សកម្មជន​​បក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត

ដោយ ហ៊ុំ ចំរើន
2017-09-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​បន្ទាយមានជ័យ
ផែនទី​ខេត្ត​បន្ទាយមានជ័យ
Photo: RFA

សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ សម្រុក​​ធ្វើ​យុទ្ធនាការ​តាម​មូលដ្ឋាន​​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ និង​​ទាន់​ពេល​កំណត់​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ការ​ធ្វើ​យុទ្ធនាការ​នេះ បន្ទាប់​ពី​សកម្មជន​បក្ស​ប្រឆាំង​អះអាង​​ថា រហូត​មក​ទល់​ពេល​នេះ​មាន​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​​ក្នុង​ខេត្ត​នេះ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។

​​​​​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ​ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​មិន​បាន​គ្រប់​ចំនួន។

ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ លោក សោ ចាន់ដេត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ថា​ ក្រុម​ការងារ​គណបក្ស​របស់​លោក​​ធ្វើ​យុទ្ធនាការ​នេះ​​ ដោយ​ចុះ​ចែក​ខិត្តប័ណ្ណ និង​ដាក់​គ្រឿង​បំពង​សំឡេង​តាម​ភូមិ​ និង​ទីប្រជុំជន​ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា។ លោក​សង្កត់​ធ្ងន់​ថា​ មូលហេតុ​ដែល​ធ្វើ​យុទ្ធនាការ​នេះ​ ដោយ​យល់​ឃើញ​ថា ពលរដ្ឋ​នៅ​ខេត្ត​មួយ​នេះ​ភាគ​ច្រើន​ពុំ​បាន​ដឹង​ពី​ការ​ចុះឈ្មោះ​បោះឆ្នោត​នោះ​ទេ៖ «ដូច្នេះ​បើ​យើង​មិន​ឆ្លៀត​ឱកាស​ដើម្បី​ជួយ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ទេ​ ជា​ផល​លំបាក​​មួយ​ធ្វើ​ឲ្យ​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​តិច​ ហើយ​អ្វី​ដែល​យើង​អាច​ជួយ​បាន​យើង​នឹង​ជួយ»

​​​​​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ លោក ហ៊ី គឹមសេង មាន​ប្រសាសន៍​ថា ចាប់​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ គឺ​ខាង​​គណៈកម្មការ​រៀបចំ​ការ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​មូលដ្ឋាន ​បាន​ចុះ​ផ្សព្វផ្សាយ​​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ជា​ប្រចាំ​ដែរ។លោក​បន្ថែម​ថា​ ចាប់​​ពី​ថ្ងៃ​​ចុះ​ឈ្មោះ​មក​ មាន​ប្រជា​ពលរដ្ឋ​ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត​ បាន​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​បណ្ដាល​ស្រុក​ក្នុង​ខេត្ត​មួយ​នេះ​ មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា៖ «ព្រួយ​បារម្ភ​អី​បើ​ប៉ោយប៉ែត​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ជិត​អស់​មនុស្ស​ហើយ​ មាន​តែ​ពិបាក​អី​ទៀត​ ប៉ុន្តែ​បើ​គាត់​ព្រួយ​បារម្ភ​ក៏​ព្រួយ​ទៅ​ នីតិវិធី​ឥឡូវ​ច្បាស់លាស់​ដែរ​ មិន​មែន​នៅ​២​បី​ថ្ងៃ​ចុះ​ឈ្មោះ​បាន​ឯ​ណា?»

​​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា​ លើក​ឡើង​ថា ប្រជាពលរដ្ឋ​ភាគ​ច្រើន​ពុំ​បាន​ដឹង​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កន្លែង​ណា​នោះ​ទេ។ លោក​ជំរុញ​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ផ្សព្វផ្សាយ​ទៅ​តាម​មូលដ្ឋាន​ ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត៖ «ព្រោះ​ដើម្បី​ឲ្យ​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ ដើម្បី​ឲ្យ​ការ​ប្រកួតប្រជែង​គ្នា​ ប្រកប​ដោយ​យុត្តិធម៌ និង​តម្លាភាព​ទាំង​អស់​គ្នា ដោយ​អ្នក​ចាញ់​ឲ្យ​ដឹង​ថា ចាញ់ អ្នក​ឈ្នះ​ឲ្យ​ដឹង​ថា ឈ្នះ ដែល​មាន​លក្ខណៈ​សមរម្យ​ត្រឹមត្រូវ​ និង​យុត្តិធម៌»

លោក​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ប្រជាពលរដ្ឋ​មិន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​ទេ​ ពួកគាត់​នឹង​បាត់​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​​ ហើយ​នាំ​​ឲ្យ​ប៉ះពាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨ ដែល​មិន​​ឆ្លុះ​បញ្ចាំង​តាម​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ដើម្បី​​ឲ្យ​ពលរដ្ឋ​ដែល​ផ្លាស់​ទីលំនៅ​ថ្មី​ និង​អ្នក​ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត ​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គ្រប់​គ្នា។ ការ​ចុះ​ឈ្មោះ​ថ្មី​នេះ​ មាន​រយៈពេល ៧០​ថ្ងៃ​ គឺ​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

របាយការណ៍​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ក្នុង​ខេត្ត​មួយ​នេះ​ មាន​ជាង ១៥​ម៉ឺន​នាក់ (១៥៧.៣៨៩)។ចំណែក​ឯ​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​រួច​ហើយ​ គិត​ត្រឹម​ត្រូវ​ទី​១២ ខែ​កញ្ញា មាន ៤.៩៣៦​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ប្រសិនបើចុះបានតិច ហើយពេលទៅបោះឆ្នោត គិតជាភាគរយ មានបញ្ហារធំ ដូច្នេះប្រជាជនត្រូវតែទៅចុះឈ្មោះឲយបានគ្រប់ៗគ្នារហើយទៅបោះឆ្នោត ទើបបានឈ្នះដាច់

Sep 14, 2017 09:07 PM

គេហទំព័រ​ទាំងមូល