មន្ត្រី​បក្ស​ប្រឆាំង​នៅ​កំពង់ឆ្នាំង​បារម្ភ​ពី​ការ​គំរាម​កំហែង​ផ្នែក​នយោបាយ

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​ខ្នារឆ្មារ ចំនួន ៣​រូប នៃ​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ត្រូវ​បាន​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នារឆ្មារ កោះ​ហៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឲ្យ​ចូល​ខ្លួន​ទៅ​ជួប​លោក​អធិការ​ស្រុក​សាមគ្គីមានជ័យ ដោយ​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​ចូល​ជួប​នោះ​ទេ។
ដោយ ជិន ជេដ្ឋា
2013.09.10
សកម្មជន​បក្ស​សង្គ្រោះ​ជាតិ កំពង់ឆ្នាំង ៦១០ ក្រុម​ប្រឹក្សា​ឃុំ​ខ្នារឆ្មារ និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ អង្គុយ​ជាមួយ​មេ​ប៉ុស្តិ៍ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នារឆ្មារ ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​២០១៣។
Photo: RFA

ការ​កោះ​ហៅ​យ៉ាង​តក់​ក្រហល់​នេះ ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា ជា​ការ​គំរាម​កំហែង និង​បំបាក់​ស្មារតី​សកម្មជន​គណបក្ស​ប្រឆាំង។

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ខ្នារឆ្មារ ២​នាក់ និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ១​ម្នាក់ នៃ​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា បាន​ចូល​ខ្លួន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នារឆ្មារ តាម​ការ​អញ្ជើញ​របស់​នាយ​ប៉ុស្តិ៍​នគរបាល ក៏ប៉ុន្តែ គម្រោង​ជួប​ពិភាក្សា​នោះ​ត្រូវ​បាន​លុប​ចោល​វិញ ដោយសារ​តែ​អធិការ​ស្រុក​សាមគ្គីមានជ័យ លោក ដួង ហុង ប្រាប់​ថា មាន​ភារកិច្ច​បន្ទាន់​ត្រូវ​បំពេញ។

សកម្មជន​ទាំង​បី​នាក់​នោះ រួម​មាន លោក សោម សារ៉ាន់ ជំទប់​ទី១ នៃ​គណបក្ស សម រង្ស៊ី ទី២ លោក ញ៉ែម សំណាង ជំទប់​ទី២ នៃ​គណបក្ស សិទ្ធិ​មនុស្ស និង​ទី៣ លោក ទឹម សម្បត្តិ ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សោម សារ៉ាន់ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​លោក​អធិការ​ស្រុក​កោះ​ហៅ​ពួក​គាត់​មក​ជួប​នេះ​មាន​រឿង​អ្វី​នោះ​ទេ៖ «ឃុំ​ខ្នារឆ្មារ នេះ កន្លង​ទៅ​មាន​ក្រុម​ប្រឹក្សា​ស្រុក​ម្នាក់​គាត់​បាន​អះអាង​ថា នឹង​ដក​ក្រុម​ប្រឹក្សា​ឃុំ​ខ្នារឆ្មារ ចោល​បី​នាក់ អា​ហ្នឹង​បើ​មាន​បញ្ហា​ចម្លែក គឺ​មាន​តែ​ប្រឡោះ​ហ្នឹង​មួយ​ហើយ​ខុស​ពី​ហ្នឹង​ទៀត​ដូច​ជា​អត់​មាន​អី»

ចំណែក​ឯ លោក ទឹម សម្បត្តិ វិញ បញ្ជាក់​ថា ការ​កោះ​ហៅ​នេះ គឺ​អាច​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ ពីព្រោះ​ថា​កន្លង​មក លោក​ធ្លាប់​បាន​ជូន​ប្រពន្ធ​របស់ លោក អ៊ួន វឿន ដែល​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​សាមគ្គីមានជ័យ ទៅ​ដក​ពាក្យ​បណ្ដឹង លោក អ៊ួន វឿន ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ពី​តុលាការ​ខេត្ត​កំពង់ឆ្នាំង៖ «គាត់​ប្ដឹង​ហ្នឹង​ត្រឹម​តែ​សាលា​ឃុំ​ទេ ស្រាប់​តែ​ដល់​អ៊ីចឹង គាត់​ថា​មូលហេតុ​អី​បាន​សំណុំ​រឿង​ហ្នឹង​ឡើង​ដល់​តុលាការ ហើយ​អ៊ីចឹង​បាន​គាត់​ថា​បើ​រឿង​ហ្នឹង​ទៅ​ដល់​តុលាការ អា​ហ្នឹង​វា​ទាល់​តែ​ដក​ពាក្យ​នៅ​តុលាការ ហើយ​គាត់​មក​ពឹង​ខ្ញុំ»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី២៣ ខែ​សីហា ឆ្នាំ​២០១៣ អំពើ​ហិង្សា​រវាង​ប្ដី​ប្រពន្ធ​មួយ​បាន​កើត​ឡើង ចំពោះ​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​សាមគ្គីមានជ័យ ដោយ លោក អ៊ួន វឿន បាន​ប្រើ​អំពើ​ហិង្សា​ដាក់​ប្រពន្ធ​ឈ្មោះ ដួង ចន្នី។ ក្រោយ​ពី​ប្រើ​អំពើ​ហិង្សា​មួយ​ថ្ងៃ ប្រពន្ធ​ក៏​បាន​ទៅ​ផ្ទះ​មេ​ភូមិ ដើម្បី​សរសេរ​ពាក្យ​បណ្ដឹង​សុំ​លែង​លះ​ប្ដី​នៅ​សាលា​ឃុំ​ខ្នារឆ្មារ។ ក៏ប៉ុន្តែ ក្រោយ​ពី​ការ​ប្ដឹង​នោះ ស្រាប់​តែ​សំណុំ​រឿង​ធ្លាក់​ដល់​ដៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​បញ្ជូន​បន្ត​ទៅ​ដល់​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង តែ​ម្ដង។

មន្ត្រី​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង និង​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ដួង ចិត្រា មាន​ប្រសាសន៍​ថា មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ និង​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​បី​នាក់​នោះ ប៉ូលិស​អាច​នឹង​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ ដោយសារ​ថា​អ្នក​ទាំង​បី​នោះ​ធ្លាប់​បាន​ចូល​ទៅ​សម្រប​សម្រួល​ជម្លោះ​ប្ដី​ប្រពន្ធ លោក អ៊ួន វឿន៖ «ស្ថានភាព​នៃ​រឿង​នេះ​វា​បង្វិល​ពី​រឿង​អំពើ​ហិង្សា​ក្នុង​គ្រួសារ វា​ទៅ​ជា​រឿង​នយោបាយ​ទាំង​ស្រុង ព្រោះ​អ្នក​ដែល​មាន​របួស​ស្នាម​តិចតួច​នោះ នាំ​មក​មន្ទីរពេទ្យ​ហើយៗ មាន​ការ​ការពារ​យ៉ាង​តឹងរ៉ឹង​ពី​ប៉ូលិស​ថែម​ទៀត​ផង ហើយ​ក្នុង​នោះ​ក៏​មាន​អភិបាល​រង​ស្រុក​សាមគ្គីមានជ័យ នេះ​ឯង ក៏​ចូល​រួម​ក្នុង​ការ​ការពារ​ហ្នឹង​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ស្រុក​សាមគ្គីមានជ័យ លោក ដួង ហុង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​៩ កញ្ញា។

ទោះ​ជា​យ៉ាង​ណា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្នារឆ្មារ លោក ឈឹម សំអាត បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ការ​កោះ​ហៅ​នេះ​គឺ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​អ្វី​នោះ​ទេ ក៏ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​ឡើយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា អាជ្ញាធរ​តែង​តែ​រិះ​រក​គ្រប់​មធ្យោបាយ ដើម្បី​បំបាក់​ស្មារតី និង​ចាត់​វិធាន​ការ​ផ្សេងៗ​ចំពោះ​មន្ត្រី និង​សកម្មជន​គាំទ្រ​គណបក្ស​ប្រឆាំង។ ដូច​ជា​នៅ​ក្នុង​ករណី​នេះ សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ ក្នុង​នោះ​មាន​ម្នាក់​បាន​រត់​ចោល​ផ្ទះ ព្រោះ​តែ​ខ្លាច​សមត្ថកិច្ច​ចាប់​ខ្លួន ដោយសារ​តែ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។