មេ​ឃុំ​តាឡាត​នៅ​ខែត្រ​ស្ទឹងត្រែង​មក​ពី​បក្ស​កាន់​អំណាច​រង​ការ​ចោទ​ថា​រើសអើង​នយោបាយ

ដោយ ម៉ែន សុធីរ
2017-09-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ផែនទី​ខេត្ត​ស្ទឹងត្រែង
ផែនទី​ខេត្ត​ស្ទឹងត្រែង
Photo: RFA

មេ​ឃុំ​តាឡាត ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង រង​ការ​ចោទ​ថា​បែងចែក​តួនាទី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ រើសអើង​និន្នាការ​នយោបាយ។ មេ​ឃុំ​តាឡាត លោក សឿង ខង មក​ពី​គណបក្ស​កាន់​អំណាច បាន​សម្រេច​ចែក​ភារកិច្ច​ជូន​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បន្ទុក​ការងារ​ផ្នែក​រដ្ឋបាល​ជំនួស​ជំទប់​ទី​២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

ជំទប់​ទី​២ ឃុំ​តាឡាត ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ចាត់​ទុក​ការ​បែងចែក​តួនាទី​របស់​មេ​ឃុំ​តាឡាត លោក សឿង ខង ថា​ជា​ការ​រំលោភ​អំណាច​ដែល​ជា​មូលហេតុ​នាំ​ឲ្យ​ប៉ះពាល់​ការ​បម្រើ​សេវា​សាធារណៈ​ជូន​ពលរដ្ឋ។

ជំទប់​ទី​២ ឃុំ​តាឡាត មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក មី បៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ កញ្ញា ថា មេ​ឃុំ​តាឡាត លោក សឿង ខង បាន​ប្រជុំ​អនុម័ត​បែងចែក​តួនាទី​ជូន​ជំទប់​ទី​១ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា អនុវត្ត​ភារកិច្ច​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ចំណែក​ជំទប់​ទី​២ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បន្ទុក​ការងារ​ផ្នែក​សន្តិសុខ ហើយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក មួត ឃិត បែរ​ជា​មាន​ភារកិច្ច​ជំនួស​ជំទប់​ទី​២ ទៅ​វិញ។ លោក​ចាត់​ទុក​ការ​បែងចែក​តួនាទី​នេះ​ថា​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់៖ «ពលរដ្ឋ​ក៏​ដឹង​ដូច​គ្នា​ដែរ​រឿង​ច្បាប់​ទម្លាប់ ព្រោះ​ថា​អ្នក​ធ្វើ​របៀប​ហ្នឹង​វា​ខុស​បាទ! ខ្ញុំ​ថា​រើសអើង​វា​ខុស​ពី​ច្បាប់»

ឃុំ​តាឡាត មាន ៥​អាសនៈ និង​មាន​គណបក្ស​នយោបាយ​ចំនួន​ពីរ​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៣​អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ២​អាសនៈ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ មេ​ឃុំ​តាឡាត លោក សឿង ខង បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​លើក​ហេតុផល​ថា អាជ្ញាធរ​ឃុំ​បាន​បែងចែក​តួនាទី​ឲ្យ​ជំទប់​ទី​១ និង​ទី​២ ទទួល​បន្ទុក​ការងារ​ផ្អែក​តាម​ច្បាប់​កំណត់ ហើយ​ជំទប់​ទី​១ និង​ទី​២ ទទួល​បន្ទុក​ការងារ​ជំនួស​មេ​ឃុំ​តាម​ឋានានុក្រម នៅ​គ្រា​ដែល​មេ​ឃុំ​អវត្តមាន៖ «បាទ! អត់​មាន​ទេ។ អូ! ការ​ចោទ​ប្រកាន់​នោះ​វា​ខុស​ហើយ ខុស​ពី​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុម​ប្រឹក្សា​ឃុំ​ហើយ»

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ រំឭក​ថា កាល​ពី​ឆ្នាំ​២០១៥ ជំទប់​ទី​២ នៃ​ឃុំ​តាឡាត លោក ណ ឡិត មក​ពី​គណបក្ស សម រង្ស៊ី ត្រូវ​បាន​សាលា​ដំបូង​ខែត្រ​ស្ទឹងត្រែង កាត់​ទោស​ឲ្យ​ជាប់​គុក ៥​ឆ្នាំ​ពី​បទ​កាប់​ព្រៃ ១​ហិកតារ។ សំណុំ​រឿង​នេះ មេ​ឃុំ​តាឡាត លោក សឿង ខង ជា​ដើម​បណ្តឹង។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ពាក្យ​បណ្តឹង​របស់​មេ​ឃុំ​តាឡាត ដែល​ប្តឹង​មន្ត្រី​គណបក្ស​ប្រឆាំង​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ថា ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់ បាន​កំណត់​ពី​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​ឃុំ​នីមួយៗ តែ​បើ​ការ​បែងចែក​ភារកិច្ច​មិន​ត្រឹមត្រូវ​ទេ វា​ជា​ដែន​សមត្ថកិច្ច​របស់​ក្រសួង​មហាផ្ទៃ ត្រូវ​ដោះស្រាយ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​គ្នា​ថា​រើសអើង​និន្នាការ​នយោបាយ៖ «សម្រាប់​ការ​អនុវត្ត អ្នក​ណា​ក៏​អាច​អនុវត្ត​បាន​ដែរ​ឲ្យ​តែ​អ្នក​នោះ​គោរព​តាម​ច្បាប់ និង​តួនាទី​របស់​ខ្លួន ឧបមា​ថា​ខាង​រដ្ឋបាល​ធ្វើ​ឲ្យ​ត្រឹមត្រូវ​តាម​រដ្ឋបាល​កុំ​ឲ្យ​ប្រកាន់​បក្សពួក​ទៅ​វា ចប់​ហើយ»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ-សង្កាត់​មាត្រា​៤០ ចែង​ថា ជំទប់ ឬ​ចៅសង្កាត់​ជា​ជំនួយការ​មេ​ឃុំ-ចៅសង្កាត់ ក្នុង​ការ​អនុវត្ត​ភារកិច្ច​ដែល​មេ​ឃុំ​ប្រគល់​ឲ្យ និង​ជំនួស​មេ​ឃុំ​តាម​ឋានានុក្រម នៅ​គ្រា​ដែល​មេ​ឃុំ-ចៅ​សង្កាត់​អវត្តមាន។ ជំទប់​ទី​១ ឬ​ចៅសង្កាត់​រង​ទី​១ ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ ជំទប់​ទី​២ ឬ​ចៅសង្កាត់​រង​ទី​២ ទទួល​បន្ទុក​អនុវត្ត​ការងារ​ផ្នែក​កិច្ចការ​រដ្ឋបាល សង្គមកិច្ច សេវា​សាធារណៈ និង​សណ្ដាប់ធ្នាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល