សមត្ថកិច្ច​រារាំង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​​ស្វាយរៀង​មិន​ឲ្យ​ដើរហើរ​និង​ដាក់​កម្លាំង​ឃ្លាំមើល

ដោយ អាស៊ីសេរី
2017-11-14
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ស្វាយរៀង ចោទ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាសាក់​ថា បាន​រារាំង​សិទ្ធិ​សេរីភាព​អាជ្ញាធរ​ឃុំ មក​ពី​បក្ស​ប្រឆាំង និង​គំរាម​វាយ​ខ្នោះ នៅ​គ្រា​ដែល​មន្ត្រី​បក្ស​រូប​នោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ទី​រួម​ខែត្រ​ស្វាយរៀង។ ពួកគេ​ចាត់​ទុក​ការរារាំង​នេះ ជា​សារ​គំរាមកំហែង​ផ្នែក​នយោបាយ និង​បំភិតបំភ័យ​ដល់​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ។

អាជ្ញាធរ​មូលដ្ឋាន កូតា​ពី​បក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​បាសាក់ ស្រុក​ស្វាយជ្រុំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាសាក់ បាន​យក​រឿង​នយោបាយ ដាក់​សម្ពាធ​មក​លើ​អាជ្ញាធរ​មក​ពី​គណបក្ស​ជំទាស់ ដោយ​រារាំង​សិទ្ធិ​សេរីភាព​របស់​ពួកគេ​ទាំង​បំពាន​ច្បាប់​កាលពី​ព្រឹក​ថ្ងៃ​ទី១៣ វិច្ឆិកា ដោយ​លើក​ហេតុផល​ថា ជា​បទបញ្ជា​ពី​ថ្នាក់លើ។

ជំទប់​ទី២ ឃុំ​បាសាក់ មកពី​គណបក្ស​សង្គ្រោះជាតិ លោក ហែន ហាំង ឲ្យ​ដឹង​ថា នគរបាលប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាសាក់ បាន​រារាំង​លោក​ដោយ​ហាម​មិន​ឲ្យ​លោក​ទៅ​ណា​ទាំងអស់ បើ​ក្រៅពី​រង្វង់​ដែនដី​ឃុំ​នេះ ដោយ​លើក​ហេតុផល​ថា ជា​បញ្ជា​ពី​ថ្នាក់លើ។

លោក​បន្ត​ថា មុន​ពេល​ដែល​នគរបាល​បំបិទ​សិទ្ធិ​សេរីភាព​លោក មេឃុំ​បាសាក់​មកពី​គណបក្ស​កាន់អំណាច​ធ្លាប់​មក​បញ្ចុះបញ្ចូល​លោក និង​សន្យា​រក្សា​ដំណែង ព្រមទាំង​ប្រគល់​តួនាទី​ជា​មេឃុំ​ជូន​លោក​វិញ​នៅ​ពេល​បោះឆ្នោត​អាណត្តិ​ក្រោយ ក៏​ប៉ុន្តែ​លោក​បាន​បដិសេធ «គាត់​សួរ​រក​ថា ថ្ងៃ​នេះ​ខាង​ថ្នាក់​លើ មិន​ឲ្យ​បង​​ឯង​ចេញ​ទៅ​ណា​​​​​​ទេ ហើយ​​​​​​​​​​​​​​​​​​​​​​គាត់​​​​​​​​​​​​​​​​​​ថា​​​​​​​​​​​​​​​​ចេះ លោក​ឯង​ឡូឡា​ដាក់ខ្នោះ លោក​ឯង​ឥឡូវ»

ឆ្លើយតប​ការចោទប្រកាន់​នេះ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាសាក់ លោក ពៅ ស៊ុន ទទួល​ស្គាល់​ថា នគរបាល​ពិតជា​រារាំង​អាជ្ញាធរ​ឃុំ​មកពី​គណបក្ស​ជំទាស់​មែន តែ​ការរារាំង​នេះ​គឺជា​ការអនុវត្ត​ច្បាប់​ចរាចរ និង​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ម៉ូតូ​គ្រប់​ប្រភេទ។ លោក​បញ្ជាក់​ថា នេះ​ជា​បញ្ជា​ពី​ថ្នាក់លើ ដែល​បង្គាប់​ឲ្យ​នគរបាល​មូលដ្ឋាន​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ម៉ូតូ ដែល​គេ​អនុវត្ត​គ្រប់​ពលរដ្ឋ​ទាំងអស់ ពុំ​មែន​តែ​មន្ត្រី​គណបក្ស​ជំទាស់​ទេ «មិនមែន​អ៊ីចឹង​ទៅ នេះ​ជា​គោលការណ៍​របស់​ថ្នាក់​ដឹកនាំ​គេ​បោះ​មក​ឲ្យ​យើង​ត្រួត​ពិនិត្យ ទី១ បញ្ហា​សំបុត្រ​ស្នាម​​ម៉ូតូ​មាន​ពន្ធ​មាន​អី ដល់​ឆែក​ត្រួត​ពិនិត្យ​ទៅ ចំ​ភ្ញាក់​ងារ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ»

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង លោក ម៉ៅ វិបុល កត់​សម្គាល់​ថា រូបភាព​នៃ​ការ​ដាក់​កម្លាំង​រារាំង​នេះ គឺ​កើតមាន​ស្ទើរតែ​គ្រប់​ស្រុក​ទាំងអស់​នៅ​ខែត្រ​ស្វាយរៀង ហើយ​អាជ្ញាធរ​របស់​គណបក្ស​កាន់អំណាច បាន​បញ្ជូន​សមត្ថកិច្ច​ចាំ​ឃ្លាំមើល​សកម្មភាព​របស់​អាជ្ញាធរ​ឃុំ មក​ពី​បក្ស​ជំទាស់។ លោក​ថា គណបក្ស​សង្គ្រោះជាតិ​ខែត្រ​ស្វាយរៀង នឹង​មិន​ដាក់ពាក្យ​ប្ដឹង​ករណី​នេះ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​នោះ​ទេ ដោយសារតែ​អំណាច​គណបក្ស​ប្រជាជន ហាក់​ដណ្ដប់​លើ​អំណាច​របស់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​របស់​រដ្ឋាភិបាល និង​តុលាការ​ផង ហេតុនេះ​ពួកគេ​មិន​សង្ឃឹមថា នឹង​ទទួល​បាន​យុត្តិធម៌​នោះ​ទេ «ខ្ញុំ​មិន​បាន​ដាក់​ពាក្យ​បណ្ដឹង​ទេ អាជ្ញាធរ​មក​ពី​បក្ស​សង្គ្រោះជាតិ​ពុំ​មាន​ជំនឿ​លើ ប្រព័ន្ធ​ការពារ​ច្បាប់​ទម្លាប់​របស់​គាត់​ហ្នឹង​ទេ»

ទោះយ៉ាងណា មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក (ADHOC) លោក សឹង សែនករុណា ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច បែងចែក​ឲ្យ​បាន​ត្រឹមត្រូវ រវាង​កិច្ចការ​បុគ្គល និង​កិច្ចការ​នយោបាយ​ដែល​លោក​ចាត់​ទុក​ថា ការ​រារាំង​ក្នុង​ន័យ​នយោបាយ​របស់​សមត្ថកិច្ច​ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា ប្រសិនបើ​សមត្ថកិច្ច​ប្រើ​មធ្យោបាយ រារាំង​សិទ្ធិ​បុគ្គល​បែបនេះ គឺជា​រូបភាព​រំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ជាតិ «សមត្ថកិច្ច​ធ្វើ​កិច្ចការ​ការពារ​ផល​ប្រយោជន៍​ទាំងអស់​នេះ បែរ​ជា​រក​រឿង​ផ្នែក​នយោបាយ​ទៅ​ដាក់​សម្ពាធ​ឲ្យ​អ្នក​គាំទ្រ ឬ​សកម្មជន​នយោបាយ ដែល​ប្រើ​សិទ្ធិ​របស់​គាត់​ក្នុង​ផ្លូវ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ដូចជា​ច្បាប់​របស់​កម្ពុជា​ផ្សេង​ទៀត»

កាល​ពី​ពេល​ថ្មី​នេះ អនុ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កំពង់ត្រាច លោក ចិន ចាន់ថន បាន​ហាម​មិន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ថ្នាក់​ខែត្រ មក​ប្រជុំ​ពង្រឹង​សមាជិក​បក្ស​នៅ​មូលដ្ឋាន​ទេ ដោយ​លើក​ហេតុផល​ថា ជា​បទបញ្ជា​ពី​ថ្នាក់លើ។

មក​ទល់​ពេល​នេះ​មាន​អាជ្ញាធរ​ឃុំ​មកពី​គណបក្ស​សង្គ្រោះជាតិ ក្នុង​ខេត្ត​ស្វាយរៀង​ចំនួន ៩​រូប​ហើយ ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ក្រោយពី​មាន​ការ​គំរាមកំហែង និង​យុទ្ធនា​ការទិញ​ទឹកចិត្ត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល