គ្រួសារ​បារម្ភ​ពី​សុខភាព​បេក្ខជន​ជាប់​ឆ្នោត​សង្កាត់​ប៉ោយប៉ែត​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ

ដោយ ហ៊ុំ ចំរើន
2017-06-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

សាច់ញាតិ​បេក្ខជន​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​ប៉ោយប៉ែត ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បារម្ភ​ពី​សុខភាព​លោក ចៅ វាសនា ខ្លាច​ជំងឺ​រើ​ឡើង​វិញ​គ្មាន​ថ្នាំ​ព្យាបាល នៅ​ពេល​សមត្ថកិច្ច​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ។ ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​គ្រូពេទ្យ​អះអាង​ថា អ្នក​ជំងឺ​រូប​នេះ​បាន​ធូរស្រាល និង​ត្រូវ​ចេញ​ពី​មន្ទីរពេទ្យ​នៅ​រសៀល​ថ្ងៃ​ទី​១៩ មិថុនា។

សាច់ញាតិ​បេក្ខជន​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​ប៉ោយប៉ែត លើក​ឡើង​ថា បើ​ទោះ​បី​ជា​គ្រូពេទ្យ​ឲ្យ​អ្នក​ជំងឺ​ចេញ​ពី​មន្ទីរពេទ្យ​ក៏ដោយ ក៏ប៉ុន្តែ​លោក ចៅ វាសនា នៅ​មាន​ជំងឺ​ផ្សេង​ជាច្រើន​ទៀត​ដែល​ត្រូវ​ព្យាបាល​បន្ត។

ប្រពន្ធ​របស់​បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោកស្រី វង្ស គឹមហុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ មិថុនា ថា លោកស្រី​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សុខភាព​របស់​ស្វាមី នៅ​ពេល​ទទួល​ដំណឹង​ថា សមត្ថកិច្ច​នឹង​បញ្ជូន​ប្ដី​របស់​លោកស្រី​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​វិញ។ លោកស្រី​អះអាង​ថា គ្រូពេទ្យ​ប្រាប់​លោកស្រី​ថា លោក ចៅ វាសនា មាន​ជំងឺ​ថ្លើម ក្រួស​ក្នុង​ប្រមាត់ និង​ឡើង​ជាតិ​អាស៊ីដ ជាដើម ដែល​ត្រូវការ​ព្យាបាល​នៅ​ខាង​ក្រៅ​ពន្ធនាគារ​បន្ត​ទៀត៖ «ខ្ញុំ​ចង់​ឲ្យ​គេ​ព្យាបាល​ប្ដី​ខ្ញុំ​ឲ្យ​បាន​ជា​ពី​ជំងឺ​គ្រប់​មុខ ហើយ​ចាំ​ឲ្យ​គាត់​ទៅ​ពន្ធនាគារ តែ​ខាង​ពន្ធនាគារ​គេ​តឹងតែង​ណាស់ ហើយ​ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ណា​ជួយ​គាត់​បាន​ទេ»

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបូរី លោក ចន្ទ វិឌ្ឌីណាវុឌ្ឍ មាន​ប្រសាសន៍​ថា ស្ថានភាព​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​របស់​លោក ចៅ វាសនា បាន​ធូរស្រាល​ឡើង​វិញ នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​នៅ​រសៀល​ថ្ងៃ​ទី​១៩ មិថុនា៖ «លើក​មុន​គាត់​អគារ​ផ្សេង តែ​បាន​ផ្លាស់​មក​ពីរ​កន្លែង​ហើយ ទាល់​តែ​ប្រសើរ​មែន​ទែន​បាន​ឲ្យ​ចេញ បើ​មិន​ប្រសើរ អត់​ឲ្យ​ចេញ​ទេ។ នេះ​ឲ្យ​មើល​តែ​រឿង​ដែល​ផ្ញើ​យើង​មើល​ជំងឺ​ពោះវៀន​ដុះ​ខ្នែង យើង​មើល​តែ​ប៉ុណ្ណឹង​ទេ»

លោក ចៅ វាសនា ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបូរី កាល​ពី​យប់​ថ្ងៃ​ទី​១០ មិថុនា។ គិត​ត្រឹម​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​១៩ មិថុនា លោក ចៅ វាសនា ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ សមត្ថកិច្ច​មិន​ទាន់​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​នៅ​ឡើយ។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ ស៊ីផាន ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ មិថុនា ដោយ​លោក​ពុំ​ទទួល​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ស្ថានភាព​ជំងឺ​របស់​លោក ចៅ វាសនា គួរ​តែ​ព្យាបាល​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ឲ្យ​ជាសះស្បើយ​ជា​មុន​សិន ពីព្រោះ​ជំងឺ​របស់​គាត់​មិន​ទាន់​ជា​ដាច់​នៅ​ឡើយ៖ «ព្រោះ​តុលាការ​ក៏​គាត់​បាន​យល់​ដឹង​ដែរ​អំពី​ស្ថានភាព​មនុស្ស ដែល​គាត់​ជា​អ្នក​ផ្ដល់​យុត្តិធម៌។ ទាល់​តែ​មនុស្ស​មាន​កម្លាំង​កំហែង​គ្រប់គ្រាន់។ យើង​មិន​មែន​ហាក់​ដូច​ធ្វើ​ទារុណកម្ម​ទុក​គាត់​ចោល ដោយ​គាត់​ឈឺ​ក៏ដោយ​ទេ យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា ដើម្បី​ឲ្យ​មនុស្ស​ហ្នឹង​ទទួល​បាន​ទាំង​យុត្តិធម៌ មាន​សុខភាព​ល្អ​ផង»

លោក ចៅ វាសនា ជា​បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត ដើម​កំណើត​ខ្មែរ​ក្រោម។ លោក​ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជន​លេខ​រៀង​ទី​១ នៅ​សង្កាត់​ប៉ោយប៉ែត ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ កាល​ពី​ថ្ងៃ​ទី​៤ មិថុនា កន្លង​ទៅ។ ទោះ​បី​ជា​លោក​នៅ​ក្នុង​ពន្ធនាគារ​ក្ដី ប៉ុន្តែ​លទ្ធផល​ឆ្នោត លោក ចៅ វាសនា ឈ្នះ​ឆ្នោត​ជា​ចៅ​សង្កាត់​ប៉ោយប៉ែត។

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ សម្រេច​ឃុំ​ខ្លួន​លោក ចៅ វាសនា នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ គឺ​នៅ​មុន​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​ខ្ពស់​ហួស​ហេតុ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​រុញ​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ​ខូចខាត​មួយ​ចំនួន​ទៀត។ ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ពួក​គេ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​ក្រុម​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួក​គាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។

អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខែត្រ​បន្ទាយមានជ័យ លើក​ឡើង​ថា ការ​ចោទ​ប្រកាន់ និង​ចាប់​លោក ចៅ វាសនា ដាក់​ពន្ធនាគារ​នេះ ដោយសារ​តែ​លោក​ជា​មនុស្ស​មាន​ប្រជាប្រិយភាព ហើយ​ការ​ចាប់​ចង​នេះ​អាច​ជា​ចេតនា​នយោបាយ​ច្រើន​ជាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល