បក្សប្រឆាំង​សោក​ស្ដាយ​ចំពោះ​អាជ្ញាធរ​រារាំង​មិន​ឲ្យ​បង្សុ​កូលជូន​​អ្នក​ស្លាប់​ដោយ​គ្រាប់​បែក

ដោយ វ៉ាន វ៉ាន់ដេត
2017-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​អតីត​រដ្ឋសភា។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។
ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គប់​គ្រាប់បែក​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ នៅ​មុខ​អតីត​រដ្ឋសភា។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Tha Kitya

ក្រុម​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រឆាំង បរាជ័យ​ក្នុង​ការ​និមន្ត​ព្រះសង្ឃ​ទៅ​ប្រារព្ធ​ពិធី​បង្សុកូល នៅ​បរិវេណ​ចេតិយ​មុខ​អតីត​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា។ ពួកគេ​សម្ដែង​ការ​សោក​ស្ដាយ​ដែល​អាជ្ញាធរ​ពង្រាយ​កង​កម្លាំង​បំបិទ​សិទ្ធិ​សាសនា​របស់​គេ។

បំណង​រៀបចំ​ពិធី​បង្សុកូល រាប់បាត្រ​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសល​ជូន​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​ការ​បោក​គ្រាប់​បែក​ដៃ​កាល​ពី​ឆ្នាំ​១៩៩៧ នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៧ នេះ ដែល​ផ្ដួចផ្ដើម​ដោយ​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដោយ​កង​កម្លាំង​អាជ្ញាធរ​ប្រដាប់​អាវុធ រួម​នឹង​បារ៉ាស់​​ជា​ច្រើន​ត្រូវ​បាន​អាជ្ញាធរ​ដាក់​ពង្រាយ​នៅ​ម្ដុំ​បរិវេណ​ចេតិយ​មុខ​អតីត​រដ្ឋ​សភា និង​នៅ​ម្ដុំ​មុខ​វត្ត​បទុមវតី (គណៈ​ធម្មយុត្តិកនិកាយ)។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង អ្នកស្រី មូរ សុខហួរ សម្ដែង​ការ​សោកស្ដាយ ដោយសារ​អាជ្ញាធរ​បំបិទ​សិទ្ធិ​គោរព​ព្រះពុទ្ធ​សាសនា​របស់​អ្នកស្រី និង​ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ព្រម​ទាំង​ពលរដ្ឋ។ អ្នកស្រី​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ក្រុម​តំណាងរាស្ត្រ និង​ពលរដ្ឋ​គ្រាន់តែ​បាន​ប្រគេន​ចង្ហាន់​ថ្វាយ​សម្ដេច​សង្ឃ បួរ គ្រី ព្រះចៅ​អធិការ​វត្ត​បទុមវតី និង​រំសាយ​ត្រឡប់​ទៅ​វិញ ក្រោយ​ពេល​ឃើញ​កង​កម្លាំង​សមត្ថកិច្ច​ព្រោងព្រាត​ត្រូវ​បាន​ដាក់​ពង្រាយ៖ «ទោះ​បី​យើង​សុំ​ចរចា! យើង​សុំ​ឲ្យ​បាន​ទៅ​បង្សុកូល (នៅ​ចេតិយ) យ៉ាង​ម៉េច​ក៏​អត់​បាន។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង ឃើញ​គេ​ដាក់​កម្លាំង​ព័ទ្ធ​គ្រប់​ផ្លូវ​ទាំង​អស់ ក៏​យើង​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះទង្គិច​ដែរ។ អ្វី​ជា​ការ​សោកស្ដាយ ហើយ​ឃើញ​រឹតតែ​ច្បាស់​ទៅ​ទៀត គ្រាន់​តែ​សិទ្ធិ​នៅ​ក្នុង​ការ​បំពេញ​ភារកិច្ច​យើង ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ក៏​យើង​បាត់​សិទ្ធិ​នោះ​ហើយ ពីព្រោះ​ពេល​ណា​ដែល​យើង​ប្រើ​សិទ្ធិ សិទ្ធិ​នោះ​ហ៊ុមព័ទ្ធ​នឹង​រដ្ឋ​អំណាច និង​កងកម្លាំង​ប្រដាប់​អាវុធ យើង​មិន​អាច​ថា នេះ​ជា​សិទ្ធិ​បាន​ទេ។ នេះ​ជា​ការ​បំភិតបំភ័យ​ធ្ងន់ធ្ងរ​ណាស់»

គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា បាន​ដាក់​លិខិត​ជូន​ដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​សុំ​ទីតាំង​បរិវេណ​ចេតិយ​ខាង​មុខ​មន្ទីរ​រដ្ឋ​សភា និង​សង់​រោង​ចំនួន ៦​ប្រឡោះ ដើម្បី​ប្រារព្ធ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​ការ​គប់​គ្រាប់​បែក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ។

ក្រោយ​លិខិត​នោះ​ទៅ​ដល់​សាលា​រាជធានី​ភ្នំពេញ បាន​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា អភិបាល​រាជធានី លោក ឃួង ស្រេង បាន​ចេញ​លិខិត​ឆ្លើយ​តប​ទៅ​នឹង​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​​ជាតិ រាជធានី​ភ្នំពេញ​វិញ ដោយ​បដិសេធ​សំណើ និង​ណែនាំ​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ ទាក់ទង​ចៅអធិការ និង​គណៈកម្មការ​វត្ត​ជា​មុន ដើម្បី​រៀបចំ​ពិធី​តាម​បែប​សាសនា​ក្នុង​ទីតាំង​វត្ត​អារាម។ អាជ្ញាធរ​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​នៅ​តែ​ជម្នះ​នឹង​បម្រាម​នេះ នឹង​ត្រូវ​រង​វិធានការ​ផ្សេងៗ ពី​អាជ្ញាធរ។

ហេតុផល​មួយ ដែល​អាជ្ញាធរ​បញ្ជាក់​ថា បក្ស​ប្រឆាំង​ត្រូវ​ធ្វើ​ពិធី​សាសនា នៅ​ក្នុង​បរិវេណ​វត្ត គឺ​ដោយ​សារ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ ជនជាតិ​ខ្មែរ​តែង​ប្រារព្ធ​ពិធី​នេះ នៅ​ក្នុង​ទីតាំង​វត្ត​អារាម។ ប៉ុន្តែ​ព្រះសង្ឃ​មាន​ព្រះថេរដីកា​ថា តាម​សាសនា ក្រៅ​ពី​ភ្ជុំបិណ្ឌ​ដែល​គេ​ធ្វើ​នៅ​ក្នុង​វត្ត ពលរដ្ឋ​អាច​ធ្វើ​ពិធី​បង្សុកូល និង​រាប់បាត្រ​បាន​គ្រប់​ទីកន្លែង។

ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​យល់​ថា សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​ហាមឃាត់​ខ្លាំង សូម្បី​សិទ្ធិ​ក្នុង​ការ​ធ្វើ​ពិធី​សាសនា​ក៏​រង​ការ​បំបិទ​ពី​អាជ្ញាធរ​ដែរ។

ព្រឹត្តិការណ៍​បោក​គ្រាប់បែក​ដៃ​ចំនួន​៤គ្រាប់ ទៅ​លើ​ក្រុម​បាតុករ ដែល​ដឹកនាំ​ដោយ លោក សម រង្ស៊ី នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ១៦​នាក់ និង​ជិត ២០០​នាក់ បាន​រង​របួស ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គ្រួសារ​ជនរងគ្រោះ​នៅតែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌។ ក្រុម​គ្រួសារ និង​សាច់​ញាតិ​ជន​រងគ្រោះ តែង​ស្នើ​នៅ​ថ្ងៃ​ខួប​បោក​គ្រប់​បែក​ដើម្បី​ទទូច​សុំ​ឲ្យ​សមត្ថកិច្ច​វែក​រក​មុខ​រក​ឃាតក។

នាយក​ប្រតិបត្តិ​អង្គការ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ស្រដៀង​នឹង​ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ដែរ ដោយសារ​អាជ្ញាធរ​បាន​បំបិទ​សិទ្ធិ​តំណាងរាស្ត្រ​ធ្វើ​ពិធី​បង្សុកូល ខណៈ​ដែល​កន្លង​មក​ពិធី​បែប​សាសនា​នេះ ត្រូវ​បាន​ជនជាតិ​វៀតណាម ធ្វើ​ឡើង​​ជា​សាធារណៈ​បាន​នៅ​លើ​ទឹកដី​កម្ពុជា៖ «គ្រាន់​តែ​ធ្វើ​បុណ្យ ឬ​ក៏​ប្រារព្ធ​ពិធី​សាសនា​តិចតួច​ហ្នឹង មិន​ត្រូវ​ហាម​ឃាត់​​ទេ។ បើ​យើង​មើល​ទៅ​លើ​សេរីភាព​នៃ​សាសនា ជា​រួម​ឃើញ​ថា ជនជាតិ​បរទេស​ខ្លះ​មក​គោរព​សាសនា​ទី​សាធារណៈ​នៅ​កម្ពុជា ហ្នឹង​ច្រើន​ណាស់ ដូចជា​នៅ​ភ្នំ​បូកគោ​អី​ហ្នឹង ល្បី​ថា មាន​ជនជាតិ​យួន​អី​ទៅ​ប្រារព្ធ​ពិធី​សាសនា ដូច​ថា​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​ហ្នឹង ពុំ​សូវ​មាន អ៊ីចឹង​សម្រាប់​បុគ្គល​ដែល​ជា​តំណាងរាស្ត្រ​ត្រូវ​ហាមឃាត់​ដោយសារ​ពួកគេ​ប្រារព្ធ​ពិធី​សាសនា ខ្ញុំ​គិត​ថា វា​ជា​រឿង​មួយ​ដែល​វា​កាន់​តែ​អាក្រក់​មើល​ទៅ​ហើយ​នៅ​ក្នុង​សង្គម​យើង»

រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល មាត្រា​៤៣ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំនឿ។ សេរីភាព​ខាង​ជំនឿ​ និង​ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ ឬ​សាសនា​ដទៃ​ទៀត​ ដល់​សណ្ដាប់ធ្នាប់​ និង​សន្តិសុខ​សាធារណៈ។

ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​យល់​ថា ការ​ធ្វើ​ពិធី​បង្សុកូល​រាប់បាត្រ​ព្រះសង្ឃ​នៅ​ចេតិយ​មុខ​អតីត​រដ្ឋសភា ដែល​គ្រោង​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មិន​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សាធារណៈ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល