សមាជិក​ក្រុមប្រឹក្សាឃុំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្ទឹងត្រែង​ប្ដេជ្ញា​ស៊ូស្លាប់​រស់​ជាមួយ​បក្ស

ដោយ ម៉ៅ សុធានី
2017.11.10
សៀក មេគង្គ ២០១៦ ៦២២ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំង​អស់​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​ស្ទឹងត្រែង ប្តេជ្ញា​ស៊ូស្លាប់​រស់​ជាមួយ​បក្ស ដោយ​មិន​សុំ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ឡើយ ទោះបីជា​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រូវ​រំលាយ​ក្តី។

មេ​ឃុំ​ស្រែគរ​ថ្មី មក​ពី​គណបក្ស​ប្រឆាំង លោក សៀក មេគង្គ ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃ​សុក្រ ទី​១០ ខែ​វិច្ឆិកា ថា ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ទាំង​អស់​ចំនួន ១៩​រូប គឺ​មាន​តែ​សមាជិក​ម្នាក់​គត់ គឺ​ជំទប់​ទី​២ នៅ​ក្រុមប្រឹក្សា​ឃុំ​កំភុន ឈ្មោះ ឃុត ស៊ីង បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា។

លោក​មេ​ឃុំ សៀក មេគង្គ បញ្ជាក់​ថា ចំនួន​នេះ​គឺ​តិច​ណាស់ ហើយ​ថា ពួកគាត់​មិន​ក្បត់​ឆន្ទៈ​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​នោះ​ឡើយ ទោះបី​ជួប​បញ្ហា​លំបាក​យ៉ាង​ណា​ក៏ដោយ៖ «ទី​១ គឺ​ខ្ញុំ​មិន​ក្បត់​ឧត្ដម​គតិ​ដែល​ពលរដ្ឋ​ផ្តល់​ទុកចិត្ត​ពួក​ខ្ញុំ​ឡើយ។ ទី​២ ខ្ញុំ​ធ្លាប់​ធ្វើស្រែ​តាំង​ពី​តូច​រហូតដល់​ចាស់​ពេល​នេះ ដូច្នេះ​ប្រសិនបើ​តុលាការ​កំពូល​រំលាយ​មែន ខ្ញុំ​ត្រៀម​ទៅធ្វើ​ស្រែ​ហើយ។ ខ្ញុំ​ប្តេជ្ញាចិត្ត​ថា នឹង​មិន​ងាករេ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ ចេញ​ម្នាក់ ឬ ២​នាក់ សំរាប់​សង្គ្រោះ​ជាតិ​អត់​បញ្ហា​ទេ ហើយ​ទោះ​បី​សង្គ្រោះ​ជាតិ​រំលាយ បេះដូង​ពលរដ្ឋ​នៅ​ដក់​ចិត្ត​ជាមួយ​សង្គ្រោះ​ជាតិ​រហូត»

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​សប្ដាហ៍​បាន​អង្វរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បក្សប្រឆាំង​ឲ្យ​ចុះចូល​នឹង​បក្ស​កាន់អំណាច​ប្រសិនបើ​ចង់​រក្សា​តំណែង។ ប៉ុន្តែ​លោក​ថា ប្រសិន​ជា​មាន​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​មិន​ចង់​ចូលរួម​នឹង​បក្ស​កាន់​អំណាច​នោះ​ទេ លោក​ក៏​មិន​ខ្វល់​ដែរ។ មន្ត្រី​បក្ស​ប្រឆាំង​ទាំង​នោះ​អាច​ទៅ​ចុះ​នរក​បាន។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ចំនួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​ខ្លួន​ដែល​បាន​សុំ​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច គឺ​តិចតួច​ជា​ទីបំផុត មាន​មិន​ដល់ ១% នៃ​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ចំនួន ៥​ពាន់ ៧​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។