ប៉ូលិស​លើក​ពេល​សាកសួរ​ប្រធាន​ប្រតិបត្តិ​បក្ស​សង្គ្រោះ​ជាតិ​ខែត្រ​កែប

ដោយ ម៉ៅ សុធានី
2018-01-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លោក នន់ តារា (ស្ដាំ) នាំ​គ្នា​លើក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​នៅ​ទី​តាំង​នានា​ក្នុង​ខែត្រ​កែប អំឡុង​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
លោក នន់ តារា (ស្ដាំ) នាំ​គ្នា​លើក​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​នៅ​ទី​តាំង​នានា​ក្នុង​ខែត្រ​កែប អំឡុង​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មុន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។
Photo provided

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​ខ្លួន​បំភ្លឺ​តាម​ដីកា​កោះ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់ចង្អើរ រួច​រាល់​ហើយ កាល​ពី​រសៀល ថ្ងៃ​ទី​១១ ខែ​មករា។ លោក​ប្រាប់​ថា អធិការ និង​អធិការ​រង​ស្រុក​ដំណាក់ចង្អើរ បាន​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មិន​សួរ​នាំ​ច្រើន​ទេ តែ​ប្រាប់​ថា លើក​ពេល​សួរ​បន្ត​នៅ​ថ្ងៃ​ក្រោយ​ទៀត។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា អះអាង​ថា លោក​ក៏​មិន​និយាយ​អ្វី​ច្រើន​ជាមួយ​ប៉ូលិស​ស្រុក​ដំណាក់ចង្អើរ ដែរ នៅ​ថ្ងៃ​ដែល​ចូល​បំភ្លឺ​នោះ។ លោក​ថា បើ​ទោះ​ជា​អធិការ​ស្រុក​ដំណាក់ចង្អើរ អនុញ្ញាត​ឲ្យ​លោក​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​លោក​នៅ​តែ​ឃើញ​មាន​វត្តមាន​ប៉ូលិស​តាមដាន​រូប​លោក៖ «»។

​អធិការ​ស្រុក​ដំណាក់ចង្អើរ លោក តូច សុវណ្ណ កាលពី​ថ្ងៃ​ទី​១០ ខែ​មករា បាន​ចេញ​លិខិត​អញ្ជើញ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់ចង្អើរ នៅ​ថ្ងៃ​ទី​១១ ខែ​មករា វេលា​ម៉ោង ២​រសៀល ដើម្បី​សាកសួរ​ការងារ​ផ្ទាល់​ខ្លួន។

លោក នន់ តារា រំលឹក​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​កោះហៅ​លោក គឺ​ក្រោយ​ពេល​ដែល​លោក​មាន​ជម្លោះ​ទាស់ទែង​ពាក្យ​សម្ដី​គ្នា​ជាមួយ​ជំទប់​ទី​១ ឃុំ​អង្កោល ស្រុក​ដំណាក់ចង្អើរ។ លោក​អះអាង​ថា ជម្លោះ​ពាក្យ​សម្ដី​នោះ ដោយសារ​ជំទប់​ទី​១ ឃុំ​អង្កោល បាន​ព្រមាន​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ​នៅ​ពេល​ដែល​ពួកគេ​ជជែក​គ្នា​ពី​រឿង​ថៃ ចាប់​ជន​ជាតិ​ខ្មែរ។ លោក​ថា លោក​បាន​ប្រាប់​ទៅ​ជំទប់​ទី​១ ឃុំ​អង្កោល កុំ​ឲ្យ​ព្រមាន​ពលរដ្ឋ​បែប​នេះ ប៉ុន្តែ​ត្រូវ​បាន​ជំទប់​ទី​១​នោះ​ខឹងសម្បា ហើយ​គំហក​ថា គាត់​និយាយ​ពី​ការ​ចាប់​នោះ គឺ​សំដៅ​លោក កឹម សុខា។ ក្រោយ​មក​ទៀត លោក​ថា លោក​ត្រូវ​បាន​ប៉ូលិស​យក​លិខិត​អញ្ជើញ​មក​ដល់​ផ្ទះ កោះ​ឲ្យ​ចូល​ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​ដំណាក់ចង្អើរ។

អាស៊ីសេរី មិន​ទាន់​អា​ចរក​ប្រភព​ទាក់ទង​ជំទប់​ទី​១ ឃុំ​អង្កោល លោក ម៉ី ជី បាន​ទេ ជុំវិញ​ជម្លោះ​ពាក្យ​សម្ដី​នេះ។

​បើ​ទោះ​ជា​យុទ្ធនាការ​កៀរ​គង​ឲ្យ​ក្រុមប្រឹក្សា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផុត​ថ្ងៃ​ឱសានវាទ ប៉ុន្តែ​លោក នន់ តារា អះអាង​ថា សមាជិក​ក្រុមប្រឹក្សា​ថ្នាក់​ខែត្រ ស្រុក ក្រុង និង​ឃុំ សង្កាត់ ក្នុង​ខែត្រ​កែប ដែល​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​តែង​រង​ការ​តាម​ដាន​ពី​ក្រុម​ប៉ូលិស​នៅ​ពេល​ដែល​ពួកគាត់​ជួបជុំ​គ្នា​ម្ដងៗ។ លោក​នៅ​តែ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ព្រោះ​តែ​ទូទាំង​ខែត្រ​កែប គ្មាន​ក្រុមប្រឹក្សា​ណា​ម្នាក់​ចុះ​ចូល​ជា​បក្ស​កាន់​អំណាច​សោះ។

​ព្រះសង្ឃ​ដែល​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ព្រះតេជព្រះគុណ លួន សុវ៉ាត ធ្លាប់​មាន​ព្រះ​ថេរដីកា​ថា ការ​ដាក់​នគរបាល​ដាក់​មនុស្ស​ឲ្យ​ឃ្លាំមើល​សកម្មភាព​របស់​បក្ស​ប្រឆាំង ដែល​មិន​ព្រម​ចុះចូល​បក្ស​កាន់​អំណាច កើត​មាន​ស្ទើរ​គ្រប់​ឃុំ គ្រប់​ខែត្រ ក្នុង​ប្រទេស​កម្ពុជា។ ព្រះអង្គ​បន្ត​ថា រូបភាព​បំភិតបំភ័យ​បែប​នេះ​មិន​មែន​តែ​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ទេ សូម្បី​ព្រះ​អង្គជា​សកម្ម​សិទ្ធិមនុស្ស​ក៏​រង​ការ​តាម​ដាន​ពី​ក្រុម​សមត្ថកិច្ច​ដែរ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ខ្លី​ថា ការ​តាមដាន ឬ​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​នៅ​ក្នុង​សង្គម​កម្ពុជា មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ៖ «»។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខែត្រ​កែប លោក នន់ តារា ហៅ​ការ​តាម​ដាន​សកម្មភាព​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​នៅ​ខែត្រ​កែប និង​ដីកាកោះ​អញ្ជើញ​លោក​ឲ្យ​ចូល​បំភ្លឺ​រឿង​ផ្ទាល់​ខ្លួន គឺ​ជា​ការ​បំភិតបំភ័យ​ពលរដ្ឋ។ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​បែបនេះ​ត​ទៅ​ទៀត ដើម្បី​ពួកគាត់​អាច​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​ច្បាប់​កំណត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល