អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​មិន​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​បើក​វគ្គ​បណ្ដុះបណ្ដាល

ដោយ ជិន ជេដ្ឋា
2017.08.19
កឹម សុខា ២០១៧ ១៤៤០ លោក កឹម សុខា (រូបទី៤ រាប់​ពី​ឆ្វេង) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Chin Chetha

រដ្ឋបាល​សាលា​ខេត្ត​កំពង់ឆ្នាំង មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​សិក្ខាសាលា​ពង្រឹង​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់​របស់​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ​ដោយ​សំអាង​ថា មិន​មាន​ការ​ឯកភាព​ពី​ក្រសួង​មហាផ្ទៃ។ មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​យល់​ថា ការ​មិន​អនុញ្ញាត​របស់​រដ្ឋបាល​ខេត្ត​ធ្វើ​ឡើង​ដោយ​ផ្ទុយ​ពី​ច្បាប់ និង​រឹតត្បិត​លំហូរ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ឬ​ក្រសួង​មហាផ្ទៃ ផ្ដល់​ហេតុផល​សមស្រប​ចំពោះ​ការ​មិន​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូល​របស់​ខ្លួន​ជួប​ជាមួយ​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ប្រមាណ ២០០​នាក់។ តាម​គម្រោង​លោក កឹម សុខា នឹង​ជួប​ជាមួយ​មេ​ឃុំ និង​ក្រុមប្រឹក្សា​ទាំង​នេះ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ដើម្បី​ពង្រឹង​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់ នា​សណ្ឋាគារ​រស្មី សុខា ញូវយ៉ក ដែល​ម្ចាស់​ទីតាំង​ព្រម​ជួល​ហើយ​នោះ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ ថ្លែង​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ថា ក្រសួង​មហាផ្ទៃ ឬ​រដ្ឋបាល​ខេត្ត​គួរ​ត្រេកអរ​ទៅ​វិញ​ទេ​ដែល​មាន​គណបក្ស​នយោបាយ ឬ​សង្គម​ស៊ីវិល​បង្ហាត់​បង្រៀន​ច្បាប់​ដល់​ពលរដ្ឋ និង​មន្ត្រី​នៅ​តាម​មូលដ្ឋាន។ លោក​ថា ពុំ​មាន​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​ណា​មួយ​ហាម​ប្រាម​មិន​ឲ្យ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ដូច​នេះ​ឡើយ៖ «តាម​ច្បាប់​គណបក្ស​នយោបាយ​យើង​គ្រាន់​តែ​ជូន​ដំណឹង​ទៅ​គាត់​ទេ ហើយ​គាត់​ទៅ​សួរ​ក្រសួង​មហាផ្ទៃ អ៊ីចឹង​អា​វិមជ្ឈការ​អំណាច​ដល់​ថ្នាក់​ក្រោម​ជាតិ វា​អត់​មាន​ន័យ។ អ៊ីចឹង​សូម​ឲ្យ​ក្រសួង​មហាផ្ទៃ ពិចារណា​ឡើង​វិញ​ទៅ​លើ​រដ្ឋបាល​សាលា​ខេត្ត ហើយ​ផ្ដល់​ព័ត៌មាន​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​មាន​ការ​រារាំង​ដល់​ដំណើរការ​ផ្សព្វផ្សាយ​ច្បាប់​ដល់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​មន្ត្រី​ថ្នាក់​មូលដ្ឋាន»

លិខិត​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ចុះ​ហត្ថលេខា​ដោយ​អភិបាល​ខេត្ត​លោក ឈួរ ច័ន្ទឌឿន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្លើយ​តប​នឹង​លិខិត​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​នេះ​បង្ហាញ​ថា ការ​រៀបចំ​សិក្ខាសាលា​ពង្រឹង​ច្បាប់​គ្រប់គ្រង​រដ្ឋបាល​ឃុំ-​សង្កាត់ របស់​គណបក្ស​នយោបាយ គណៈ​បញ្ជាការ​រដ្ឋបាល​ខេត្ត មិន​អនុញ្ញាត​ទេ​រហូត​មាន​ការ​ឯកភាព​ពី​ក្រសួង​មហាផ្ទៃ។

បន្ថែម​លើ​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង លោក ម៉ម ឈឿម ថា​លោក​មិន​អាច​ពន្យល់​ពី​ការ​មិន​អនុញ្ញាត​នេះ​ទេ ប៉ុន្តែ​សិក្ខាសាលា​អាច​ធ្វើ​បាន​ទាល់តែ​មាន​ការ​ឯកភាព​ពី​ក្រសួង៖ «មូលហេតុ​មាន​តែ​ប៉ុណ្ណឹង គាត់​មាន​ការ​ឯកភាព​ពី​ក្រសួង​មហាផ្ទៃ ចង់​ថា និយាយ​ថា​ឲ្យ​សុំ​តាម​រយៈ​ហ្នឹង​វិញ​ទៅ​ណា ព្រោះ​អា​នេះ​វា​ច្បាប់​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់»

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់​ថា ក្រសួង​មហាផ្ទៃ គួរ​ចេញ​គោលការណ៍​រួម​មួយ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ទូទាំង​ប្រទេស​ដើម្បី​អនុវត្ត ព្រោះ​លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់ ឬ​គោលការណ៍​របស់​អាជ្ញាធរ​ខេត្ត​នីមួយៗ​ខុសៗ​គ្នា៖ «ខ្ញុំ​យល់​ថា ការ​ធ្វើ​បែប​នេះ​របស់​សាលា​ខេត្ត បាន​រឹត​បន្តឹង​ហើយ​ដែល​ធ្វើ​ឲ្យ​លំហ​ប្រជាធិបតេយ្យ​កាន់​តែ​រួញ​ទៅៗ ហើយ​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ត្រូវ​បាន​រំលោភ​បំពាន ហើយ​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​មាន​រំលោភ​ជា​ខ្លាំង»

មន្ត្រី​ការពារ​សិទ្ធិមនុស្ស និង​បក្ស​ប្រឆាំង​ថា ការ​មិន​អនុញ្ញាត​របស់​អាជ្ញាធរ​ភាគ​ច្រើន​ពុំ​មាន​ហេតុ​ផល​ច្បាស់​លាស់​ដោយ​គ្រាន់​តែ​ប្រាប់​ឲ្យ​សុំ​ទៅ​ថ្នាក់​លើ ឬ​ក្រសួង​ដែល​បង្ក​ការ​លំបាក​ដល់​ពួកគេ។ ពួកគេ​ថា ក្រុម​ពលរដ្ឋ ឬ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ជួបជុំ​នៅ​លើ​ទីតាំង​ឯកជន​ណា​មួយ​ដែល​មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់​ទីតាំង ហើយ​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ជា​មុន​ជា​ការ​ស្រេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។