មន្ត្រីបក្សប្រឆាំងនឹងចូលរួមប្រជុំគណៈកម្មការទី២នៃរដ្ឋសភានៅថ្ងៃទី២៨ កក្កដា
2016.07.27
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា មន្ត្រីគណបក្សប្រឆាំងនឹងទៅចូលរួមប្រជុំគណៈកម្មការទី២ នៃរដ្ឋសភា គឺគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៅថ្ងៃទី២៨ ខែកក្កដា ដើម្បីធ្វើសវនាការជាមួយក្រុមការងារបច្ចេកទេសរបស់សហភាពអឺរ៉ុប និងធ្វើការវាយតម្លៃលក្ខណៈវិនិច្ឆ័យដែលទទួលយកប្រាក់ជំនួយសម្រាប់ថវិកាឆ្នាំ២០១៦។
លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងប្រាប់អ្នកសារព័ត៌មាន និងអ្នកគាំទ្ររបស់ខ្លួននៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៧ ខែកក្កដា ថា សមាជិកគណបក្សប្រឆាំងដែលជាសមាជិកគណៈកម្មការទី២ ចូលរួមកិច្ចប្រជុំនេះ ដើម្បីតស៊ូមតិលើការពិភាក្សាគ្នាអំពីជំនួយរបស់សហគមន៍អឺរ៉ុប និងជំនួយផ្សេងៗទៀត ដើម្បីគ្រប់គ្រងថវិកាជាតិឲ្យមានតម្លាភាព៖ «ចូលរួមប្រជុំគណៈកម្មការទី២ នៅរដ្ឋសភាម៉ោង ៨កន្លះស្អែក ដើម្បីចូលរួមតស៊ូមតិលើប្រាក់ជំនួយទាំងអស់ មានជំនួយឥតសំណង និងជំនួយឥណទានផ្សេងៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ»។
គណៈកម្មការទី២នៃរដ្ឋសភា គឺមានលោក ជាម យៀប មកពីគណបក្សប្រជាជនកម្ពុជា ជាប្រធាន និងលោក សុន ឆ័យ មកពីគណបក្សសង្គ្រោះជាតិ ជាអនុប្រធាន។
នេះជាលើកទីពីរហើយ ដែលមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្របានចូលរួមប្រជុំគណៈកម្មការជំនាញនៃរដ្ឋសភា។ កាលពីថ្ងៃទី១៨ ខែកក្កដា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ បានចូលរួមប្រជុំគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភាស្ដីពីការដកអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំងពីររួបមិនបានសម្រេច។
ការចូលរួមប្រជុំរបស់តំណាងរាស្ត្រគណបក្សប្រឆាំងនេះ នៅបន្ទាប់ពីគណបក្សនេះ បានប្រកាសផ្អាកមិនចូលរួមប្រជុំរដ្ឋសភា ក្រោយពីតំណាងរាស្ត្របក្សប្រជាជនកម្ពុជា បានបើកផ្លូវឲ្យតុលាការបន្តនីតិវិធីស៊ើបអង្កេតលើករណី លោក កឹម សុខា ទាក់ទងនឹងរឿងសញ្ចារកម្ម៕