បក្ស​ប្រឆាំង​ណែនាំ​មន្ត្រី​តាម​មូលដ្ឋាន​មិន​ឲ្យ​កាត់​រូប​លើ​ស្លាក​គឺ​ត្រូវ​ប្ដូរ​ស្លាក​សញ្ញា​ថ្មី

ដោយ ប្រាជ្ញ ចេវ
2017.08.20
ស្លាក​បក្ស​សង្គ្រោះ​ជាតិ កំពង់ឆ្នាំង ២០១៧ ៦២២ ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​លុប​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ដៃ​គ្នា​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង។ រូបថត​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Chin Chetha

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គណបក្ស​បាន​ប្រាប់​ទៅ​មន្ត្រី​បក្ស​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស មិន​ឲ្យ​កាត់ ឬ​លុប​រូប​លោក សម រង្ស៊ី កាន់​ដៃ​លោក កឹម សុខា ដូច​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​កន្លង​ទៅ​ទៀត​នោះ​ទេ គឺ​ត្រូវ​ប្តូរ​រូប​សញ្ញា​ថ្មី​ដែល​មាន​តែ​សញ្ញា​ព្រះអាទិត្យ​តែ​ម្តង។ បក្ស​កាន់​អំណាច​ថា​ការ​កាត់ ឬ​លុប​រូប​នេះ ដោយ​មិន​បាន​ប្តូរ​ស្លាក​ថ្មី ព្រោះ​គណបក្ស​ប្រឆាំង​ចង់​ធ្វើ​ខ្លួន​ជា​តួ​កម្សត់​ឲ្យ​ពលរដ្ឋ​អាណិត ដើម្បី​ចង់​បាន​ប្រជាប្រិយភាព​ប៉ុណ្ណោះ។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ពន្យល់​ថា សកម្មភាព​ដែល​មន្ត្រី​គណបក្ស​នេះ​នៅ​តាម​មូលដ្ឋាន កាត់ ឬ​លុប​រូប​លោក សម រង្ស៊ី កាន់​ដៃ​លោក កឹម សុខា ចេញ​ពី​ស្លាក​គណបក្ស ដោយ​ទុក​ត្រឹម​រូប​ព្រះអាទិត្យ ព្រោះ​ពួក​គេ​ខ្លាច​គណបក្ស​ត្រូវ​រំលាយ​ចោល ដោយសារ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​បាន​ចូល​ជា​ធរមាន​កន្លង​ទៅ​នេះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គីមសួរ ភិរិទ្ធ ប្រាប់​ថា ការ​ដែល​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​លុប ឬ​កាត់​រូប​លោក សម រង្ស៊ី កាន់​ដៃ​លោក កឹម សុខា ដោយ​មិន​ប្តូរ​រូប​សញ្ញា​ថ្មី​តែ​ម្តង​នោះ មិន​មែន​មក​ពី​គណបក្ស​ខ្វះខាត​ថវិកា​ទេ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​រៀបចំ​ខ្លួន​លើក​ទី​មួយ មុន​នឹង​ប្តូរ​រូប​សញ្ញា​ថ្មី​របស់​គណបក្ស។

បញ្ជាក់​បន្ថែម​ពី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ថា លោក​បាន​ណែនាំ​ទៅ​សាខា​បក្ស​ទូទាំង​ប្រទេស​មិន​ឲ្យ​កាត់ ឬ​លុប​រូប​លោក សម រង្ស៊ី កាន់​ដៃ​លោក កឹម សុខា ពី​ស្លាក​គណបក្ស​ទៀត​ទេ។ លោក​បន្ត​ថា គឺ​ត្រូវ​ដក​ស្លាក​ចាស់​ចេញ​តែ​ម្តង ដោយ​ត្រូវ​ដាក់​រូប​សញ្ញា​ថ្មី​របស់​គណបក្ស​តែ​ម្តង៖ «ខ្ញុំ​បាន​ណែនាំ​ទៅ​សាខា​គណបក្ស​ទូទាំង​ប្រទេស ឲ្យ​ដោះដូរ​ចេញ អត់​មាន​ឲ្យ​លុប​ឬ​កាត់​ទេ»

ការ​បង្ហាញ​ចំណាត់ការ​របស់​មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ បន្ទាប់​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្តា​ខេត្ត​នានា កាត់ ឬ​លុប​រូប​លោក សម រង្ស៊ី កាន់​ដៃ​លោក កឹម សុខា ពី​ស្លាក​គណបក្ស ដោយ​នៅ​តាម​មូលដ្ឋាន​ខ្លះ​និយាយ​ថា ពួក​គេ​ធ្វើ​ដូចនេះ​ព្រោះ​ជួប​បញ្ហា​ខ្វះខាត​ថវិកា។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​ធ្វើ​ដូចនេះ​ដោយសារ​គណបក្ស​ប្រឆាំង​មិន​កសាង​សមិទ្ធផល​អ្វី​ទេ ដូច្នេះ​មាន​តែ​ប្រឹង​ធ្វើ​ខ្លួន​ជា​តួ​កម្សត់។ លោក​យល់​ថា ការ​សម្ដែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​ផល​ដូច​ខ្លួន​រំពឹង​ទុក​នោះ៖ «គណបក្ស​ប្រឆាំង​កំពុង​ដើរ​តួ​ជា​តួអង្គ​កម្សត់ ដើម្បី​ទាក់ទាញ​សន្តាន​ចិត្ត​ពី​ប្រជាពលរដ្ឋ»

ទាក់ទង​ដំណើរការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដូរ​រូប​សញ្ញា​របស់​ខ្លួន​ឲ្យ​ស្រប​ទៅ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ឲ្យ​អស់​ត្រឹម​ចុង​ខែ​សីហា ត្រូវ​បាន​លោក យឹម សុវណ្ណ ប្រាប់​ថា ពេល​នេះ​គណបក្ស​ដូរ​ស្លាក​ថ្មី​បាន​ជាង ៨០​ភាគរយ​នៃ​ស្លាក​សញ្ញា​ទូទាំង​ប្រទេស។ ច្បាប់​គណបក្ស​នយោបាយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​វិសោធនកម្ម​លើក​ទី​ពីរ គឺ​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឬ​សកម្មភាព​របស់​ទណ្ឌិត​សម្រាប់​ផល​ប្រយោជន៍​គណបក្ស​តែ​ម្តង។ ច្បាប់​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ ច្បាប់​ទុក​រយៈពេល ៩០​ថ្ងៃ​ឲ្យ​គណបក្ស​នយោបាយ​រៀបចំ​ខ្លួន មុន​នឹង​ដាក់​ទោស​ទណ្ឌ។

អ្នក​វិភាគ​នយោបាយ លោក សូ ចន្ថា យល់​ថា សកម្មភាព​កាត់ ឬ​លុប​រូប​លោក សម រង្ស៊ី កាន់​ដៃ​លោក កឹម សុខា ចេញ​ពី​ស្លាក​គណបក្ស ដោយ​ទុក​ត្រឹម​រូប​ព្រះអាទិត្យ អាច​ជា​ការ​បង្ហាញ​ឲ្យ​ពលរដ្ឋ​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ រងគ្រោះ​ព្រោះ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​មិន​អាច​បត់បែន​ទាន់​តាម​ច្បាប់​នេះ៖ «កន្លង​មក​ឃើញ​ហើយ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជាពិសេស​គណបក្ស​ប្រឆាំង តែង​ទទួល​រង​ការ​គាប​សង្កត់​ពី​គណបក្ស​កាន់​អំណាច ប៉ុន្តែ​យើង​មើល​ទៅ​គណបក្ស​នេះ​ហាក់​បី​ដូចជា​កើន​សំឡេង»

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថា​គណបក្ស​មាន​អ្នក​គាំទ្រ​ស្រាប់​ទៅ​ហើយ មិន​ចាំបាច់​ធ្វើ​កម្សត់​ចង់​បាន​ប្រជាប្រិយភាព​នោះ​ទេ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ស្លាក​សញ្ញា​ថ្មី​របស់​គណបក្ស គឺ​ត្រឹម​រូប​ព្រះអាទិត្យ​ប៉ុណ្ណោះ។ គណបក្ស​នេះ ក៏​ប្រកាស​មិន​ទទួល​ស្គាល់​ការ​ផ្សព្វផ្សាយ និង​សកម្មភាព​របស់​បុគ្គល​ណា​មួយ​ទាក់ទង​នឹង​ទណ្ឌិត​ដែល​ពុំ​មែន​ជា​ការ​សម្រេច​ផ្លូវការ​របស់​គណបក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។