សង្គម​ស៊ីវិល​ថ្កោលទោស​ការ​បញ្ចូល​មន្ត្រី​តុលាការ​និង​កង​ប្រដាប់​អាវុធ​ចូល​ក្នុង​បក្ស​នយោបាយ

ដោយ អ៊ុក សាវបូរី
2015.02.26
គល់ បញ្ញា ៦២២ ២០១៥ លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្វ្រែល (Comfrel) ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​សណ្ឋាគារ​អ៊ីមភើរៀល រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ២០ មករា ២០១៥។
RFA

ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​បោះ​ឆ្នោត​អឺរ៉ា (ERA) និង​អង្គការ​សង្គម​ស៊ីវិល ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ជំទាស់​មិន​ឲ្យ​ដាក់​មន្ត្រី​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ដែល​កំពុង​តែ​កែ​ទម្រង់​នោះ​ទេ។

ការ​ប្រឆាំង​ទាស់​នេះ នៅ​ក្នុង​ពេល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ចរចា​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​នោះ។

ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​បោះ​ឆ្នោត​អឺរ៉ា និង​អង្គការ​សង្គម​ស៊ីវិល ស្នើសុំ​ឲ្យ​បក្ស​ទាំង​ពីរ​កុំ​ដាក់​បញ្ចូល​មន្ត្រី​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ទៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ សុំ​ទុក​ឲ្យ​ពួក​គេ​ឋិត​នៅ​ជា​ឯករាជ្យ ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ។

ការ​ស្នើសុំ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​ចង់​ដាក់​ស្ថាប័ន​ទាំង​នោះ​នៅ​ក្នុង​ពេល​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។

ប្រធាន​សមាគម​អាដហុក (Adhoc) លោក ធន សារាយ ថ្លែង​ថា កម្លាំង​ប្រដាប់​អាវុធ​ត្រូវ​ទុក​ជា​មន្ត្រី​របស់​ស្ថាប័ន​ជាតិ មិន​ត្រូវ​បម្រើ​គណបក្ស​នយោបាយ​ទេ។ ចំណែក​មន្ត្រី​តុលាការ​ក្នុង​តំណែង អាច​ដោះស្រាយ​វិវាទ​បោះ​ឆ្នោត លម្អៀង​ទាក់ទិន​បណ្ដឹង​បោះ​ឆ្នោត។ បញ្ហា​នេះ នឹង​គំរាម​ធ្ងន់ធ្ងរ​ដល់​ការ​ប្រកួត​នយោបាយ និង​ស្ថិរភាព​នៃ​ការ​ផ្លាស់ប្ដូរ​អំណាច៖ «ហើយ​បើ​ក្រុម​ណា​មាន​គំនិត​នៅ​ចង់​ធ្វើ​ហ្នឹង​ទៀត គឺ​ថា​ក្រុម​នោះ​គ្មាន​គំនិត​ល្អ​សម្រាប់​ប្រទេស​ជាតិ​ទេ អត់​មាន​គោល​បំណង​ស្មោះ​ត្រង់​ជាមួយ​ប្រទេស​ជាតិ​ទេ ពីព្រោះ​ស្ថាប័ន​ទាំង​ពីរ​ត្រូវ​តែ​យក​មក​ដាក់​ឲ្យ​បម្រើ​ជាតិ និង​សង្គម​ប្រជាពលរដ្ឋ​ទាំង​មូល»

ចំពោះ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​សម្ព័ន្ធ​កំណែ​ទម្រង់​បោះ​ឆ្នោត​អឺរ៉ា និង​អង្គការ​សង្គម​ស៊ីវិល​នោះ លោក ប៊ិន ឈិន ប្រធាន​ក្រុម​ចរចា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ពន្យល់​ថា មន្ត្រី​តុលាការ និង​កង​កម្លាំង​ប្រដាប់​អាវុធ ជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​បោះ​ឆ្នោត។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ ក្នុង​ពេល​គណបក្ស​ទាំង​ពីរ​កំពុង​ចរចា​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ​នេះ។

ទោះ​យ៉ាង​ណា នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង ថ្លែង​ថា ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​១៥ និង​ការ​បោះ​ឆ្នោត​សេរី និង​យុត្តិធម៌ បទបញ្ញត្តិ​នៃ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ គួរ​តែ​ចែង​ថា ទាំង​ក្នុង​ម៉ោង​បំពេញ​ការងារ និង​ក្រៅ​ម៉ោង​បំពេញ​ការងារ មន្ត្រី​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ និង​ប្រឆាំង​គណបក្ស​ណា​មួយ​ទេ ទុក​ឲ្យ​មន្ត្រី​ទាំង​នោះ​រក្សា​សន្តិសុខ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត ហើយ​មន្ត្រី​តុលាការ ក៏​នឹង​ចូលរួម​ក្នុង​ការ​ដោះស្រាយ​បណ្ដឹង ទាក់ទង​ការ​បោះ​ឆ្នោត​ដែរ៖ «បើ​សិន​ជា​ឲ្យ​គាត់​នៅ​ជា​ឯករាជ្យ​នោះ គាត់​អាច​នឹង​បំពេញ​កិច្ចការ​របស់​គាត់​ហ្នឹង​បាន​ប្រសើរ​ជាង ហើយ​គាត់​អាច​នឹង​កាត់​បន្ថយ​នូវ​ភាព​លម្អៀង​ហ្នឹង​បាន​ច្រើន​ជា​អតិបរមា»

សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​ការ​ដក​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​តុលាការ​ចេញ​ពី​ជួរ​ដឹក​នាំ​គណបក្ស​នយោបាយ ក្នុង​ការ​ធ្វើ​សកម្មភាព​គាំទ្រ និង​ប្រឆាំង​គណបក្ស​ណា​មួយ ដើម្បី​ពង្រឹង​នីតិរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បាន​ដកស្រង់​មាត្រា​១៥ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ចែង​ថា មន្ត្រី​តុលាការ កង​យោធពល​ខេមរភូមិន្ទ និង​កង​កម្លាំង​នគរបាល​ជាតិ អាច​ចូលរួម​ជា​សមាជិក​គណបក្ស​នយោបាយ​នានា​បាន តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ ម្យ៉ាង​ទៀត គណបក្ស​នយោបាយ មិន​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ចាត់​តាំង​នៅ​ក្នុង​ស្ថាប័ន​តុលាការ កង​យោធពល​ខេមរភូមិន្ទ និង​កង​កម្លាំង​នគរបាល​ជាតិ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។