ខុមហ្វ្រែល​រក​ឃើញ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​ដំណើរ​ការ​របស់​សភា​នីតិកាល​ទី​៥

ដោយ ទីន ហ្សាការីយ៉ា
2015.01.28
កិច្ច​ប្រជុំ​ខុមហ្វ្រែល ៦២០ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) ពិភាក្សា​តុ​មូល​លើក​ទី​២ ស្ដីពី​ការ​កែ​ទម្រង់​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៥។
RFA/Tin Zakariya

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) បាន​បញ្ចេញ​របាយការណ៍​ឃ្លាំ​មើល​រដ្ឋសភា និង​តំណាង​រាស្ត្រ​ឆ្នាំ​ទី​១ នៃ​នីតិកាល​ទី​៥ រក​ឃើញ​ថា សភា​មាន​ការ​កែ​ទម្រង់​ល្អ​ប្រសើរ​ជាង​អាណត្តិ​មុនៗ។ ក៏ប៉ុន្តែ អង្គការ​ខុមហ្វ្រែល រក​ឃើញ​ថា ដំណើរ​ការ​របស់​សភា​មួយ​ឆ្នាំ​មក​នេះ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន ដែល​ជំរុញ​ឲ្យ​មាន​ការ​កែប្រែ​បន្ថែម​ទៀត។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​កែ​ទម្រង់​រដ្ឋសភា​នៅ​ក្នុង​អាណត្តិ​ទី​៥ នេះ ធ្វើ​ឡើង​ទៅ​តាម​ឆន្ទៈ​របស់​អ្នក​នយោបាយ ពោល​គឺ​ការ​ទាញ​យក​ប្រយោជន៍​គណបក្ស​រៀងៗ​ខ្លួន។

ទន្ទឹម​នឹង​នេះ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល បាន​បញ្ចេញ​របាយការណ៍​ឃ្លាំ​មើល​សភា​រយៈពេល ១​ឆ្នាំ​សម្រាប់​នីតិកាល​ទី​៥ នេះ ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែង​នៅ​ក្នុង​ការ​ពិភាក្សា​តុ​មូល​លើក​ទី​២ ស្ដីពី​ការ​កែ​ទម្រង់​សភា​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មករា ថា ការ​ដោះ​ដូរ​តំណាង​រាស្ត្រ​របស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ខ្វះ​តម្លាភាព និង​ខ្វះ​នីតិវិធី ព្រោះ​ច្បាប់ និង​នីតិវិធី​បោះ​ឆ្នោត​មិន​បាន​ចង្អុល​បង្ហាញ ឬ​បញ្ញត្តិ​នីតិវិធី​នៃ​ការ​ផ្លាស់​ប្ដូរ​បេក្ខជន​ជាប់​ឆ្នោត​នៅ​ដំណាក់​កាល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ប្រកាស​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​នោះ​ទេ៖ «ឥឡូវ​នេះ​ឃើញ​ថា គណបក្ស​ទាំង​ពីរ​កំពុង​ធ្វើ​ការ​កែ​ទម្រង់ ហើយ​យើង​សង្ឃឹម​ចំពោះ​ការ​កែ​ទម្រង់​នេះ អាណត្តិ​ទី​៤ កន្លង​មក ពាក្យ​កែ​ទម្រង់ គឺ​ជា​ការ​បន្ថយ​អំណាច​របស់​អ្នក​តំណាង​រាស្ត្រ​ទៅ​វិញ​ទេ»

ការ​ដោះ​ដូរ​តំណាង​រាស្ត្រ​ដោយ​គ្មាន​តម្លាភាព​នេះ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដោះ​ដូរ លោក ឈាង វុន និង​លោក ហ៊ុន ម៉ានី នៅ​ដំណាក់​កាល គ.ជ.ប ប្រកាស​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ និង​ករណី លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជំនួស លោក គួយ ប៊ុនរឿន ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម។

លោក គល់ បញ្ញា បញ្ជាក់​ថា ខុមហ្វ្រែល រក​ឃើញ​ថា គណបក្ស​នយោបាយ​តែង​តែ​ដក​ដាក់ និង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​តំណាង​រាស្ត្រ​នៅ​ក្នុង​បញ្ជី​របស់​គណបក្ស​នយោបាយ និង​ថ្នាក់​ដឹក​នាំ​សភា ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព និង​មិន​មាន​នីតិវិធី​ច្បាស់​លាស់។ ការ​ខ្វះ​តម្លាភាព បាន​នាំ​មក​នូវ​ការ​ធ្លាក់​ចុះ​សិទ្ធិ និង​អំណាច​តំណាង​រាស្ត្រ តែ​ផ្ដល់​អំណាច​យ៉ាង​ធំធេង​ដល់​ប្រធាន​គណបក្ស។

របាយការណ៍​របស់​ខុមហ្វ្រែល កម្រាស់​ជាង ៤០​ទំព័រ បាន​សរសេរ​រៀបរាប់​លម្អិត​ពី​សកម្មភាព​របស់​សភា​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត។ របាយការណ៍​នេះ​បាន​សរសេរ​ពី​ភាព​មិន​ស្រប​ច្បាប់​របស់​សភា​ឯក​បក្ស ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មាន​ភាព​ចម្រូងចម្រាស ដែល​សភា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គ្មាន​ការ​ចូលរួម​ពី​ពហុបក្ស​ផ្ទុយ​ពី​មាត្រា​១ និង​មាត្រា​៨ នៃ​រដ្ឋធម្មនុញ្ញ ដែល​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដល់​ខែ​កក្កដា ឆ្នាំ​២០១៤ គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្ដោបក្ដាប់​ស្ថាប័ន​សភា​ទាំង​មូល មាន​ទាំង​ប្រធាន​សភា អនុប្រធាន​សភា រួម​ទាំង​គណៈកម្មការ​ជំនាញ​ទាំង​៩ ផង។

ក្នុង​រយៈពេល​នោះ សេចក្ដី​ព្រាង​ច្បាប់​សំខាន់ៗ​មួយ​ចំនួន ត្រូវ​បាន​អនុម័ត​ស្ទើរ​តែ​មិន​មាន​ការ​ពិភាក្សា​ពី​តំណាង​រាស្ត្រ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​សភា។ ការ​ប្រជុំ​សភា​គិត​ចាប់​ពី​ខែ​មីនា ដល់​ខែ​មិថុនា ឆ្នាំ​២០១៤ គឺ​សេចក្ដី​ព្រាង​ចំនួន​៨ មាន​តែ​សេចក្ដី​ព្រាង​ច្បាប់​២ ត្រូវ​បាន​តំណាង​រាស្ត្រ​ឡើង​បញ្ចេញ​មតិ ហើយ​ការ​បញ្ចេញ​មតិ​នោះ បាន​ត្រឹម​តែ ១​មាត្រា​ក្នុង ១​ជំពូក និង​ករណី​ផ្សេងៗ​ទៀត។

តែ​យ៉ាង​នេះ​ក្ដី ស្ថាប័ន​សភា​ការ​កែ​ទម្រង់​ប្រសើរ​ឡើង​វិញ នៅ​ក្រោយ​ពី​ក្រុម​តំណាង​រាស្ត្រ​បាន​នាំ​គ្នា​សម្រេច​ចូល​សភា បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។

ទោះ​បី​ជា​ស្ថាប័ន​សភា មាន​ការ​កែ​ទម្រង់​ក្បាល​ម៉ាស៊ីន និង​ការ​បែង​ចែក​គណៈកម្មការ​ជំនាញ​សភា​មាន​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ក្ដី ក៏ប៉ុន្តែ​ដំណើរ​ការ​របស់​សភា​នេះ នៅ​តែ​មាន​បញ្ហា​មួយ​ចំនួន។

ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ ត្រូវ​ពង្រឹង​រដ្ឋធម្មនុញ្ញ​ជា​កត្តា​សំខាន់ ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​នីតិរដ្ឋ។ ម្យ៉ាង​វិញ​ទៀត តំណាង​រាស្ត្រ​បច្ចុប្បន្ន​នេះ ក៏​មិន​ទាន់​មាន​ឯករាជ្យ​ភាព​ពី​មេ​បក្ស​ដែរ៖ «ឯករាជ្យ​របស់​អ្នក​តំណាង​រាស្ត្រ​មិន​ទាន់​មាន​ពេញលេញ​ទេ ហើយ​វា​អាច​ពាក់ព័ន្ធ​នឹង​ច្បាប់ ការ​ដក​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ​ជាដើម»

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល មាន​ប្រសាសន៍​ថា ការ​កែ​ទម្រង់​ស្ថាប័ន​សភា សំខាន់​សភា​ត្រូវ​បង្កើត​ច្បាប់​ដើម្បី​ការពារ​ទំនាស់​ផល​ប្រយោជន៍ ពោល​គឺ​ការ​ដាក់​សាច់ញាតិ​នៅ​ក្នុង​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដូច​ដែល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​រក​ឃើញ។

ក្រៅ​ពី​នេះ​ទៀត នៅ​ក្នុង​របាយការណ៍​របស់​ខុមហ្វ្រែល កត់​សម្គាល់​ថា បន្ទាប់​ពី​មាន​ការ​បែង​ចែក​អំណាច​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ស្ថាប័ន​សភា​នេះ គណៈកម្មការ​ជំនាញ​មួយ​ចំនួន​ដឹក​នាំ​ដោយ​តំណាង​រាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ពី​ខែ​សីហា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤ គឺ​គណៈកម្មការ​ជំនាញ​នោះ​មមាញឹក​ក្នុង​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​មក​សួរ​ដេញដោល បំភ្លឺ​ផ្ទាល់​មាត់​នៅ​ក្នុង​គណៈកម្មការ​ជំនាញ​របស់​ខ្លួន។ ការ​កោះ​អញ្ជើញ​នោះ​រួម​មាន រដ្ឋមន្ត្រី អភិបាល​ខេត្ត និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សរុប​ចំនួន ១៣​លើក។

បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ដឹក​នាំ​គណៈកម្មការ​ជំនាញ​ដោយ​ឯក​បក្ស គឺ​គណបក្ស​ប្រជាជន​កម្ពុជា ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១៣ ដល់​ខែ​កក្កដា ឆ្នាំ​២០១៤ ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​កោះ​អញ្ជើញ​តំណាង​រដ្ឋាភិបាល​ចំនួន ១​រូប​មក​បំភ្លឺ​ផ្ទាល់​មាត់​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​សភា។

សារាចរ​ណែនាំ​ស្ដីពី​បែបបទ​ការងារ​ស្ដីពី​គណៈកម្មការ​នានា​នៃ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៤ ដោយ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​នោះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ដំណើរ​ការ​សភា​ចោទ​ប្រកាន់​ថា មិន​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ តម្លាភាព ប្រសិទ្ធភាព រដ្ឋធម្មនុញ្ញ និង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ព្រោះ​ថា សារាចរ​នេះ​បាន​រារាំង​ការ​ចូលរួម​សង្កេតការណ៍​ក្នុង​ការ​ប្រជុំ​ដេញដោល​រវាង​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា រដ្ឋមន្ត្រី ឬ​តំណាង​រាជ​រដ្ឋាភិបាល។

ម្យ៉ាង​ទៀត ការ​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​ក្នុង​សភា​ដែល​មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី​នោះ ទោះ​ជា​របត់​មួយ​ថ្មី​ដែល​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា​ជា​ការ​កែ​ទម្រង់​ដ៏​ធំ​មួយ ដោយ​យក​វប្បធម៌​សន្ទនា​ដោយ​ផ្ទាល់​រវាង​ប្រធាន​ក្រុម​ភាគ​តិច និង​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​ក្ដី តែ​អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី ពន្យល់​ថា សភា​ត្រូវ​តែ​ពង្រឹង​គណៈកម្មការ​ជំនាញ​នោះ​វិញ​ប្រសើរ​ជាង៖ «សំខាន់​នៅ​ក្នុង​សភា គឺ​មាន​គណៈកម្មការ​ជំនាញ ហើយ​ការ​ពង្រឹង​គណៈកម្មការ​ជំនាញ​នេះ​ជា​រឿង​សំខាន់ ដែល​គណៈកម្មការ​នេះ​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​លម្អិត ហើយ​ការ​បង្កើត​ប្រធាន​ក្រុម​ភាគ​តិច គឺ​ជាន់​លើ​ការងារ​ដែល​មាន​ស្រាប់​នេះ»

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គីមសួរ ភិរិទ្ធ មាន​ប្រសាសន៍​ថា លោក​នឹង​ពាំនាំ​ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ​ទៅ​ថ្នាក់​ដឹក​នាំ​សភា៖ «ការ​ចាប់​ផ្ដើម និង​ធ្វើ​បាន​កន្លង​មក​នេះ ជា​រឿង​មួយ​ល្អ ហើយ​ឥឡូវ​គណបក្ស​សង្គ្រោះ​ជាតិ មាន​កម្លាំង​ប្រហាក់​ប្រហែល​គណបក្ស​ប្រជាជន​កម្ពុជា ដូច្នេះ​គេ​ចាប់​ផ្ដើម​ធ្វើ​ការ​កែ​ទម្រង់​ហើយ»

បន្ថែម​ពី​នេះ​ទៀត ដើម្បី​អនុវត្ត​កំណែ​ទម្រង់​រដ្ឋសភា​ដែល​គណបក្ស​ទាំង​ពីរ​បាន​ព្រមព្រៀង​ថា ធានា​ឲ្យ​ដំណើរ​ការ​រដ្ឋសភា​ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​រប​សភា​និយម​នៅ​កម្ពុជា នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​អនុសាសន៍​ថា ត្រូវ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​យ៉ាង​យូរ​បី​ថ្ងៃ ក្រោយ​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ជា​ស្ថាពរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​រៀបចំ​សមាជិក​តំណាង​រាស្ត្រ​ដែល​មាន​យ៉ាង​តិច ១២០​រូប ថ្វាយ​ព្រះមហាក្សត្រ។

បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ត្រូវ​បែង​ចែក​អំណាច​ដឹក​នាំ​រដ្ឋសភា​សមាមាត្រ​ក្នុង​ចំណោម​បក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​រវាង​បក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច ខណៈ​ដែល​បញ្ចូល​សមាសភាព​បុរស និង​ស្ត្រី ដូច​រូបមន្ត​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​តិច​ជាង ១០​អាសនៈ មាន​សិទ្ធិ​បង្កើត​ក្រុម​របស់​ខ្លួន​ចំនួន ១​ក្រុម ដើម្បី​អាច​ចូលរួម​ពិភាក្សា​ច្បាប់​ក្នុង​ការ​ប្រជុំ​ពេញ​អង្គ និង​អនុសាសន៍​ជាច្រើន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។