ប្រធាន​ក្រុម​ប្រឹក្សា​សង្កាត់​ស្ទឹងត្រែង​រង​ការ​ចោទ​ថា​គេចវេះ​មិន​ដោះស្រាយ​បណ្ដឹង

ដោយ ម៉ែន សុធីរ
2017.01.16
ប្ដឹង​ឈ្មោះ​បោះឆ្នោត ២០១៧ ៨៥៥ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​សាលា​សង្កាត់​ស្ទឹងត្រែង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្ទឹងត្រែង ចោទ​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹងត្រែង ថា​មាន​ចេតនា​គេចវេះ​មិន​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ និង​គណបក្ស​នយោបាយ ទាក់ទិន​ភាព​មិន​ប្រក្រតី​ចុះ​ឈ្មោះ​បោះឆ្នោត និង​មាន​ជន​បរទេស​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ ពួក​គេ​ចាត់​ទុក​បញ្ហា​នេះ ថា​ផ្ទុយ​ពី​គោលការណ៍​ណែនាំ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) ដែល​មាន​ការ​ឯកភាព​ពី​ក្រសួង​មហាផ្ទៃ។

អ្នក​ឃ្លាំ​មើល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​ខុមហ្វ្រែល (COMFREL) សម្ដែង​ការ​ខក​ចិត្ត ក្រោយ​ពី​ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅ​សង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ បាន​បិទ​ទ្វារ​ការិយាល័យ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​សាលា​សង្កាត់​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១៤ មករា។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​បញ្ហា​នេះ​ថា​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ និង​គណបក្ស​នយោបាយ។

អនុប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខែត្រ​ស្ទឹងត្រែង លោក សាត ស៊ិន កត់​សម្គាល់​ថា សាលា​សង្កាត់​ស្ទឹងត្រែង បាន​បិទ​ទ្វារ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មករា រហូត​ដល់​ម៉ោង ២​រសៀល ក្រោយ​ពី​លោក​សុំ​ការ​អន្តរាគមន៍​ទៅ​មន្ត្រី គ..ប ទើប​ចៅ​សង្កាត់​ស្ទឹងត្រែង ឆ្លៀត​មក​បើក​ទ្វារ​ទទួល​ពាក្យ​បណ្ដឹង​មួយ​ភ្លែត។

លោក​បារម្ភ​ថា ពលរដ្ឋ​មាន​បញ្ហា​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចង់​តវ៉ា ឬ​ប្ដឹង ត្រូវ​ខក​បំណង ប្រសិន​បើ​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​បិទ​ទ្វារ។ លោក​ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ជន​បរទេស​ចំនួន ១៦​នាក់​ជា​ជនជាតិ​វៀតណាម មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត។ លោក​សង្ស័យ​ថា ជន​បរទេស​ទាំងនោះ គឺ​មួយ​ចំនួន​បម្រើ​ការងារ​ជា​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខែត្រ​ស្ទឹងត្រែង៖ «ចុះ​ប្រសិន​បើ​ពលរដ្ឋ​គាត់​ខុស​ឈ្មោះ ខុស​ថ្ងៃ​ខែ​ឆ្នាំ​កំណើត គាត់​ត្រូវ​ការ​ប្ដឹង​តវ៉ា​កែ​តម្រូវ​មាន​គ្នា​ច្រើន។ ចុះ​ប្រសិន​បើ​សាលា​សង្កាត់​បិទ​ទ្វារ​ចឹង មិន​ជួប​បញ្ហា​ពេល​បោះឆ្នោត»

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​ក្រុមប្រឹក្សា​សង្កាត់ និង​ជា​ចៅ​សង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ ទទួល​ស្គាល់​ថា សាលា​សង្កាត់​ស្ទឹងត្រែង ពិត​ជា​បិទ​ទ្វារ ប៉ុន្តែ​ក៏​មាន​អ្នក​ប្រចាំ​ការ​ចេញ​ចូល​កន្លែង​ធ្វើ​ការ​ញឹកញាប់​ដែរ។ លោក​ថា មូលហេតុ​ដែល​លោក​បិទ​ទ្វារ ដោយសារ​ជាប់​រវល់។ តែ​យ៉ាង​ណា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​មួយ​ចំនួន និង​បាន​ដោះស្រាយ​ដែរ៖ «ខ្ញុំ​បិទ​ទ្វារ និង​មាន​អ្នក​ប្រចាំ​ការ​ដែរ ហើយ​ខ្ញុំ​ចេញ​ចូលៗ​ដោយសារ​តែ​ខ្ញុំ​រវល់​ការងារ»

..ប បាន​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​ដើម្បី​ឲ្យ​ពលរដ្ឋ និង​គណបក្ស​នយោបាយ​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ទាស់ និង​តម្រូវ​ឲ្យ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​កាតព្វកិច្ច​ទទួល​ពាក្យ​បណ្ដឹង និង​ដោះស្រាយ​កែ​តម្រូវ​ឲ្យ​បាន​ទាន់​ពេល​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។

លេខាធិការ​រង​នៃ​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​ស្ទឹងត្រែង លោក ហុង កុង កត់​សម្គាល់​ថា រយៈពេល ១០​ថ្ងៃ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត ពលរដ្ឋ​បាន​ប្ដឹង​តវ៉ា ៣​ករណី ក្នុង​នោះ ២​ករណី ពលរដ្ឋ​នៅ​ស្រុក​សៀមប៉ាង មាន​បញ្ហា​ខុស​ភេទ និង​គ្មាន​ទីលំនៅ​ពិត​ប្រាកដ ហើយ​មួយ​ករណី​ទៀត មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្ដឹង​ជន​បរទេស​មាន​ឈ្មោះ​ចុះ​បញ្ជី​បោះឆ្នោត។ លោក​ពន្យល់​ថា ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង ជា​ភារកិច្ច​របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ តែ​បើ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដោះស្រាយ​មិន​ចេញ​ទេ ពលរដ្ឋ​អាច​ប្ដឹង​ទៅ គ..ប ហើយ​បើ គ..ប មិន​អាច​ដោះស្រាយ​បាន​ទេ ត្រូវ​ប្ដឹង​មក​ក្រុមប្រឹក្សាធម្មនុញ្ញ៖ «ឧបមា​ថា​បើ​យើង​ប្ដឹង​នៅ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ យើង​មាន​រយៈពេល​បី​ថ្ងៃ។ ដល់​ពេល គ..ប មាន​រយៈពេល ៥​ថ្ងៃ»

មន្ត្រី​កម្មវិធី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ថា ប្រសិន​បើ​ចៅ​សង្កាត់ ឬ​មេ​ឃុំ​រវល់ អាច​ផ្ទេរ​សិទ្ធិ​អំណាច​ឲ្យ​ក្រុមប្រឹក្សា​សង្កាត់​ណា​មួយ​បាន តាម​ឋានានុក្រម ហើយ​មេ​ឃុំ ឬ​ចៅ​សង្កាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​កិច្ចការ​ទាំងនេះ មិន​ត្រូវ​បិទ​ទ្វារ​ពុំ​ធ្វើ​ការ​ដោយ​យក​លេះ​ថា​ជាប់​រវល់​នោះ​ទេ។

លោក​បារម្ភ​ថា ពលរដ្ឋ​នឹង​ប្រឈម​ការ​បាត់​សិទ្ធិ​បោះឆ្នោត ប្រសិន​ជា​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​របស់​គាត់​មាន​ភាព​មិន​ប្រក្រតី ដោយ​ពុំ​មាន​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន៖ «មិន​អាច​ប្រើ​ពាក្យ​ខ្ញុំ​រវល់​បាន​ទេ ព្រោះ​ពុំ​មែន​មាន​តែ​មេ​ឃុំ​ចៅ​សង្កាត់​អាច​ដោះស្រាយ និង​ទទួល​បាន​ណា គឺ​មាន​អ្នក​ផ្សេង​ទៀត ហើយ​បើ​យើង​បិទ​ទ្វារ​ចោល​អត់​ធ្វើ​ការ​ចឹង ចុះ​ប្រជាពលរដ្ឋ​ខុស​ឈ្មោះ​ចង់​ប្ដឹង​កែ​សម្រួល ប្ដឹង​ជំទាស់ ឬ​ប្ដឹង​តវ៉ា​ឈ្មោះ​គាត់​ខុស តើ​គាត់​ធ្វើ​ម៉េច​ទៅ»

តួលេខ​របស់​លេខាធិការដ្ឋាន​រៀបចំ​ការ​បោះឆ្នោត​ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​រយៈពេល ៣​ខែ​កាល​ពី​ឆ្នាំ​២០១៦ បាន​ជិត ៨​ម៉ឺន​នាក់ ស្មើ​នឹង ៨៩% ក្នុង​ចំណោម​ពលរដ្ឋ​ជាង ៨​ម៉ឺន​នាក់ (៨០.០៥៣​នាក់) ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។