មេ​ឃុំ​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត​ថា​ស្ថានភាព​ការងារ​ជា​មេ​ឃុំ​ស្ថិត​ក្នុង​ភាព​ភ័យ​ខ្លាច

ដោយ វ៉ាន វណ្ណដេត
2017.08.24
សាលា​ឃុំ​ព្រែកក្រឹស កំពត ២០១៦ ៨៥៥ សាលា​ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

មេ​ឃុំ​មក​ពី​គណបក្ស​ប្រឆាំង​ចំនួន ៧​ឃុំ នៅ​ស្រុក​ជុំគិរី ខេត្ត​កំពត អះអាង​ថា ស្ថានភាព​ការងារ​ជា​មេ​ឃុំ​បច្ចុប្បន្ន ពួក​លោក​ធ្វើ​ការ​ទាំង​ភាព​ភ័យ​ខ្លាច ដោយសារ​រដ្ឋបាល​ថ្នាក់​លើ​តែងតែ​ចាំ​ចាប់​កំហុស​ពួក​លោក​ជានិច្ច។ ការ​ដែល​ធ្វើ​ឲ្យ​មេ​ឃុំ​បក្ស​ប្រឆាំង​កាន់​តែ​មាន​ភាព​ភ័យ​ខ្លាច​ទៀត​នោះ គឺ​ក្រោយ​ពេល​ដែល​នាយក​រដ្ឋបាល​សាលា​ស្រុក​ជុំគិរី ប្រាប់​មេ​ឃុំ​ថា កំហុស​រដ្ឋបាល​ជាប់​ពន្ធនាគារ​ធ្ងន់​ជាង​កំហុស​ព្រហ្មទណ្ឌ​ទៅ​ទៀត។

មេ​ឃុំ​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ថ្នាក់​លើ​របស់​ពួក​គាត់ គឺ​ថ្នាក់​ស្រុក និង​ខេត្ត បាន​បង្ក​ភាព​ស្មុគស្មាញ​លើ​ឯកសារ​លិខិត​ស្នាម​ជាច្រើន​ដល់​មេ​ឃុំ ខណៈ​ដែល​មេ​ឃុំ​ចោទ​ស្មៀន​ថា​មិន​បាន​ជួយ​កិច្ចការ​ទាំងនោះ ដោយ​រង់ចាំ​តែ​បោះ​ត្រា​តែ​មួយ​មុខ។

មេ​ឃុំ​ស្រែចែង ស្រុក​ជុំគិរី លោក ភុន ហៀង ត្អូញត្អែរ​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន ៣​នាក់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ខកខាន​ក្នុង​ការ​ប្រជុំ​ចំនួន ពីរ​ដង ជា​ហេតុ​នាំ​ឲ្យ​ការ​ប្រជុំ និង​សេចក្តី​សម្រេច ធ្វើ​ឡើង​តែ​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ តែ​ប៉ុណ្ណោះ។ លោក​ថា បើ​ទោះ​ជា​លោក​បាន​ទូរស័ព្ទ​ហៅ ឬ​ចេញ​លិខិត​អញ្ជើញ​មក​ប្រជុំ​ក៏ដោយ ក្រុម​ប្រឹក្សា​ឃុំ និង​មេ​ភូមិ​មិន​ចូលរួម​ប្រជុំ​ដែរ។ ម្យ៉ាង​ទៀត លោក​មេ​ឃុំ​ប្រាប់​ថា តែង​រង​សម្ពាធ​ពី​ថ្នាក់​លើ៖ «បាន​គេ​ប្រាប់​ចឹង ហើយ​ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​ចឹង ខ្ញុំ​ខ្លាច​តែ​ខុសៗ ខ្លាច​ថា​ស្អែក​មិន​ដឹង​ធ្វើ​ខុស​ខាង​ណា គេ​ចាប់​ឯង​ដាក់​គុក​ក៏​វា​មិន​ដឹង។ ចេះ​តែ​រស់នៅ​ភិតភ័យ​ចឹង​ទៅ​ណា ធ្វើ​មេ​ឃុំ​មិន​មែន​ស្រួល​ទេ ធ្វើ​មេ​ឃុំ​ស្ថិត​នៅ​ក្នុង​ភាព​ភិតភ័យ បើ​គេ​ថា​ចឹង​ហើយ។ បើ​យើង​គ្មាន​អំណាច ទៅ​ធំ​ដុំ​ក្នុង​រដ្ឋាភិបាល​នឹង​គេ វា​អត់ ហើយ​បែបបទ​មួយ​ទៀត​នោះ​ដែល​លំបាក​ផុត​លេខ​មួយ​ទៀត​នោះ ចំពោះ​គឺ​យើង​ជួសជុល​ផ្លូវ​អី មេ​ឃុំ​ចង់​ជួសជុល​ផ្លូវ​អី​នោះ ទាល់​តែ​ដាក់​ក្នុង​កុង (គណនី) ធនាគារ»

ស្រុក​ជុំគិរី ខេត្ត​កំពត មាន​ឃុំ​ចំនួន​៧។ លទ្ធផល​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​តំណែង​ជា​មេ​ឃុំ និង​ជំទប់​ទី​១ ចំនួន ៧​ឃុំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តំណែង​ជា​ជំទប់​ទី​២។ ចាប់​តាំង​ពី​ថ្ងៃ​ប្រកាស​សុពលភាព​មេ​ឃុំ​រហូត​មក​ដល់​ពេល​នេះ មេ​ឃុំ​ទាំង ៧​ឃុំ​ប្រាប់​ថា ជំទប់​ទី​២ នៅ​មិន​ទាន់​ឲ្យ​បន្ទប់​មេ​ឃុំ​ធ្វើ​ការ​នៅ​ឡើយ​ទេ ជា​ហេតុ​នាំ​ឲ្យ​ពួក​គាត់​នាំ​គ្នា​ធ្វើ​ការ​នៅ​តុ​វែង​សាធារណៈ​ក្នុង​សាលា​ឃុំ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ស្រុក​ជុំគិរី លោក ជួន អឿន ឲ្យ​ដឹង​ថា ស្ថានភាព​មេ​ឃុំ​ទាំង​៧ របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ឈ្នះ​ឆ្នោត សុទ្ធតែ​ស្ថិត​ក្នុង​ស្ថានភាព​ភ័យ​ខ្លាច និង​រង​សម្ពាធ​ពី​ថ្នាក់​ស្រុក។ លោក​សង្ស័យ​ថា ស្ថានភាព​សាលា​ឃុំ​មាន​ការ​បែងចែក​ជា​ពីរ​បក្ខពួក ដោយ​ម្ខាង​ជា​បក្ខពួក​របស់​ក្រុម​ប្រឹក្សា​បក្ស​ប្រឆាំង និង​ម្ខាង​ជា​បក្ខពួក​របស់​ក្រុម​ប្រឹក្សា​បក្ស​កាន់​អំណាច៖ «បាទ​ហ្នឹង​ហើយ ដោយ​ភាព​ភ័យ​ខ្លាច»

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ស្រុក​ជុំគិរី អ្នកស្រី គឹម សុធាវី ជុំវិញ​ករណី​ស្ថានភាព​ការងារ​របស់​មេ​ឃុំ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ សីហា ដោយ​អ្នកស្រី​មិន​លើក​ទូរស័ព្ទ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ លើក​ទឹក​ចិត្ត​ឲ្យ​មេ​ឃុំ​ដែល​មាន​ភាព​ភ័យ​ខ្លាច លាលែង​ពី​តំណែង។ លោក ខៀវ សុភ័គ ថា​មិន​ខ្វះ​ទេ​អ្នក​ដែល​មាន​សមត្ថភាព​ចង់​ធ្វើ​ជា​មេ​ឃុំ​នោះ៖ «ឲ្យ​មេ​ឃុំ​មួយ​ដឹកនាំ​ឃុំ​ទៅ​ភ័យ​ខ្លាច បើ​ចឹង​ងាប់​ហើយ។ បើ​ភ័យ​ខ្លាច​ចឹង ឈប់​ពី​មេ​ឃុំ​ម៉ង​ទៅ បើ​មាន​គំនិត​ចឹង ឈប់​ជា​មេ​ឃុំ ឈប់​លាលែង។ ខ្ញុំ​គិត​ថា បើ​ភ័យ​ខ្លាច​សុំ​លាលែង។ អូខេ! ចប់ ឈប់​និយាយ»

ទាក់ទង​នឹង​ករណី​ថ្នាក់​លើ​ដាក់​សម្ពាធ​មេ​ឃុំ​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា មន្ត្រី​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​អនុវត្ត និង​ត្រួត​ពិនិត្យ​គោល​នយោបាយ​រដ្ឋាភិបាល ប្រចាំ​ស្រុក​ទឹកឈូ បាន​បើក​វេទិកា​សាធារណៈ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ចំនួន​២ ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​ឆ្នោត​ជា​មេ​ឃុំ។ វេទិកា​សាធារណៈ​នោះ​រង​ការ​ចោទ​ពី​មេ​ឃុំ​បក្ស​ប្រឆាំង ថា​មាន​ចរិត​គាប​សង្កត់​មេ​ឃុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ផង​ដែរ។ ប៉ុន្តែ​មន្ត្រី​ក្រុម​ការងារ​ថ្នាក់​ជាតិ​បញ្ជាក់​ថា វេទិកា​នោះ​ធ្វើ​ឡើង​សម្រាប់​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ទឹកឈូ។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កំពត លោក យន់ ផល្លី យល់​ថា តាម​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឃុំ-សង្កាត់ មេ​ឃុំ​មិន​គួរ​ខ្លាច និង​មិន​ត្រូវ​មាន​អាជ្ញាធរ​ណា​ទៅ​ដាក់​សម្ពាធ​មេ​ឃុំ​នោះ​ទេ។ លោក យន់ ផល្លី បន្ត​ថា ករណី​នេះ ក្រសួង​មហាផ្ទៃ គួរ​មាន​ដំណោះស្រាយ​សម្រាប់​មេ​ឃុំ ជាជាង​លើក​ទឹក​ចិត្ត​ឲ្យ​គាត់​លាលែង​ពី​តំណែង ព្រោះ​មេ​ឃុំ​ទទួល​បាន​ការ​តែងតាំង​ពី​ពលរដ្ឋ​នៅ​ក្នុង​ឃុំ៖ «ខ្ញុំ​ថា​អា​នេះ​គ្រាន់​តែ​ជា​ការ​លេស​មួយ​លើក​ឡើង​មិន​ភាព​ទទួល​ខុស​ត្រូវ​មន្ត្រី​ក្រោម​ឱវាទ​ទេ។ គួរ​តែ​ធ្វើ​សេចក្តី​ណែនាំ ឬ​ក៏​ធ្វើ​ការ​ណែនាំ​ទៅ​មន្ត្រី​ណា​ដែល​អសកម្ម​ការងារ ដែល​មិន​បម្រើ​ប្រជាពលរដ្ឋ ព្រោះ​មន្ត្រី​ទាំងអស់​ហ្នឹង​ជាប់​ឆ្នោត​ដោយ​ការ​បោះឆ្នោត​ពី​ប្រជាពលរដ្ឋ។ ចឹង​ប្រជាពលរដ្ឋ​មាន​ទំនុក​ទុក​ចិត្ត​ទៅ​លើ​តំណាង​របស់​ខ្លួន ហើយ​បើ​សិន​ជា​តំណាង​របស់​ខ្លួន​មិន​ចូលរួម​ប្រជុំ ឬ​ក៏​ការ​សម្រេច​នៃ​ការ​អភិវឌ្ឍ​អី​ផ្សេងៗ អា​ហ្នឹង​វា​ជា​កំហុស​របស់​គាត់​មួយ​ហើយ ចឹង​ក្រសួង​ហ្នឹង​គួរ​ធ្វើ​ការ​អប់រំ​ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន»

មេ​ឃុំ​ស្រែចែង លោក ភុន ហៀង ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​ដៃគូ​អភិវឌ្ឃន៍​ជាមួយ​ថ្នាក់​ឃុំ ចុះ​ជួយ​ឃុំ​ដល់​មូលដ្ឋាន​ផ្ទាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។