មន្ត្រី​បក្ស​ប្រឆាំង​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​ថា​រើសអើង​បក្ស​នយោបាយ

ដោយ សូត សុខប្រាថ្នា
2017.05.11
វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ ២០១៧ ១៤៤០ វេទិកា​អ្នក​តំណាងរាស្ត្រ និង​ម្ចាស់​ឆ្នោត​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ហៅ​សកម្មភាព​មួយ​ចំនួន​ដែល​អាជ្ញាធរ​មូលដ្ឋាន​ប្រព្រឹត្ត​ទៅ​លើ​ប្រជាពលរដ្ឋ និង​មន្ត្រី​របស់​ខ្លួន ថា​ជា​ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូលរួម​វេទិកា​គណបក្ស​ប្រឆាំង។ បន្ថែម​ពី​នេះ មន្ត្រី​ដដែល​បាន​រិះគន់​ថា ការ​មិន​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ​ជួប​ជាមួយ​ពលរដ្ឋ​ជាដើម ថា​ជា​ការ​រើសអើង និង​គំរាម​កំហែង​ផ្នែក​នយោបាយ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ស្រឡៅ ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរ​មូលដ្ឋាន គប្បី​បង្ក​ភាព​ងាយស្រួល​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សកម្មភាព​នយោបាយ និង​គោរព​តាម​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ។

បន្ថែម​ពី​លើ​នេះ ត្រូវ​ជៀសវាង​ការ​រារាំង​ដល់​ប្រជាពលរដ្ឋ ព្រម​ទាំង​មន្ត្រី​គណបក្ស​ប្រឆាំង ក្នុង​ការ​ចូលរួម​សកម្មភាព​ផ្សេងៗ​របស់​ខ្លួន ឬ​ជួបជុំ​ជាមួយ​ពលរដ្ឋ។

បេក្ខជន​ឈរ​ឈ្មោះ​លេខ​រៀង​ទី​១ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ស្រឡៅ លោក ម៉ៅ ឆេងអៀម ឲ្យ​ដឹង​ថា ថ្មីៗ​នេះ អាជ្ញាធរ​មូលដ្ឋាន មាន​មេ​ភូមិ ឬ​អនុ​ភូមិ ជាដើម មិន​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​គណបក្ស​ប្រឆាំង​ទេ។ ជាក់ស្តែង​កាល​ពី​ថ្ងៃ​ទី​៧ ឧសភា គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​វេទិកា​អ្នក​តំណាងរាស្ត្រ និង​ម្ចាស់​ឆ្នោត​នៅ​ឃុំ​ស្រឡៅ គ្រោង​មាន​ពលរដ្ឋ ព្រម​ទាំង​សកម្មជន​របស់​ខ្លួន​ចូលរួម​ជាង ២០០​នាក់ ប៉ុន្តែ​អ្នក​ចូលរួម​បាន​ប្រមាណ ៧០​នាក់​ប៉ុណ្ណោះ។ មាន​ពលរដ្ឋ​ខ្លះ​ប្រាប់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ថា​អាជ្ញាធរ​ភូមិ​មិន​ឲ្យ​ពួក​គាត់​ចូលរួម​វេទិកា​របស់​គណបក្ស​ប្រឆាំង​ទេ។

ក្រៅ​ពី​នេះ អាជ្ញាធរ​ភូមិ​បាន​ឃ្លាំ​មើល​ពលរដ្ឋ​ដែល​ចូលរួម​វេទិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៀត​ផង។ លើស​ពី​នេះ លោក ឆេងអៀម អះអាង​កាល​ពី​ថ្ងៃ​ទី​៩ ឧសភា ខណៈ​ពួក​គាត់​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ថា​អាជ្ញាធរ​ភូមិ​បាន​តាមដាន​សកម្មភាព​របស់​ពួក​គាត់ និង​រារាំង​មិន​ឲ្យ​ជួប​ពលរដ្ឋ​ជា​ថ្មី​ទៀត៖ «សកម្មភាព​ទាំងអស់​នេះ​ជា​រូបភាព​ដើម្បី​គំរាម​កំហែងតាំង​ពី​ប្រជាពលរដ្ឋ រហូត​ល់​ថ្នាក់​ដឹកនាំ​គណបក្ស​នៅ​ក្នុង​មូលដ្ឋាន​តែ​ម្តង»

មន្ត្រី​បក្ស​ប្រឆាំង​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​នៅ​ក្នុង​ឃុំ​ស្រឡៅ គេ​ហាមឃាត់​មិន​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​សកម្មភាព​ជួបជុំ​ពលរដ្ឋ ឬ​ធ្វើ​វេទិកា​នៅ​ក្នុង​វត្ត ប៉ុន្តែ​លោក​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា គេ​អាច​ធ្វើ​សកម្មភាព​ទាំងនេះ​បាន។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ស្រឡៅ លោក ប៉ុល ឈិន មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ថា មន្ត្រី​របស់​លោក​គ្មាន​នរណា​ហាមឃាត់​សកម្មភាព​របស់​ប្រជាពលរដ្ឋ ឬ​មន្ត្រី​គណបក្ស​ជំទាស់​ឡើយ។ លើស​ពី​នេះ អាជ្ញាធរ​ឃុំ​បាន​យល់ព្រម​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​វេទិកា​អ្នក​តំណាងរាស្ត្រ និង​ម្ចាស់​ឆ្នោត​ទៀត​ផង។ ចំណែក​សកម្មភាព​ហាមឃាត់​មិន​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ជួប​ជាមួយ​ពលរដ្ឋ​តាម​មូលដ្ឋាន លោក​មិន​បាន​ដឹង​ឡើយ ប៉ុន្តែ​នឹង​ស្រាវជ្រាវ​ករណី​នេះ៖ «ចាំ​មើល​ខ្ញុំ​ស្រាវជ្រាវ​បន្ត​ទៀត ហើយ​នឹង​មាន​វិធានការ​អប់រំ​បន្ត ប្រសិន​បើ​មាន»

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ហើយ​ដំណើរការ​ឃោសនា​បោះឆ្នោត នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២០ ឧសភា ដល់​ថ្ងៃ​ទី​២ មិថុនា។

មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​មាន​សិទ្ធិ​ជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ ឬ​សមាជិក​បក្ស​របស់​ខ្លួន ដោយ​គ្មាន​ការ​រារាំង និង​រើសអើង។ លោក​ថា មេ​ឃុំ​គាត់​បាន​យល់​ដឹង​ពី​បញ្ហា​នេះ​ត្រឹមត្រូវ ប៉ុន្តែ​សកម្មភាព​របស់​អាជ្ញាធរ​ភូមិ​ទៅ​វិញ​ទេ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់៖ «ដូច​ករណី​គណបក្ស​មួយ​ធ្វើ​បាន គណបក្ស​មួយ​ទៀត​មិន​ឲ្យ​ធ្វើ ទៅ​ធ្វើ​អ៊ីចឹង​វា​ជា​ការ​រើសអើង​ក្នុង​រឿង​គណបក្ស​នយោបាយ​ហើយ»

លោក កន សាវាង្ស បន្ថែម​ថា ការ​បង្ហាញ​សមាសភាព​ខ្លួន​ជា​បេក្ខជន​ឈរ​ឈ្មោះ​មេ​ឃុំ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ទៅ​ប្រជាពលរដ្ឋ​នោះ ក៏​មិន​ខុស​អ្វី​នោះ​ដែរ ពីព្រោះ​ក្នុង​ច្បាប់​បោះឆ្នោត​មិន​បាន​ហាមឃាត់​ទេ។ លោក​ថា ប្រសិន​បើ​ករណី​នេះ​នៅ​តែ​កើត​ឡើង​បន្ត​ទៀត គឺ​ជា​ការ​រើសអើង​ផ្នែក​នយោបាយ និង​ជា​រឿង​ដែល​អាជ្ញាធរ​ភូមិ​ធ្វើ​ហួស​ពី​តួនាទី​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។