បក្ស​ប្រឆាំង​ថា​ចៅសង្កាត់​អូរចារ​រង​ការ​គាប​សង្កត់​ដោយ​ក្រុម​អធិការកិច្ច​ខេត្ត

ដោយ មួង ណារ៉េត
2017.07.22
ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ៨៥៥ ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង ជាប់​ឆ្នោត​ថ្មី កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត លើក​បង្ហាញ​ម្រាម​ដៃ​បន្ទាប់​ពី​កញ្ញា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​អធិការកិច្ច​ខេត្ត​បាត់ដំបង បាន​ចុះ​ត្រួតពិនិត្យ​ភាព​ស្រប​ច្បាប់​ផ្នែក​រដ្ឋបាល​ដល់​ទីតាំង​ចៅសង្កាត់​អូរចារ ថ្មី ក្រោយ​បាន​ចូល​កាន់​តំណែង​ភ្លាម។ មន្ត្រី​បក្ស​ប្រឆាំង​លើក​ឡើង​ថា ទង្វើ​នេះ​គឺ​មិន​ត្រឹមត្រូវ និង​ជា​ការ​ដាក់​សម្ពាធ​លើ​ចៅ​សង្កាត់​ជាប់​ឆ្នោត​ថ្មី​ពី​ខាង​គណបក្ស​ប្រឆាំង។ ចំណែក​ឯ​មន្ត្រី​បក្ស​កាន់​អំណាច​វិញ ចាត់​ទុក​ទង្វើ​របស់​ចៅសង្កាត់​អូរចារ ថា​ជា​ការ​ធ្វើ​គ្រាន់​តែ​យក​ល្បី​ដើម្បី​បម្រើ​បក្ស។ ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​កែ​ទម្លាប់​ឈប់​ក្ដិច​ត្រួយ​គ្នា។

ចូលកាន់​តំណែង​ជា​ចៅសង្កាត់ មិន​ទាន់​បាន​កន្លះ​ខែ​ផង ចៅសង្កាត់​អូរចារ ក្រុង​បាត់ដំបង ដែល​ទើប​ជាប់​ឆ្នោត​ថ្មី ដែល​ទើប​ឈាន​ចូល​វ័យ ៣២​ឆ្នាំ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត  ត្រូវ​អាជ្ញាធរ​ខេត្ត​បាត់ដំបង តាម​រយៈ​លិខិត​បង្គាប់​ការ​របស់​ខេត្ត ចាត់​តាំង​មន្ត្រី​ខេត្ត​ចំនួន ៥​រូប ចុះ​ទៅ​ត្រួតពិនិត្យ​នីត្យានុកូលភាព​រដ្ឋបាល​សង្កាត់​អូរចារ កាល​ពី​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែ​កក្កដា កន្លង​ទៅ​នេះ។  មួយ​សប្ដាហ៍​ក្រោយ​ការ​ចុះ​ធ្វើ​អធិការកិច្ច​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ក៏​បាន​ចុះ​ទៅ​សង្កាត់​អូរចារ និង​ជួប​ចៅសង្កាត់​ថ្មី​នេះ​ផ្ទាល់​ថែម​ទៀត​ផង។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ចាត់​ទុក​ចំណាត់​ការ​របស់​មន្ត្រី​ខេត្ត​បាត់ដំបង បែប​នេះ​ថា ជា​ការ​គាប​សង្កត់​ចៅសង្កាត់ ដែល​ចូល​កាន់​តំណែង​ថ្មី នៅ​ខ្ចី​បទពិសោធន៍។ លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​ធ្វើ​ដូច្នេះ​មិន​សម​ស្របតាម​រដ្ឋបាល​នោះ​ឡើយ៖ «ក្រសួង​ក្ដី រដ្ឋបាល​ខេត្ត​ក្ដី គឺ​ត្រូវ​តែ​ជួយ​បង្រៀន និង​ជួយ​ហ្វឹកហ្វឺន​ឲ្យ​គាត់​ស្គាល់​ពី​ការងារ អ៊ីចឹង​ទើប​កាន់​ការ​បាន​បួន​ប្រាំ​ថ្ងៃ ហើយ​យើង​ឲ្យ​មាន​អធិការកិច្ច​ទៅ​ត្រួត​ពិនិត្យ​ទៅ​ស្ដី​បន្ទោស​ទៅ​អី​ហ្នឹង​វា​អត់​ត្រឹមត្រូវ​ទេ។ គេ​ត្រូវតែ​ហ្វឹកហ្វឺន ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ឲ្យ​មន្ត្រី​ដែល​ជាប់​ឆ្នោត​ថ្មី​ហ្នឹង អាច​ធ្វើ​កិច្ចការ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន»

ការ​ចុះ​ធ្វើ​អធិការកិច្ច​នេះ​របស់​មន្ត្រី​ខេត្ត​នេះ ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា បាន​វាយ​ប្រហារ​ខ្លាំងៗ ទៅ​លើ​សកម្មភាព​របស់​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែល​បាន​ប្រកាស​តាម​ហ្វេសប៊ុក រៃ​លុយ​ទិញ​ក្រួស​ក្រហម ដើម្បី​ជួសជុល​ផ្លូវ​ក្នុង​ភូមិ។ លោក ឈាន វុន រិះគន់​ថា ការណ៍​ដែល​កញ្ញា រ៉ូហ្ស៊េត ធ្វើ​នេះ គឺ​គ្រាន់​តែ​ដើម្បី​យក​ល្បី មិន​មែន​ធ្វើ​បម្រើ​រាស្ត្រ​ដោយ​ស្មោះ​នោះ​ទេ៖ «តំណាងរាស្ត្រ​ថ្មី​មួយ​នៅ​ខេត្ត​បាត់ដំបង គាត់​មក​សុំ​លុយ​ពី​ថ្នាក់ដឹកនាំ​នៅ​លើ​នេះ​បាន ១០០​ដុល្លារ ទៅ​ដឹក​បាន​ដី​ក្រហម​មួយ​ឡាន​យក​ទៅ​ចាក់​នៅ​ឃុំ​អូរចារ ចុះ ហ្វេសប៊ុក ផ្អើល​គេ​ផ្អើល​ឯង ហើយ​យក​មនុស្ស​បី​បួន​នាក់ កាន់​ចប​ពីរ​បី​យក​ទៅ​កាយ​ក្រួស​ក្រហម​ហ្នឹង។ មិន​មែន​បម្រើ​រាស្ត្រ​ទេ​អា​ហ្នឹង! មិន​មែន​ទេ! បម្រើ​រាស្ត្រ​ទាល់តែ​ផ្លូវ​ហ្នឹង​ធ្វើ​ឲ្យ​ល្អ មិន​មែន​គ្រាន់​តែ​យក​ទៅ​កាយ​លំៗ ភ្លៀង​មក​ភក់​ដល់​ក្បាល​ជង្គង់​នោះ​ទេ»

លោក ឈាង វុន បន្ត​ទៀត​ថា ការ​ធ្វើ​គ្រាន់​តែ​ចង់​យក​ល្បី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ពី​មុន​ដែល​គេ​ធ្វើ​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត​ផង៖ «ខ្ញុំ​ឃើញ​គេ​បង្ហោះ​ចេញ​ជា​រូបភាព​ហ្នឹង ធ្វើ​ឲ្យ​អ្នក​ដែល​មើល​ហ្នឹង ជា​ពិសេស​អ្នក​ដែល​មើល​សង្ស័យ​ថា គេ​រៀបចំ​នោះ​ទេ រួច​ធ្វើ​ខំមិន (Comment) យើង​និយាយ​ទៅ​ប៉ះពាល់​គេ​ចាស់​ឯ​ណោះ ដែល​គេ​ខំប្រឹង​ធ្វើការ​ពី​មុន​មក​នោះ។ គេ​ធ្វើ​ច្រើន​ជាង​នេះ ហើយ​បើ​យើង​ធ្វើ​លំៗ​គ្រាន់​តែ​យក​មតិ​សាធារណជន នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​រួម​របស់​ឃុំ​របស់​ស្រុក និង​ខេត្ត»

អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥ រដ្ឋសភា (គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន)  លោក ឈាង វុន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧។
អ្នក​នាំ​ពាក្យ​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥ រដ្ឋសភា (គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន) លោក ឈាង វុន ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៧។

កញ្ញា រ៉ូហ្ស៊េត មិន​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​លោក ឈាង វុន នោះ​ទេ ដោយ​កញ្ញា​អះអាង​ថា ថវិកា​ទិញ​ដី​ក្រួស​ក្រហម គឺ​បាន​មក​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​ឧបត្ថម្ភ​ដល់​ក្រុម​ការងារ​របស់​កញ្ញា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅ​មូលដ្ឋាន។

កញ្ញា រ៉ូហ្ស៊េត បញ្ជាក់​ថា ការ​ធ្វើ​នេះ​មិន​មែន​ដើម្បី​ចង់​បាន​មុត​មាត់​ទេ តែ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ពលរដ្ឋ ព្រោះ​ថវិកា​ដែល​ផ្ដល់​ឲ្យ​ដល់​ឃុំ-​សង្កាត់​កន្លង​មក សម្រាប់​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន នៅ​មិន​ទាន់​ល្អ​ប្រសើរ ព្រោះ​ពលរដ្ឋ​នៅ​មាន​ការ​លំបាក​ច្រើន៖ «បើ​សិន​ផ្ទះ​លោក​អ៊ំ ឈាង វុន គាត់​នៅ​ក្នុង​សង្កាត់​អូរចារ នៅ​ម្ដុំ​ទឹក​លិច នៅ​ម្ដុំ​ផ្លូវ​ដែល​ពិបាក ក៏​គាត់​មិន​ខុស​អី​នឹង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរចារ ដែល​តែង​តែ​មាន​ការ​រអ៊ូរទាំ ក្នុង​ការ​អភិវឌ្ឍ មាន​ការ​យឺតយ៉ាវ ហើយ​មិន​មែន​ត្រឹមតែ​យឺត​យ៉ាវ​ទេ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​ធុញ​ទ្រាន់ គាត់​ប៉ះពាល់​សុខភាព​គាត់»

​មិន​មែន​តែ​លោក ឈាង វុន ម្នាក់​ទេ ដែល​ឈឺ​ឆ្អាល​នឹង​សកម្មភាព​របស់​មេ​ឃុំ​ជាប់​ឆ្នោត​ថ្មី របស់​គណបក្ស​សង្គ្រោះ​ជាតិ សូម្បី​តែ​ប្រមុខ​រដ្ឋាភិបាល​ផ្ទាល់ ក៏​ធ្លាប់​ចំអក​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង រឿង​រៃ​លុយ​ជួសជុល​ផ្លូវ​ក្នុង​ភូមិ​នេះ​ផង​ដែរ។ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​និស្សិត​នៅ​សាលា​បញ្ញា​សាស្ត្រ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា កន្លង​ទៅ ពោល​គឺ​ពីរ​សប្ដាហ៍​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំអក​ដាក់​អ្នក​ជាប់​ឆ្នោត​ថ្មី ដែល​មិន​អាច​ធ្វើ​បាន​តាម​សន្យា ព្រោះ​សន្យា​ធំ​ពេក៖ «អ្នក​ខ្លះ​ក៏​បាន​និយាយ​ថា នឹង​ធ្វើ​ផ្លូវ​នេះ ដល់​តែ​រួច​ហើយ​ប្រកាស​ថា នឹង​រៃ​លុយ​ធ្វើ​ផ្លូវ! អ្ហា៎ក! អ៊ីចឹង​ប្រជាជន​ចាប់​គិត​ហើយ ថា​ធ្វើ​ផ្លូវ ថា​សន្យា​ថា​ធ្វើ​ផ្លូវ ដល់​រួច​ហើយ​ប្រកាស​ថា​រៃ​លុយ​គ្នា​ធ្វើ​ផ្លូវ»

​ទោះ​លោក ហ៊ុន សែន មិន​និយាយ​ចំ​ឈ្មោះ​កញ្ញា​ចៅសង្កាត់​អូរចារ យ៉ាង​ណា​ក្ដី ក៏​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្ស៊េត កាល​ពី​​ដើម​ខែ​មិថុនា បាន​សរសេរ​សារ​តាម​ហ្វេសប៊ុក សុំ​ជំនួយ​ពី​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឲ្យ​ជួយ​បរិច្ចាគ​ទិញ​ដី​ក្រួស​ក្រហម ដើម្បី​ជួសជុល​ផ្លូវ​ក្នុង​ភូមិ។ ដោយសារ​ការ​អំពាវនាវ​នេះ មាន​សប្បុរសជន​ខ្មែរ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​បាន​បរិច្ចាគ​ថវិកា ដើម្បី​បាន​ទិញ​ដី​ជា​ច្រើន​ឡាន ចាក់​ជួសជុល​ផ្លូវលំ​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន​ក្នុង​សង្កាត់​អូរចារ រួច​កញ្ញា​ផ្សព្វផ្សាយ​សកម្មភាព​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រហូត​ផ្អើល​ដល់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង ហើយ​ឈាន​ដល់​មាន​ការ​ចាត់​ក្រុម​អធិការកិច្ច​ឲ្យ​ចុះ​ត្រួតពិនិត្យ​ការងារ​របស់​ចៅ​សង្កាត់​ថ្មី​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​សន្យា​ផ្ដល់​ប្រាក់ ៥០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ផ្ដល់​ឲ្យ​គ្រប់​ឃុំ-​សង្កាត់ ដើម្បី​អភិវឌ្ឍ​នៅ​មូលដ្ឋាន ប្រសិនបើ​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​ថា ធ្វើ​នយោបាយ​ប្រជាភិថុតិ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​អះអាង​ថា ការ​សន្យា​នេះ គឺ​អាច​អនុវត្ត​បាន​ទាល់​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​សិន។

កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្មាន​សិទ្ធិ​ចាត់ចែង​ថវិកា​ជាតិ​ដើម្បី​អភិវឌ្ឍ​ឃុំ-​សង្កាត់ ដូច​គណបក្ស​កាន់​អំណាច​ត្រូវ​រង​ការ​រិះគន់​វាយ​ប្រហារ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ថា​ពូកែ​បាន​តែ​ថា។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន កាល​ពី​មុន​បោះឆ្នោត​ឃុំ-​សង្កាត់ ធ្លាប់​ប្រមាថ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ថា ពូកែ​សន្យា​ខ្យល់ មិន​ដែល​ឃើញ​កសាង​អ្វី​បាន សូម្បី​តែ​បង្គន់​មួយ៖ «ដូច​ជា​បង្គន់​អនាម័យ​អី​ហ្នឹង សួរ​ថា​គាត់​ធ្វើ​កើត​មិន​កើត? អណ្ដូង​ទឹក​អី​ហ្នឹង លទ្ធភាព​គាត់​ធ្វើ​កើត ឬ​មិន​កើត?»

អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សក់ សេដ្ឋា ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​ចុះ​ធ្វើ​អធិការកិច្ច​តែ​សង្កាត់​អូរចារ​នេះ​បាន​នៅ​ឡើយ​ទេ ដោយសារ​លេខ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន។

កាល​មិន​ទាន់​បាន​ជួយ​ធ្វើ​អ្វី​ជា​ដុំកំភួន គណបក្ស​ប្រឆាំង​រង​ការ​រិះគន់​ថា មិន​បាន​ធ្វើ​អ្វី​សោះ។ ឥឡូវ​ពេល​មេ​ឃុំ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្ដើម​រៃ​អង្គាស​ប្រាក់​ជួយ​ដោះស្រាយ​បញ្ហា​មូលដ្ឋាន ក៏​ត្រូវ​មន្ត្រី​គណបក្ស​កាន់​អំណាច​រិះគន់​ថា ធ្វើ​ឲ្យ​រួច​តែ​ពី​ដៃ និង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ទូទៅ​ទៅ​វិញ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ និង​អភិវឌ្ឍ​សង្គម បាន​កត់សម្គាល់​ឃើញ​ថា មន្ត្រី​គណបក្ស​កាន់​អំណាច​មិន​គួរ​ចិត្ត​ចង្អៀត​ក្នុង​ការ​ដែល​ឃើញ​មន្ត្រី​ជាប់​ឆ្នោត​ជា​មេឃុំ ឬ​ចៅសង្កាត់​ថ្មី របស់​គណបក្ស​ប្រឆាំង រៃ​លុយ​យក​មក​ជួសជុល​ផ្លូវ​ក្នុង​មូលដ្ឋាន ទោះ​តិច​ក្តី ច្រើន​ក្តី ព្រោះ​នេះ​ជា​កម្លាំង​សាមគ្គី​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ភូមិ ឃុំ​ទាំង​អស់​គ្នា។

លោក មាស នី ស្នើ​គួរ​ជួយ​លើក​ទឹក​ចិត្ត​សកម្មភាព​បែប​នេះ​បន្ថែម​ទៀត ដោយ​មិន​ត្រូវ​រើសអើង​និន្នាការ​គណបក្ស​នយោបាយ​នោះ​ឡើយ៖ «ការណ៍​ដែល​បញ្ចេញ​វោហារសាស្ត្រ ឬ​សម្ដី​បែប​ហ្នឹង វា​អាច​នឹង​​ទៅ​ជាន់​លើ​អ្វី​ដែល​គណបក្ស​ប្រជាជន​ធ្លាប់​បាន​ថា ឲ្យ​គណបក្ស​ប្រឆាំង​ពី​មុន​ថា ប្រឆាំង​ផ្កាប់​មុខ ទោះ​បី​ធ្វើ​ល្អ​ហើយ ក៏​នៅ​តែ​ប្រឆាំង​ទាល់​ស្លាប់។ វា​មិន​មែន​ជា​រដ្ឋាភិបាល​ដែល​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ទៅ​លើ​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ទេ ប្រសិនបើ​យើង​បន្ត​ការ​រើសអើង​បែប​ហ្នឹង»

ការ​រើសអើង​មន្ត្រី​ឃុំ-​សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​នេះ កើត​ឡើង​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស ដូចជា​ការ​បិទ​ទ្វារ​ចាក់​សោ​ការិយាល័យ​មិន​ឲ្យ​មេ​ឃុំ-​ចៅសង្កាត់​ថ្មី មាន​កន្លែង​អង្គុយ​ធ្វើ​ការ ការ​រុះរើ​តុ កៅអី និង​ម៉ាស៊ីន​ត្រជាក់​ចេញ​ពី​ការិយាល័យ​ឃុំ-​សង្កាត់ និង​ការ​មិន​ចង់​សហការ​ជាមួយ​មេ​ឃុំ-​ចៅសង្កាត់​ជាប់​ឆ្នោត​ថ្មី​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។