មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពង់ធំ​បញ្ជូន​ពាក្យ​បណ្ដឹង​សុំ​លុប​ឈ្មោះ​ជនបរទេស​ទៅ គ.ជ.ប

ដោយ​ សូត សុខប្រាថ្នា
2017.01.13
លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត កំពង់ធំ ៨៥៥ សមាជិក​ក្រុមប្រឹក្សា​ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បើក​សវនាការ​លើ​ពាក្យ​បណ្តឹង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ឃុំ​កំពង់ស្វាយ ដែល​ទាមទារ​ឱ្យ​លុប​ឈ្មោះ​ជនបរទេស​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៧។ Photo provided
Photo provided

អាជ្ញាធរ​ឃុំ​ចំនួន​៣ នៅ​ក្នុង​ខេត្ត​កំពង់ធំ សម្រេច​ច្រានចោល​បណ្ដឹង​ទាមទារ​ឱ្យ​លុប​ឈ្មោះ​ជនបរទេស​តាម​ការ​ស្នើ​សុំ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ។ ដោយ​ឡែក​នៅ​ឃុំ​មួយ​ទៀត សមាជិក​ក្រុមប្រឹក្សា​ឃុំ​សម្រេច​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឱ្យ​លុប​ឈ្មោះ​ពលរដ្ឋ​ម្នាក់​ដែល​មន្ត្រី​គណបក្ស​ប្រឆាំង​បញ្ជាក់​ថា ជា​ជនជាតិ​វៀតណាម។

ប្រធាន​ប្រតិបត្តិ​ខេត្ត​កំពង់ធំ គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា លោក​ត្រៀម​បញ្ជូន​ពាក្យ​បណ្ដឹង​ជំទាស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) តាម​រយៈ​មេធាវី​របស់​ខ្លួន​បន្ត​ទៀត នៅ​ថ្ងៃ​ទី​១៣ ខែ​មករា។ ការ​សម្រេច​ដូច្នេះ ព្រោះ​ខាង​លោក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​អនុម័ត​របស់​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចំនួន​បី គឺ​ឃុំ​ទំរីង ឃុំ​ដងកាំបិត ស្ថិត​នៅ​ស្រុក​សណ្ដាន់ និង​ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ដែល​បន្ត​រក្សា​ឈ្មោះ​ជនបរទេស​ចំនួន ៤​នាក់ ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដដែល។

លោក​យល់​ថា ប្រសិនបើ​រក្សា​ឈ្មោះ​ជនបរទេស​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត ហើយ​ពួកគេ​មាន​សិទ្ធិ​បោះ​ឆ្នោត គឺ​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​ប្រជាជន​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ៖ «នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ចែង​ថា មាន​តែ​ជនជាតិ​ខ្មែរ និង​មាន​សញ្ជាតិ​ខ្មែរ​ទេ ដែល​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ​របស់​ខ្លួន។ ដូច្នេះ​យើង​ផ្អែក​ទៅ​លើ​ជនបរទេស​ទាំង​អស់​នេះ ដែល​មិន​ទាន់​មាន​លក្ខខណ្ឌ​ច្បាប់​ទទួល​ស្គាល់​ពួកគាត់​ថា ជា​ពលរដ្ឋ​ខ្មែរ​ស្រប​ច្បាប់។ អ៊ីចឹង​ពេល​ពួកគាត់​សម្រេច​ចិត្ត គឺ​ផ្អែក​ទៅ​លើ​ផល​ចំណេញ​របស់​ក្រុម​គាត់ និង​ប្រទេស​របស់​គាត់​ហើយ»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ចំនួន​៤ គឺ​ឃុំ​ស្រឡៅ ឃុំ​ទំរីង ឃុំ​ដងកាំបិត និង​ឃុំ​កំពង់ស្វាយ បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ឱ្យ​លុប​ឈ្មោះ​ពលរដ្ឋ ៥​នាក់ ដែល​ពួកគេ​បញ្ជាក់​ថា ជា​ជនបរទេស ពោល​គឺ​ជា​ជនជាតិ​វៀតណាម រស់​នៅ​លើ​ដី​ខ្មែរ។ នៅ​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៣ ខែ​មករា សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទាំង​៤ បាន​បើក​សវនាការ​សម្រេច​លើ​បណ្ដឹង​ទាំង​នេះ ដោយ​មាន​ឃុំ​ចំនួន​៣ សម្រេច​រក្សាទុក​ឈ្មោះ​ជនបរទេស​ឱ្យ​នៅ​ដដែល។ ចំណែក​ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ក្រុមប្រឹក្សា​ឃុំ​សម្រេច​លុប​ឈ្មោះ​ជនបរទេស​ចោល ដោយ​យោង​ទៅ​លើ​ជន​នោះ មិន​មាន​ព្រះរាជក្រឹត្យ​ពី​ព្រះមហាក្សត្រ​ដើម្បី​បាន​ចូល​សញ្ជាតិ​ខ្មែរ​ត្រឹមត្រូវ​តាម​ច្បាប់ ម្យ៉ាង​និយាយ​ខ្មែរ​មិន​ច្បាស់​ផង។

​មេឃុំ​ស្ដីទី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​កំពង់ស្វាយ លោក ជា យឿន មាន​ប្រសាសន៍​ថា ការ​សម្រេច​លុប​ឈ្មោះ​ពលរដ្ឋ​ម្នាក់​ឈ្មោះ កាន ខា ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត គឺ​ធ្វើ​ឡើង​ដោយ​សំឡេង​ភាគ​ច្រើន​ដែល​មាន​ក្នុង​អង្គ​ប្រជុំ។ ទោះបីជា​យ៉ាង​នេះ​ក្ដី លោក​អះអាង​ថា ពលរដ្ឋ​ឈ្មោះ កាន ខា នឹង​ប្ដឹង​ជំទាស់​ទៅ គ.ជ.ប ចំពោះ​ការ​សម្រេច​នេះ៖ «មូលហេតុ​ឱ្យ​លុប​គឺ​គេ​ទាមទារ​ទៅ​រក​ព្រះរាជក្រឹត្យ ប៉ុន្តែ​គេ​អត់​មាន​ព្រះរាជក្រឹត្យ​ផង»

ដើម​បណ្ដឹង​នៅ​ឃុំ​កំពង់ស្វាយ ម្នាក់ ដែល​ប្ដឹង​ទាមទារ​ឱ្យ​លុប​ឈ្មោះ​ជនបរទេស គឺ​លោក សឹម សើន បញ្ជាក់​ថា លោក​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ឃុំ​ពេល​នេះ ពីព្រោះ​លោក​យល់​ថា ការ​ផ្ដល់​ឯកសារ​ដល់​ជនបរទេស​មួយ​ចំនួន គឺ​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​ឡើយ៖ «បាទ! អា​ហ្នឹង​យើង​ចង់​បាន​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​ទៅ មាន​ព្រះរាជក្រឹត្យ​មាន​អី​ច្បាស់លាស់​ទៅ យើង​ទទួល​យក​បាន»

ប្រភព​ដដែល​បញ្ជាក់​ថា លោក​ក៏​ត្រៀម​ខ្លួន​រួចរាល់​ហើយ សម្រាប់​ការ​បំភ្លឺ​នៅ​ដំណាក់កាល គ.ជ.ប បន្ត​ទៀត។ នីតិវិធី​ប្ដឹង​ជំទាស់ គឺ​មាន​បី​ដំណាក់កាល ទី​១ ដំណាក់កាល​ក្រុមប្រឹក្សា​ឃុំ ឬ​សង្កាត់ ទី​ពីរ ដំណាក់កាល គ.ជ.ប និង​ចុង​ក្រោយ​គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

លោក ស៊ុន ចន្ធី បញ្ជាក់​ថា ប្រសិន​សំណើសុំ​លុប​ឈ្មោះ​ជនបរទេស​នៅ​ដំណាក់កាល គ.ជ.ប នៅ​តែ​បរាជ័យ ខាង​លោក​នឹង​បញ្ជូន​ពាក្យ​បណ្ដឹង​ទាំង​នោះ​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។