បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​សន្និសីទ​កាសែត ​នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
ដោយ យ៉ង ចាន់តារា និង ទីន ហ្សាការីយ៉ា
2013.07.29
សម រង្ស៊ី កឹម សុខា ៣០៥ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន​គណបក្ស លោក កឹម សុខា ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣។
RFA/Uon Chhin

 

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា ការ​បោះឆ្នោត​អាណត្តិ​ទី​៥ នេះ​មាន​​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​ឡើង​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត។

ករណី​ទាំង​នោះ​មាន​ដូច​ជា​ការ​បំប៉ោង​សំឡេង​ឆ្នោត​ ការ​មាន​តែ​ឈ្មោះ​តែ​មិន​មាន​មនុស្ស​ ឬ​ហៅ​ថា ឈ្មោះ​ខ្មោច​ និង​ការ​បង្កើត​សន្លឹក​ឆ្នោត​លើស​តម្រូវការ​​ជា​ដើម។

លើស​ពី​នេះ​ទៅ​ទៀត​ លោក​ សម រង្ស៊ី បាន​អះ​អាង​ថា ចាប់​ពី​ពេល​នេះ​តទៅ​គ្មាន​អ្នក​ដឹក​នាំ​ណា​ ឬ​គណបក្ស​នយោបាយ​ណា​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​គណបក្ស​ប្រឆាំង​នោះ​ឡើយ៖ «ចាប់​ពី​ថ្ងៃ​នេះ​ទៅ ចាប់​ពី​ពេល​នេះ​ទៅ​ ការ​ធ្វើ​សេចក្ដី​សម្រេច​ទាក់​ទង​នឹង​អនាគត​ប្រទេស គឺ​ត្រូវ​ការ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ស្មារតី​យុត្តិធម៌​ចំពោះ​ប្រជារាស្ត្រ កាតព្វកិច្ច​របស់​យើង​ចំពោះ​ប្រជារាស្ត្រ កតញ្ញុតាធម៌​របស់​យើង​ចំពោះ​ប្រជារាស្ត្រ គឺ​មិន​អនុញ្ញាត​ឱ្យ​យើ​ង​ទទួល​ស្គាល់​លទ្ធផល​ដែល​យើង​ឮ​មក​ទល់​នឹង​ព្រឹក​មិញ​នេះ​ទេ»

នៅ​ក្នុង​សន្និសីទ​នោះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​មួយ ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត។ គណៈកម្មការ​នោះ​ត្រូវ​មាន​ការ​ចូល​រួម​ពី​​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ​ តំណាង​អង្គការ​សហ​ប្រជាជាតិ និង​តំណាង​​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត មិន​មែន​មាន​តែ​សមាសភាព គ.ជ.ប នោះ​ទេ។

លោក កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា ការ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​នេះ​ជា​រឿង​មួយ​ចាំបាច់​បំផុត​ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌ និង​ស្ថិរភាព​នយោបាយ៖ «យើង​បាន​អំពាវនាវ​ឱ្យ​ស្ងប់ស្ងាត់។ បើ​សិន​រដ្ឋាភិបាល​អត់​ចង់​ឱ្យ​មាន​បញ្ហា រដ្ឋាភិបាល​ហ្នឹង​ព្រម​ជា​មួយ​យើង​ បង្កើត​គណៈកម្មការ​ចម្រុះ។ អា​ហ្នឹង​ហើយ​ដោះ​ស្រាយ​នោះ បង​ប្អូន​អស់​ចិត្ត​ហើយ។ បើ​សិន​ជា​គណៈកម្មការ​ចម្រុះ​គេ​ចេញ​របាយការណ៍​មក​ហើយ យុវជន​គាត់​សប្បាយ​ចិត្ត។ បើ​គេ​រក​ឃើញ​អ៊ីចឹង​ហើយ គាត់​ទៅ​ធ្វើ​អ្វី​ទៀត បើ​សិន​ជា​ទុក​ឱ្យ គ.ជ.ប ធ្វើ​ម្នាក់​ឯង អា​ហ្នឹង​ប្រហែល​ជា​គាត់​អត់​ទុក​ចិត្ត​ទេ»

ពលរដ្ឋ​ម្នាក់​ឈ្មោះ ខឹម លីណា បាន​អំពាវ​នាវ​ឱ្យ​អង្គការ​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត ជួយ​ក្នុង​ការ​តាម​ដាន​លទ្ធផល និង​ធ្វើ​ការ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ដើម្បី​ធានា​បាន​នូវ​​​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​ទូទាំង​ប្រទេស៖ «ខ្ញុំ​សូម​ទទូច​ហើយ​ទទូច​ទៀត​ណា! សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​គ្រប់​លំដាប់​ថ្នាក់​ សូម​ឱ្យ​លោក​ជួយ​ខ្មែរ​ឱ្យ​បាន​ជោគ​ជ័យ​នៃ​សន្លឹក​ឆ្នោត​របស់​ប្រជារាស្ត្រ គឺ​ប្រជារាស្ត្រ​ជា​ម្ចាស់​សន្លឹក​ឆ្នោត មិន​មែន​រដ្ឋាភិបាល​នេះ​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ទេ។ ខ្ញុំ​សូម​ឱ្យ​ធ្វើ​អ្វី​មួយ​ក៏ដោយ​ឱ្យ​មាន​ភាព​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ»

ទាក់​ទង​នឹង​បញ្ហា​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា ការ​ប្រកាស​មិន​ទទួល​យក​លទ្ធផល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​សិទ្ធិ​របស់​គេ ហើយ​សម្រាប់​គណបក្ស​ដែល​ឈ្នះ​នឹង​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ទៅ​ថ្ងៃ​មុខ៖ «អ្នក​ដែល​បាត់​បង់​ក្តី សង្ឃឹម​ដែល​គាំ​ទ្រ​គណបក្ស​ហ្នឹង​ជា​អ្នក​ខាត​បង់។ ខាង​យើង​ខ្ញុំ​ជា​អ្នក​ឈ្នះ​ យើង​នឹង​បង្គ្រប់​នូវ​អ្វី​ដែល​ជា​ឆន្ទៈ​របស់​មហាជន អ្វី​ដែល​ជា​លទ្ធផល ហើយ​យើង​យក​ការ​ទុក​ចិត្ត​ហ្នឹង ធ្វើ​ឱ្យ​ទៅ​ជា​ការងារ​ ដើម្បី​ផ្ដល់​សេវាកម្ម​ប្រសើរ​ដល់​មហាជន និង​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ ដើម្បី​ជោគជ័យ​ទាំង​អស់​គ្នា»

ចំណែក​អ្នក​​វិភាគ​នយោបាយ​ឯករាជ្យ លោក​​បណ្ឌិត សុខ ទូច វិញ បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​របស់​​គណបក្ស​នយោបាយ​ដែល​មាន​សិទ្ធិ​បដិសេធ ឬ​ទទួល​យក​ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា វា​ហាក់​ដូច​ជា​​លឿន​ពេក​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្ដី​ប្រកាស​មិន​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​បន្ថែម​ថា រាល់​ការ​បដិសេធ​របស់​គណបក្ស​ប្រឆាំង ត្រូវ​តែ​ផ្អែក​ទៅ​លើ​ភស្តុតាង​ដែល​មាន​ពិត​ប្រាកដ។

លោក សុខ ទូច៖ «យើង​ត្រូវ​ដោះ​ស្រាយ​​រាល់​បញ្ហា​ស្មុគស្មាញ​​ទាក់​ទង​នឹង​ភាព​មិន​ប្រក្រតី​ជា​ច្រើន ដូចជា ចំនួន​ប៉ោង អ្នក​មាន​ឈ្មោះ​មិន​បាន​បោះ​ឆ្នោត​ រឿង​ទាក់​ទង​នឹង​ជនអន្តោប្រវេសន៍​មាន​សិទ្ធិ​បោះ​ឆ្នោត។ អា​ហ្នឹង​​ជា​រឿង​ស្មុគស្មាញ​​ច្រើន​ទៀត ដែល​យើង​ត្រូវ​ដោះ​ស្រាយ។ រាល់​ការ​បដិសេធ​ទាំង​ឡាយ​ណា​របស់​គណបក្ស​ប្រឆាំង ត្រូវ​​មាន​ទឡ្ហីករណ៍​ច្បាស់​លាស់​ទាំង​ផ្លូវ​គតិយុត្តិ និង​មាន​សាក្សី​នៅ​គ្រប់​អង្គហេតុ​ដែល​កើត​មាន​ឡើង»

បើ​ទោះ​ជា​​​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ទាន់​​​​បង្ហាញ​លទ្ធផល​បឋម​ដែល​កំណត់​ចំនួន​អាសនៈ​​របស់​គណបក្ស​នយោបាយ​ក៏ដោយ ក៏​​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​បឋម និង​មិន​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​របស់​អង្គការ​ខុមហ្រ្វែល បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​ទទួល​បាន ៦៧​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ ៥៦​អាសនៈ ខណៈ​ដែល​គណបក្ស​ផ្សេងៗ​ទៀត​ មិន​ទទួល​បាន​អាសនៈ​ណា​មួយ​ឡើយ។ លទ្ធផល​បណ្ដោះ​អាសន្ន​របស់ ​គ.ជ.ប នឹង​ត្រូវ​​ចេញ​ផ្សាយ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​សីហា ហើយ​បើ​មិន​មាន​បណ្ដឹង​លទ្ធផល​ផ្លូវ​ការ​អាច​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៤ សីហា តែ​បើ​មាន​បណ្ដឹង​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣ ខាង​មុខ។

សង្គម​ស៊ីវិល​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណៈកម្មការ​នោះ ត្រូវ​ខាង​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​ច្បាស់លាស់​និង​ត្រឹមត្រូវ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) បាន​ឲ្យ​ដឹង​ថា ពួក​គាត់​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣។
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣។
RFA/Tin Zakariya

ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្រ្វែល (Comfrel) លោក ធន សារាយ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ថា ករណី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជា​រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ករណី​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ឆ្នាំ​២០១៣ យល់​ស្រប។

ភាព​មិន​ប្រក្រតី​ដែល​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា ខុមហ្រ្វែល (Comfrel) បាន​រក​ឃើញ​មាន​ជាង ២០០​ករណី។ ក្នុង​នោះ​មាន​ដូចជា ការ​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ​ពី​បញ្ជី​បោះ​ឆ្នោត​ឈ្មោះ​ប្រជាពលរដ្ឋ​ត្រូវ​គេ​បោះ​ឆ្នោត​ជំនួស ទឹក​ខ្មៅ​ជ្រលក់​ដៃ​លាង​ជ្រះ និង​ករណី​ជា​ច្រើន​ទៀត។

ប្រធាន​អង្គការ​ខុមហ្រ្វែល លោក គល់ បញ្ញា បាន​លើក​ឡើង​ថា ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ជា​កំហុស​របស់ គ.ជ.ប ដែល​មិន​បាន​រៀបចំ​បោះ​ឆ្នោត​មិន​មាន​តម្លាភាព និង​ត្រឹមត្រូវ បាន​ទាំង​ស្រុង​នោះ​ឡើយ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​ប្រកាស​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គណបក្ស​នីមួយៗ​នេះ ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ប៉ុន្តែ​ការ​ស្នើ​សុំ​ខាង​តំណាង គ.ជ.ប ចូល​រួម​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​នេះ គឺ​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​បណ្ឌិត សុក សំអឿន សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ រដ្ឋាភិបាល​នឹង​ជាប់​គាំង​មិន​អាច​បង្កើត​បាន​ទេ ពីព្រោះ​ការ​កោះ​សម័យ​ប្រជុំ​សភា​ដំបូង​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ១២០​រូប​ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

លទ្ធផល​បណ្ដោះអាសន្ន​ដែល​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​បាន​ប្រកាស​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំនួន ៦៧​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៦​អាសនៈ។ ដោយ​ឡែក​លទ្ធផល​បណ្ដោះអាសន្ន​ដែល​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​មាន​ការ​ខុស​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥​អាសនៈ។ លទ្ធផល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ទទួល​ស្គាល់​ភ្លាមៗ។ រី​ឯ​ខាង គ.ជ.ប វិញ មិន​ទាន់​ប្រកាស​បែងចែក​អាសនៈ​បណ្ដោះអាសន្ន​នេះ​នៅ​ឡើយ​ទេ​មក​ទល់​ថ្ងៃ​ទី​២៩ កក្កដា នេះ៕

សូម​ចុច​ដើម្បី​អាន​សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​សង្គ្រោះ​ជាតិ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។