ចៅសង្កាត់​ផ្សារ​កណ្ដាល​នៃ​បក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ថា​បំបិទ​សិទ្ធិ​បញ្ចេញ​មតិ

ដោយ ហ៊ុំ ចំរើន
2017-09-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ចៅសង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឃុន ចន្ទី (ស្ដាំ) បំពេញ​ការងារ​នៅ​សាលា​សង្កាត់​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided
ចៅសង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ឃុន ចន្ទី (ស្ដាំ) បំពេញ​ការងារ​នៅ​សាលា​សង្កាត់​កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ចៅសង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​អាជ្ញាធរ​ក្រុង​នេះ​ថា​មិន​ផ្ដល់​ឱកាស​ឲ្យ​ខ្លួន​បាន​បញ្ចេញ​មតិ ដើម្បី​ជា​គំនិត​យក​ទៅ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​ឡើយ។ ចៅសង្កាត់​រូប​នេះ​លើក​ឡើង​ថា បញ្ហា​នេះ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន។

ចៅសង្កាត់​ផ្សារកណ្ដាល គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា តាំង​ពី​ជាប់​ឆ្នោត​ធ្វើ​ជា​ចៅសង្កាត់​មក ខ្លួន​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ពីព្រោះ​មិន​អាច​អភិវឌ្ឍ​មូលដ្ឋាន​តាម​សំណើ​របស់​ពលរដ្ឋ​បាន។

អ្នកស្រី ឃុន ចន្ទី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ កញ្ញា ថា ចាប់​តាំង​ពី​អ្នកស្រី​ជាប់​ឆ្នោត​ធ្វើ​ជា​ចៅសង្កាត់​ផ្សារកណ្ដាល មក គឺ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត មិន​ដែល​ផ្ដល់​សិទ្ធិ​ឲ្យ​អ្នកស្រី​សម្ដែង​មតិ​នៅ​ក្នុង​ប្រជុំ​ម្ដង​ណា​នោះ​ទេ។ អ្នកស្រី​អះអាង​ថា ដូចជា​នៅ​ក្នុង​អង្គ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ជាដើម ដែល​អ្នកស្រី​បាន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ ដោយសារ​អភិបាល​ក្រុង​ប៉ោយប៉ែត មិន​ឲ្យ​អ្នកស្រី​បញ្ចេញ​មតិ៖ «គាត់​យើង​នឹង​បាន​សន្យា​ជាមួយ​ពលរដ្ឋ​ហើយ​មិន​ធ្វើ ហើយ​ដៀល​ខ្ញុំ​សុទ្ធតែ​ថា​មាន​សកម្មភាព​ទំនើង។ ខ្ញុំ​ធ្វើ​អី​វា​ហាក់​បី​ដូចជា​ខុស​រហូត ដូចជា​មិន​ត្រូវ​អភិបាល​ក្រុង​ប៉ោយប៉ែត ទេ។ ទាំងអស់​នេះ​ខ្ញុំ​គិត​ថា​ជា​មតិ​បុគ្គល​របស់​គាត់​ទេ បើ​មតិ​មហាជន​គេ​បើ​ឃើញ​ថា ដោយសារ​តែ​ទង្វើ​របស់​អភិបាល​ក្រុង​នេះ​ហើយ​បាន​គេ​ទម្លាក់​ពួក​គាត់​ចោល»

ចំពោះ​ការ​ចោទ​ប្រកាន់​នេះ អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ពុំ​បាន​បកស្រាយ​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ ដោយ​លោក​ប្រាប់​ថា​ជាប់​រវល់​ប្រជុំ។

ប៉ុន្តែ​ប្រាប់​បណ្ដាញ​ព័ត៌មាន​ហ្វ្រែសញូវ (Fresh News) ដែល​គេ​ដឹង​ថា​ព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​៤ កញ្ញា ថា អភិបាល​ក្រុង​ប៉ោយប៉ែត បាន​បណ្ដេញ​ចៅសង្កាត់​រូប​នេះ​ចេញ​ពី​អង្គ​ប្រជុំ ដោយសារ​អ្នកស្រី​រវល់​លេង​ទូរស័ព្ទ​មិន​គោរព​អង្គ​ប្រជុំ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ករណី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត បិទ​សិទ្ធិ​មិន​ឲ្យ​ចៅសង្កាត់​គណបក្ស​ប្រឆាំង​បញ្ចេញ​មតិ​ដើម្បី​នាំ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ​ទៅ​ដោះស្រាយ​នេះ គឺ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​មិន​ដំណើរការ​ទៅ​មុខ៖ «ទាំងអស់​នេះ​មាន​ន័យ​ថា​នៅ​ក្នុង​ការ​អភិបាល​អភិវឌ្ឍន៍​មិន​ថា​គេ​ចាប់​ពី​ណា​មក​មុន​ទេ ព្រោះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​គោល​នយោបាយ​វិមជ្ឈការ គឺ​គេ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ទាមទារ​ចង់​បាន និង​ចង្អុល​បង្ហាញ​នូវ​ការ​ខ្វះខាត។ ដូច្នេះ​ទើប​រដ្ឋាភិបាល​ទម្លាក់​ប្រតិភូកម្ម​មក​ថ្នាក់​ក្រោម​ជាតិ ធ្វើ​ឲ្យ​ចំ​គោលដៅ។ បើ​សិន​ជា​គាត់​មិន​ឲ្យ​និយាយ គាត់​តម្រូវ​ឲ្យ​គេ​ធ្វើ​ទៅ​តាម​ចិត្ត​គាត់ ដូច្នេះ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្លាយ​ទៅ​ជា​បរាជ័យ​ហើយ»

លោក ស៊ុំ ច័ន្ទគា កត់​សម្គាល់​ថា នៅ​គ្រប់​សង្កាត់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​នៅ​ក្រុង​ប៉ោយប៉ែត ពួក​គេ​តែង​ជួប​ការ​លំបាក​រឿង​ការ​សាងសង់​ផ្លូវ​ថ្នល់​ដើម្បី​អភិវឌ្ឍ​មូលដ្ឋាន ពីព្រោះ​អាជ្ញាធរ​ក្រុង​មួយ​នេះ​មិន​សហការ​ជាមួយ​ពួក​គាត់​ឡើយ។ លោក​លើក​ឡើង​ថា បញ្ហា​នេះ​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ឆាប់​ដោះស្រាយ​ទេ ប្រជាពលរដ្ឋ​នឹង​ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​កន្លង​ទៅ​នៅ​ក្រុង​ប៉ោយប៉ែត គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​បាន​ធ្វើ​ជា​ចៅសង្កាត់​ចំនួន​២ គឺ​សង្កាត់​ផ្សារកណ្ដាល និង​សង្កាត់​ប៉ោយប៉ែត ចំណែក​ឯ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​ធ្វើ​ជា​ចៅសង្កាត់​មួយ​កន្លែង​នៅ​សង្កាត់​និមិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល