មន្ត្រី​​រដ្ឋាភិបាល​​ថា​​មិន​ទាន់​មាន​​ការ​លើកលែង​ទោស​សកម្មជន​បក្ស​ប្រឆាំង

ដោយ ប្រាជ្ញ ចេវ
2015.10.10
មាជ សុវណ្ណារ៉ា ៦២០ លោក មាជ សុវណ្ណារ៉ា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ (ក្នុង​ឯកសណ្ឋាន​អ្នក​ទោស​ពណ៌​ទឹក​ក្រូច) ពេល​នាំ​មក​សវនាការ​នៅ​តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី ៤ មីនា ២០១៥។
Photo: RFA

មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា មិន​ទាន់​មាន​ការ​ប្រជុំ​ជជែក​ដើម្បី​លើកលែង​ទោស​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​នៅ​ឡើយ​ទេ។ ការ​លើក​ឡើង​បែប​នេះ របស់​មន្ត្រី​រដ្ឋាភិបាល ខណៈ​ដែល​ប្រមុខ​គណបក្ស​ប្រឆាំង​ស្នើ​ឲ្យ​មាន​ការ​លើកលែង​ទោស​សកម្មជន​របស់​ខ្លួន​នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ខាង​មុខ។

​មិន​ទាន់​មាន​សញ្ញា​វិជ្ជមាន​ណា​មួយ​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ នឹង​ត្រូវ​លើក​លែង​ទោស​នៅ​ឡើយ​ទេ គិត​មក​ដល់​ថ្ងៃ​ទី​១០ ខែ​តុលា ខណៈ​ដែល​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​នឹង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១២ ខែ​តុលា។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​មិន​ទាន់​ទទួល​បាន​សំណើ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​កិច្ច​ប្រជុំ​នៅ​ក្រសួង​យុត្តិធម៌ ពី​ការ​បន្ធូរបន្ថយ ឬ​លើកលែងទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ លោក​បន្ត​ថា ជា​គោលការណ៍ ក្នុង​មួយ​ឆ្នាំ​មាន​ការ​លើកលែង ឬ​បន្ធូរបន្ថយ​ទោស តែ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យ​ពិសាខបូជា និង​បុណ្យ​អុំ​ទូក​ប៉ុណ្ណោះ៖ «ខ្ញុំ​មិន​ដឹង​ថា ពេល​ភ្ជុំ​មាន​អី​កើត​ឡើង​បន្ត​ទេ ប៉ុន្តែ​មក​ដល់​ពេល​នេះ គឺ​ខ្ញុំ​មិន​ទាន់​មាន​ព័ត៌មាន ឬ​ចំណាត់​ការ​ទាក់ទង​ការ​លើកលែង ឬ​បន្ធូរបន្ថយ​ទោស​ទេ»

ក្នុង​ជំនួប​រវាង​លោក ស ខេង អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៩ ខែ​តុលា នៅ​វិមាន​រដ្ឋសភា លោក សម រង្ស៊ី ស្នើ​ទៅ​លោក ស ខេង ឲ្យ​មាន​ការ​លើកលែងទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ៖ «ខ្ញុំ​បាទ​សូម​អំពាវនាវ​តាម​រយៈ​សម្ដេច ស ខេង ទៅ​ដល់​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​អ្នក​ជាប់​ពន្ធនាគារ ជាពិសេស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មាន​សេរីភាព​អាច​ទៅ​ជួប​សាច់ញាតិ​បង​ប្អូន​នៅ​រដូវ​ភ្ជុំ​បិណ្ឌ​នេះ»

ទោះ​យ៉ាង​នេះ លោក ស ខេង មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​នេះ​ទេ។ លោក​បញ្ជាក់​ថា រឿង​នេះ​ឈរ​លើ​គោលការណ៍​ច្បាប់៖ «ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា វប្បធម៌​សន្ទនា​ក្តី ការ​រួបរួម​ក្តី គឺ​ឈរ​លើ​គោលការណ៍​ច្បាប់​ជា​ធរមាន»

តុលាការ​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ចំនួន ១៥​នាក់ ក្រោម​បទ​ចោទ​ផ្សេងៗ​គ្នា ទាក់ទង​សំណុំ​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ក្លែងបន្លំ ព្រម​ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ សង្គម​ស៊ីវិល និង​អ្នក​វិភាគ​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​រឿង​នយោបាយ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​តុលា លោក​មិន​ទាន់​ទទួល​ដំណឹង​ណា​មួយ​ពី​ការ​លើក​លែង​ទោស​ដល់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​នៅ​ឡើយ​ទេ។

​ចំណែក​មេធាវី​ការពារ​ក្តី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ការពារ​ក្តី លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី គឺ​លោ​មេធាវី ជូង ជូងី ថា​លោក​ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៃ​ការ​លើកលែង​ទោស​នេះ​ដែរ។ លោក​មេធាវី​បន្ត​ថា ប្រសិន​អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស​ចរចា​គ្នា​ត្រូវ ការ​លើកលែង​ទោស​អាច​ធ្វើ​ទៅ​បាន ហើយ​ថែមទាំង​ស្រប​តាម​ផ្លូវ​ច្បាប់៖ «ផ្លូវ​ច្បាប់​ធ្វើ​បាន សំខាន់​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សម្រាប់​លោក ហុង សុខហួរ គឺ​យើង​ស្នើ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​បាន ព្រោះ​តុលាការ​មិន​ទាន់​កាត់​ទោស ហើយ​ចំពោះ​កូន​ក្តី​ខ្ញុំ ៥​នាក់ សកម្មជន​ដែល​កាត់​ទោស​ហើយ បើ​មាន​ឆន្ទៈ​នយោបាយ​លើកលែង​ទោស​មែន គឺ​ដក​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍ វា​ជា​សាលក្រម​ស្ថាពរ បញ្ជូន​សាលក្រម​ទៅ​ព្រះមហាក្សត្រ​លើក​ទោស​ទៅ​បាន​ហើយ»

​នាយក​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ អង្កេត​ឃើញ​ថា ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា នៅ​ពេល​នេះ ហាក់​ថយ​កម្ដៅ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ការ​បន្ទន់​ឥរិយាបថ ឬ​បន្ថយ​ការ​រិះគន់​រដ្ឋាភិបាល។ ប៉ុន្តែ​លោក​យល់​ថា ក្នុង​កាលៈទេសៈ​នេះ រដ្ឋាភិបាល​មិន​អាច​ដោះលែង​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នោះ​ទេ។ លោក​ថា យ៉ាង​ហោច​ណាស់​រដ្ឋាភិបាល​អូស​បន្លាយ​រហូត​ដល់​បុណ្យ​អុំ​ទូក ដែល​នឹង​ត្រូវ​ប្រារព្ធ​នៅ​ខែ​វិច្ឆិកា ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។