មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ប៉ៃលិន​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត

ដោយ ហ៊ុំ ចំរើន
2016-09-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន
លេខាធិការដ្ឋាន​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ប៉ៃលិន
Photo provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ប៉ៃលិន​ រក​ឃើញ​ភាព​មិន​ប្រក្រតី​ដោយ​អាជ្ញាធរ​ឃុំ​សង្កាត់​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ខេត្ត​នេះ​​ អនុវត្ត​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត។ ពួកគាត់​ថា អាជ្ញាធរ​តម្រូវ​​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ទី​សំណាក់​ក្នុង​ខេត្ត​ប៉ៃលិន ត្រូវ​យក​សាក្សី​ពី​ស្រុក​កំណើត​ដែល​ពួកគាត់​រស់​នៅ​ដើម្បី​​ធានា​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។

មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត​ប៉ៃលិន បាន​ប្រតិកម្ម​​នឹង​ទង្វើ​របស់​​អាជ្ញាធរ​ឃុំ​សង្កាត់​មួយ​ចំនួន​​នៅ​ក្នុង​ខេត្ត​នេះ​ថា បាន​បង្ក​ការ​លំបាក​ដល់​ប្រជាពលរដ្ឋ​ខុស​នីតិវិធី​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​​បោះឆ្នោត។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​ប៉ៃលិន លោក ឃឹម ប៉ុន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ថា អាជ្ញាធរ​ឃុំ​សង្កាត់​​ជា​ច្រើន​កន្លែង​មាន​ដូច​ជា​សង្កាត់​អូរអណ្ដូង បរយ៉ាខា សង្កាត់​អូរតាវ៉ៅ និង​ឃុំ​សាលាក្រៅ ស្រុក​សាលាក្រៅ ជា​ដើម គឺ​ត្រូវ​ឲ្យ​​ប្រជាពលរដ្ឋ​​ដែល​មាន​ទីសំណាក់​នៅ​ក្នុង​ឃុំ​សង្កាត់​ទាំង​នោះ​​ ហើយ​ចង់​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ពួកគាត់​ត្រូវ​យក​សាក្សី​មក​ពី​ស្រុក​កំណើត​ដើម្បី​ធានា​ចុះ​ឈ្មោះ​បោះឆ្នោត​​បាន។ លោក ហៅ ទង្វើ​នេះ​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​បោះឆ្នោត៖ «ដូច្នេះ​ធ្វើ​ឲ្យ​លំបាក​ក្នុង​ការ​រក​សាក្សី​ដោយសារ​​កន្លែង​ចុះ​ឈ្មោះ​ខ្លះ​នៅ​ឆ្ងាយ​ពី​ភូមិ​ដែល​​ពួកគាត់​រស់​នៅ ពីព្រោះ​ពួកគាត់​ក្រីក្រ​គ្មាន​លទ្ធភាព​រក​សាក្សី​មក​ចុះឈ្មោះ​បោះឆ្នោត​បាន​ទេ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​មេ​ឃុំ​ និង​ចៅ​សង្កាត់​ដែល​មាន​បញ្ហា​នោះ​ ដើម្បី​ឆ្លើយ​តប​នឹង​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា។

​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ប្រធាន​លេខាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន អ្នកស្រី ប៊ុន សុភី មាន​ប្រសាសន៍​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ ដាក់​ពាក្យ​ប្ដឹង​​ទៅ​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោត​នៅ​តាម​ការិយាល័យ​ចុះ​ឈ្មោះ​ដើម្បី​ពិនិត្យ​ និង​ដោះស្រាយ​តាម​នីតិវិធី​ជួន​ពួកគាត់៖ «ការងារ​របស់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ គឺ​គាត់​អ្នក​មើល​រឿង​នេះ ទី​១ បើ​អត់​អត្តសញ្ញាណប័ណ្ណ​ត្រូវ​ចេញ​ឯកសារ​ឲ្យ​គាត់។ ទី​២ អត់​មាន​ទីលំនៅ​ត្រូវ​ចេញ​លិខិត​បញ្ជាក់​ទី​លំនៅ​ ហើយ​ឯកសារ​បញ្ជាក់​ទី​លំនៅ​នេះ​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ»

មន្ត្រី​ស៊ើបអង្កេត​ និង​តស៊ូ​មតិ​ អង្គការ​ខុមហ្វ្រែ (COMFREL) លោក ស៊ិន ទិត្យសីហា មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ដែល​មាន​ទីសំណាក់​នៅ​ក្នុង​​ឃុំ​សង្កាត់​ដែល​ពួកគាត់​រស់ ​ហើយ​ចង់​ចុះ​ឈ្មោះ​បោះឆ្នោត​គឺ​ពួកគាត់​ត្រូវ​​យក​សាក្សី​ម្នាក់​នៅ​ឃុំ​សង្កាត់​នោះ​ យក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ដោយ​មិន​បាច់​រក​សាក្សី​ពី​ស្រុក​កំណើត​នោះ​ទេ។

លោក​បន្ថែម​ថា ករណី​អាជ្ញាធរ​ឃុំ​តម្រូវ​ឲ្យ​ពួកគាត់​យក​សាក្សី​ពី​ស្រុក​កំណើត​គឺ​ខុស​នីតិវិធី​នៃ​ច្បាប់​បោះឆ្នោត៖ «បើ​តាម​យោបល់​ខ្ញុំ​ ប្រជាពលរដ្ឋ​អាច​ស្នើ​អន្តរាគមន៍​ពី​លេខា​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ប៉ៃលិន​ ឲ្យ​លើ​ករណី​នេះ ពីព្រោះ​ករណី​ខ្លះ​អាជ្ញាធរ​ខ្លះ​គាត់​យល់​ច្រឡំ ឬ​គាត់​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​​នីតិវិធី​ណែនាំ​ដោយ​ក្រសួង​មហាផ្ទៃ និង គ.ជ.ប»

​​​​​ច្បាប់​បោះឆ្នោត​មាត្រា​ទី​៤៦ សម្រាប់​ការ​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ចែង​ថា ដើម្បី​បោះ​ឆ្នោត​បាន ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ។ ដើម្បី​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូច​ជា មាន​សញ្ជាតិ​ខ្មែរ​ មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ គិត​ដល់​ថ្ងៃ​បោះ​ឆ្នោត មាន​ទីលំនៅ​ឋាន ឬ​ទីសំណាក់​ក្នុង​ឃុំ​សង្កាត់​ដែល​សាមី​ខ្លួន​ត្រូវ​បោះឆ្នោត មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​ ឬ​មិន​ត្រូវ​ដក​សិទ្ធិ​បោះឆ្នោត​ពុំ​មែន​ជា​ជន​វិកលចរិត ឬ​ស្ថិត​ក្រោម​អាណាព្យាបាល​ទូទៅ​ដោយ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល