​អាវុធ​ឈរ​ជើង​លើ​ទឹក​ដី​ខ្មែរ​នៅ​ចំណុច​កោះ​ឫស្សី និង​បាន​ជីក​លេណដ្ឋាន​នៅ​តំបន់​នោះ​ជាង​មួយ​ខែ​មក​ហើយ​ក្តី ក៏ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ បាន​ទាត់​ចោល​ការ​លើក​ឡើង​នេះ។

យោធា​ការពារ​ព្រំដែន​ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង អះអាង​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ភាគី​ប្រទេស​ទាំង​ពីរ មិន​អាច​ឈាន​ដល់​ផ្ទុះ​អាវុធ​នោះ​ទេ ក៏ប៉ុន្តែ​ភាគី​ឡាវ កំពុង​បំពាន​អធិបតេយ្យភាព​របស់​កម្ពុជា ទាំងស្រុង ដោយ​បាន​ជីក​លេណដ្ឋាន​ច្រើន​ទីតាំង​នៅ​តំបន់​នោះ និង​ដាក់​កម្លាំង​ទ័ព​ឈរ​ជើង​ឡោម​ព័ទ្ធ​ទីស្នាក់ការ​យោធា​របស់​កម្ពុជា ហើយ​ចំណុច​ដែល​ឡាវ ឈ្លានពាន​នោះ ឆ្ងាយ​ពី​អ័ក្ស​ព្រំដែន​នៃ​ទន្លេ​សេកុង​ច្រើន​គីឡូម៉ែត្រ។

លោក​អះអាង​ថា គោល​បំណង​ដែល​ឡាវ ចង់​គ្រប់គ្រង​កោះ​ឫស្សី ដោយសារ​សក្ដានុពល​ទីនោះ​សម្បូរ​រ៉ែ​មាស និង​រ៉ែ​ត្បូង​ធម្មជាតិ​មាន​តម្លៃ។ លោក​បញ្ជាក់​ថា កោះ​ឫស្សី​ឋិត​ក្នុង​ទន្លេ​សេកុង នៃ​ស្រុក​សៀមប៉ាង គឺ​ជា​ទឹក​ដី​របស់​ខ្មែរ​ដែល​យោធា​របស់​កម្ពុជា គ្រោង​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ និង​បាន​កសាង​ស្ពាន​ឆ្លង​ទៅ​កោះ​នោះ​សម្រេច​បាន​ប្រហែល ៣០​ភាគរយ​ហើយ។

អាជ្ញាធរ​ឡាវ បាន​បញ្ជូន​កង​កម្លាំង​យោធា​ប្រដាប់​ដោយ​អាវុធ​មក​រារាំង​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា ជា​ថ្មី​ទៀត​ឲ្យ​ផ្អាក​ការ​ស្ថាបនា​ផ្លូវ​តាម​បណ្ដោយ​ព្រំដែន​នៅ​ចំណុច​អូរ​តាងាវ និង​អូរ​អាល័យ លើ​កោះ​ឫស្សី នៃ​ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង កាល​ពី​ចុង​ខែ​មីនា ឆ្នាំ​២០១៧ ដោយ​លើក​ហេតុផល​ថា តំបន់​នោះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព​គ្នា​ជា​ផ្លូវការ ដើម្បី​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត បដិសេធ​ថា ពុំ​មាន​ការ​ជីក​លេណដ្ឋាន និង​បញ្ជូន​កម្លាំង​ទ័ព​ចូល​ដី​ខ្មែរ​ដោយ​យោធា​ឡាវ នោះ​ទេ ហើយ​ការ​វាស់វែង​បច្ចេកទេស​ព្រំដែន គឺ​ជា​កាតព្វកិច្ច​របស់​គណៈកម្មការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ ចំណែក​យោធា​កម្ពុជា កំពុង​រង់ចាំ​តែ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដោះស្រាយ​បញ្ហា​នេះ។

លោក​បញ្ជាក់​ថា ការ​ស្ថាបនា​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​យោធា​ឡាវ ធ្លាប់​រារាំង​កន្លង​ទៅ អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដោះស្រាយ​រួច​រាល់​ហើយ៖ «មក​ដល់ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រួត​ពិនិត្យ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ឡាវ ហើយ​គឺ​ពុំ​មាន​ស្ថានភាព​ហ្នឹង​ទេ គឺ​ស្ថានភាព​ដែល​មាន​ជីក​លេណដ្ឋាន​ចូល​ដី​ខ្មែរ គឺ​អត់​មាន​ទេ​រឿង​ហ្នឹង។ ធ្វើ​ផ្លូវ​យើងនៅ​តែបន្ត​ធ្វើ​ដដែល ពុំ​មាន​ពាក់ព័ន្ធ​បញ្ហា​ហ្នឹង​ទេ ដោយឡែក​ការ​វាស់វែង​ព្រំដែន គណៈកម្មការ​ព្រំដែន​នឹង​ធ្វើការ​បន្ត​ជាមួយ​ភាគី​ឡាវ ខាង​យោធា​គឺ​រង់ចាំ​តែ​គណៈកម្មការ​ព្រំដែន​ជាតិ​ទាំង​ពីរ​ដោះស្រាយ​ទៅ យើង​ធ្វើ​តាម​ហ្នឹង​ទៅ វា​អត់​មាន​បញ្ហា​ទំនាស់​ទាស់ទែង​នោះ​ទេ។ ខ្ញុំ​មិន​សន្និដ្ឋាន​ថា វា​ពិត ឬ​មិន​ពិត​ទេ តែ​ខ្ញុំ​ពុំ​ទាន់​មាន​របាយការណ៍​មក​ក្រសួង​ការពារ​ជាតិ នៅ​ឡើយ​ទេ​រឿង​ហ្នឹង»

ទាក់ទង​រឿង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ឧសភា ថា ក្រោយ​ពី​អាជ្ញាធរ​ខែត្រ​បាន​ផ្ញើ​លិខិត​ស្នើ​ទៅ​ក្រសួង​ការ​បរទេស ពាក់ព័ន្ធ​បញ្ហា​ព្រំដែន ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​ការ​ជាមួយ​គ្នា​រួច​ហើយ។ តែ​យ៉ាង​ណា លោក​ពុំ​បញ្ជាក់​លម្អិត​ពី​លទ្ធផល​នៃ​ការ​ដោះស្រាយ​បញ្ហា​នេះ​ទេ៖ «ទំនាក់ទំនង​ការទូត​គេ​បាន​កំណត់​គ្នា​ថា ធ្វើ​ម៉េច? អា​ហ្នឹង​ការងារ​ផ្ទៃក្នុង​របស់​ក្រសួង​ការ​បរទេស ដែល​គាត់​បាន​ឯកភាព​គ្នា ហើយ​បាន​ជូន​ព័ត៌មាន​ទៅ​គណៈកម្មការ​ចម្រុះ​កិច្ចការ​ព្រំដែន​ប្រទេស​ទាំង​ពីរ និង​កម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​ដែរ។ ដោយឡែក​ភាគី​កម្ពុជា យើង​នៅ​តែ​មាន​គោល​ជំហរ​ការពារ​បូរណភាព​ទឹក​ដីរបស់​ខ្លួន»

កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៧ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ធ្វើ​របាយការណ៍​បញ្ហា​នេះ​ទៅ​ក្រសួង​ការ​បរទេស និង​ចម្លង​ជូន​ក្រសួង​មហាផ្ទៃ ហើយ​ខ្លឹមសារ​ដែល​រាយការណ៍​នោះ​ទាក់ទិន​ស្ថានភាព​ព្រំដែន​ដែល​កម្លាំង​សមត្ថកិច្ច​របស់​ឡាវ ឆ្លង​ចូល​មក​ក្នុង​បន្ទាត់​មួយ​ចំនួន​ឋិត​ក្នុង​ទឹក​ដី​របស់​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ទេ​នៅ​ថ្ងៃ​ទី​១១ ឧសភា ដោយ​លោក​បញ្ជាក់​ថា​កំពុង​ជាប់​រវល់។

ចំណែក​មេ​បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខែត្រ​ស្ទឹងត្រែង លោក ស្វាយ ញ៉ន បាន​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៣ ឧសភា ថា យោធា​ឡាវ បាន​ជីក​លេណដ្ឋាន​ក្នុង​ទឹក​ដី​កម្ពុជា ច្រើន​ថ្ងៃ​មក​ហើយ ក៏ប៉ុន្តែ​កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា នៅ​តែ​បន្ត​ស្ថាបនា​ផ្លូវ​ព្រំដែន​ដដែល ពោល​គឺ​ដោះស្រាយ​បណ្ដើរ និង​ចរចា​បណ្ដើរ ហើយ​រហូត​មក​ទល់​ពេល​នេះ កង​កម្លាំង​វិស្វកម្ម​របស់​កម្ពុជា បាន​ស្ថាបនា​ផ្លូវ​បាន​ប្រហែល ១៧០​គីឡូម៉ែត្រ​ហើយ៖ «ថ្នាក់​ជាតិ ថ្នាក់​ខែត្រ និង​ថ្នាក់​យោធា គេ​កំពុង​ដោះស្រាយ​មិន​អី​ទេ! ធ្វើ​បណ្ដើរ ចរចា​ដោះស្រាយ​បណ្ដើរ ព្រោះ​កន្លែង​វា​មិន​ទាន់​បោះ​បង្គោល»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ សង្ស័យ​ថា អាជ្ញាធរ​កម្ពុជា ហាក់​ដូចជា​ធ្វេសប្រហែស​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​តាម​រយៈ​ការទូត និង​ការ​ដោះស្រាយ​ដោយ​ទ្វេ​ភាគី​ក្តី។ លោក​មើល​ឃើញ​ថា អន្តរាគមន៍ និង​ការ​ឆ្លើយតប​របស់​ភាគី​កម្ពុជា ហាក់​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​ជាក់ស្តែង​នៅ​តំបន់​នោះ​ទេ។ បញ្ហា​នេះ លោក​បារម្ភ​ថា ភាគី​កម្ពុជា នៅ​តែ​ចាញ់​ប្រៀប​ជាង​ភាគី​ឡាវ ក្នុង​រឿង​ព្រំដែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។